អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយរុស្ស៊ីប្រើដ្រូនអ៊ីរ៉ង់វាយប្រហារអ៊ុយក្រែន អ៊ីរ៉ង់កំពុងស្ថិតក្នុងផ្ទាំងស៊ីបរបស់បស្ចិមប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​កំពុង​បន្ត​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​យុទ្ធសាស្រ្ត និង​អាគារលំដ្ឋាន​របស់​ប្រជាជន។ ក្រៅ​ពី​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ីរ៉ង់ ទ័ពរុស្ស៊ី​បាន​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល និង​គ្រាប់រ៉ូកែត។ តាម​មេបញ្ជាការ​កងទ័ព​អ៊ុយក្រែន ការ​វាយប្រហារ​របស់​រុស្ស៊ី​ក្នុង​ថ្ងៃ​ចន្ទ ទី១៧ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៨នាក់។ ដោយឡែក ការ​ដែល​រុស្ស៊ី​បាន​ប្រើ​ដ្រូន​អ៊ីរ៉ង់​កំពុង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ទណ្ឌកម្ម​របស់​បស្ចិមប្រទេស រួម​ទាំង​ក្រុមហ៊ុន ឬ​រដ្ឋបរទេស​ណា​ដែល​សហការ​ជាមួយ​កម្មវិធី​ដ្រូន​អ៊ីរ៉ង់។ តែ​អ៊ីរ៉ង់​បាន​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​មិន​បាន​ផ្តល់ ឬ​លក់​ដ្រូន​ទៅ​ឲ្យ​ភាគី​ណា​មួយ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ទេ។

ក្រោយរុស្ស៊ីប្រើដ្រូនអ៊ីរ៉ង់វាយប្រហារអ៊ុយក្រែន អ៊ីរ៉ង់កំពុងស្ថិតក្នុងផ្ទាំងស៊ីបរបស់បស្ចិមប្រទេស។
ក្រោយរុស្ស៊ីប្រើដ្រូនអ៊ីរ៉ង់វាយប្រហារអ៊ុយក្រែន អ៊ីរ៉ង់កំពុងស្ថិតក្នុងផ្ទាំងស៊ីបរបស់បស្ចិមប្រទេស។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ការ​ប្រើ​ដ្រូន​របស់​អ៊ីរ៉ង់​ពី​ទ័ព​រុស្ស៊ី​លើ​ទឹកដី​អ៊ុយក្រែន​ពេល​នេះ​បាន​បំផុស​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​បស្ចិមប្រទេស ពិសេស​ពី​អាមេរិក។ នេះ​មក​ពី​ដ្រូន​ដែល​រុស្ស៊ី​បាន​ប្រើ​ជា​ដ្រូន​របស់​អ៊ីរ៉ង់ ព្រោះ​បើ​ជា​ដ្រូន​ផលិត​ដោយ​រុស្ស៊ី ឬ​ដោយ​ប្រទេស​ផ្សេង​ក្រៅ​ពី​អ៊ីរ៉ង់​ប្រហែល​ជា​មិន​មាន​ប្រតិកម្ម​ព្រោងព្រាត​ដូច​ពេល​នេះ​ទេ។ អាមេរិក​ជា​ប្រទេស​ដែល​កំពុង​ដំឡើង​សំឡេង​ខ្លាំង​ជាង​គេ​ទាក់ទង​នឹង​ដ្រូន​របស់​អ៊ីរ៉ង់​ដែល​រុស្ស៊ី​កំពុង​ប្រើ​លើ​អ៊ុយក្រែន។ « មនុស្ស​ទាំង​អស់​ដែល​ធ្វើ​សកម្មភាព​ជាមួយ​អ៊ីរ៉ង់​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ដ្រូន ឬ​មីស៊ីល​បាលីស្ទិក ឬ​មួយ​ក៏​ជួយ​នាំ​អាវុធ​របស់​អ៊ីរ៉ង់​ទៅ​ឲ្យ​រុស្ស៊ី​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន » នេះ​ជា​ការ​ថ្លែង​ដោយ​ព្រមាន​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក វេឌែន ផាធែល (Vedant Patel)។

តាម​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ​ដដែល រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ញញើត​នឹង​ប្រើ​ទណ្ឌកម្ម ឬ​ចាត់​វិធានការ​ចាស់ដៃ​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​សំខាន់ៗ និង​បន្ថែម​ថា ការ​ពង្រឹង​សម្ព័ន្ធ​រវាង​រុស្ស៊ី និង​អ៊ីរ៉ង់​គួរ​តែ​ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ជា​រឿង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ។ តែ​ទន្ទឹម​គ្នា​នេះ លោក​វេឌែន ផាធែល​បាន​អះអាង​ដោយ​មើល​ឃើញ​ថា ការ​ដែល​រុស្ស៊ី​បាន​ងាក​រក​ដ្រូន​អ៊ីរ៉ង់​ជា​សញ្ញា​ដែល​បញ្ជាក់​ពី​ក្តី​អស់​សង្ឃឹម ពី​ការ​ទទួល​គំនាប និង​អាច​ជា​ដង្ហើម​ចុង​ក្រោយ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ខណៈ​ដែល​ទ័ព​រុស្ស៊ី​កំពុង​ចាញ់​ច្រាប​ទ័ព​អ៊ុយក្រែន​នៅ​លើ​សមរភូមិ។

ចុង​ក្រោយ លោក វេឌែន ផាធែល​បាន​យល់​ឃើញ​ថា ការ​បញ្ជូន​ដ្រូន ឬ​ការ​លក់​ដ្រូន​អ៊ីរ៉ង់​ទៅ​ឲ្យ​រុស្ស៊ី​ជា​ការ​រំលោភបំពាន​លើ​សេចក្តីសម្រេចចិត្ត​លេខ ២២៣១ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។

ហេតុអ្វី​ជា​អាមេរិក​លើក​ពី​សេចក្តីសម្រេចចិត្ត​លេខ ២២៣១ របស់​ក្រុមប្រឹក្សាសន្តិសុខ?

ដើម្បី​អាច​យល់​ពី​រឿង​នេះ​បាន គេ​ត្រូវ​បក​ក្រោយ​ទៅ​ចាប់​អារម្មណ៍​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ ៥ប្រទេស​បូក ១។ ៥ប្រទេស​មាន​អាមេរិក បារាំង អង់គ្លេស ចិន និង​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ ហើយ​បូក ១ គឺ​ប្រទេស​អាល្លឺម៉ង់។ ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មួយ​នេះ​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​តាម​រយៈ​សេចក្តីសម្រេចចិត្ត​លេខ ២២៣១។ តាម​ពិត អាមេរិក​បាន​ភ្ជាប់​រឿង​ដ្រូន​អ៊ីរ៉ង់​នេះ​ទៅ​នឹង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ក្រុង​វ៉ាស៊ីនតោន​យល់​ថា ដ្រូន​អ៊ីរ៉ង់​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​អ៊ីរ៉ង់​ឈ្មោះ Aircraft Manufacturing Industries ដែល​ត្រូវ​បាន​អាមេរិក​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បាន​រួម​សហការ​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ដូច្នេះ​សម្រាប់​អាមេរិក កុំ​ថា​ឡើយ​អ៊ីរ៉ង់​ដែល​ជា​សាមីខ្លួន​ផ្ទាល់ សូម្បី​តែ​រដ្ឋបរទេស​ណា ក្រុមហ៊ុន​ណា ឬ​បុគ្គល​ណា​ម្នាក់​ដែល​ជា​អ្នក​លក់ ឬ​ជា​អ្នក​ជួយ​នាំ​យក​ដ្រូន ឬ​មីស៊ីល​អ៊ីរ៉ង់​ទៅ​ឲ្យ​រុស្ស៊ី គឺ​ជា​ការ​រំលោភ​លើ​សេចក្តីសម្រេចចិត្ត​លេខ ២២៣១ របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ដែល​ពួក​គេ​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម។

អ៊ីរ៉ង់ និង​រុស្ស៊ី​ចេញ​មុខ​បដិសេធ

រហូត​មក​ដល់​ពេល​នេះ រដ្ឋបាល​អាមេរិក​មិន​បាន​លើក​ភស្តុតាង​អ្វី​ដើម្បី​បញ្ជាក់​ពី​ការ​ប្រើ​ដ្រូន​អ៊ីរ៉ង់​របស់​ទាហាន​រុស្ស៊ី​លើ​អ៊ុយក្រែន​ទេ។ តែ​អាមេរិក​បាន​អះអាង​ថា អ៊ីរ៉ង់​បាន​បញ្ជូន​ដ្រូន​ប្រភេទ​ស្ហាហ៊េដ-១៣៦ ច្រើន​គ្រឿង​ទៅ​ឲ្យ​រុស្ស៊ី​កាល​ពី​រដូវ​ក្តៅ​ថ្មីៗ​នេះ។ ចំណែក​កាសែត​អាមេរិក Washington Post បាន​ចុះ​ផ្សាយ​ព័ត៌មាន​ដោយ​ផ្អែក​លើ​ប្រភព​ពី​បណ្តា​រដ្ឋាភិបាល​បស្ចិមលោក​ថា ក្រៅ​ពី​ដ្រូន អ៊ីរ៉ង់​អាច​នឹង​លក់​ឲ្យ​រុស្ស៊ី​នា​ពេល​ខាង​មុខ​នូវ​អាវុធ​ផ្សេង​ទៀត ដូច​យ៉ាង​មីស៊ីល Fateh-110 ឬ​មីស៊ីល Zolfaghar។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ៊ីរ៉ង់​បន្ត​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ ឬ​ការ​មាន​មន្ទិលសង្ស័យ​លើ​ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​ណាស៊ែរ កាណានី​បាន​បញ្ជាក់​ជា​ថ្មី​ថា អ៊ីរ៉ង់​មិន​បាន​នាំ​អាវុធ​ទៅ​ឲ្យ​ភាគី​ណា​មួយ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន និង​ថា រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​បាន​គាំទ្រ​ឲ្យ​មាន​ដំណោះស្រាយ​ជម្លោះ​មួយ​នេះ​តាម​ផ្លូវចរចា។ លើស​ពី​នេះ​កាល​ពី​ថ្ងៃទី១៤ តុលា រដ្ឋាភិបាល​អ៊ីរ៉ង់​ថែម​ទាំង​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​បស្ចិមលោក​លើ​ខ្លួន​ថា គឺ​ជា​ការ​ឃោសនា​រៀបចំ​ដោយ​រដ្ឋបរទេស​មួយ​ចំនួន​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ពួក​គេ។ ពី​ខាង​រុស្ស៊ី​ដែល​ជា​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​មួយ​ទៀត​បាន​អះអាង​វាយបក​វិញ​ក្នុង​ថ្ងៃ​អង្គារ ទី១៨ តុលា​ថា ខ្លួន​មិន​បាន​ដឹង​ពី​ព័ត៌មាន​ស្តីពី​ទាហាន​រុស្ស៊ី​ប្រើ​ដ្រូន​អ៊ីរ៉ង់​ទេ។

ការ​អះអាង​វាយបក​របស់​រុស្ស៊ី​នេះ​បាន​ធ្វើ​ឡើង​ដោយ​អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ។ ដោយ​មិន​និយាយ​ពី​ឈ្មោះ​អាវុធ លោក​ប៉េស្កូវ​បាន​ត្រឹម​បញ្ជាក់​ថា រុស្ស៊ី​ប្រើ​បច្ចេកទេស​រុស្ស៊ី​ជាមួយ​នឹង​ឈ្មោះ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ