អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩ ធ្វើឱ្យមនុស្សដល់ទៅ១៥០លាននាក់ធ្លាក់ខ្លួនក្រីក្រខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​ពិភពលោក​ក្រឡាប់​ចាក់ ស្ទើរ​គ្រប់​វិស័យ​។ បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ៧ តុលា ២០២០ អត្រា​នៃ​ជន​ក្រីក្រ​បាន​កើន​ឡើង​ជា​ថ្មី មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០មក។ ជាង​នេះ​ទៅ​ទៀត ពីពេល​នេះ​ដល់​ចុង​ឆ្នាំ​២០២១ ​កូវីដ១៩ អាច​នឹង​​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​លើ​ភព​ផែន​ដី ដល់​ទៅ​​ ១៥០​លាន​នាក់​ ​​ធ្លាក់​ខ្លួន​​ក្រីក្រខ្លាំង ដោយ​មាន​ប្រាក់​មិន​ដល់​​១,៩​ដុល្លារ​​ផង​ក្នុង​ថ្ងៃ​សម្រាប់​រស់។

ក្មេង​ស្រី​ក្រីក្រ​រស់​នៅតាម​ចិញ្ចើម​ថ្នល់ (រូបភាព​ក្នុង​ភាពយន្ត​Cargo Films)
ក្មេង​ស្រី​ក្រីក្រ​រស់​នៅតាម​ចិញ្ចើម​ថ្នល់ (រូបភាព​ក្នុង​ភាពយន្ត​Cargo Films) Cargo Films
ផ្សាយពាណិជ្ជកម្ម

ជា​លើក​ទី​មួយ​គិត​​តាំង​ពី​ជិត​២៥​ឆ្នាំ​កន្លង​មក​នេះ​ អត្រា​នៃ​ជនក្រីក្រ​នៅ​លើ​ពិភពលោកបាន​កើន​ឡើង​ជា​ថ្មី​។ បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក  នៅឆ្នាំ​២០២០​នេះ មាន​ពលរដ្ឋ​នៅលើ​ភព​ផែន​ដី​ប្រមាណ​ពី ៩,១%​ទៅ​៩,៤% រស់​​ក្នុង​ភាព​ក្រីក្រ​ខ្លាំង។ ​ពី​ពេលនេះ​ដល់ចុង​ឆ្នាំ​២០២១ វិបត្តិ​កូវីដ​១៩អាច​នឹង​រុញច្រាន​​​មនុស្ស​​ដល់​ទៅ ១៥០​លាន​នាក់​ ឱ្យ​ធ្លាក់​ខ្លួន​ ក្លាយ​ជា​ ជ​ន​ក្រីក្រ​ខ្លាំង​បំផុត​។ ​ស្ថាប័ន​អន្តរជាតិ កំណត់​ថាមាន​លុយ​ក្រោម​១,៩​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​សម្រាប់​រស់ ត្រូវ​បាន​ចាត់​ទុក​​ជា​ជន​ក្រីក្រ​ខ្លាំង​បំផុត​។

អត្រា​នៃ​ជន​ក្រីក្រ​បំផុត​នឹងបន្ត​កើន​ឡើង​ យ៉ាង​ហោច​​ក្នុង​រយៈ​បី​ឆ្នាំ​ទៅ​មុខទៀត។ ប្រសិន​បើ​គ្មាន​វិបត្តិ​កូវីដ​១៩​ផ្ទុះ​ឡើង​ទេ អត្រា​ជន​ក្រីក្រ​ពិភពលោក​ត្រូវ​ធ្លាក់​មក​ត្រឹម​៧,៩%​នៅ​ឆ្នាំ​២០២០​។ តាំង​ពី​ជិត​បី​ទសវត្សរ៍​កន្លង​មក​នេះ មាន​ពលរដ្ឋ​​ចំនួ​ន​១​១០០លាននាក់ បាន​ចាក​ចេញ​ពី​ភាព​ក្រីក្រ ក្នុង​នោះ​៨០០លាន​​នាក់ជា​ពលរដ្ឋ​ចិន​។ នៅ​ក្នុង​រវាង​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០១៥​ ភាព​ក្រីក្រ​នៅ​ពិភពលោក​ត្រូវ​បាន​កាត់​បន្ថយ​​ជា​មធ្យម​១%​ ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​តាម​ការ​លម្អិត​របស់​របាយការណ៍​ដដែល។​​

អ្នក​ក្រ​ថ្មី​ ជា​នរណា ?

ជា​ទូទៅ​ អ្នក​ក្រ​មាន​ផ្តុំ​គ្នា​ច្រើន​នៅ​តាម​ប្រទេស​​ដែល​ធ្លាប់​មាន​អត្រា​ក្រីក្រ​ខ្ពស់​ស្រាប់​ និង​ភាគ​ច្រើន​ជា​អ្នក​រស់​នៅ​តាម​ជន​បទ ក្មេង និង​ដោយ​ពុំ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ។ ជន ​រស់​ក្រោម​បន្ទាត់នៃ​ភាព​​ក្រីក្រ​ខ្លាំង​បំផុត​បួន​នាក់​​ក្នុង​ចំណោម​៥​នាក់ រស់​នៅ​ជនបទ​ បើ​ទោះ​បី​ជាអ្នក​រស់នៅ​ជន​បទ​មាន​ចំនួន​តែ​៤៨%​នៃ​ប្រជាពលរដ្ឋ​សរុប​ក្តី​។ មួយ​ភាគ​បី​នៃ​អ្នក​ក្រ​ថ្មី រស់​នៅ​អាហ្វ្រិក។

ប៉ុន្តែ​​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ឆ្នាំ​នេះ​បាន​រំ​លេច​​ឱ្យឃើញថា រូបភាព​ថ្មី​នៃ​ភាព​​ក្រីក្រ​​​។ ក្នុង​ចំណោម “អ្នកក្រ​ថ្មី” ​១០​នាក់ ៨​នាក់ (៨២%) ​ជា​ពលរដ្ឋ​រស់​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ដូចយ៉ាង​ប្រទេស​​ឥណ្ឌា កេនយ៉ា ឬ​ឡាវ។ បើ​ប្រៀប​ធៀប​ទៅ​នឹងអ្នក​ក្រ​ខ្លាំង​មុន​សម័យកូវីដ “អ្នកក្រ​ថ្មី” ច្រើន​តែ​ជា​អ្នកក្រុង​ អ្នក​បាន​​ទទួល​ការ​អប់រំ​រៀន​សូត្រ​គួរសម និង​មិន​មែន​ជា​អ្នកប្រុង​ទៅ​ធ្វើ​​ស្រែអ្នក​ចំការ ទៅ​​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្មទេ តែ​ច្រើន​តែ​ជា​អ្នក​ធ្វើការ​នៅក្នុង​វិស័យ​សេវាកម្ម សំណង់​ ​ឧស្សាហកម្ម ឬ​ពាណិជ្ជកម្ម។

​ពាក្យ​ថា​ក្រីក្រ មិន​មែន​កំរិត​ត្រឹម​តែ​មាន​​ប្រាក់​សម្រាប់​រស់​១,៩ដុល្លារក្នុង​មួយ​ថ្ងៃ​ ​​មួយ​មុខ​ទេ។ មិន​បាន​ទៅ​សាលា​រៀន​ មិន​បាន​ទទួល​ការ​ព្យាបាល​ថែទាំ​សុខភាព  និង​ចំណី​អាហារ ព្រមទាំង​សេវា​អ៊ីនធ័រនែត ក៏ជា​ចំណែក​មួយ​នៃ​​​ភាព​ក្រីក្រ​ដែរ។ របាយការណ៍របស់​ធនាគារ​ពិភពលោក​​បាន​រំលឹក​​ថា មក​ទល់​នឹង​ចុង​ខែ​សីហា កុមារ​ជាង​១ពាន់​លាន​នាក់​មិន​បាន​ទៅ​សាលា​ គ្រួសារ​ក្រីក្រ​គ្មាន​ពេល​ គ្មាន​ធនធាន និង​គ្មាន​កន្លែង​​ឱ្យកូន​រៀន​សូត្រ​ពីចម្ងាយ​បាន​ទេ​។ វិបត្តិ​កូវីដ​១៩ដែលបាន​ធ្វើ​ប្រព័ន្ធ​​សុខាភិបាល​ច្រាល់​ អាច​នឹង​បង្កើន​មរណភាព​កុមារ​​ចំនួន​៤៥%។

បើ​តាម​របាយការណ៍ នៅ​ឆ្នាំ​២០១៨ ពាក់កណ្តាល​នៃ​ជន​ក្រីក្រី គឺ​ជា​កុមារ​ឬ​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ។ តែ​ចំនួន​កុមារ​​តំណាង​ឱ្យ​តែ​១ភាគ​បួន​នៃ​ប្រជាជន​សរុប​សោះ។

ដោយហេតុកូវីដ១៩ សេដ្ឋកិច្ច​ពិភពលោក នៅ​ឆ្នាំ​២០២០​ ​ដាំ​ក្បាល​ចុះ​អស់​ ៥,២%។ ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ខ្លាំង​មិន​ធ្លាប់​មាន​​តាំង​ពី​៨០​ឆ្នាំ​មក នឹង​ធ្វើ​ការងារ​ចំនួន​១៩៥​លាន​ នឹង​ត្រូវ​បាត់​បង់​នៅ​ឆមាស​ទី​ពីរ​។ នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​រចនា​សម្ព័ន្ធ​សង្គម​រឹង​មាំ និងគ្រប​ណ្តប់​ដោយ​​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្រៅផ្លូវការ​ គ្មាន​ប្រព័ន្ធ​ការ​ពារ​ពលរដ្ឋ​ត្រឹម​ត្រូវ​ ​បាត់បង់​ការងារ​ គឺ​ជា​ការ​​ច្រាន​ទម្លាក់​ក្នុង​​ស្ថានភាព​ផុយស្រួយ ទន់​ខ្សោយ​​មួយ​រំពេច។ ធនាគារ​ពិភពលោក​​​សម្គាល់ឃើញ​ថា​មាន​ប្រទេសច្រើន​ណាស់​​ដែល​ពលរដ្ឋ​បាន​ធ្លាក់ប្រាក់​​ចំណូលការងារ​យ៉ាង​គំហុក​ ស្ទើរ​មិន​ដែល​ធ្លាប់​ជួប​ប្រទះ​សោះ​ពី​មុន​មក។

ការប្រែប្រួល​អាកាសធាតុ

បើ​តាម​ធនាគារ​ពិភពលោក​ ក្រៅ​ពី​កូវីដ នៅ​មាន​កត្តា​ធំៗ​ពីរ​ផ្សេង​ទៀត ជា​អ្នក​រួម​ចំណែក​បង្កើន​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​មាន​ចំណូល​មធ្យម នោះ​គឺ​ជម្លោះ​ប្រដាប់​អាវុធ និង​ការ​ប្រែប្រួល​អាកាសធាតុ។ កត្តា​ទាំងពីរ​នេះ បាន​ពន្យឺត​ល្បឿន​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ពិភពលោក រួច​ជា​ស្រេច​ទៅ​ហើយ​នៅ​រវាង​ពី​ឆ្នាំ ២០១៣-២០១៧។ ជម្លោះ​ប្រដាប់​អាវុធ​នៅ​ស៊ីវី និង​យេម៉ែន បាន​បង្កើន​ភាព​ក្រីក្រ​នៅតំបន់​ដើម​បូព៌ា និង​អាហ្វ្រិក​ខាង​ជើង រួច​ទៅ​ហើយ​នៅ​ឆ្នាំ​២០១៥-២០១៨។

ចំណែក​វិបត្តិ​អាកាសធាតុ​វិញ វិបត្តិ​នេះ​មួយ​តែ​ឯង ​អាចនឹង​រុញ​ច្រាន​មនុស្ស​ដល់​ទៅ​១៣២​លាន​នាក់​ឱ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ពីពេល​នេះ ដល់​ឆ្នាំ​២០៣០។ តំបន់​ពីរ​ងាយ​រង​ហានិភ័យ​ជាង​គេ អាហ្វ្រិក​កណ្តាល​និ​ងអាស៊ី​ខាង​ត្បូង។ អ្នក​ដែល​ទើប​ងើប​ចេញ​ពី​ភាព​ក្រីក្រ នឹងគ្មាន​កំណើន​​ប្រាក់​ចំណូល។ ឱ្យ​តែ​មាន​ហេតុការ​ណ៍​អ្វី​កើត​ឡើង​ភ្លាម​ ពួកគេ​នឹង​ធ្លាក់​ខ្លួន​ក្រីក្រ​ភ្លាម។

ជា​សរុប​ ​កម្មវត្ថុ​លុបបំបាត់​ភាព​ក្រីក្រ​ឱ្យ​នៅ​ក្រោម​៣% នៅ​ឆ្នាំ​២០៣០​បាន​ទេ។ ​ធនាគារ​ពិភពលោកបាន​​​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ត្រូវ​ចាត់​វិធានការជាក់ស្តែង​​ឱ្យ​បានលឿន ដើម្បី​ទប់​ស្កាត់​​ភាព​ក្រីក្រ​កុំ​ឱ្យ​ផុង​ជ្រៅ​ពេក ព្រោះ​​តាំង​ពីមុន​កូវីដ១៩ ​អង្គការ​OXFAM បានសម្គាល់​ឃើញ​រួច​ហើយ​ថា​គ្មាន​ប្រទេស​ណា​មួយ​បញ្ចេញ​សកម្មភាព​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​គ្រប់​គ្រាន់​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ