អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ណាសារង់ចាំដោយអន្ទះសារដើម្បីទទួល​យានអវកាសដែលដឹកនាំយក​សំណាកអាចម៍ផ្កាយBennu

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាលើកទី១​ក្នុងប្រវត្តិស្រាវជ្រាវ​របស់ខ្លួន ទីភ្នាក់ងារ​ណាសា​កំពុងរង់ចាំ​ការវិលត្រលប់​របស់​យានអវកាស​ដែល​ទីភ្នាក់ងារ​ណាសា បាន​បាញ់​បង្ហោះ កាលពី​៧ឆ្នាំ​មុន ដើម្បី​ទៅ​ចុះចត យកសំណាកពី​អាចម៍ផ្កាយ Bennu។ ចុះចត​យកបាន​សំណាកអាចម៍ផ្កាយ Bennu កាលពីឆ្នាំ ២០២០ យានអវកាស​Osiris-Rex​ត្រូវ​ត្រលប់​មកផែនដីវិញ នៅ​ថ្ងៃអាទិត្យ ម៉ោង​៩ព្រឹក ម៉ោង​នៅសហរដ្ឋអាមេរិក។ តើ​សំណាកអាចម៍ផ្កាយ​Bennuមានសារៈសំខាន់យ៉ាងណា​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់ទីភ្នាក់ងារ​អវកាស​ណាសា?

ការសាកល្បងបញ្ជូនយានសម្រាប់​បេសកកម្ម​វិលត្រលប់​របស់​យានដែលដឹកសំណាកអាចម៍ផ្កាយ​Bennu របស់​ទីភ្នាក់ងារណាសា
ការសាកល្បងបញ្ជូនយានសម្រាប់​បេសកកម្ម​វិលត្រលប់​របស់​យានដែលដឹកសំណាកអាចម៍ផ្កាយ​Bennu របស់​ទីភ្នាក់ងារណាសា © NASA/Keegan Barber
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​របស់​ទីភ្នាក់ងារ​ណាសា ដើម្បី​ទៅ​យកសំណាកអាចម៍ផ្កាយ​Bennu​បានឈាន​ដល់ទីបញ្ចប់ ព្រោះថា យានអវកាស​Osiris_Rex​ត្រូវវិលត្រលប់មកផែនដីវិញ នៅ​ថ្ងៃអាទិត្យ ទី ២៤​កញ្ញា វេលា​ម៉ោង ៩ព្រឹក ម៉ោង​នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​ម៉ោង​១០យប់ ម៉ោង​នៅប្រទេស​កម្ពុជា។ ៧ឆ្នាំ​ក្រោយ ការបាញ់បង្ហោះ​របស់ទីភ្នាក់ងារ​ណាសា នៅ​ឆ្នាំ ២០១៦ យានអវកាស​ Osiris-Rex បាននាំយកដី ដែលជា​សំណាកអាចម៍ផ្កាយ​ Bennu ចំនួន ២៥០​ក្រាម សម្រាប់​ការសិក្សា​ស្រាវជ្រាវរបស់​ទីភ្នាក់ងារ​ណាសា។

តើការវិលត្រលប់មកផែនដីប្រព្រឹត្តទៅដោយរបៀបណា?

សម្រាប់​ទីភ្នាក់ងារណាសា ការវិលត្រលប់​មកផែនដី របស់​យាន​Osiri-Rex ជា​ការវិលត្រលប់​ជាប្រវត្តិសាស្រ្ត ព្រោះថា នេះជាលើកទី​១ ដែល​គេ​ប្រមូលយកបាន​សំណាកអាចម៍ផ្កាយ ក្នុងបរិមាណ​ដ៏ច្រើន ដល់​ទៅ ២៥០​ក្រាម ពោល​គឺច្រើនជាង​ថ្មដែលបេសកកម្ម​អាប៉ូឡូ​យកពី​ព្រះចន្ទ កាលពី​ឆ្នាំ ១៩៧២។ ប៉ុន្តែ មុន​នឹង​អាច​ទទួល​យកបាន​សំណាក​អាចម៍​ផ្កាយBennu មកដាក់​ក្នុងដៃ ទីភ្នាក់ងារ​ណាសា​ត្រូវចាត់ចែង​បញ្ជា​ការចុះចត​ប្រកបដោយ​គ្រោះថ្នាក់​របស់​យានដែលមាន​ផ្ទុកសំណាកអាចម៍ផ្កាយ​ Bennu។

តាម​គម្រោងបញ្ជា​របស់​ណាសា យានអវកាស​​Osiri-Rex​ត្រូវ​ទម្លាក់​Capsule ដែលមាន​ផ្ទុកសំណាកអាចម៍ផ្កាយ​Bennu នៅប្រមាណ ៤ម៉ោង​មុន ​វាធ្លាក់ចុះដល់ដី ពោល​គឺ​នៅចម្ងាយ ១សែនគីឡូម៉ែត្រ ពីផែនដី។ ដំណើរធ្លាក់ចុះ​របស់​Capsule ជាដំណាក់កាល​ស្មុគស្មាញ និង​គ្រោះថ្នាក់ ព្រោះថា ក្នុង​រយៈពេល​១៣នាទីចុងក្រោយ Capsule ដែលធ្លាក់ចុះ​ក្នុងល្បឿន ៤៤០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង មានកំដៅ នៅខាងក្រៅ​ដល់ទៅ ២៧០០អង្សារ។ ដូច្នេះ ណាសា​ត្រូវប្រុងប្រយ័ត្នបំផុត នៅពេល​សម្រេច​ចុច បញ្ចេញ​ឆ័ត្រយោង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​Capsule ធ្លាក់ចុះ ដោយគ្មានការប៉ះទង្គិចខ្លាំងនៅលើ​ដី។ តាមគម្រោង ក្នុងករណី​ដែល​Capsule មិនអាចធ្លាក់ចុះ​នៅ​ក្នុងតំបន់ ដែលគេ​បាន​ដៅរក្សា​ទុក គឺ​នៅ​មូលដ្ឋាន​យោធាទ័ពអាមេរិក ​ក្នុង​រដ្ឋ​Utad នោះ ទីភ្នាក់ងារ​ណាសា​នឹង​ប្តូរចិត្ត​មិន​បញ្ជា​ឲ្យ​យានអវកាស​Osiris-Rex ទម្លាក់​Capsule មាន​សំណាកអាចម៍ផ្កាយ​ មកកាន់ផែនដី។ បើសិន​ជា​ដូច្នេះមែន យានអវកាស​ Osiris-Rex​នឹងត្រូវ​ត្រលប់​ទៅវិលជុំវិញ​ព្រះអាទិត្យ​សាជាថ្មី មុន​នឹងសាកល្បង​វិលត្រលប់​មកផែនដី​សាជាថ្មី នៅ​២ឆ្នាំទៀត គឺ​នៅ​ឆ្នាំ ២០២៥។

ប៉ុន្តែ ក្នុង​ករណី​ដែល​ណាសា​​ជោគជ័យ ទទួល​បាន Capsuleផ្ទុកសំណាកអាចម៍ផ្កាយBennu នោះ យានអវកាស​ Osiris-Rex​នឹងបន្ត​ចេញដំណើរ​ទៅ​រកសំណាកពីអាចម៍ផ្កាយផ្សេងទៀត នៅក្នុង​ប្រព័ន្ធព្រះអាទិត្យ។

តើការវិភាគសំណាកអាចម៍ផ្កាយប្រព្រឹត្តទៅយ៉ាងដូចម្តេច

ទៅតាម​ការរៀបចំ​របស់ណាសា ក្នុងករណី​ដែល​Capsule ធ្លាក់ចុះ​មកដល់​ដី​ដោយ​សុវត្ថិភាព ក្រុមអ្នកបច្ចេកទេស​របស់​ណាសា ដែល​មាន​ពាក់ម៉ាស និង​ស្រោមដៃ មាន​ភារកិច្ច​ទៅលើក​Capsule ដាក់ក្នុងសំណាញ់​ដែល​ឧទ្ធម្ភាគចក្រ​លើកសណ្តោង​ភ្លាម យក​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់បិទជិត ជាបណ្តោះអាសន្ន មុននឹង​បញ្ជូនតាមយន្តហោះ​ទៅ មូលដ្ឋានអវកាស​របស់​ណាសា​នៅ​Houston ក្នុង​រដ្ឋ​តិចសាស់។ អ្នកជំនាញ​របស់ណាសា ព្យាយាម​ធ្វើយ៉ាងណាកុំ​ឲ្យ​Capsule នៅ​ជាប់នឹង​ដីខ្សាច់​របស់​រដ្ឋUtah យូរពេក ដើម្បីកុំ​ឲ្យសំណាកអាចម៍​ផ្កាយ​Bennu ប្រែទម្រង់ដើម និង​ធ្វើឲ្យ​គេ​វិភាគខុស។

តាម​ទីភ្នាក់ងារ​ណាសា គេ​នឹង​យក​សំណាក​តែ ២៥%​ប៉ុណ្ណោះ ទៅ​វិភាគ ចំណែក នៅសល់ នឹងត្រូវចែករំលែកជាមួយ​ប្រទេស​ជប៉ុន កាណាដា និងដៃគូដទៃទៀត សម្រាប់​ការសិក្សា​ពិសោធ​ទៅថ្ងៃ​អនាគត។

នៅក្រោយការពិសោធន៍​ចប់សព្វគ្រប់ ទីភ្នាក់ងារ​ណាសា​គ្រោងធ្វើ​សន្និសីទកាសែត នៅថ្ងៃទី ១១​តុលា ដើម្បីបង្ហាញ​លទ្ធផល​នៃការស្រាវជ្រាវ​លើ​អាចម៍ផ្កាយBennu។

សំណាកអាចម៍ផ្កាយបេនូនឹង​អាច​ជួយឲ្យគេដឹងពីអ្វីខ្លះ

អ្នកវិទ្យាសាស្រ្តរបស់​ទីភ្នាក់ងារ​ណាសា ចាប់អារម្មណ៍​សិក្សាលម្អិត​អាចម៍ផ្កាយ Bennu ក៏ព្រោះតែ​គេ​ចង់​ស្វែងយល់​ពី​ប្រវត្តិកំណើត​របស់​ប្រព័ន្ធព្រះអាទិត្យ និង​ចង់​ដឹង​ពី​កម្រិត​គំរាមកំហែង​របស់​វា ព្រោះថា អាចម៍ផ្កាយ​Bennu​ជា​អាចម៍ផ្កាយ​ដែល​អ្នកវិទ្យាសាស្រ្ត​ចាត់ទុកថា ​គ្រោះថ្នាក់ អាច​បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ​ដល់​ភពផែនដី។

សម្រាប់ទីភ្នាក់ងារ​ណាសា នៅពេល​គេទទួល​បាន​សំណាក​អាចម៍ផ្កាយ Bennu គេ​នឹង​សិក្សា​ភ្លាម​លើធាតុផ្សំ​នៅលើ​អាចម៍ផ្កាយ​ដែលមាន​អាយុដ៏ចំណាស់ តាំងពី​ប្រមាណ ៤៥០០លាន​ឆ្នាំ​មុន ពោល​គឺសារធាតុ​ដែល​បន្សល់ទុក​តាំងពីការកកើត​ប្រព័ន្ធព្រះអាទិត្យ។ តាមសាស្រ្តាចារ្យ​Dante Lauretta ដែលធ្វើការ​លើ​បេសកកម្ម​អាចម៍ផ្កាយ​ Bennu សំណាករបស់អាចម៍ផ្កាយ​ Bennu នឹងជួយ​ឲ្យគេ​ដឹង​ពី​ប្រភព​ដើមកំណើត​ជីវិត​នៅលើផែនដី និង​ដឹងថា តើ​ផែនដីកកើតឡើង​បានយ៉ាងម៉េច​និងហេតុអ្វីបានជា​ផែនដី​អាច​ក្លាយជា​ភពមានជីវិតរស់នៅ។ បន្ថែមពីនោះ គេនឹងអាច​ដឹងដែរថា តើ​មហាសមុទ្របានទឹកមកពីណា តើ​ធ្វើដូចម្តេច បានជា​ផែនដី​មាន​ខ្យល់ និង​ម៉ូលេគុល​សរីរាង្គ​ដែលជាប្រភព​បង្កើតជីវិត?

កន្លងមក អ្នកវិទ្យាសាស្រ្ត​ធ្លាប់​គិត​ថា ផែនដី​កើតមានទឹក​ទៅបាន ក៏ដោយសារ មាន​អាចម៍ផ្កាយដែលមានទឹក ហោះ​បុកទង្គិច កាលពី​ប៉ុន្មាន​ពាន់​លាន​ឆ្នាំមុន។

គោលដៅ​សិក្សា​មួយទៀត​របស់អ្នកវិទ្យាសាស្រ្ត គឺ​គ្រោះថ្នាក់​របស់​អាចម៍ផ្កាយ​មក​ផែនដី។ អាចម៍ផ្កាយ Bennu ជាអាចម៍ផ្កាយធុនមធ្យម ប្រវែង ៥១០ម៉ែត្រ ពោលគឺ​តូចជាងឆ្ងាយ​អាចម៍ផ្កាយ​ដែល​បាន​សម្លាប់​សត្វឌីណូស័រ កាលពី ជាង ៦៦លានឆ្នាំមុន ប៉ុន្តែវា​មាន​ទំហំធំល្មម ដែល​អាច​បង្កគ្រោះមហន្តរាយដល់​ផែនដី។ អ្នកវិទ្យាសាស្រ្ត​បារម្ភថា អាចម៍ផ្កាយ Bennu ដែល​ខ្ពស់ជាង អគារដែក តួអេហ្វែល នៅប៉ារីស ឬ​អគារ Empire State និង​ហោះជិតផែនដី​ជាងគេ នឹង​អាច​ហោះមក​បុកផែនដី នៅ​ចុងសតវត្សរ៍ទី ២២ខាងមុខ។ ក៏ប៉ុន្តែ ប្រូបាលីតេ​ដែល​ Bennu​អាច​ហោះមកបុកផែនដី មានមិនច្រើននោះទេ គឺ​ប្រមាណតែ ០,០៣៧% ពោលគេ​អាច​និយាយបានថា មានសំណាង​ជាង ៩៩%​ទៅហើយ ដែល អាចម៍ផ្កាយ Bennu ​មិន​ហោះបុកផែនដី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ