អានតួអត្ថបទ
មន្ទីរពេទ្យហ្កាហ្សា

ពិភពលោកស្លុតរន្ធត់នៅចំពោះមុខការវាយប្រហារទៅលើមន្ទីរពេទ្យដ៏ធំជាងគេនៅហ្កាហ្សា

នៅក្នុងទីក្រុង​ហ្កាហ្សា ការប្រយុទ្ធគ្នា​ដ៏សន្ធឹករវាង​កងទ័ពអ៊ីស្រាអែល និង​ក្រុមប្រដាប់អាវុធ​ហាម៉ាស​កំពុងកើតមាននៅជុំវិញមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំសំខាន់មួយ​ក្នុងតំបន់ហ្កាហ្សា។ បើតាម​ក្រុមហាម៉ាស ការវាយប្រហាររបស់​កងទ័ពអ៊ីស្រាអែលទៅលើ​អគារមន្ទីរពេទ្យ Al-Shifa កាលពីថ្ងៃសុក្រ​បានសម្លាប់មនុស្ស​១៣នាក់។ នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រធាន​អង្គការសុខភាពពិភពលោក​ទាញសញ្ញាអាសន្ន​ពីគ្រោះមហន្តរាយសម្លាប់ជីវិត​មនុស្ស​ដ៏ធ្ងន់ធ្ងរ ដោយសារ​ការវាយប្រហារ​ទៅលើទីតាំង​មន្ទីរពេទ្យ​ក្នុងទឹកដីហ្កាហ្សា។

ក្មេងស្រីប៉ាឡេស្ទីនយំស្រណោះសាច់ញាតិគ្រួសារដែលស្លាប់ក្នុងការទម្លាក់គ្រាប់របស់អ៊ីស្រាអែល
ក្មេងស្រីប៉ាឡេស្ទីនយំស្រណោះសាច់ញាតិគ្រួសារដែលស្លាប់ក្នុងការទម្លាក់គ្រាប់របស់អ៊ីស្រាអែល AP - Fatima Shbair
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីថ្ងៃសុក្រ មន្ទីរពេទ្យ Al-Shifa បានធ្លាក់ទៅក្នុងសមរភូមិប្រយុទ្ធបង្ហូរឈាម​​រវាង​កងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន។ បើតាម​អ្នកកាសែត​របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃ​សៅរ៍ កងទ័ពថ្មើរជើងអ៊ីស្រាអែលនិង​ពួកហាម៉ាសនៅបន្តប្រយុទ្ធគ្នាដ៏ហិង្សា​នៅជុំវិញមន្ទីរពេទ្យ​ Al-Shifa ដែលកំពុងចាក់ច្រាលដោយ​ចំនួនអ្នកជំងឺ អ្នករបួស និង​អ្នករត់រកកន្លែងជ្រកសុវត្ថិភាព។

នៅក្នុងសារលើបណ្តាញសង្គម ​អង្គការ​គ្រូពេទ្យគ្មានព្រំដែន​លើកឡើង​ពីមហន្តរាយដ៏ធ្ងន់ធ្ងរ​នៅខាងក្នុង​អគារ​មន្ទីរពេទ្យ ខណៈពេលដែលការវាយប្រហារ​ទៅលើមន្ទីរពេទ្យនៅតែបន្តសន្ធឹកខ្លាំង។ តាមក្រសួងសុខាភិបាលហាម៉ាស​ ការវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​បានសម្លាប់មនុស្ស​១៣នាក់។ កងទ័ពអ៊ីស្រាអែលវិញអះអាងថា គេ​បាន​បាញ់សម្លាប់​ពួកហាម៉ាស​ ១៥០នាក់ នៅក្នុងការប្រយុទ្ធគ្នា​នៅ​ម្តុំមន្ទីរពេទ្យ Al-Shifa។ បើតាម​អ៊ីស្រាអែល កន្លែងបាញ់ចេញរបស់ពួកហាម៉ាស​ភាគច្រើន​មានប្រភពចេញមកពីអគារមន្ទីរពេទ្យ។

ករណីវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​ Al-Shifaនៅក្នុងសង្រ្គាមហ្កាហ្សា​ត្រូវ​បាន​គេ​លើកយកទៅជជែកនៅក្នុងកិច្ចប្រជុំរបស់​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​​សហប្រជាជាតិកាលពីថ្ងៃ​សុក្រម្សិលមិញ។

ថ្លែងនៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ ​ប្រធាន​អង្គការ​សុខភាពពិភពលោក​ លោក​តេដ្រូស បានអំពាវនាវជាថ្មីម្តងទៀត​ឲ្យមានបទឈប់បាញ់បន្ទាន់ ព្រោះថាសង្រ្គាមវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​៥សប្តាហ៍មកនេះ បានបំផ្លាញប្រព័ន្ធសុខាភិបាលហ្កាហ្សាឲ្យបាក់រលំគ្មានថ្ងៃ​ងើបរួច។

យោង​តាម​ប្រធាន​អង្គការ​សុខភាពពិភពលោក ដោយសារ​ការវាយប្រហារ​ជាង​២៥០លើកទៅលើ​វិស័យសុខភាព ដែលមានតាំងពីមន្ទីរពេទ្យ គ្លិនិក រថយន្តដឹកអ្នករបួស និងអ្នកជំងឺ ​មន្ទីរពេទ្យ​២០កន្លែងក្នុងចំណោមមន្ទីរពេទ្យសរុប​៣៦កន្លែង ត្រូវខូចខាត លែងដំណើរការទាំងស្រុង។ សម្រាប់ប្រធានអង្គការសុខភាពពិភពលោក នៅភាគីអ៊ីស្រាអែល ការវាយប្រហារគ្រាប់រ៉ូក្កែត​របស់​ពួកហាម៉ាស​ដែលនៅបន្តបាញ់ចេញពីហ្កាហ្សា​ក៏បានបំផ្លាញ​វិស័យសុខាភិបាលរបស់អ៊ីស្រាអែល​ចំនួន​២៥។

នៅក្រោយ​ការវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ អ៊ីស្រាអែលរងការដាក់សម្ពាធ​កាន់តែខ្លាំង​ពីសហគមន៍អន្តរជាតិ។ នៅក្នុងបទសម្ភាសន៍ជាមួយ​ទូរទស្សន៍អង់គ្លេសកាលពីយប់ថ្ងៃ​សុក្រម្សិលមិញ ប្រធានាធិបតីបារាំង​លោកម៉ាក្រុងជា​មេដឹកនាំ​ប្រទេស​លោកខាងលិច​ដំបូងគេ​ដែល​​ទាមទារឲ្យ​អ៊ីស្រាអែលឈប់​ទម្លាក់គ្រាប់បែកសម្លាប់​ប្រជាជនស៊ីវិលប៉ាឡេស្ទីន។ សម្រាប់​ប្រមុខដឹកនាំ​បារាំង អ៊ីស្រាអែល​មានសិទ្ធិការពារខ្លួន​នៅក្រោយ​ការវាយប្រហារ​របស់ក្រុមហាម៉ាស ប៉ុន្តែ ការវាយប្រហារ​ទម្លាក់គ្រាប់បែកអ៊ីស្រាអែល​ដែលសម្លាប់កុមារ មនុស្ស​ចាស់ មនុស្សស្រី មិនមែនជាសិទ្ធិស្របច្បាប់របស់​អ៊ីស្រាអែលនោះទេ។

ឆ្លើយតបទៅនឹងការលើកឡើង​របស់​ប្រធានាធិបតីបារាំង លោក​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ​បេនចាមីន នេតាន់យ៉ាហ៊ូ​ចេញមុខការពារ​កងទ័ពអ៊ីស្រាអែល និងថា គឺក្រុមហាម៉ាសទេដែល​គេត្រូវ​បន្ទោស​ ដោយសារ​ក្រុមនេះយកមន្ទីរពេទ្យ និង​ប្រជាជនស៊ីវិលជាចំណាប់ខ្មាំង ​ធ្វើជាខែល ការពារ តាមរយៈ​ការបង្កើតទីតាំងយោធា​នៅក្បែរមន្ទីរពេទ្យ និង​រារាំងមិនឲ្យប្រជាជនស៊ីវិល​​ចាកចេញពី​កន្លែងប្រយុទ្ធគ្នា​។​

សង្រ្គាមសងសឹករបស់អ៊ីស្រាអែលទៅពួកហាម៉ាសដែលបើកការវាយប្រហារទ្រង់ទ្រាយធំសម្លាប់មនុស្ស​ក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃ​ទី​៧តុលា​ បាន​សម្លាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីន​ជាង​១ម៉ឺននាក់ និង​បង្កវិនាសកម្ម កម្ទេចបំផ្លាញទីក្រុង​ហ្កាហ្សា​ស្ទើររាបដល់ដី។ នេះបើតាមការអះអាង​របស់​ក្រសួងសុខាភិបាលហាម៉ាស។

នៅចំពោះមុខ​សមាជិករបស់​ក្រុមប្រឹក្សាសន្តិសុខ ដែលបែកបាក់ មិនអាច​រកសំឡេងរួម​ ទាមទារ​ឲ្យអ៊ីស្រាអែល​ឈប់​វាយប្រហារ​សម្លាប់ប្រជាជនស៊ីវិលនៅហ្កាហ្សា ប្រធានអង្គការសុខភាពពិភពលោក​បានទាមទារ​ឲ្យ​គេធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខព្រោះថា ស្ថាប័នកំពូលមួយនេះ ​លែង​ដើរតួនាទីសំខាន់របស់ខ្លួន​ក្នុងការធានារក្សា​សន្តិភាព និងសន្តិសុខពិភពលោក។ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ