អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ធនាគារ​កណ្តាល​​អាមេរិក​​រក្សា​អត្រា​ការប្រាក់​​ឱ្យ​នៅ​​ក្បែរ​សូន្យ​​ដដែល

នៅប៉ុន្មានម៉ោងមុននេះ ធនាគារ​កណ្តាល​អាមេរិក ទើប​នឹង​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ ដែល​នឹង​រក្សា​អត្រា​ការប្រាក់​ឱ្យ​នៅ​ក្បែរ​សូន្យ​ដដែល តែ​បើក​ចំហ​លទ្ធភាព​ក្នុង​ការដំឡើង​អត្រា​ការប្រាក់​នេះ​ នៅ​ខណៈ​ពេល​ណា​មួយ ដោយសារ​ធនាគារ​កណ្តាល​មាន​ទំនុក​ចិត្ត អំពី​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត​មធ្យម​មួយ បើ​ទោះ​ជា​តួរលេខ​កំនើន​សេដ្ឋកិច្ច​អាមេរិក​នៅ​ត្រីមាស​ទីមួយ​នេះ​ខុស​ឆ្ងាយ​ពី​ការរំពឹង​ទុក​ក៏ដោយ។

ធនាគារ​កណ្តាល​​អាមេរិក​​រក្សា​អត្រា​ការប្រាក់​​ឱ្យ​នៅ​​ក្បែរ​សូន្យ​​ដដែល
ធនាគារ​កណ្តាល​​អាមេរិក​​រក្សា​អត្រា​ការប្រាក់​​ឱ្យ​នៅ​​ក្បែរ​សូន្យ​​ដដែល Pixabay
ផ្សាយពាណិជ្ជកម្ម

ធនាគារកណ្តាលបាន​កត់​សម្គាល់​ពី​ការធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​រដូវ​រងារ​ទើប​កន្លង​ផុត​ទៅ​នេះ​ ប៉ុន្តែ​បាន​សន្មត​ជា​ចម្បង​ថា​ការ​នេះ​បណ្តាល​មក​ពី «កត្តា​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​បណ្តោះ​អាសន្ន» ប៉ុណ្ណោះ នេះ​បើ​តាម​របាយការណ៍​ពត៌មាន​របស់ AFP។

 
ក្នុងសេចក្តីថ្លែងការណ៍ របស់​គណៈកម្មាធិការ​រូបបិយវត្ថុ​នៃ​ធនាគារកណ្តាល​អាមេរិក ចេញ​ផ្សាយ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ គេ​បាន​គូស​បញ្ជាក់​ថា៖ ទោះបី​ជា​កំណើន​សេដ្ឋកិច្ច នៅ​ក្នុង​វិស័យ​ផលិតកម្ម និង វិស័យ​ការងារ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី​១​នេះ តែ​គណៈកម្មាធិការ​នៅ​បន្ត​រំពឹង​ថា (... ) សកម្មភាព​សេដ្ឋកិច្ច​នឹង​កើន​ឡើង​វិញ​ក្នុង​ល្បឿន​មធ្យម។

សូមបញ្ជាក់​ថាកំណើន​សេដ្ឋកិច្ច​បាន​ថយ​មក​ត្រឹម​០.២% នៅ​ត្រីមាស​ទី១ ពី​ខែ​មករា​មក​ដល់​ខែ​មីនា ប្រៀប​ទៅ​នឹង ២.២% នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០១៤។ ការធ្លាក់​ចុះ​នេះ​បណ្តាល​មកពី​បញ្ហា​អាកាសធាតុ​នៅ​រដូវ​រងារ​កន្លង​ទៅ​នេះ ដោយសារ​កម្លាំង​នៃ​ប្រាក់​ដុល្លារ​ដែល​បង្អាក់​ដល់​ការនាំចេញ និង ការធ្លាក់ចុះ​នៃ​តម្លៃ​ថាមពល​ប្រេង ដែល​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​វិនិយោគ​ឧស្សាហកម្ម។

គណៈកម្មាធិការ​រូបបិយវត្ថុ​មិន​បាន​ទាត់​ចោល​ទាំង​ស្រុង​ទេ​ពី​លទ្ធភាព​ក្នុង​ការដំឡើង​អត្រា​ការប្រាក់ នា​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​នៅថ្ងៃ​ទី​១៦ និង​១៧​ឧសភា​ខាង​មុខ​នេះ បើទោះជា​វា​ទំនង​ជា​មិនអាច​ទៅ​រួច​ក៏ដោយ។

ធនាគារកណ្តាលបាន​បង្ហាញ​នូវ​រូបភាព​អវិជ្ជមាន​នៃ​សកម្មភាព​សេដ្ឋកិច្ច តែ​បាន​អះអាង​ថា ទំនុកចិត្ត នៃ​អ្នក​ប្រើប្រាស់ នៅ​តែ​មាន​ភាព​រឹងមាំ។ ពិតណាស់ថា​ជា​ទ្រឹស្តី ការចំណាយ​របស់​អ្នកប្រើប្រាស់​គួរ​តែ​នឹង​ទាញ​យក​ប្រយោជន៍​ពី​អំណាច​ទិញ​ដែល​កើន​ឡើង​ដោយសារ​ការធ្លាក់​ចុះ​តម្លៃ​ប្រេង តែ​តាម​ជាក់​ស្តែង មក​ទល់​នឹង​ពេល​នេះ​វា​ខុស​អំពី​ទ្រឹស្តី។ ប៉ុន្តែ ទោះជាយ៉ាងណា សេតវិមាន​ក៏បាន​អះអាង​កាលពី​ថ្ងៃ​ពុធ ថា​អ្នកប្រើប្រាស់​ដែល «បាន​សន្សំ​ផល​ចំនេញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដោយសារ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង» ទំនង​ជា​នឹង​បង្កើន​ការចំណាយ​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ