អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​កាត់​បន្ថយ​ទ័ព​ជើងគោក មួយ​សែន​នាក់

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Leon Panetta បាន​ប្រកាស កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ មករា ២០១២​ថា គេ​នឹង​កាត់ចំនួន​កងទ័ព​អាមេរិក​ចំនួន​ជិត​មួយ​សែននាក់។ អាមេរិក​កាត់​បន្ថយ​មួយ​សែននាក់​មែន ប៉ុន្តែ អាមេរិក​មាន​ទ័ព​សរុប​ដល់​ទៅ ជាង​១លាន ៥សែននាក់ គឺ​នៅជាប់​លេខ​ពីរ បន្ទាប់ពី​ប្រទេស​ចិន ដែល​មាន​កងទ័ព​សរុប ជាង ២លាន ៥សែននាក់។

ទ័ព​ម៉ារីន​អាមេរិក​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​កងទ័ព​ហ្វីលីពីន
ទ័ព​ម៉ារីន​អាមេរិក​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​កងទ័ព​ហ្វីលីពីន ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ការកាត់បន្ថយ​ចំនួន​ទ័ព​ដ៏ច្រើន​នេះ​ជា​ផ្នែកមួយ​នៃ​ផែនការ​កាត់បន្ថយ​ ថវិកា​របស់​រដ្ឋាភិបាល​ទៅលើ​វិស័យ​ការពារជាតិ ដោយគេ​សង្ឃឹម​ថា ផែនការ​នេះ​នឹង​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​អាមេរិក​សន្សំសំចៃ បាន​បាន​៤៨៧​ពាន់​លាន​ដុល្លារ ​សម្រាប់​រយៈពេលេ ១០ឆ្នាំ​ទៅមុខនេះ។

ក្នុង​ពិភពលោក អាមេរិក​បាន​ចំណាយ​លុយ​ច្រើន​ជាងប្រទេស​ណាៗទាំងអស់ សម្រាប់​វិស័យ​ការពារ​ជាតិ។ គ្រាន់តែ ក្នុង​ឆ្នាំ ២០១១ អាមេរិក​ចំណាយ​លុយ ដល់ទៅ​ជាង ៧០០​ពាន់​លាន​ដុល្លារ គឺ​១០ដង​នៃ​ថវិកា​ក្រសួង​ការពារ​ជាតិ​ចិន។ ប៉ុន្តែ វិបត្តិ​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រឹតត្បិត​ថវិកា និង​កាត់បន្ថយ​ខ្ទង់ចំណាយ​របស់ខ្លួន នៅគ្រប់​វិស័យ ដោយ​រួម​ទាំង​វិស័យ​ការពារ​ជាតិ។

ជារួម បើ​កងទ័ពជើងគោក ម៉ារីន និង​សព្វាវុធ​យោធា​មួយ​ចំនួន​ត្រូវ​កាត់បន្ថយ ក៏ប៉ុន្តែ នេះ គ្រាន់​តែ​ដូចជា​គេ​បន្ធូរ​ស្បោង​លុយ ដែល រដ្ឋបាល​លោក​ប៊ូស នៅពេល​លោក​ប៊ូស​ បាន​បំប៉ោង​ខ្លាំង ដើម្បី​ធ្វើសង្រ្គាមនៅ​អ៊ីរ៉ាក់ និង​នៅអាហ្វហ្កានិស្ថាន​តែ​ប៉ុណ្ណោះ។ ក្រោមការដឹកនាំ​របស់​លោកអូបាម៉ា ថវិកា​ប្រចាំឆ្នាំ​របស់​ក្រសួងការពារជាតិ​អាមេរិក ចេះតែ​ថយចុះ បន្តិចម្តងៗ។ នៅឆ្នាំនេះ មាន​៥៣១ ពាន់​លាន​ដុល្លារ និងឆ្នាំ ក្រោយ​ប្រមាណ ៥២៥ ពាន់​លាន​ដុល្លារ គឺ​សន្សំបាន ​៦ពាន់​លានដុល្លារ។ យ៉ាងណាក៏ដោយ​ក៏នៅតែ​ច្រើន​គឺ​ជាង​ពាក់កណ្តាល ​បើ​ប្រៀបធៀប​នឹង​ថវិកា​ ការពារជាតិ កាលពី​១០ឆ្នាំមុន។

ទ័ព​អាមេរិក​ដែល​ត្រូវ​កាត់បន្ថយ គឺ​ទ័ព​ជើងគោក និង​កងទ័ព​ម៉ារីន ដែល​គេ​រើសចូល​ច្រើន​ក្នុង​រយៈពេល ១០ឆ្នាំចុង​ក្រោយនេះ គឺ​ចាប់តាំងពី​រដ្ឋបាល​លោក​ប៊ូស​ផ្តើម​ធ្វើ​សង្រ្គាម ​ ​អាហ្វហ្កានិស្ថាន និង​​អ៊ីរ៉ាក់ ក្រោយ​អំពើភេរវកម្ម​១១​កញ្ញា ២០០១។ ក្រសួងការពារ​ជាតិ​មាន​គម្រោង​ផងដែរ​នឹង​កាត់បន្ថយ​ចំនួន​នាវា​ចម្បាំង យន្តហោះ​ដឹក​កងទ័ព និង​ភស្តុភា និង​ផ្អាកបញ្ជា​ទិញ​រយៈពេល​២ ឆ្នាំ យន្តហោះ​ចម្បាំង និង​នាវា​មុជទឹក​ដែល​មាន​សមត្ថភាព​បាញ់​គ្រាប់បែក​នុយក្លេអ៊ែរ។

នាវា​ចម្បាំង​ទំនើប​ចុងក្រោយ​របស់​អាមេរិក
នាវា​ចម្បាំង​ទំនើប​ចុងក្រោយ​របស់​អាមេរិក ©Reuters

ប្រើបច្ចេកវិទ្យាដើម្បី​ធ្វើ​សង្រ្គាម

ក្នុង​យុទ្ធសាស្រ្ត​ការពារ​ជាតិ​ថ្មី​របស់​អាមេរិក គេ​កាត់បន្ថយ​ចំនួន​កងទ័ព​ជើងគោក និង​ម៉ារីន ប៉ុន្តែ អាមេរិក​នឹង​ផ្តោត​​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​ទ័ពជើងទឹក អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងរ៉ាដា យន្តហោះចម្បាំង ប្រព័ន្ធខែល​ប្រឆាំង​មីស្ស៊ីល ផ្កាយរណប​ស៊ើបការណ៍ និង​ការវាយប្រហារ​តាម​ប្រព័ន្ធអ៊ិនធ័រណិត។

អាមេរិក​នៅតែ​ពង្រឹង​កងជើងទឹក រក្សា​នាវាដឹក​យន្តហោះ​ចម្បាំង និង​បង្កើន​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​តាម​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​ហ្វីលីពីន​ជាដើម គឺ​ដើម្បី​ទប់ទល់​កម្លាំង ​ចិនដែល​ចង់​ពង្រីកឥទ្ធិពល នៅអាស៊ីប៉ាស៊ីហ្វិក។ បើ​សិន​ជា​គេ​មាន​ការប្រឈមមុខ​ដាក់គ្នា​ផ្នែកអាវុធ អាមេរិក តាមរយៈមូលដ្ឋានទ័ព និង​នាវា​ដឹកយន្តហោះចម្បាំង​ដែល​ប្រចាំការ​នៅក្នុង​សមុទ្រ ងាយ​ស្រួល​នឹង​ធ្វើ​អន្តរាគមន៍​បាន​លឿន។ នៅសម័យ​បច្ចេកវិទ្យា​ទំនើប គេ​មិន​ធ្វើ​សង្រ្គាម​ដោយ​ប្រើ​មនុស្ស ប៉ុន្តែ គេ​ប្រើ​បច្ចេកវិទ្យា ដែល​ធ្វើ​ឲ្យ​គេចំណាយ​លុយតិច និង​គ្មាន​ការបាត់បង់​ជីវិតមនុស្ស។

ឧទាហរណ៍ យន្តហោះ​គ្មាន​មនុស្ស​បើក​Drone។ ចាប់តាំង​ពី​លោក​អូបាម៉ា​ដឹកនាំ​ប្រទេស ក្រសួងការពារជាតិ​អាមេរិក​បានបង្កើត​យន្តហោះ​ប្រភេទនេះ ជាច្រើន​រយគ្រឿង ដើម្បី​ ប្រឆាំង​ក្រុមភេរវជន របស់​អាល់កៃដា នៅ​ប៉ាគីស្ថាន និង​អាហ្វហ្កានិស្ថាន។ យន្តហោះ​Drone ធ្វើ​ឲ្យ​គេ​អាច​កាត់បន្ថយ​ការបាត់បង់​ជីវិត​របស់ទ័ព​អាមេរិក​នៅលើ​ទីលាន​ ប្រយុទ្ធ ព្រោះ​ថា យន្តហោះ​គ្មានមនុស្ស​បើក Drone ត្រូវ​បញ្ជា​ចេញពី​មន្ទីរបញ្ចកោណ​។

ម្យ៉ាងវិញទៀត អាមេរិក​ចង់​ផ្តោត​ទៅលើ​ការបណ្តុះបណ្តាល បង្កើត​ក្រុម​ទាហាន​មាន​ស្នាដៃ ដូចជា​ក្រុម​កងកុម្ម៉ង់ដូរពិសេសៗ ដែល​កន្លងមក ទទួលជោគជ័យ បាញ់សម្លាប់​អូសាម៉ា ប៊ិនឡាដិន មេដឹកនាំ​ក្រុមអាល់កៃដា និង​មេភេរវនិយម​ផ្សេងទៀត។ ដូច្នេះ តាមរយៈ​ជោគជ័យ ​នេះ រដ្ឋបាល​លោក​អូបាម៉ា​ចង់​បញ្ជាក់ថា ដើម្បី​យកឈ្នះ​លើ​ក្រុមភេរវជន ឬ​គោលដៅ​ណាមួយ គេ​មិន​ចាំបាច់​មាន​កម្លាំង​ទាហាន​រាប់រយ រាប់ពាន់​នាក់ទេ គេ​គ្រាន់តែ​មាន​កងកុម្ម៉ង់ដូរ ពិសេស​មាន​សមត្ថភាព​ខ្ពស់ តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ក៏អាច​យកឈ្នះ​លើសត្រូវ​បាន​ដែរ។ លោក Leon Panneta បាន​បញ្ជាក់ នៅថ្ងៃ​ម្សិលមិញ​ថា ពួក​កង​កុម្មង់ដូរ ពិសេស​ប្រភេទនេះ​កំពុង​មាន​វត្តមាន នៅ​គ្រប់ទិសទី ក្នុង​ពិភពលោក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ