អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីរ៉ង់កំពុងចូលខ្លួនជួយឈឺឆ្អាលនៅក្នុងសង្រ្គាមអ៊ុយក្រែនដោយបានផ្តល់ដ្រូនឲ្យរុស្ស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន ទ័ព​រុស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​ដោយ​ដ្រូន​ទៅ​លើ​ទីតាំង​យុទ្ធសាស្រ្ត រួម​ទាំង​អាគារ​រស់នៅ​របស់​ប្រជាជន​នៅ​សឹង​គ្រប់​តំបន់។ ក្នុង​ព្រឹក​ថ្ងៃ​ចន្ទ ទី១៧ តុលា ការ​វាយប្រហារ​ដោយ​ដ្រូន​ទៅ​លើ​ទីក្រុង​គៀវ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ៨នាក់។ អ្វី​ជា​ការ​កត់សម្គាល់ ដ្រូន​ដែល​ទ័ព​រុស្ស៊ី​បាន​ប្រើ​មិនមែន​ជា​ដ្រូន​របស់​រុស្ស៊ី​ទេ តែ​ជា​ដ្រូន​របស់​ប្រទេស​អ៊ីរ៉ង់។ ចំណែក​អ៊ុយក្រែន​ក៏​បាន​ប្រើ​ដ្រូន​ដែរ តែ​ជា​ដ្រូន​របស់​ប្រទេស​តួកគី។ ហេតុអ្វី​បាន​ជា​រុស្ស៊ី​ត្រូវ​ការ​ដ្រូន​របស់​អ៊ីរ៉ង់ និង​ថា តើ​អ៊ីរ៉ង់​មិនមែន​កំពុង​លូកដៃ​ចូល​ទៅ​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ទេ ឬ​យ៉ាង​ណា?

ទាហាន និង​ប៉ូលិស​អ៊ុយក្រែន​កំពុង​តាម​ស្ទាក់បាញ់ដ្រូន​របស់​​អ៊ីរ៉ង់​ដែល​​បញ្ជូន​ដោយ​រុស្ស៊ី។
ទាហាន និង​ប៉ូលិស​អ៊ុយក្រែន​កំពុង​តាម​ស្ទាក់បាញ់ដ្រូន​របស់​​អ៊ីរ៉ង់​ដែល​​បញ្ជូន​ដោយ​រុស្ស៊ី។ AP - Vadym Sarakhan
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​បាន​និយាយ​ច្រើន និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រើ​ដ្រូន​ដើម្បី​វាយប្រហារ​គ្នា​ទៅ​វិញ ទៅ​មក​រវាង​ទ័ព​អ៊ុយក្រែន និង​ទ័ព​រុស្ស៊ី។ ក៏​ប៉ុន្តែ ដ្រូន​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ប្រើ​មិនមែន​ជា​ដ្រូន​ផលិត​ដោយ​ខ្លួន​ឯង​ទេ ឬ​និយាយ​ឲ្យ​ស្រួល​យល់ ជា​ដ្រូន​របស់​ប្រទេស​ផ្សេង។ នៅ​ម្ខាង អ៊ុយក្រែន​បាន​ប្រើ​ដ្រូន​របស់​ប្រទេស​តួកគី​ឈ្មោះ បាយរ៉ាក់តារ TB2 (Bayraktar TB2) ហើយ​នៅ​ម្ខាង​ទៀត រុស្ស៊ី​បាន​ប្រើ​ដ្រូន​របស់​ប្រទេស​អ៊ីរ៉ង់​ឈ្មោះ ស្ហាហ៊េដ-១៣៦ (Shahed-136)។ ដ្រូន​អ៊ីរ៉ង់​ស្ហាហ៊េដ-១៣៦ នេះ​ត្រូវ​បាន​គេ​ហៅ​ជា​ដ្រូន​អត្តឃាត​ដែល​មាន​ទំហំ​ធំ​ល្មម និង​ផលិត​ឡើង​ក្នុង​តម្លៃ​ទាប។ គេ​ត្រូវ​បញ្ជូល​ទិន្នន័យ GPS ទៅ​ក្នុង​ដ្រូន​ស្ហាហ៊េដ-១៣៦ នេះ​ជា​មុន​ដើម្បី​អាច​ឲ្យ​វា​ធ្លាក់​ចំ​ផ្ទាំងស៊ីប​ដែល​គេ​ចង់​បាន។

យោង​តាម​អាមេរិក អ៊ីរ៉ង់​បាន​បញ្ជូន​ឲ្យ​ទាហាន​រុស្ស៊ី​នូវ​ដ្រូន​ស្ហាហ៊េដ-១៣៦ ជា​ច្រើន​រយ​គ្រឿង​នា​រដូវ​ក្តៅ​កន្លង​ទៅ។ គួរ​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​ដ្រូន​អ៊ីរ៉ង់​ប្រភេទ​នេះ​ត្រូវ​បាន​ប្រើ​នៅ​បរទេស។ ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩ មាន​ការ​ប្រើ​ដ្រូន​អ៊ីរ៉ង់​ស្ហាហ៊េដ-១៣៦ វាយប្រហារ​លើ​ទីតាំង​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ថ្មីៗ ដ្រូន​ដូច​គ្នា​នេះ​ត្រូវ​បាន​ប្រើ​វាយប្រហារ​លើ​ទឹកដី​អេមីរ៉ាអារ៉ាប់រួម។ ការ​វាយប្រហារ​កាល​ណោះ​ត្រូវ​បាន​គេ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុម​ឧទ្ទាម​ហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន។ តែ​អ៊ីរ៉ង់​ក៏​មាន​ចំណែក​នៅ​ក្នុង​ការ​វាយប្រហារ​នោះ​ដែរ។ ឥឡូវ​នេះ ដ្រូន​អ៊ីរ៉ង់​ស្ហាហ៊េដ-១៣៦ បាន​ឆ្លង​ចូល​ដល់​ទឹកដី​អ៊ុយក្រែន​ដែល​ទាហាន​រុស្ស៊ី​ប្រើ​ដើម្បី​វាយប្រហារ​លើ​ផ្ទាំងស៊ីប​យុទ្ធសាស្រ្ត និង​ផ្ទាំងស៊ីប​ស៊ីវិល​អ៊ុយក្រែន។

ក្នុង​ថ្ងៃទី១០ និង​ទី១១ តុលា រុស្ស៊ី​បាន​បញ្ជូន​ដ្រូន​អ៊ីរ៉ង់​ស្ហាហ៊េដ-១៣៦ ពី​ក្នុង​ទឹកដី​ប្រទេស​បេឡារុស ឬ​ពី​តំបន់​គ្រីមេ​ទៅ​ស្រោច​លើ​ទីតាំង​ស៊ីវិល​ជា​ច្រើន​នៅ​អ៊ុយក្រែន។ រដ្ឋអំណាច​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ខ្លួន​បាន​ស្ទាក់​បាញ់​កម្ទេច​ដ្រូន​អ៊ីរ៉ង់​ស្ហាហ៊េដ-១៣៦ ចំនួន ១៣គ្រឿង​ក្នុង​ចំណោម ២៤គ្រឿង​ដែល​រុស្ស៊ី​បាន​បាញ់​ក្នុង​ថ្ងៃទី១០ តុលា និង​បាញ់​កម្ទេច​បាន​ក្នុង​ចំនួន​ដូច​គ្នា​នេះ​នៅ​ថ្ងៃ​បន្ទាប់​ទី១១ តុលា។ តែ​គេ​អាច​ផ្ទៀងផ្ទាត់​តួលេខ​នេះ​បាន​ទេ។ គួរ​បញ្ជាក់​ថា ការ​ប្រើ​ដ្រូន​មាន​ប្រសិទ្ធិភាព​នៅ​ពេល​ណា​ដែល​គូប្រឆាំង​គ្មាន​លទ្ធភាព​ដើម្បី​ការពារ​ខ្លួន ឬ​តប ត​វិញ។ រហូត​មក​ដល់​ពេល​នេះ អ៊ុយក្រែន​បាន​ព្យាយាម​បាញ់​កម្ទេច​ដ្រូន​អ៊ីរ៉ង់​ស្ហាហ៊េដ-១៣៦ ដោយ​ប្រើ​ប្រព័ន្ធ​បាញ់​យន្តហោះ​ចល័ត​នៅ​ពេល​ថ្ងៃ ឬ​មួយ​ក៏​ប្រព័ន្ធ​ដែល​មាន​បំពាក់​រ៉ាដា​សម្រាប់​ប្រើ​នៅ​ពេល​យប់។

តែ​នៅ​ពេល​ខាង​មុខ ការ​បំពាក់​ប្រព័ន្ធ​ប្រឆាំង​ដ្រូន​ជា​រឿង​មួយ​ចាំ​បាច់​សម្រាប់​អ៊ុយក្រែន​ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ និង​ជាង​ពេល​ណាៗ​ទាំង​អស់ ដ្រូន​បាន​ក្លាយ​ជា​អាវុធ​ថ្មី​នៅ​លើ​សមរភូមិ​សង្រ្គាម។ សម្រាប់​រុស្ស៊ី​និយាយ​ដោយ​ឡែក ការ​ប្រើ​ដ្រូន​របស់​អ៊ីរ៉ង់ ឬ​របស់​អ្នក​ផ្សេង​នៅ​លើ​សមរភូមិ​សង្រ្គាម​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ខ្លួន​អាច​សន្សំសំចៃ​ការ​ប្រើ​គ្រាប់មីស៊ីល​ដែល​មួយ​គ្រាប់ៗ​មាន​តម្លៃ​ពី ១ ៥០០ ០០០ដុល្លារ​ទៅ ២ ០០០ ០០០ដុល្លារ។ ក៏ប៉ុន្តែ ការ​ប្រើប្រាស់​ដ្រូន​អ៊ីរ៉ង់​ដោយ​រុស្ស៊ី​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ពេល​នេះ​បាន​បង្ហាញ​ចេញ​នូវ​ពីរ​ចំណុច ចំណុច​ទី១ ការ​លូក​ដៃ​កាន់​តែ​ជ្រៅ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​សង្រ្គាម​មួយ​នេះ និង​ចំណុចទី២ ភាព​អន់​របស់​រុស្ស៊ី​ដែល​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​យោធា​ម្នាក់ និង​ជា​ប្រទេស​ផលិត​អាវុធ​មួយ​ក្នុង​លោក​បែរ​ជា​ងាក​រក​ដ្រូន​របស់​អ៊ីរ៉ង់​ទៅ​វិញ។

នៅ​ក្នុង​ចំណុច​ទី២ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​មើល​ឃើញ​ខុស​គ្នា។ អ្នក​ខ្លះ​បាន​លើក​ឡើង​ពី​ភាព​ទន់ខ្សោយ​នៃ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​អាវុធ​រុស្ស៊ី និង​បញ្ហា​ធនធាន​មនុស្ស។ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា រុស្ស៊ី​មិន​មាន​គម្រោង​ផលិត​ដ្រូន​អត្តឃាត​ចម្ងាយ​ឆ្ងាយ​ដូច​ដ្រូន​អ៊ីរ៉ង់​ស្ហាហ៊េដ-១៣៦ ទេ។ ដ្រូន​ដែល​រុស្ស៊ី​បាន​ផលិត​ច្រើន​ជា​ដ្រូន​ចម្ងាយ​ជិត​ដែល​អាច​ហោះ​ត្រឹម ៤០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ដោយឡែក រឿង​អ៊ីរ៉ង់​បាន​លូក​ដៃ​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ដោយ​ប្រយោជន៍ ឬ​ដោយ​ផ្ទាល់​ហាក់​មិន​មែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ។ មិន​ភ្ញាក់ផ្អើល​ព្រោះ​អ៊ីរ៉ង់ និង​រុស្ស៊ី​ធ្លាប់​បាន​សហការ​គ្នា​នៅ​លើ​សមរភូមិ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​ផ្សេង។

ជាក់ស្តែង​ចាប់​ពី​ខែ​មីនា ឆ្នាំ ២០១១ អ៊ីរ៉ង់ និង​រុស្ស៊ី​បាន​រួម​ដៃ​គ្នា​ដើម្បី​ជួយ​ប្រធានាធិបតី​ស៊ីរី​អាសាដ​ក្នុង​ការ​កំចាត់​ពួក​ប្រឆាំង​ទាំង​អស់​ដោយ​មិន​រើស​មុខ​នៅ​ស៊ីរី។ គឺ​នៅ​លើ​សមរភូមិ​សង្រ្គាម​ស៊ីរី​ដដែល​នេះ​ដែល​អ៊ីរ៉ង់​បាន​បញ្ជូន​កម្លាំង​ទ័ព​ទៅ​ចូលរួម​ជាមួយ​កម្លាំងទ័ព​គាំទ្រ​អ៊ីរ៉ង់​មក​ពី​ប្រទេស​លីបង់ និង​អ៊ីរ៉ាក់​ដើម្បី​ជួយ​គាំទ្រ​ទ័ព​របស់​ប្រធានាធិបតី​ស៊ីរី​អាសាដ។ នេះ​ដោយ​មិន​និយាយ​ពី​ដ្រូន​ស្ហាហ៊េដ-១៣៦ ដែល​អ៊ីរ៉ង់​បាន​ប្រើ​នៅ​ស៊ីរី និង​បាន​ប្រើ​ដើម្បី​វាយប្រហារ​លើ​ពួក​ប្រឆាំង​គួដឌីស្ថាន​រហូត​ដល់​ទឹកដី​អ៊ីរ៉ាក់​ទេ។ ឥឡូវ​នេះ ដ្រូន​អ៊ីរ៉ង់​ស្ហាហ៊េដ-១៣៦ ដដែល​នេះ​កំពុង​ត្រូវ​បាន​រុស្ស៊ី​ប្រើ​សម្លាប់​ប្រជាជន​អ៊ុយក្រែន​សឹង​រាល់​ថ្ងៃ។

ពិត​ណាស់ អ៊ីរ៉ង់​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ដូច​សង្រ្គាម​ស៊ីរី​ទេ។ តែ​ការ​ដែល​អ៊ីរ៉ង់​ឲ្យ​ដ្រូន ឬ​លក់​ដ្រូន​ឲ្យ​រុស្ស៊ី​ជា​សក្ខីកម្ម​បញ្ជាក់​ថា តិច ឬ​ច្រើន ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល អ៊ីរ៉ង់​មិន​អាច​និយាយ​ថា​ខ្លួន​គ្មាន​ចំណែក​នៅ​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ