អានតួអត្ថបទ

អាមេរិក៖អ៊ីរ៉ង់បានបញ្ជូនទាហានទៅកាន់តំបន់គ្រីមេដើម្បីបង្ហាត់ទាហានរុស្ស៊ីឲ្យប្រើដ្រូនអ៊ីរ៉ង់

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន កងទ័ព​បាន​ទាញ​សញ្ញា​អាសន្ន​ពី​ការ​ដែល​រុស្ស៊ី​អាច​បើក​សមរភូមិ​ប្រយុទ្ធ​ថ្មី​នៅ​ប៉ែក​ខាង​ជើង​ពី​ព្រំដែន​ប្រទេស​បេឡារុស។ ការ​ទាញ​សញ្ញា​អាសន្ន​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ព័ត៌មាន​ស្តីពី​ជំនួយ​យោធា​របស់​អ៊ីរ៉ង់​ចំពោះ​រុស្ស៊ី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល។ តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​អាមេរិក ក្រៅ​ពី​បាន​បញ្ជូន​ដ្រូន​ទៅ​ឲ្យ​រុស្ស៊ី អ៊ីរ៉ង​ក៏​បាន​បញ្ជូន​ទាហាន​ទៅ​កាន់​តំបន់​គ្រីមេ​ដើម្បី​បង្ហាត់បង្រៀន​ទាហាន​រុស្ស៊ី​ឲ្យ​ចេះ​ប្រើ​ដ្រូន​របស់​ខ្លួន​ដែរ។

លោកចន ខឺប៊ី អ្នកនំាពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន។
លោកចន ខឺប៊ី អ្នកនំាពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន។ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​វត្តមាន​ទាហាន​អ៊ីរ៉ង់​នៅ​តំបន់​គ្រីមេ​ដែល​រុស្ស៊ី​បាន​ក្រសោប​យក​ដោយ​ខុស​ច្បាប់​ពី​អ៊ុយក្រែន​កាល​ពី​ឆ្នាំ ២០១៤ ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នកនំាពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិ​របស់​សេតវិមាន​លោក​ចន ខឺប៊ី។ « យើង​យល់​ថា ទាហាន​អ៊ីរ៉ង់ ពិសេស​អ្នក​បច្ចេកទេស និង​គ្រូបង្វឹក​បាន​ស្ថិត​នៅ​ក្នុង​តំបន់​គ្រីមេ និង​បាន​ជួយ​ទាហាន​រុស្ស៊ី​ឲ្យ​ចេះ​ប្រើ​ដ្រូន​ដែល​ផ្តល់​ដោយ​អ៊ីរ៉ង់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ចន ខឺប៊ី។ តែ​អ្នកនំាពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិ​របស់​សេតវិមាន​រូប​នេះ​ដដែល​មិន​ភ្លេច​បញ្ជាក់​ថា គឺ​ទាហាន​រុស្ស៊ី​ជា​អ្នក​ប្រើ​ដ្រូន​អ៊ីរ៉ង់​សំដៅ​លើ​ផ្ទាំង​ស៊ីវិល​អ៊ុយក្រែន ពិសេស​ជនស៊ីវិល​ស្លូតត្រង់។

ចំណែក​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ទាក់ទង​នឹង​រឿង​ដ្រូន​អ៊ីរ៉ង់​នេះ​ដែរ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​លោក​ផាត រីឌ័រ​បាន​បញ្ជាក់​ថា ក្រៅ​ពី​តំបន់​ដើមបូព៌ា អ៊ីរ៉ង់​បាន​នាំ​ការ​ភិតភ័យ​ឆ្លង​ចូល​ដល់​ទឹកដី​អ៊ុយក្រែន​ទៀត។ នៅ​ក្នុង​ន័យ​នេះ លោក​ផាត រីឌ័រ​បាន​បញ្ជាក់​ពី​ការ​ដែល​ក្រសួង​ការពារជាតិ​អាមេរិក​បន្ត​ធ្វើ​ការ​ជាមួយ​អ៊ុយក្រែន ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត និង​ជាមួយ​ក្រុម​ដៃគូ​ដើម្បី​នាំ​ជំនួយ​សន្តិសុខ​ឲ្យ​អ៊ុយក្រែន។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រុស្ស៊ី​បាន​ប្រើ​ដ្រូន​អ៊ីរ៉ង់​ស្រោច​លើ​ផ្ទាំងស៊ីប​ស៊ីវិល​អ៊ុយក្រែន។ ការ​ប្រើ​ដ្រូន​អ៊ីរ៉ង់​ដោយ​ទាហាន​រុស្ស៊ី​នេះ​បាន​ជំរុញ​ឲ្យ​បស្ចិមលោក​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ក្នុង​បទ​បញ្ជូន​ដ្រូន​ឲ្យ​រុស្ស៊ី។

ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២០ តុលា ក្រុម​ប្រទេស​សមាជិក​សហភាពអឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​លើ​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ដោយ​បង្ក​ទ្រព្យសម្បតិ្ត​លើ​​ឥស្សរជន​យោធា​ជាន់ខ្ពស់​អ៊ីរ៉ង់​ចំនួន ៣នាក់ និង​ស្ថាប័ន​មួយ។ បន្ទាប់​មក អឺរ៉ុប​បាន​សន្យា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​បន្ថែម​ទៀត​នាម​ពេល​ខាង​មុខ។ តែ​មក​ដល់​ពេល​នេះ អ៊ីរ៉ង់ និង​រុស្ស៊ី​សុទ្ធ​តែ​បាន​ចេញ​មុខ​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​របស់​បស្ចិមលោក។ អ៊ីរ៉ង់​ថា ខ្លួន​មិន​ដែល​បញ្ជូន​ដ្រូន​ទៅ​ឲ្យ​ភាគី​ណា​មួយ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ