ធនាគារពិភពលោកអនុម័តថវិកា១២ពាន់លានដុល្លារ សម្រាប់វ៉ាក់សាំង ប្រឆាំងកូវីដ នៅ ប្រទេសក្រីក្រ
វ៉ាក់សាំងប្រឆាំងកូវីដ មិនមែនមានសម្រាប់តែក្រុមប្រទេសអ្នកមានតែប៉ុណ្ណោះទេ។ ជាមួយនឹងកញ្ចប់ប្រាក់ ១២ពាន់លានដុល្លារ ដែលខ្លួនបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញ ធនាគារពិភពលោក ចង់បញ្ជាក់ទៅខាងក្រុមហ៊ុនផលិតឧសថដែលកំពុងអភិវឌ្ឍ ស្រាវជ្រាវវ៉ាក់សាំងប្រឆាំងកូវីដ ឲ្យបានដឹងថា ប្រជាជននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ក៏មានសិទ្ធិទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ ដ៏ច្បាស់លាស់ និងមានប្រសិទ្ធិភាពនឹងគេដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៩
ធនាគារពិភពលោក បានប្រកាសបញ្ចេញកញ្ចប់ថវិកា ១២ពាន់លានដុល្លារ ដើម្បី ធានាថា ប្រទេសក្រីក្រ អាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ដ៏លឿនបំផុត ពោលគឺនៅពេលគេរកឃើញ និងផលិតបានភ្លាម វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ។ ១២ពាន់លានដុល្លារ ជាផ្នែកមួយ នៃកញ្ចប់ថវិកា សរុប ១៦០ពាន់លានដុល្លារ ដែលធនាគារពិភពលោក បានប្រកាសកន្លងមក សម្រាប់ ជួយប្រទេសក្រីក្រ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ រហូតដល់ ពាក់កណ្តាលឆ្នាំ ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ធនាគារពិភពលោកបានបញ្ជាក់ថា ថវិកា ១២ពាន់លានដុល្លារ នេះ នឹងអាចជួយឲ្យមនុស្ស ១ពាន់លាននាក់ អាចទទួលបានវ៉ាក់សាំង។ ជំនួយហិរញ្ញវត្ថុរបស់ធនាគារពិភពលោក នឹងយកទៅប្រើផងដែរ សម្រាប់ ជំនួយបច្ចេកទេស ដើម្បីឲ្យប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ អាចរៀបចំ ការចាក់វ៉ាក់សាំង ក្នុងទ្រង់ទ្រាយធំ។
សម្រាប់ប្រធានធនាគារពិភពលោក លោក David Malpass ការពង្រឹងការចែកចាយ វ៉ាក់សាំងដ៏មានប្រសិទ្ធិភាព សំខាន់ណាស់សម្រាប់ ផ្លាស់ប្តូរដំណើរវិវឌ្ឍរបស់ជំងឺឆ្លងរាតត្បាតកូវីដ។ មួយវិញទៀត គម្រោងការនេះ នឹងជួយផងដែរ ក្រុមប្រទេសដែលជួបបញ្ហាហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដោយសារតែវិបត្តិកូវីដ ឲ្យងើបដើរ ពង្រឹងជំហរសេដ្ឋកិច្ចរបស់ខ្លួន ឡើងវិញ។
រហូតមកដល់ពេលនេះ មានតែវ៉ាក់សាំង ជាង ១០ ក្នុងចំណោមបេក្ខជនវ៉ាក់សាំង ជាង ១០០ ដែលបានឈានដល់ដំណាក់កាល ធ្វើតេស្តសាកល្បងលើមនុស្ស។ ក្នុងនោះ មានតែវ៉ាក់សាំង ប្រមាណ ៤ប៉ុណ្ណោះ ដែលនាំមុខគេ។ នៅដើមសប្តាហ៍នេះទៀត ក្រុមហ៊ុនផលិតឱសថ ពីរ របស់អាមេរិក បានក្លាយជាក្រុមហ៊ុនស្រាវជ្រាវវ៉ាក់សាំងទី ៣ បន្ទាប់ពីក្រុមហ៊ុនអង់គ្លេស ដែលបានប្រកាសផ្អាកដំណើរការធ្វើតេស្តសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ ដើម្បីវាយតម្លៃពីផលប៉ះពាល់របស់វាទៅលើអ្នកចូលរួម។
នៅពេល គេមិនទាន់ជាក់ច្បាស់ថា វ៉ាក់សាំងដែលគេកំពុងស្រាវជ្រាវ នឹងអាចមានប្រសិទ្ធិភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ បណ្តាប្រទេសអ្នកមានជាច្រើន បានចុះកិច្ចសន្យា ទឹកប្រាក់រាប់លានដុល្លារ រួចហើយ សម្រាប់ កុម្ម៉ង់ទិញ វ៉ាក់សាំង ពីក្រុមហ៊ុនផលិតឱសថ។
កាលពីខែកញ្ញាកន្លងទៅ ប្រធានធនាគារពិភពលោក ធ្លាប់បានវាយតម្លៃ ថា មានតែវ៉ាក់សាំង ដែលគួរឲ្យជឿជាក់ និងមានប្រសិទ្ធិភាពទេ ដែលអាចជួយឲ្យពិភពលោកចាប់បើកទ្វារ ឡើងវិញ ប្រកបដោយសុវត្ថិភាព។ ដរាបណា ជំងឺកូវីដ នៅតែរាតត្បាត នៅក្នុងពិភពលោក នោះ គម្លាតសង្គម និងវិធានការបិទខ្ទប់ទីក្រុងនឹងទៅបង្អាក់ បន្ទុច ដំណើរការសេដ្ឋកិច្ច មិនឲ្យងើបដោះខ្លួនរួចនោះទេ។ ជាលទ្ធផល គឺ ប្រជាជនរាប់ពាន់លាននាក់ មិនថា នៅក្នុងប្រទេសក្រីក្រ និងប្រទេសអ្នកមាន ដែលធ្លាក់ខ្លួន កាន់តែក្រីក្រ ដោយសារតែវិបត្តិកូវីដ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ