អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្កាហ្សា៖ រដ្ឋបាល​លោក​ចូបៃដិន​ ផ្តើមរិះគន់អ៊ីស្រាអែល ថាមិនការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាម​ អ្នកនាំពាក្យក្រសួងសុខាភិបាល​ហាម៉ាស គឺគ្រាន់តែក្នុងមួយថ្ងៃព្រហស្បតិ៍​ទី​៧ធ្នូ មានមនុស្ស​ស្លាប់ចំនួន​៣៥០នាក់ ដោយសារតែ​ការបាញ់ប្លោងគ្រាប់​របស់អ៊ីស្រាអែល​។​ ហើយគិតសរុប​មកដល់​ថ្ងៃទី៦៣​នៃ​សង្គ្រាម​នេះ មានប្រជាជន​ស៊ីវីល​ប៉ាឡេស្ទីន ស្លាប់ចំនួនជាង​១៧០០០នាក់ និងរបួស​ចំនួន​៤៦០០០នាក់។ ៧០% នៃជនរងគ្រោះ ​គឺសុទ្ធតែជាកុមារ ក្មេងជំទង់ និងស្ត្រី​។ នេះបើផ្អែកតាមអាជ្ញាធរហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សា​។ ប្រឈមនឹងបញ្ហានេះ រដ្ឋមន្ត្រី​ការបរទេសអាមេរិក បានរិះគន់ចំៗជាលើកទី​មួយ ថាអ៊ីស្រាអែលមិនការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន​។

Palestinians mourn relatives killed in the Israeli bombardment of the Gaza Strip outside a morgue in Kahn Younis on Friday, Dec. 8, 2023. AP Photo/Mohammed Dahman)
ប្រជាជនប៉ាឡេស្ទីន​​កំពុង​កាន់ទុក្ខ​ នៅក្បែរ​សាកសពសាច់ញាតិក្រុមគ្រួសារ ដែល​បានស្លាប់នៅតំបន់​ Kahn Younis ខាងត្បូងហ្កាហ្សា​ ថ្ងៃទី​៨ធ្នូ ២០២៣ AP - Mohammed Dahman
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបាន​ផ្អាក​ការ​ប្រយុទ្ធចំនួន​៧ថ្ងៃ កាលពីចុងខែ​វិច្ឆិកា​ អ៊ីស្រាអែល​បានសំរុកបើកការវាយប្រហារ បាញ់​ប្លោងគ្រាប់ និង​បញ្ជូន​កងទ័ពថ្មើរជើង ទៅកាន់ភាគខាងត្បូងហ្កាហ្សា ទាំងដែល​ប្រជាជនស៊ីវីល​ប៉ាឡេស្ទីន កំពុងកកកុញយ៉ាងលំបាក​វេទនានៅតំបន់​នោះ​។ ថ្ងៃសុក្រ​ទី​៨ធ្នូ កងទ័ពអ៊ីស្រាអែល បានអះអាងថា គេបានបើក​ប្រតិបត្តិការធំ រវាងពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ដោយ​បាន​វាយ​ចំ​គោលដៅចំនួន៤៥០ចំណុច ដោយប្រើប្រាស់​កងកុម្មង់ដូ​ថ្មើរជើងផង ការវាយប្រហារផ្លូវអាកាស និង​តាមផ្លូវទឹកផង។ ប្រតិបត្តិការនេះ​ បានអនុញ្ញាត​ឲ្យ​កងទ័ពអ៊ីស្រាអែល សម្លាប់​បានសមាជិក​ក្រុមហាម៉ាសជាច្រើននាក់​។

ជាការកត់សំគាល់ គេសង្កេតឃើញតំបន់ Khan Younès ដែលស្ថិតនៅភាគខាងត្បូងហ្កាហ្សា និង​ តំបន់Jabaliya មិនឆ្ងាយ​ប៉ុន្មានពីក្រុងហ្កាហ្សាស៊ីធី បានរងនូវការបាញ់​ប្លោង​គ្រាប់យ៉ាងដំណំបំផុត ពីសំណាក់​កងទ័ពអ៊ីស្រាអែល​។ មន្ត្រីហាម៉ាស ទទួល​បន្ទុក​សុខាភិបាល បានអះអាងនៅថ្ងៃសុក្រថា នៅតំបន់​ហ្កាហ្សាស៊ីធី មានស្លាប់​ជនស៊ីវីល​​យ៉ាងហោច ៤០នាក់​ ហើយ​ស្លាប់ច្រើនសិបអ្នកទៀត នៅ​តំបន់​ Jabaliya និងតំបន់​ Khan Younès។

តើ​អាមេរិក​ដែលគាំទ្រអ៊ីស្រាអែល​ បាន​ចាប់ផ្តើម​ប្តូរឥរិយាបថ?

ប្រឈមនឹងចំនួន​ជនស៊ីវីលប៉ាឡេស្ទីន​ ដែល​ស្លាប់​និងរបួសដ៏ច្រើនសន្ធឹក ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយ​ប្រហាររបស់អ៊ីស្រាអែល​ រដ្ឋបាល​​របស់លោក​ចូ បៃដិន ហាក់​ចាប់ផ្តើម​​ប្តូរ​ឥរិយាបថ រិះគន់​ទៅលើ​អ៊ីស្រាអែល​ ថាមិន​ខ្វល់ពីអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន។

នៅក្នុងសន្និសីទ​កាសែតរួមគ្នាជាមួយ​លោក James Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅឯក្រុងវ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ទី​៧ធ្នូ លោក​អង់តូនៅ ប្លីងកិន ប្រមុខកាទូតអាមេរិកបានលើកឡើងថា វាជារឿងសំខាន់​បំផុត ដែល​អ៊ីស្រាអែលត្រូវតែផ្តល់អាទិភាព ទៅលើការការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន។ លោក​បានបន្ថែមថា តែបើយើងក្រឡេកទៅមើល​ការពិតជាក់ស្តែង គឺវាមានគម្លាតគ្នា​ឆ្ងាយ​ខ្លាំងណាស់ រវាងអ្វី​ដែល​អ៊ីស្រាអែលអះអាងថា ធ្វើគ្រប់យ៉ាងដើម្បី​បញ្ចៀសកុំឲ្យស្លាប់​ជនស៊ីវីល​ច្រើន និង​តួលេខជាក់ស្តែងនៃចំនួន​មនុស្សស្លាប់។​

គួរកត់សំគាល់ថា នេះគឺជាលើកទី​១ហើយ ដែល​លោករដ្ឋមន្ត្រីការបរទេសអាមេរិក និយាយសំដីក្នុងន័យ​រិះគន់ដោយ​ចំៗ ទៅលើ​អ៊ីស្រាអែល​ ទាក់ទិននឹងការវាយប្រហារបាញ់​ប្លោងគ្រាប់ បណ្តាល​ឲ្យស្លាប់ជនស៊ីវីល​ប៉ាឡេស្ទីន​។ ផ្អែកតាមសេតវិមាន លោកប្រធានាធិបតី​ ចូ បៃដិន ក៏ទើបតែបាន​ទូរស័ព្ទទៅនិយាយ ជាមួយ​នឹងលោក​បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ដែរ។ ក្នុងកិច្ចសន្ទនានេះ លោកចូ បៃដិន បានប្រាប់ទៅលោកណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែល​ត្រូវតែ​ការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីនឲ្យ​បានជាដាច់ខាត​។ មិននឹងវាយប្រហារ កងទ័ពអ៊ីស្រាអែល ​ត្រូវតែ​បែងចែងឲ្យ​ច្បាស់ រវាងជនស៊ីវីលនិ​ងក្រុមភេរវកម្មហាម៉ាស។ លោក ចូ បៃដិន បាន​អំពាវនាវប្រាប់ទៅ​ភាគីអ៊ីស្រាអែល ថាត្រូវតែ​រៀបចំ​ឲ្យ​មានច្រកផ្លូវ​សុវត្ថិភាព សម្រាប់ជនស៊ីវីល​នៅហ្កាហ្សា ដើម្បី​ឲ្យ​ពួកគេ អាចធ្វើដំណើរ​ចាកចេញពី​តំបន់ដែលមានការប្រយុទ្ធ។

តើ​ក្រុមប្រឹក្សាសន្តិសុខ​ អាចដាក់កំហិត​ ឲ្យ​អ៊ីស្រាអែលឈប់បាញ់​បានទេ?

នៅថ្ងៃសុក្រ​ទី​៨ធ្នូ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជាជាតិ ត្រូវជួបប្រជុំគ្នាជាថ្មីម្តងទៀត ដើម្បី​បោះឆ្នោត​លើ​គម្រោង​សេចក្តីសម្រេចចិត្តរួម ថ្មី​មួយទៀត។ គឺអេមីរ៉ាតអារ៉ាប់រួម ដែល​ជាអ្នកផ្តួចផ្តើមគំនិតនេះ។​ អត្ថបទ​សេចក្តីសម្រេចចិត្តរួម​នេះ មានខ្លឹមសារ​​ហៅឲ្យ​អ៊ីស្រាអែល ត្រូវតែ​ឈប់បាញ់​ ឈប់ប្រយុទ្ធជាបន្ទាន់នៅហ្កាហ្សា​ ដើម្បីការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន។ អាយុជីវិតប្រជាជនស៊ីវីល ទាំងប៉ាឡេស្ទីន ទាំង​អ៊ីស្រាអែល ត្រូវតែទទួលបានការការពារ ដោយ​ផ្អែកលើច្បាប់​មនុស្សធម៌អន្តរជាតិ​។ គម្រោងសេចក្តីសម្រេចចិត្តនេះ បាន​អំពាវនាវផងដែរ ឲ្យ​ដោះលែងចំណាប់ខ្មាំង​ទាំងអស់ ដោយ​គ្មានលក្ខខណ្ឌ​។

សូមបញ្ជាក់ថា ដើម្បឲ្យ​អត្ថបទសំណើសេចក្តីសម្រេចចិត្តរួមមួយ អាចអនុម័តជាស្ថាពរបាន គឺទាល់តែ​អត្ថបទនោះ ទទួលបាន​ការគាំទ្រ ចំនួនយ៉ាងហោច ៩សំឡេងក្នុងចំណោម​១៥​ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ។ តែទន្ទឹមនឹងនេះ គឺ​ល្គឹកណាទាល់តែគ្មានប្រទេសសមាជិកអចិន្ត្រៃយ៍ណាមួយ ក្នុងចំណោម​ទាំង​៥ ​បោះឆ្នោតវ៉េតូ។ ផ្អែកតាមការវិភាគ ថ្វីបើ​សហរដ្ឋអាមេរិកបានចាប់​ផ្តើម​​បង្ហាញជំហររិះគន់ខ្លះ មក​លើអ៊ីស្រាអែល តែសហរដ្ឋអាមេរិកដែលមានសិទ្ធិវ៉េតូ មិនចង់ចេញមុខទាមទារឲ្យអ៊ីស្រាអែលឈប់បាញ់ទេ។ រដ្ឋបាលលោក ចូ បៃដិន ធ្លាប់បាន​លើកឡើងថា ការ​ឈប់​បាញ់ ឬការទំលាក់អាវុធ គឺវានឹង​ហុច​អត្ថប្រយោជន៍​ទៅ​ឲ្យ​ក្រុមភេរវកម្មហាម៉ាស។

យ៉ាងណាក៏ដោយ ប្រឈមនឹងទុក្ខវេទនា​ ដែល​ប្រជាជន​ប៉ាឡេស្ទីន​កំពុងតែជួបប្រទះនាពេលនេះ សំឡេងទាមទារ​ឲ្យ​អ៊ីស្រាអែលបិទបញ្ចប់សង្គ្រាមនេះ មានកាន់តែច្រើនឡើងៗ។ យ៉ាងណាមិញ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បានផ្ញើលិខិតមួយទៅកាន់​ក្រុមប្រឹក្សាសន្តិសុខមុនពេលបើកការប្រជុំ។ ក្នុងលិខិតនេះ​ លោកបានលើកឡើងអំពីមាត្រា៩៩ នៃ​កាតិកាសញ្ញារបស់អង្គការសហប្រជាជាតិ ដែលចែងថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ មានសិទ្ធិ​ទាញសញ្ញាអាសន្ន ប្រាប់ប្រទេសសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ ថា​ត្រូវតែសម្រេចធ្វើអ្វីម្យ៉ាង ដើម្បី​ការពារ​សន្តិភាព និងស្ថិរភាព​សន្តិសុខអន្តរជាតិ ពីគ្រោះថ្នាក់​។ ជាការកត់សំគាល់ ករណីអគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រើប្រាស់មាត្រា៩៩ ដើម្បី​ដាក់កំហិតឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តរួមនេះ គឺវាជារឿងកម្រមានណាស់។ មានន័យនេះ កាលៈទេសៈពេលនេះគឺអាសន្នបំផុត ផ្នែក​មនុស្សធម៌។

តើជំនួយមនុស្សធម៌ បញ្ជូនចូល​ហ្កាហ្សា គ្រប់គ្រាន់ឬទេ?

ទាក់ទិននឹងការដឹកជញ្ជូន​ស្បៀងអាហារ ជំនួយមនុស្សធម៌ ថ្នាំសង្កូវ​ចូលទៅហ្កាហ្សា គឺមានការថយចុះច្រើន ប្រមាណមួយសប្តាហ៍​មកនេះ​។ អំឡុងពេល​ដែលអ៊ីស្រាអែល​បានយល់ព្រមផ្អាកការប្រយុទ្ធ រយៈពេល​១សប្តាហ៍ កាលពីចុងខែ​វិច្ឆិកា យ៉ាងហោចណាស់​មានជំនួយមនុស្សធម៌ ចំនួន​ជិត​២០០រថយន្តកុងទឺន័រជាមធ្យមក្នុងមួយថ្ងៃ​ ត្រូវបានគេដឹកចូលទៅហ្កាហ្សា តាមច្រករ៉ាហ្វា។ ក៏ប៉ុន្តែ បច្ចុប្បន្នដោយសារតែការបាញ់ប្លោងទម្លាក់​គ្រាប់ នៅភាគខាងត្បូងហ្កាហ្សា ចំនួន​រថយន្តដឹកជំនួយ​មនុស្សធម៌ បានធ្លាក់​មកនៅមិនដល់​១០០គ្រឿងទេ។

ផ្អែកតាម​ ការិយាល័យកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ មាន​រថយន្តដឹកស្បៀងចូលទៅ​ហ្កាហ្សា តាមច្រករ៉ាហ្វា ចំនួន៦៩គ្រឿង និង​មាន​ការបញ្ជូនប្រេងឥន្ធនៈ ចំនួន​៦១០០០លីត្រផងដែរ។ ទោះជាយ៉ាងនេះក្តី​ ការិយាល័យនេះ អះអាងថាវាតិចតួចស្តួចស្តើងខ្លាំងណាស់ បើក្រឡេកទៅមើល​តម្រូវការជាក់ស្តែងរបស់​ប្រជាជន​ជិត​២លាននាក់នៅហ្កាហ្សា។​

ដោយឡែក ផ្អែកតាម​សេតវិមាន គឺ​គេកំពុងចរចា ជាមួយ​ភាគីអ៊ីស្រាអែល ឲ្យ​បើកច្រកមួយទៀត គឺច្រកKerem Shalom ដែលស្ថិតនៅ​ភាគត្បូងហ្កាហ្សាដែរ ត្រង់ចំណុចព្រំដែន រវាងហ្កាហ្សា អេហ្ស៊ីប និង​អ៊ីស្រាអែល។ លោក វីរៈសេនីយ៍​ឯក Elad Goren មន្ត្រីអ៊ីស្រាអែលទទួលបន្ទុក​រដ្ឋបាល​ស៊ីវីល​ក្នុងដែន​ដីប៉ាឡេស្ទីន បានប្រាប់អ្នកកាសែតថា ភាគីអ៊ីស្រាអែល នឹង​​បើកច្រក​ Kerem Shalom តែគឺបើក​​ឲ្យតែ​រថយន្តកាមីញ៉ុង ចូល​មកដើម្បី​ធ្វើការត្រួតពិនិត្យ​​សន្តិសុខតែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ