អានតួអត្ថបទ
អាចម៍ផ្កាយ

ណាសា៖ សំណាកអាចម៍​ផ្កាយ Bennuសំបូរទៅដោយ​កាបូន និង​ទឹក

នៅក្នុងសន្និសីទកាសែត​កាលពីថ្ងៃ​ពុធទី ១១​តុលា ទីភ្នាក់ងារ​អវកាសណាសា បាន​បង្ហាញ​លទ្ធផល​បឋម​នៃការសិក្សា​លើ​សំណាកអាចម៍ផ្កាយ Bennu ដែល​យានអវកាស​ Oriris-Rex បាន​ដឹកមក​ផែនដី​កាលពីថ្ងៃទី ២៣​កញ្ញា​កន្លងទៅ។ តាមអ្នកវិទ្យាសាស្រ្ត​របស់​ទីភ្នាក់ងារ​ណាសា សំណាកអាចម៍ផ្កាយ​Bennu មានទឹក និងសំបូរដោយ​កាបូន​ដែល​ជា​សារធាតុគីមី​ចម្បងសម្រាប់​ជីវិត។

បុគ្គលិករបស់ទីភ្នាក់ងារណាសាទទួលបាន​សំណាកអាចម៍ផ្កាយបេនូ នៅថ្ងៃទី ២៤​កញ្ញា ២០២៣
បុគ្គលិករបស់ទីភ្នាក់ងារណាសាទទួលបាន​សំណាកអាចម៍ផ្កាយបេនូ នៅថ្ងៃទី ២៤​កញ្ញា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ដូចការសន្យា ទីភ្នាក់ងារអវកាសអាមេរិក ណាសា​បាន​ធ្វើសន្និសីទកាសែត កាលពីថ្ងៃទី ១១​តុលា ដើម្បីបង្ហាញ​លទ្ធផលបឋម​នៃ​ការស្រាវជ្រាវ​លើ​សំណាកអាចម៍ផ្កាយBennu ដែល​យានអវកាស​Oriris-Rex បាន​ដឹកយកមក​ផែនដី កាល​ពី​២សប្តាហ៍​មុន។

តាម​ប្រធាន​ទីភ្នាក់ងារ​ណាសា លោក Bill Nelson សំណាក អាចម៍ផ្កាយ​Bennu សំបូរ​ដោយ​កាបូន និង​ម៉ូលេគុលទឹក ​សារធាតុ​សំខាន់​ដែល​ទីភ្នាក់ងារ​ណាសា​ទន្ទឹងចង់បាន។ សម្រាប់​ប្រធាន​ណាសា កាបូន និងទឹក ជា​សារធាតុគីមី​ចម្បង​សម្រាប់​ការកកើត​ភពផែនដី។ ម្យ៉ាងវា​នឹង​ជួយ​ឲ្យ​គេ​កំណត់​បាន​នូវ​ប្រភព​សារធាតុ​សំខាន់ៗ ដែល​ជួយ​ឲ្យ​មានការកកើត​ជីវិតនៅលើផែនដី។

នៅក្នុង​រូបភាពដំបូង​របស់​សំណាកអាចម៍ផ្កាយ​Bennuដែល​ទីភ្នាក់ងារ​ណាសា​បង្ហាញ កាលពីថ្ងៃ​ពុធ គេឃើញ​លំអងធូលី និង​គ្រាប់ដុំខ្មៅៗ។ អ្នកវិទ្យាសាស្រ្ត​របស់​ទីភ្នាក់ងារ​ណាសា​ស្រមៃ​ចង់បាន​សំណាកអាចម៍ផ្កាយ​Bennuមក​សិក្សា តាំងពីយូរណាស់មកហើយ។ ណាសាបាន​និយាយថា ការជ្រើសរើស​យក​អាចមន៍ផ្កាយBennu​មកសិក្សា​គឺជា​ជម្រើសដ៏ល្អ។

លោក​ Daniel Glavin អ្នកវិទ្យាសាស្រ្ត​របស់ទីភ្នាក់ងារណាសា បានបញ្ជាក់ពីសារៈសំខាន់​នៃ​ការរកឃើញ​កាបូន​នៅក្នុង​សំណាកអាចម៍ផ្កាយ Bennu ក្នុងហេតុផលថា កាបូនដើរតួនាទីសំខាន់​សម្រាប់ជីវិតនៅលើផែនដី។ គេ​ជឿថា ដោយ​ហោះបុកផែនដី កាលពី​ប៉ុន្មានលាន​ឆ្នាំមុន អាចម៍ផ្កាយ​ដទៃទៀត ដូចជា​អាចម៍ផ្កាយBennu បានពាំនាំ​យក​កាបូន​មក​ផែនដី។

ចំណែក​ទឹកដែល​ជាប់​នៅក្នុង​រ៉ែសំណើម ក្នុង​សំណាកអាចម៍ផ្កាយ​ជួយ​ឲ្យ​គេ​វាយតម្លៃថា ទឹកអាច​មកដល់​ផែនដី​ក៏ដោយសារតែការហោះបុក​របស់​អាចម៍ផ្កាយដែរ។ សម្រាប់អ្នកវិទ្យាសាស្រ្ត ផែនដី​អាចមានជីវិត​រស់នៅ មាន​មហាសមុទ្រ ទឹកទន្លេ ក៏ដោយមកពី​រ៉ែដែលមានសំណើមទឹក ធ្លាក់មកគរនៅលើផែនដី កាលពី​ជាង ៤ពាន់លាន​ឆ្នាំមុន។

តាម​ទីភ្នាក់ងារ​ណាសា ការវិភាគបឋម​បង្ហាញ​ថា សំណាក​អាចម៍ផ្កាយ​Bennu សំបូរ​ដោយ​កាបូន ក្នុងបរិមាណដ៏ច្រើន ដែលគេមិនធ្លាប់​យក​មក​ផែនដី។ ផ្តើមបេសកកម្ម​ចេញ​ទៅ​រក​សំណាកលើ​អាចម៍ផ្កាយ​Bennu តាំង​ពីឆ្នាំ ២០១៦ យានអវកាស​របស់ណាសា​បាន​ចុះចតយកសំណាកនៅ​ឆ្នាំ ២០២០ នៅលើ​អាចម៍ផ្កាយ​Bennu ដែល​ស្ថិតនៅ​ចម្ងាយ ៣០០លាន​គីឡូម៉ែត្រ​ពីផែនដី។

តាមអ្នកវិទ្យាសាស្រ្ត​របស់ណាសា ការសិក្សា​ពីសារធាតុផ្សំរបស់អាចម៍ផ្កាយ​Bennu នឹង​អាច​ជួយឲ្យគេ​យល់ពី​ដំណើរហោះ​គោចររបស់​អាចមន៍​ Bennu​ដែល​គេវាយតម្លៃថា អាច​ហោះ​មកបុកផែនដី នៅ​ចុងសតវត្សរ៍​ទី ២២។ ទោះជា​ប្រូបាប៊ីលីតេនៃ​ការហោះបុកទង្គិចរបស់អាចម៍ផ្កាយ​មានតិច ប៉ុន្តែ ការសិក្សា​លម្អិត​ពីសារធាតុផ្សំ​របស់អាចម៍ផ្កាយ​Bennu នឹងអាចជួយអ្នកវិទ្យាសាស្រ្ត​ឲ្យ​គណនា ដើម្បីរកផ្លូវ បញ្ជៀស​កុំឲ្យអាចម៍ផ្កាយ​Bennu អាចហោះមកបុកផែនដី ដែលអាចជា​គ្រោះមហន្តរាយធ្ងន់ធ្ងរសម្រាប់ភពផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ