អានតួអត្ថបទ
សហរដ្ឋអាមេរិក

​អាមេរិក​និយាយ​ថា​គំរូសេដ្ឋកិច្ច​ចិន​«​មិននៅ​ថេរ​​យូរអង្វែង»​ឡើយ

សហរដ្ឋ​អាមេរិក​បាន​វិភាគ​ថា​ សំរាប់​ថ្ងៃ​អនាគត​ ការលូតលាស់​របស់​ប្រទេស​ចិន​មិន​អាច​«ស្ថិតស្ថេរ​»យូរ​អង្វែង​បាន​ទេ ដោយ​សារ​តែ​សេដ្ឋកិច្ច​របស់​ចិន​ ផ្អែក​លើ​កំលាំង​ពលកម្ម​ក្នុង​តំលៃ​ទាប និង​ទំហំ​វិនិយោគ«​ធំ​សម្បើម​ហួស​ខ្នាត»។ ​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​ ការព្រួយ​បារម្ភ​ចំពោះ​នយោបាយ​រូបិយប័ណ្ណ​ចិន​ ដែល​មាន​តំលៃ​ទាប​ហួសហេតុ​ ហើយ​នេះ​ជា​ការលំបាក​សំរាប់​ផលិតផល​អាមេរិក​ចូល​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​របស់​ចិន។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​អាទិភាព​សេដ្ឋកិច្ច​អាមេរិក​ លោក​ Nathan Sheets អនុរដ្ឋមន្រ្តី​ក្រសួង​រតនាគា​ជាតិ​អាមេរិក​បាន​ថ្លែង​ថា ការនាំចេញ​របស់​ចិន ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍នេះ​មើល​ទៅ​ហាក់​ដូច​ជា​អស្ចារ្យណាស់​ ប៉ុន្តែ​ កំណើន​ដ៏​ឆាប់​រហ័ស​នេះ​គឺ ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ កំលាំង​ពលកម្ម​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​តំលៃ​ឈ្នួល​ទាប។ ម្យ៉ាងទៀត​ សន្ទុះ​នៃ​ការនាំ​ចេញ​របស់​ចិន​មាន​បាន ក៏​ដោយសារ​ តែ​ប្រទេស​នេះ​អាស្រ័យ​ពឹងពាក់​លើ​គំរោង​វិនិយោគ​ធំ​មហាសាល។

 

មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​បាន​វិភាគ​ថា​ នាពេល​អនាគត​ ការរីកចំរើន​បែប​នេះ​នឹង​ពុំ​មែន​ជា​គំរូ​នៃ​ការលូតលាស់​សេដ្ឋ​កិច្ច សំរាប់​រយៈ​ពេល​យូរ​អង្វែង​របស់​ប្រទេស​ចិន​ ក៏ដូច​ជា​សេដ្ឋកិច្ច​​ទាំងមូល​របស់​ពិភពលោក។ សព្វថ្ងៃ​នេះ​ ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​លើ​ពិភពលោក។​ ប៉ុន្តែ​ ក្នុង​ពេល​ថ្មីៗ​នេះ​ ចិន​បាន​បង្ហាញ​សញ្ញា​អោយ​ឃើញ​ពី​ភាពលំបាក​ក្នុង​ការរក្សា​កំណើន​លូតលាស់​របស់​ខ្លួន។ ជាក់ស្តែង​ នៅ​ក្នុង​ត្រីមាស​ទីបី​ឆ្នាំ​ ២០១៤​ នេះ​ ពោល​គឺ​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ចិន​បាន​ត្រឹម​តែ​ ៧,៣%​​ ប៉ុណ្ណោះ។​ នេះ​ជា​តួលេខ​ទាប​បំផុត​ពុំ​ដែល​ធ្លាប់​មាន​ ចាប់​តាំង​ពី​ត្រី​មាស​ទីមួយ​ឆ្នាំ​ ២០០៩។

សហរដ្ឋ​អាមេរិក​ស្នើ​អោយ​ចិន​រិះរក​វិធី​យ៉ាងណា​រក្សា​លំនឹង​នៃ​ការលូតលាស់​របស់​ខ្លួន​ ដោយ​គួរ​តែ​ផ្តោត​លើ​ឧស្សាហកម្ម​ផែ្នក​សេវាកម្ម​ និង​ទីផ្សារ​ក្នុង​ស្រុក ជាជាង​គិត​តែ​លើ​ការ​នាំចេញ។ ​ជា​រឿយៗ​ សហរដ្ឋ​អាមេរិក​ក៏​តែង​ចោទ​ប្រកាន់​ចិន​ផង​ដែរ​ក្នុង​ការអនុវត្តន៍​ការប្រកួត​ប្រជែង​ពាណិជ្ជកម្ម​​មិន​ស្មោះត្រង់ ដោយ​ក្នុង​នោះ​ចិន​បាន​បញ្ចុះ​តំលៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ទាប​ជាង​ភាព​ជាក់ស្តែង ជាហេតុ​ធ្វើ​អោយ​ទំនិញ​របស់​ចិន​មាន​តំលៃ​ថោក​នៅ​លើ​ទីផ្សារ​អន្តរជាតិ។​

នៅ​ក្នុង​នោះ​ផង​ដែរ លោក​អនុរដ្ឋមន្រ្តី​ក្រសួង​រតនាគា​ជាតិ​អាមេរិក​រូប​នេះ​បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សេដ្ឋកិច្ច​អ៊ឺរ៉ុប​ ដែល​មាន​មាន​លក្ខណៈ​ទន់​ខ្សោយ​ និង​ពុំ​ស្មើ​ភាព​ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​ចុង​ក្រោយ​នេះ។ ភាព​ទន់​ខ្សោយ​របស់​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​បង្ក​អោយ​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ផងដែរ​ ​ព្រោះ​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​​ទីមួយ​របស់​អាមេរិក។ អ្នក​ជំនាញ​រូប​នេះ​បាន​ស្នើ​អោយ​ប្រទេស​តំបន់​អឺរ៉ូ​ ជា​ពិសេស​អាល្លឺម៉ង់​ចាត់​វិធានការ​ដូចជា​បន្ធូរបន្ថយ ឬ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​ពន្ធដារ​ជាដើម ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​អោយ​មាន​ការផលិត​ច្រើន ជាពិសេស​បង្កើន​អំណាច​ទិញ​របស់អ្នក​ប្រើប្រាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ