អានតួអត្ថបទ
សហរដ្ឋអាមេរិក

ព្យុះសង្ឃរា​ រំខាន​ប្រតិបត្តិការ​បោស​សម្អាត​ប្រេង នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក

ដូចជា​ការព្រាងទុក ខ្យល់ព្យុះ​ត្រូពិច ឈ្មោះ Alex បាន​ប្រែក្លាយ​ទៅ​ជា​ខ្យល់ព្យុះ​សង្ឃរា ដែល​មាន​ល្បឿន ១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កាល​ពី​យប់​ថ្ងៃ​អង្គារ ខ្យល់ព្យុះ​បាន​បោកបក់​ទៅ​លើ​ឆ្នេរ​សមុទ្រ​ម៉ិចស៊ិក និង​រដ្ឋ​តិចសាស់​របស់​អាមេរិក។ វត្តមាន​ដ៏​គម្រាម​កំហែង​របស់​ព្យុះ​សង្ឃរា អាច​នឹង​រំខាន​ដល់​ការប្រមូល និង​សម្អាត​ប្រេង​ដែល​លេច​អណ្តែត​ត្រៀបត្រា​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក។

ខ្យល់ព្យុះ​Alex ​បោកបក់​នៅ ក្បែរ​តំបន់​លេច​ប្រេង​អណ្តែត​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក
ខ្យល់ព្យុះ​Alex ​បោកបក់​នៅ ក្បែរ​តំបន់​លេច​ប្រេង​អណ្តែត​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក ©reuters
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ព្យុះ​សង្ឃរា កំពុង​វាយ​ប្រហារ​ភាគខាងលិច​អាមេរិក និង​មិន​បាន​តំរង់​ទៅ​តំបន់​ដែល​មាន​ប្រេង​លេច​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក​នៅ​ឡើយ​ទេ ប៉ុន្តែ ឥទ្ធិពល​របស់​វា​បាន​ធ្វើ​ឲ្យ​ទឹក​រលក​មាន​កំពស់​ខ្ពស់​ពីរ​ម៉ែត្រ។ កំពស់​រលក​សមុទ្រ​ខ្ពស់ និង​ខ្យល់​បក់​ក្នុង​ល្បឿន ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​រំខាន​រួច​ទៅ​ហើយ ដល់​ការប្រមូល និង ដុត​ប្រេងឆៅ​ដែល​កំពុង​អណ្តែត​លើ​ផ្ទៃ​សមុទ្រ។

 
អ្នក​ឧតុនិយម​បង្ហាញ​ថា នៅ​យប់​ថ្ងៃ​ពុធ​នេះ កំពស់​រលក​សមុទ្រ​កើន​ឡើង ៣ ម៉ែត្រ​កន្លះ។ អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ទុក​មុន​ហើយ​ថា គ្រប់​កប៉ាល់​ដែលកំពុង​ប្រតិបត្តិការ​ប្រមូល​ប្រេង​ដែល​ហៀរ​ចេញ​លើ​សមុទ្រ ត្រូវ​ត្រលប់​ចូល​ច្រាំង​វិញ ប្រសិន​ខ្យល់​សមុទ្រ​បក់​ក្នុង​ល្បឿន ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ហើយ​ប្រសិន​បើ​ករណី​នេះ​កើត​ឡើង​មែន គ្រប់​ប្រតិបត្តិការ​នឹង​ផ្អាក​រយៈពេល​២​សប្តាហ៍។ ជា​លទ្ធផល ការខួង​រន្ធ​ជំនួយ​ដើម្បី​ទប់ស្កាត់​ការហូរប្រេង​នឹង​ត្រូវ​ពន្យារ​រហូត​ដល់​ខែ​កញ្ញា។
 

ខ្យល់ព្យុះ​Alex រំខាន​ដល់​ការបោស​សម្អាត​ប្រេង​នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក
ខ្យល់ព្យុះ​Alex រំខាន​ដល់​ការបោស​សម្អាត​ប្រេង​នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក ©reuters

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន BP​បង្ហាញ​ថា ខ្យល់ព្យុះ​នឹង​អាច​ធ្វើ​ឲ្យ​គេ​អាក់​ខាន​មិន​បាន​បញ្ជូន​នាវា​ទីបី​របស់​ក្រុមហ៊ុន​ទៅ បូមប្រេង​ដែល​កំពុង​ហៀរ​ចេញ​មក​ក្រៅ។ ខ្យល់ព្យុះ​បាន​ធ្វើ​ឲ្យ​ការងារ​បោសសម្អាត​ប្រមូល​ប្រេង​កាន់​តែ​យឺត ខណៈពេល​ដែល​ក្រុមហ៊ុន​បាន​ទទួល​ការរិះគន់​យ៉ាងខ្លាំង​ពី​រឿង​ធ្វើការងារ​បែប​មើលស្រាល​ទៅ​លើ​គ្រោះថ្នាក់​លើក​នេះ។

គេ​ប៉ាន់​ប្រមាណ​ថា មាន​ប្រេង​ឆៅពី​៣​ម៉ឺន​ធុង ទៅ ៦​ម៉ឺន​ធុង​ហៀរ​ចេញ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក។ ចំណែក​ក្រុមហ៊ុន​អាច​បូម​បាន​តែ​២ម៉ឺន ៥​ពាន់​ធុង​ប៉ុណ្ណោះ។ អាជ្ញាធរ​បារម្ភ​ថា ខ្យល់ព្យុះ​ក្នុង​សមុទ្រ​នឹង​អាច​ធ្វើ​ឲ្យ​ប្រេង​អណ្តែត​ខ្ចរខ្ចាយ និង​រសាត់​មក​រក​ឆ្នេរ​កាន់​តែ​លឿន។

រហូត​មក​ដល់​ពេល​នេះ រដ្ឋ​អាមេរិក​ចំនួន ៤​ដែល​កំពុង​រងគ្រោះ​ដោយ​​ប្រេង​ហៀរ​អណ្តែត​របស់​ក្រុមហ៊ុន ប្រេង​អង់គ្លេស BP។ អាមេរិក​បាន​ប្រកាស​សុខចិត្ត​ទទួល​ប្រើ​ជំនួយ​ដែល​ផ្តល់​ដោយ​អង្គការ​អន្តរជាតិ និង​ប្រទេស​ចំនួន ១២។ កប៉ាល់​រត់​ក្នុង​ល្បឿន​លឿន​ដែល​មាន​នាទី​ប្រមូល​ប្រេង​អណ្តែត និង​របាំង​ទប់ប្រេង​ដែល​ជប៉ុន​សន្យា​ផ្តល់​ឲ្យ នឹង​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់ ប្រសិន​បើ ​ព្យុះ​ចាប់ស្ងប់​ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ