អានតួអត្ថបទ
កម្ពុជា-សង្គម

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់បុគ្គល២នាក់ពាក់ព័ន្ធការចែកដីរដ្ឋខុសច្បាប់ចំនួន៦ពាន់ឡូតិ៍

នៅថ្ងៃទី២៦ ខែមេសានេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី រួមនឹងបក្សពួក ក្រោយរកឃើញថា ពួកគេបានឆបោកពលរដ្ឋពីការផ្តល់ដីចំនួន៦០០០ឡូតិ៍លើទំហំដីរបស់រដ្ឋទំហំ៤២០ហិកតាស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

ព្រៃឈើដែលត្រូវបានឈូសឆាយ (រូបតំណាង)
ព្រៃឈើដែលត្រូវបានឈូសឆាយ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

បទចោទដែលអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា និងបក្សពួកនោះរួមមាន ការប៉ុនប៉ងឆបោក ការញុះញង់ឱ្យមានបទល្មើសឧក្រិដ្ឋជាអាទិ៍ ការក្លែងបន្លំឯកសារសាធារណៈ ការរុករាន និងឈូសឆាយដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត រួមនឹងអំពើសមគំនិតកាប់គាស់ ឈូសឆាយដីព្រៃរដ្ឋ។

តាមអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បុគ្គលជាប់ចោទខាងលើត្រូវបានបញ្ចូលខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការ។ 

គួរជម្រាបថា ដើមចមដែលឈានដល់ការចោទប្រកាន់លើបុគ្គលឈ្មោះ ជួន គន្ធា និងបក្សពួក គឺដោយសារតែបុគ្គលខាងលើបានប្រឌិតព័ត៌មានតាំងខ្លួនជាឯកឧត្តម ចែកដីជូនពលរដ្ឋក្រីក្រចំនួន ៦០០០ឡូតិ៍លើទំហំដីរដ្ឋទំហំ ៤២០ហិកតា ដែលមានទីតាំងស្ថិតនៅ ភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពីដែលជាដែនជម្រកសត្វព្រៃរបស់ក្រសួងបរិស្ថាន។

មិនត្រឹមតែប៉ុណ្ណោះ បុគ្គលឈ្មោះជួន គន្ធាបានអះអាងថា ក្នុងមួយគ្រួសារលោកនឹងផ្តល់ដីចំនួន១០ឡូតិ៍ តែលោកតម្រូវឱ្យពលរដ្ឋបង់ថ្លៃរដ្ឋបាលជាមុន ដោយក្នុងមួយឡូតិ៍មានតម្លៃ៤៥០ដុល្លារ។

ក្រោយការផ្សព្វផ្សាយព័ត៌មានស្តីពីចែកដីនេះរួច អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ រួមនឹងស្នងការខេត្ត បានចុះធ្វើការស៊ើបអង្កេតភ្លាមៗ ដោយជាលទ្ធផលរកឃើញថា ដីដែលស្ថិតនៅចំនុចខាងលើ គឺជាដីរបស់រដ្ឋ។ ចំណែកបុគ្គលដែលមានឈ្មោះ ជួន គន្ធា តាំងខ្លួនចែកដីជូនពលរដ្ឋនោះ ពុំមែនជាម្ចាស់កម្មសិទ្ធលើដីនោះឡើយ ពីព្រោះរូបគេពុំមានឯកសារបទដ្ឋានគតិយុត្តិឬ ឯកសារបញ្ជាក់កម្មសិទ្ធពីអាជ្ញាធរ។

តាមការបញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ គឺថាបុគ្គលឈ្មោះ ជួន គន្ធា និងបក្សពួកផ្សេងទៀតបាននាំគ្នារៀបចំជារចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ ដើម្បីទន្ទ្រានយកដីរដ្ឋក្នុងបំណងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ