អានតួអត្ថបទ
អ៊ីរ៉ាក់ អាមេរិក

៩ឆ្នាំ​ក្រោយ​ការឈ្លានពាន កងទ័ព​អាមេរិក​ចុងក្រោយ​ចាកចេញ​ពី​អ៊ីរ៉ាក់

នៅព្រឹកព្រលឹមថ្ងៃ​អាទិត្យ​ទី ១៨ ខែធ្នូ ឆ្នាំ ២០១១ កងទ័ព​អាមេរិក​ចុងក្រោយ​បាន​ចាកចេញ​ពីទឹកដី​អ៊ីរ៉ាក់។ ការចាកចេញ​ចុងក្រោយ​របស់​ទាហាន​អាមេរិក ធ្វើឡើង​នៅក្នុង​ផែនការ​ដក​កងទ័ព​ទាំងអស់​របស់​អាមេរិក​ចេញ​ពីអ៊ីរ៉ាក់ ដែល​ប្រធានាធិបតី​អាមេរិក​ធ្លាប់​បាន​សន្យា។ កាលពី​ឆ្នាំ ២០០៣ អាមេរិក​បាន​ចូល​លុកលុយ អ៊ីរ៉ាក់ និង​ផ្តួលរំលំ​របប​សាដាម ហ៊ូសេន។ ជិត​៩ឆ្នាំ​ក្រោយ កងទ័ព​អាមេរិក​បាន​ដកខ្លួនចេញ ទៅវិញ និង​ទុក​ឲ្យ​ប្រទេស​ធ្លាក់​រងគ្រោះ​ក្នុង​វិបត្តិនយោបាយ និង​អសន្តិសុខ​សង្គម។

ទាហាន​អាមេរិក​ចុងក្រោយ ប្រមាណ​៥០០​នាក់​ចាកចេញ​ពី​ទីកដី​អ៊ីរ៉ាក់​ជាមួយ​រថពាស​ដែក​ជាង ១០០​គ្រឿង នៅថ្ងៃ​អាទិត្យ​ទី​១៨ ធ្នូ ២០១១
ទាហាន​អាមេរិក​ចុងក្រោយ ប្រមាណ​៥០០​នាក់​ចាកចេញ​ពី​ទីកដី​អ៊ីរ៉ាក់​ជាមួយ​រថពាស​ដែក​ជាង ១០០​គ្រឿង នៅថ្ងៃ​អាទិត្យ​ទី​១៨ ធ្នូ ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃនេះ ខ្សែ​រថពាស​ដែក​អាមេរិក​ជាង ១០០គ្រឿង បើក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​សំដៅ​ទៅរក​ព្រំដែន និង​ឆ្លង​ចូល​ទៅក្នុង​ប្រទេស​កូវ៉ែត។ វា​ជាដំណើរបញ្ច្រាស​ទិស ខុសពីឆ្នាំ​២០០៣ ដែល​កាលណោះ ​កងទ័ព​អាមេរិក​បើកចេញ​ពី​ទឹកដីកូវ៉ែត​ដើម្បី​ចូល​ឈ្លានពាន​អ៊ីរ៉ាក់។ សម្រាប់​អាមេរិក វត្តមាន​របស់ខ្លួន​នៅលើ​ទឹកដី​អ៊ីរ៉ាក់ មិន​មែន​ជា​ការឈ្លានពាន ប៉ុន្តែ ជា​ការប្រយុទ្ធ​ប្រឆាំង​​នឹង​ពួកជ្រុលនិយម។ អាមេរិក​បាន​បញ្ជូនទ័ព ជិត ២សែន​នាក់​ទៅច្បាំង​នៅ​អ៊ីរ៉ាក់ នៅក្រោម​ហេតុផល​ថា របប​សាដាម​ហ៊ូសេន​មាន​លាក់អាវុធ​គីមី​បំផ្លាញលោក។

 
ក្នុង​អាណត្តិ​របស់ខ្លួន លោក​ប្រធានាធិបតី​អូបាម៉ា​មិនមាន​ចេតនា​បន្តធ្វើ​សង្គ្រាម​នៅអ៊ីរ៉ាក់ ដែល​ជា​សង្រ្គាម​ប្រកប​ដោយ​ចម្រូងចម្រាស់ និង​គ្មាន​ប្រជាប្រិយភាព​នៅ​អាមេរិក។ សង្គ្រាមនេះ​​បាន​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​លុយជាង ៧០០​ពាន់​លាន​ដុល្លារ និង​ជីវិត​កងទ័ព​អាមេរិក​ជាង ៤ពាន់នាក់។ នៅថ្ងៃ​អាទិត្យ​នេះ កងទ័ព​អាមេរិក​ ដែល​ត្រូវដក ចុងក្រោយ​គេ​មាន​ប្រមាណ ៥០០​នាក់។ អាមេរិក​បាន​បិទទំព័រ​សង្រ្គាម​អ៊ីរ៉ាក់ ដោយ​បាន​បិទ​​មូលដ្ឋាន​ទ័ព​ជាង ៥០០ ដែលខ្លួន​បាន​បង្កើតឡើងដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ចលនា​បះបោរ និង​ជ្រុលនិយម នៅក្នុង​ទឹកដី អ៊ីរ៉ាក់។

ដោយពិតទៅ កងទ័ព​អាមេរិក​ចុងក្រោយ នេះ​ភាគច្រើន​ជា​អ្នក​ដែល​មាន​ជំនាញ​ខ្ពស់​ដែល​អាមេរិក​រក្សា​ត្រៀម​សម្រាប់​បណ្តុះបណ្តាល​កងទ័ព​អ៊ីរ៉ាក់ ទៅថ្ងៃអនាគត។ ប៉ុន្តែ ដោយសារ​ការនិយាយ​មិនត្រូវគ្នា រវាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ក្រសួងការពារ​ជាតិ​អាមេរិក គឺ​អ៊ីរ៉ាក់​មិន​ព្រមផ្តល់​អភ័យឯកសិទ្ធិ​ឲ្យ​ទាហាន​អាមេរិកាំង​រាប់ពាន់​នាក់ ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា បាន​ប្រកាស​កាលពី​ខែ​តុលា សម្រេច​ដកទ័ព និង​សម្ភារៈ​យោធា​អាមេរិក​ ពី​ទឹកដី​អ៊ីរ៉ាក់ ឲ្យ​អស់ នៅចុងឆ្នាំ ២០១១។ កងទ័ព​អាមេរិក​ត្រូវ​ដកទាំងអស់ គឺ​ទុក​នៅប្រមាណ​តែ​ជាង ១០០នាក់ ដើម្បី​បណ្តុះបណ្តាល​កងកម្លាំង​អ៊ីរ៉ាក់​មួយចំនួន និង​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី​បាកដាដ។

អាមេរិក​បាន​ចូលលុកលុយ​ក្នុង​ប្រទេស​ដែល​សម្បូរ​ដោយ​ប្រេងកាត។ ៩ឆ្នាំ ក្រោយ អាមេរិក​បាន​ចាកចេញ​ពីអ៊ីរ៉ាក់ និង​ណ្តោយ​ទុក​ឲ្យ​ប្រទេស​នេះ ធ្លាក់ក្នុង​វិបត្តិ​នយោបាយ និង​ការបែកបាក់​​ផ្ទៃក្នុង​ស៊ីជម្រៅ។ អំណើះតទៅ គឺ​ទាហាន​អ៊ីរ៉ាក់​ជាង ៩សែន​នាក់​ដែល​នឹង​ទទួល​ភារកិច្ច រក្សា​សន្តិសុខ បន្ត​ពី​ទាហាន​អាមេរិក។ ជាមួយ​នឹង​សមត្ថភាព​មានខ្សោយ និង​ខ្វះ​សម្ភារៈ​​ទំនើប ពួកគេ​ត្រូវ​ប្រឈមមុខ​ទប់ទល់​នឹង​ការវាយប្រហារ​ពីពួក​បះបោរ ពួកភេរវជន​ដែល​ជា​បណ្តាញ​របស់​ក្រុម​អាល់កៃដា និង​ពួកនិកាយជ្រុលនិយម​ដែល​កំពុង​ទាមទារ​ចង់បាន​អំណាច​គ្រប់គ្រង​អ៊ីរ៉ាក់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ