អានតួអត្ថបទ
កម្ពុជា-សង្គម

លោកសាពូន មីដាដាសុំទោសលោកហ៊ុន សែនជុំវិញបង្ហោះសារទទួលបានលុយជិត ៧លានដុល្លារ

អតីតតារាចម្រៀង លោក សាពូន មីដាដា បានចេញមុខសារភាពកំហុស ជុំវិញសំណេរខុសពីការពិតរបស់ខ្លួនដែលថាលោកធ្លាប់ទទួលបានលុយជាង៦លានដុល្លារពីលោក ហ៊ុន សែន។ ការចេញមកទទួលកំហុស និងដាក់ជីវិតបម្រើលោក ហ៊ុន សែនដូច្នេះ ធ្វើឡើងក្រោយលោកហ៊ុន សែន សរសេរបកស្រាយវិញថា លោកមិនបានផ្តល់លុយរហូតដល់ទៅជាង៦លានដុល្លារឱ្យទៅអតីតតារាចម្រៀងរូបនេះនោះទេ ពោលធ្លាប់ជួយត្រឹមលុយជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ។

លោក សាពូន មីដាដា អតីតតារាចម្រៀង
លោក សាពូន មីដាដា អតីតតារាចម្រៀង © Internet
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី២៥ ខែមេសា លោក សាពូន មីដាដា អតីតតារាចម្រៀងខ្មែរ បានចេញសារសុំទោសជាសាធារណៈទៅកាន់លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកបានសាងកំហុសតាមរយៈការបង្ហោះរៀបរាប់ពីចំនួនទឹកលុយដែលលោកទទួលបានដ៏ច្រើនលើសលុបពីលោក ហ៊ុន សែន។ លោក សាពូន មីដាដារៀបរាប់នៅក្នុងសារថា តាមពិតលោកទទួលបានលុយតែជាង៤០ម៉ឺនដុល្លារប៉ុណ្ណោះ ពោលផ្ទុយពីអ្វីដែលលោកធ្លាប់បានលើកឡើងកន្លងមកថា ធ្លាប់ទទួលលុយពីលោកហ៊ុន សែនជាង៦,៧លានដុល្លារ។

តាមលោក សាពូន មីដាដា ការចេញមកបកស្រាយនាពេលនេះ គឺដើម្បីកុំឱ្យមានការភ័ន្តច្រឡំ និងមានមន្ទិលសង្ស័យដល់មហាជនបន្តទៀត។ គួរបញ្ជាក់ថា ដើមហេតុដែលធ្វើឱ្យអតីតតារាចម្រៀងរូបនេះចេញមកបកស្រាយម្តងទៀតដោយសារតែ កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៤ លោកបានរៀបរាប់ច្បាស់ៗថា កាលពី១១ឆ្នាំមុន លោកធ្លាប់ទទួលបានលុយចំនួនជាង ៦,៧លានដុល្លារពីលោក ហ៊ុន សែន។ មិនតែប៉ុណ្ណោះ លោកថែមទាំងទទួលបានផ្ទះវីឡា ឡាន ខ្សែក ព្រមទាំងពេជ្រ១២ការ៉ាត់ពីលោក ហ៊ុន សែនថែមទៀតផង។

តែនៅប៉ុន្មានម៉ោងក្រោយការបង្ហោះសំណេរនេះចេញ ស្រាប់តែលោក ហ៊ុន សែនបានចេញមកឆ្លើយតបតាមហ្វេសប៊ុកវិញដោយបានច្រានចោលរាល់អ្វីដែលលោកសាពូន មីដាដាបានលើកឡើង។ តាមលោក ហ៊ុន សែន លោកមិនដែលបានផ្តល់លុយចំនួន ៦,៧លានដុល្លារ ដល់លោកសាពូន មីដាដាទេ ពីព្រោះថា លោកពុំមានលទ្ធភាព ឬថវិកាដ៏ច្រើនលើសលុបបែបនេះឡើយ។ តែលោកហ៊ុន សែនទទួលស្គាល់ថា លោកពិតជាធ្លាប់ផ្តល់លុយទៅឱ្យគ្រួសាររបស់លោក សាពូន មីដាដាកាលពី១១ឆ្នាំមុន។

 លោកហ៊ុន សែនអះអាងថានៅពេលនោះ លោកបានហៅគ្រួសារលោក សាពូន មីដាដា ទៅលេងផ្ទះឯវិមានឯករាជ្យ រួចក៏ឱ្យលុយ ៣០ម៉ឺនដុល្លារសម្រាប់ទិញផ្ទះ។ ក្រោយមក លោកពុំបានផ្តល់លុយអ្វីបន្ថែមទៀតទេ ទោះបីលោកសាពូនមីដាដាបានព្យាយាមសុំជំនួយបន្ថែមពីរូបលោកក្តី។ សម្រាប់លោក ហ៊ុន សែន ការបង្ហោះសារខុសពីការពិតរបស់លោកសាពូន មីដាដានេះមានចេតនាចង់បំផ្លាញលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ