អានតួអត្ថបទ
ហ្កាហ្សា-ក្រុមប្រឹក្សាសន្តិសុខ

អាមេរិកត្រូវឯកោនៅក្រុមប្រឹក្សាសន្តិសុខ ដោយសារ​តែ​វេតូប្រឆាំង​សេចក្តីសម្រេចទាមទារបទឈប់បាញ់នៅហ្កាហ្សា

ដោយគ្មានការភ្ញាក់ផ្អើល អាមេរិក​បោះឆ្នោតវេតូប្រឆាំងសេចក្តីសម្រេច​ដែលទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌​នៅហ្កាហ្សា។ នៅក្នុងការបោះឆ្នោត​នៅក្រុមប្រឹក្សា​សន្តិសុខ​របស់អង្គការ​សហប្រជាជាតិកាលពីថ្ងៃសុក្រ ប្រទេស​ចំនួន​១៣​របស់​ក្រុមប្រឹក្សា​បាន​បោះឆ្នោត​គាំទ្រ​អត្ថបទព្រាងសេចក្តីសម្រេច​ដែលស្នើឡើង​ដោយ​អេមីរ៉ាតអារ៉ាប់រួម។ មានតែអ្នកតំណាង​​អាមេរិក​ម្នាក់ឯងតែប៉ុណ្ណោះដែលលើកដៃវេតូ​ប្រឆាំង ចំណែកអង់គ្លេស​ដែលជា​សមាជិកអចិន្ត្រៃយ៍មួយទៀត​បាន​បោះឆ្នោតអនុបវាទ។ វេតូរបស់​អាមេរិកដែលជា​សមាជិកអចិន្ត្រៃយ៍បានធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ​មិនអាច​ចេញសេចក្តីសម្រេច​ទាមទារ​ឲ្យមានបទឈប់បាញ់មនុស្សធម៌​នៅ​ហ្កាហ្សា។

អ្នកតំណាងអាមេរិកនៅក្រុមប្រឹក្សាសន្តិសុខ​លោក Robert Woodជាមនុស្សម្នាក់គត់ដែលលើកដៃវេតូប្រឆាំង​មិនឲ្យក្រុមប្រឹក្សាអនុម័ត​សេចក្តីសម្រេច​ទាមទារ​បទឈប់បាញ់​នៅហ្កាហ្សា នៅថ្ងៃទី​៨ធ្នូ ២០២៣
អ្នកតំណាងអាមេរិកនៅក្រុមប្រឹក្សាសន្តិសុខ​លោក Robert Woodជាមនុស្សម្នាក់គត់ដែលលើកដៃវេតូប្រឆាំង​មិនឲ្យក្រុមប្រឹក្សាអនុម័ត​សេចក្តីសម្រេច​ទាមទារ​បទឈប់បាញ់​នៅហ្កាហ្សា នៅថ្ងៃទី​៨ធ្នូ ២០២៣ AFP - CHARLY TRIBALLEAU
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការ​សហប្រជាជាតិ​បរាជ័យ មិនអាច​ចេញសេចក្តីសម្រេច​ទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា។ អាមេរិកដែលជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​ និងជាសមាជិកអចិន្រ្តៃយ៍​​​បាន​លើកដៃវេតូ ក្នុងខណៈពេល​ដែលប្រទេស​ចំនួន​១៣​របស់ក្រុមប្រឹក្សាសន្តិសុខ​បោះឆ្នោតគាំទ្រ និងអង់គ្លេសសមាជិកអចិន្ត្រៃយ៍​មួយទៀតប្រកាន់ជំហរអនុបវាទ។

នៅក្រោយការបោះឆ្នោតមិនបានសម្រេច ប្រទេស​សមាជិកដទៃទៀត មិនថា បារាំង ចិន រុស្ស៊ី ប្រេស៊ីល និងអេមីរ៉ាតអារ៉ាប់រួមដែលជាអ្នកស្នើសេចក្តីព្រាងទាមទារ​ឲ្យមានបទឈប់បាញ់នៅហ្កាហ្សា បានសំដែងការសោកស្តាយ និងខកចិត្តគ្រប់គ្នា ព្រោះថា ក្រុមប្រឹក្សាសន្តិសុខ​ដែលជាស្ថាប័នកំពូល​របស់​អង្គការ​សហប្រជាជាតិ​បរាជ័យសាជាថ្មី​នៅចំពោះមុខ​ទុក្ខវេទនា វិបត្តិមនុស្ស​ដ៏ធ្ងន់ធ្ងរ​របស់​ប្រជាជន​ប៉ាឡេស្ទីន បង្កឡើងដោយសារ​សង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា។

សម្រាប់អ្នកតំណាងប៉ាឡេស្ទីនដែលចូលរួម​ជាអ្នកសង្កេតការណ៍នៅក្រុមប្រឹក្សាសន្តិសុខ​ វាហួសពីការសោកស្តាយដែលក្រុមប្រឹក្សាសន្តិសុខ​បរាជ័យមិនទទួលខុសត្រូវដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរ​ដែលប្រជាជនប៉ាឡេស្ទីនជាអ្នករងគ្រោះ។ ​អ្នកតំណាងប៉ាឡេស្ទីនបានចោទអ៊ីស្រាអែលថាកំពុងធ្វើសង្រ្គាមតាមរយៈការសម្លាប់រង្គាល។ សម្រាប់លោក​ សង្រ្គាមនៅហ្កាហ្សា​ដែលបានសម្លាប់កុមារ ធ្វើឲ្យមានកុមារកំព្រា ពិការ​មិន​មែនធ្វើឡើង​ដោយ​ការភ័ន្តច្រលំ ប៉ុន្តែ ជា​ការគិតទុកដ៏ល្អិតល្អន់ ព្រោះថា ឃាតករ​មិនបានខ្វល់ពីអាយុជីវិតរបស់ប្រជាជនប៉ាឡេស្ទីនឡើយ។

សេចក្តីព្រាងសេចក្តីសម្រេចដែលក្រុមប្រឹក្សា​សន្តិសុខត្រូវ​បោះឆ្នោតនៅថ្ងៃសុក្រ គាំទ្រ​ដោយប្រទេសជិត​១០០​ និងមានអត្ថន័យទាមទារ​បទឈប់បាញ់មនុស្សធម៌បន្ទាន់ និងការដោះលែងចំណាប់ខ្មាំង។ ប៉ុន្តែ ​អាមេរិកតាមរយៈអ្នកតំណាងរបស់ខ្លួននៅ​ក្រុមប្រឹក្សាសន្តិសុខ​ពន្យល់ពីហេតុផលដែលខ្លួនត្រូវលើកដៃវេតូថា សេចក្តីសម្រេចមិនបានសរសេរ​ថ្កោលទោស​ការវាយប្រហារភេរវកម្មរបស់​ក្រុមហាម៉ាស​នៅទឹកដី​អ៊ីស្រាអែល។ ម្យ៉ាងសេចក្តីសម្រេច​ដែលទាមទារ​ឲ្យ​មានបទឈប់បាញ់​នៅហ្កាហ្សា​នឹង​អនុញ្ញាតឲ្យពួកហាម៉ាស​នៅតែមានកម្លាំង​មកធ្វើការវាយប្រហារ​អ៊ីស្រាអែលសាជាថ្មី ដូចកាលពីដើមខែ​តុលា។

ទោះក្រុមប្រឹក្សាសន្តិសុខ​បរាជ័យមិនអាច​ចេញសេចក្តីសម្រេច ប៉ុន្តែ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ លោក​អង់តូនីញ៉ូ ហ្គុយទែរស្ក៍ នៅតែប្តេជ្ញាប្រឹងប្រែងជំរុញឲ្យមានបទឈប់បាញ់​មនុស្សធម៌នៅហ្កាហ្សា។ នេះបើតាមអ្នកនាំពាក្យរបស់​លោកនៅក្រោយ​ការបោះឆ្នោតកាលពីថ្ងៃសុក្រ។​

តាមអ្នកវិភាគ អគ្គលេខាអង្គការ​សហប្រជាជាតិ​ទំនង​ដឹងថា អាមេរិកច្បាស់ជាចេញមុខការពារ​សម្ព័ន្ធមិត្តអ៊ីស្រាអែលដែលបដិសេធដាច់ខាតបទឈប់បាញ់នៅហ្កាហ្សា។ សម្រាប់អ៊ីស្រាអែល វា​ឆាប់ពេកហើយដែលត្រូវ​អនុវត្តឈប់បាញ់​ ព្រោះ​អ៊ីស្រាអែលនៅមិនទាន់​សម្រេច​គោលដៅ​ដែលត្រូវ​កម្ទេច បំផ្លាញ​ក្រុមហាម៉ាស​ឲ្យ​រលាយសូន្យពីហ្កាហ្សា។

ក្នុង​កាលៈទេសៈដែល​រូបភាពសង្រ្គាម​បង្ហាញថា អ៊ីស្រាអែល​ដែលជាសម្ព័ន្ធមិត្ត​របស់អាមេរិកធ្វើ ផ្ទុយស្រឡះពីការនិយាយ ព្រោះថា​ប្រជាជនប៉ាឡេស្ទីន​កំពុងត្រូវអ៊ីស្រាអែលរុញផ្ទប់​អស់កន្លែងជ្រកសុវត្ថិភាព នៅពេលអ៊ីស្រាអែលពង្រីកការវាយប្រហារ​ទៅលើ​ក្រុមហាម៉ាស​ដល់​ដែនដីភាគខាងត្បូងហ្កាហ្សា អគ្គលេខាធិការអង្គការសហប្រជាជាតិ​ ជំរុញ​ឲ្យក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​នៅពេលនេះ​ក៏​ដើម្បី ចង់​ឲ្យ​អាមេរិកភ្ញាក់ខ្លួនថា អាមេរិក​កាន់តែ​ឯកោ ដោយសារ​ជួយគាំទ្រ​អ៊ីស្រាអែល​នៅក្នុងសង្រ្គាមហ្កាហ្សា។ បើសិន​អាមេរិក​មិន​ចង់​អាប់កិត្តិយស ត្រូវ​គេរិះគន់​គ្រប់ទិស​នៅ​លើ​ឆាកអន្តរជាតិ អាមេរិក​របស់​រដ្ឋបាល​លោក​ចូបៃដិនត្រូវ​បញ្ចុះបញ្ចូល​អ៊ីស្រាអែលឲ្យ​រិះរកវិធី​បិទបញ្ចប់សង្រ្គាមឲ្យបានឆាប់។

អ៊ីរ៉ង់ដែលជាអ្នកគាំទ្រ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បាន​ព្រមាន​ពីការផ្ទុះសង្រ្គាមក្នុងតំបន់ដើមបូព៌ា បើសិនអាមេរិកនៅតែបន្តគាំទ្រ​អ៊ីស្រាអែលធ្វើសង្រ្គាមនៅហ្កាហ្សា។

គិតចាប់តាំង​ពី​មានជម្លោះអ៊ីស្រាអែលនិងហាម៉ាស នេះជាលើកទី៥ដែល​ក្រុមប្រឹក្សា​សន្តិសុខ​​បរាជ័យមិនអាច​ចេញសេចក្តីសម្រេច​ក្នុងសំណុំរឿងអ៊ីស្រាអែលប៉ាឡេស្ទីន។ ចាប់តាំងពីអ៊ីស្រាអែល​ផ្តើមវាយប្រហារ​ទៅលើ​ក្រុមហាម៉ាស​នៅហ្កាហ្សា​នៅ​២ខែមកនេះ ក្រុមប្រឹក្សា​សន្តិសុខ​ជោគជ័យតែម្តងគត់​ចេញសេចក្តីសម្រេច​ទាមទារ​ឲ្យមានការផ្អាកបាញ់ និងបើកច្រកមនុស្សធម៌ ប៉ុន្តែ មិនមែន​បទឈប់បាញ់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ