អានតួអត្ថបទ
សហរដ្ឋអាមេរិក

ប្រេងឆៅ ដែល​ធ្លាយ​ពី​ឈូង​សមុទ្រ​ម៉ិចស៊ិក​បាន​ប៉ះពាល់​តំបន់​ឆ្នេរ​សមុទ្រ​រដ្ឋ Louisiane

ការ​ផ្ទុះ​ស្ថានីយ៍​បូម​ប្រេង​មួយ​ របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​អង់គ្លេស​ឈ្មោះ BP នៅ​ឈូង​សមុទ្រ Mexique កាល​ពី​សប្តាហ៍​មុន បាន​ធ្វើ​ឲ្យ​ប្រេងឆៅ ធ្លាយ​ចេញ-អណ្តែត-រសាត់​ពាស​ពេញ​ទឹកសមុទ្រ។ ប្រេង​ឆៅ​បាន​អណ្តែត​រសាត់ ទៅ​ដល់​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Louisiane សហរដ្ឋអាមេរិក។ ជា​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ចាត់​ទុក ជា​គ្រោះមហន្តរាយ​ជាតិ។

តំបន់​ឆ្នេរ​សមុទ្រ​នៅ​រដ្ឋ Louisiane សហរដ្ឋអាមេរិក
តំបន់​ឆ្នេរ​សមុទ្រ​នៅ​រដ្ឋ Louisiane សហរដ្ឋអាមេរិក ©Sean Gardner /Reuters
ផ្សាយពាណិជ្ជកម្ម

04:31

បទ​អន្តរាគមន៍​របស់​គួច គន្ធារ៉ា

គួច គន្ធារ៉ា

បើ​យោង​តាម​អ្នក​ឯកទេស​ខាង​បរិស្ថាន ប្រេងឆៅ ដែល​បាន​ធ្លាយ​ចេញ​ពី​ការ​ផ្ទុះ​ស្ថានីយ៍​បូម​ប្រេង​មួយ​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​អង់គ្លេស​ឈ្មោះ BP នៅ​ឈូង​សមុទ្រម៉ិកស៊ិក កាល​ពី​សប្តាហ៍​មុន គឺ​ជា​មហន្តរាយ​មួយ ដែល​នឹង​អាច​ផ្តល់​ផល​អាក្រក់ ជាង​ការ​ផ្ទុះ​ស្ថានីយ៍​បូម​ប្រេង Exxon Valdez នៅ​ក្នុង​រដ្ឋអាឡាស្កា កាល​ពី ២៥ឆ្នំា មុន​ទៅ​ទៀត។ កាល​ណោះ ប្រេង​ឆៅ ដែល​ធ្លាយ​ចេញ​ពី​ការ​ផ្ទុះ​នោះ បាន​អណ្តែត រសាត់​តាម​បណ្តោយ​ឆ្នេរ​ប្រវែង​ជាង ២០០០ គីឡូម៉ែត្រ។ ករណី​ផ្ទុះ​ស្ថានីយ៍​បូម​ប្រេង Exxon Valdez កាល​ពី​ ២៥​ឆ្នំា​មុនគឺ​មាន​តែ​ប្រេង​ឆៅ​ស្តុក​នៅ​​ក្នុង​ស្ថានីយ៍​នោះ​​ប៉ុណ្ណោះ​ ដែល​បាន​ធ្លាយ​ហូរ​ចាក់​លើ​ផ្ទៃ​សមុទ្រ។

 
ចំណែក​ឯ​​ការ​ផ្ទុះ​ស្ថានីយ៍​បូមប្រេង​នៅ​ឈូង​សមុទ្រម៉ិកស៊ិក​ នា​ពេល​នេះ មាន​២​ករណីទីមួយ៖​ គឺ​ការ​ធ្លាយ​ប្រេង​ឆៅ​ដែល​ស្តុក​នៅ​ស្ថានីយ៍​ប្រមាណ​ជា ៤ម៉ឺន​​ម៉ែត្រ​គូប និង​ទីពីរ ដែល​ជា​ក្តី​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​មាន​បរិមាណ​ប្រេង​ឆៅ ជាង ៨០ម៉ឺនលីត្រ កំពុង​បន្ត​បាញ់​ចេញ ​ជា​រៀង​រាល់​ថ្ងៃ ពី​ប្រភព​នៅ​បាត​សមុទ្រ ក្នុង​ជម្រៅ ១គីឡូម៉ែត្រ កន្លះ។
 

ប្រេងឆៅ កំពុង​អណ្តែត​លើ​ផ្ទៃ​ទឹកសមុទ្រ​ប្រវែង ៩០០គីឡូម៉ែត្រ
ប្រេងឆៅ កំពុង​អណ្តែត​លើ​ផ្ទៃ​ទឹកសមុទ្រ​ប្រវែង ៩០០គីឡូម៉ែត្រ REUTERS/U.S. Coast Guard

ខណៈ​នេះ គេ​កំពុង​គិត​គូរ​រក​មធ្យោបាយ ដើម្បី​បិទ​ខ្ទប់​ប្រភព​ប្រេង​នោះ។ តាម​ធម្មតា គេ​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​ផង។ ឧប្បត្តិហេតុ​ដូច​គ្នា​នេះ បាន​កើត​មាន​ម្តង​ហើយ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ក្នុង​ឆ្នំា ២០០៩។ កាល​ណោះ គេ​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ ៧០ថ្ងៃ ទើប​អាច​បិទ​រន្ធ​ប្រភព​ប្រេង កុំ​ឲ្យ​បាញ់​ចេញ​មក​ក្រៅ។

ផលវិបាក​ដែល​ជះ​លើ​រដ្ឋ​ Louisiane គឺ​វិស័យ​បរិស្ថាន។ នៅ​រដ្ឋ Louisiane បញ្ហា​បរិស្ថាន ជា​រឿង​មួយ​ដែល​គេ​មិន​អាច​ធ្វើ​ព្រងើយ​កន្តើយ​បាន​ឡើយ ពី​ព្រោះ​ជា​តំបន់​ពិសេស​មួយ​ ដែល​សម្បូរ​ទៅ​ដោយ​ជីវ​ចម្រុះ មាន​ទំាង​សត្វ និង​រុក្ខជាតិ​គ្រប់​បែប​យ៉ាង។ ដូច្នេះ វា​ជា​រឿង​មួយ​បន្ទាន់​បំផុត ដែល​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ទប់​ទល់ ព្រោះ​ថា ប្រេង​ឆៅ​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក​សមុទ្រ និង​ដែល​ទៅ​បៀម​ជាប់​នឹង​ដី​នោះ អាច​សម្លាប់​សត្វ​សមុទ្រ និង​បំផ្លាញ​រុក្ខជាតិ​គ្រប់​ប្រភេទ។
 

ប្រតិបត្តិការ​បោស​សំអាត​ប្រេង​ឆៅ នៅ​លើ​ផ្ទៃទឹក​សមុទ្រ
ប្រតិបត្តិការ​បោស​សំអាត​ប្រេង​ឆៅ នៅ​លើ​ផ្ទៃទឹក​សមុទ្រ Reuters/Sean Gardner/Greenpeace

ក្រុម​សង្រ្គោះ​បន្ទាន់​បាន​ប្រើ​ពោង​បណ្តែត ដើម្បីកៀង​ ប្រមែរ​ប្រមូល​ផ្តុំ​ប្រេង​ឆៅ កុំ​ឲ្យ​រសាត់​អណ្តែត ពាសវាល ពាសកាល​ធំ​ពេក។ ប៉ុន្តែ​វិធានការ​នេះ ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ ព្រោះ​ថា​ពេល​នេះ ប្រេង​ឆៅ កំពុង​រសាត់​អណ្តែត​លើ​ផ្ទៃ​ទឹក​សមុទ្រ​ប្រមាណ​ជា ១៥០០ គីឡូម៉ែត្រក្រឡា និង​កំពុង​តែ​បន្ត​លាត​សន្ធឹង កាន់​តែ​ធំ​ទៅៗ។ វិធានការ​បន្ទាប់​មក​ទៀត គេ​បាន​ដុត​ប្រេង​ឆៅ នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​នោះ​តែ​ម្តង។

វិធានការ​ដុត​នេះ មិន​ត្រូវ​បាន​គ្រប់​ប្រទេស​យក​ទៅ​អនុវត្ត​ទេ ហើយ​បើ​តាម​ការ​យល់​ឃើញ​របស់​ក្រុម​អ្នក​ការពារ​បរិស្ថាន គេ​មិន​ត្រូវ​យក​ទៅ​ប្រើ​ទេ ពី​ព្រោះ​ថា ការ​ដុត​ប្រេង​ឆៅ​បាន​បញ្ចេញ​ជា​ផ្សែង​យ៉ាង​​ខ្មួល​ខ្មាញ់ ដែល​បង្កប់​ទៅ​ដោយ​សារធាតុ​គីមី នំា​ឲ្យ​កើត​ជំងឺ​មហារីក ដូច​គ្នា​នឹង​ផ្សែង​បារី។ មួយ​វិញ​ទៀត សារធាតុ​គីមី ដែល​នំា​ឲ្យ​កើត​ជំងឺ​មហារីក​នេះ មិន​មែន​មាន​តែ​នៅ​ក្នុង​ផ្សែង​នោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​នៅ​ក្នុង​កាក​សំណល់​ប្រេង​ឆៅ​ដែល​មិន​ឆេះ និង​នៅ​ក្នុង​ទឹក​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ