អានតួអត្ថបទ
សហរដ្ឋអាមេរិក

ដូណាល់ត្រាំ ព្រម​ទទួល​ស្គាល់​ថា​​​អូបាម៉ា កើត​នៅ​លើ​ដី​សហរដ្ឋ​អាមេរិក

លោក​ដូណាល់ ត្រាំ ​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​អាមេរិក​ មកពី​គណបក្ស​សាធារណរដ្ឋ​ ទើប​បាន​ប្រកាស​ទទួល​ស្គាល់​ថា ​លោក​បារ៉ាក់ អូបាម៉ា ​ពិត​ជា​កើត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​មែន។ នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​បេក្ខជន​មហាសេដ្ឋី​ល្បីខាង​វោហា​ញុះញ៉ង់​ប្រកាន់​ពូជសាសន៍​រូប​នេះ ​បាន​ប្រកាស​ទទួល​ស្គាល់ ​ពី​ដើម​កំណើត​អាមេរិក​ របស់​លោក​អូបាម៉ា ​ព្រោះ​ថា​កន្លងមក​ច្រើន​ឆ្នាំ​មក​ហើយ​ លោក​ដូណាល់ត្រាំ ​តែងតែ​និយាយ​ថា ​លោក​អូបាម៉ា ​បាន​បោកប្រាស​កុហក ​ដែល​តាម​ការពិត ​អូបាម៉ា ​គឺជា​ជនជាតិ​ស្បែក​ខ្មៅ ​មិន​បាន​កើត​នៅ​លើ​ដី​អាមេរិក​ទេ។

Donald Trump បេក្ខជន​ប្រធានាធិបតី​​មកពី​​គណបក្ស​​​សាធារណរដ្ឋ ល្បី​ខាង​​ញុុះញង់​ឲ្យ​ប្រកាន់​​ពូជសាសន៍​
Donald Trump បេក្ខជន​ប្រធានាធិបតី​​មកពី​​គណបក្ស​​​សាធារណរដ្ឋ ល្បី​ខាង​​ញុុះញង់​ឲ្យ​ប្រកាន់​​ពូជសាសន៍​ REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​សុក្រ​ទី​ ១៦​ កញ្ញា ​លោក​ដូណាល់​ ត្រាំ ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ​ មក​ពី​គណបក្ស​សាធារណរដ្ឋ ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ​នៅ​ក្នុង​សណ្ឋាគារ ​ថ្មី​ស្រឡាង​ដែល​ខ្លួន​លោក​ជា​ម្ចាស់ ​និង​ដែល​បាន​ដាក់​ឈ្មោះ​លោក​ផ្ទាល់​ទៀត​ផង។ កម្មវត្ថុ​នៃ ​សន្និសីទ​កាសែត​នេះ ​ ​គឺ​ដើម្បី​បិទ​បញ្ចប់​ភាព​ចំរូងចំរាស ​ទាក់ទិន​ទៅនឹ​ង​ការ​បដិសេធ ​មិន​ព្រម​ទទួល​ស្គាល់​ការពិត​ ពី​សំណាក់​លោក​ដូណាល់ ​ត្រាំ ​ដែល​ថា​លោក​អូបាម៉ា ​មាន​ដើម​កំណើត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ សន្និសីទ​កាសែត​បាន​ធ្វើ​ឡើង​ ក្រោយ​ពេល​មួយ​ថ្ងៃ ​ដែល​លោក​ដូណាល់ ត្រាំ ​បាន​បដិសេធ​មិន​ព្រម​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ Washington Post ​ស្តីពី​ទឹកដី​កំណើត​របស់​លោក​អូបាម៉ា។

 
ទី​បំផុត​ទៅ ​លោក​ដូណាល់ត្រាំ ​បាន​ប្រកាស​ថា ​“អូបាម៉ា ​ពិត​ជា​កើតនៅ​លើ​ដី​សហរដ្ឋ​អាមេរិក​មែន​ ខណ្ឌចប់”។ ពាក្យ​មួយឃ្លា​នេះ ​ ត្រូវ​បាន​ក្រុម​អ្នក​យក​ព័ត៌មាន ​យក​ទៅ​ផ្សព្វផ្សាយ ​ដើម្បី​បិទ​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម ​ដែល​ច្រើន​ឆ្នាំ​មក​នេះ ​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ ​តែងតែ​លើក​យក​មក​និយាយ ​ដើម្បី​បង្ក​ជា​ការ​មន្ទិល​សង្ស័យ ​ទាក់ទិន​ទៅ​នឹង​ជីវប្រវត្តិ​​ពិត​ប្រាកដ​ របស់​លោក​បារ៉ាក់ អូបាម៉ា។

ជាការពិត​ ចាប់តាំង​ពី​លោក​អូបាម៉ា ​ប្រធានាធិបតី​អាមេរិក​ ស្បែកខ្មៅ​ដំបូង​បំផុត​ បាន​ជាប់ឆ្នោត​មក ​ពាក្យ​ចចាម​អារ៉ាម ​ស្តីពី​ដើម​កំណើត​ពិត​ប្រាកដ​របស់​លោក ​ត្រូវ​បាន​ក្លាយ​ជា​សំណួរ​ចោទសួរ ​និង​បំប៉ោង ​ដោយ​ក្រុម​ជ្រុល​និយម​ប្រកាន់​ពូជសាសន៍។ ក្នុងនោះ​ លោក​ដូណាល់ ត្រាំ ​ដែល​ពី​​មុន​ជា​អ្នក​កាន់​កម្មវិធី​ទូរទស្សន៍ ​បាន​តែងតែ​បញ្ចេញបញ្ចូល ​បំប៉ោង​ពាក្យ​ចចាមអារ៉ាម​នេះ ​ឲ្យកាន់​តែ​រីក​ធំ។ បញ្ហា​នេះ ​បាន​តំរូវ​​ឲ្យ ​លោក​អូបាម៉ា ​ធ្វើ​ការ​ប្រកាស​ផ្សាយ​សំបុត្រកំណើត​របស់​លោក​ ​ជាសាធារណៈ​ទៀតផង​ ដើម្បី​បញ្ជាក់​ការ​ពិត។ យ៉ាងណាក៏​ដោយ ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​១៦​ កញ្ញា​ម្សិលមិញ ​ លោក​ដូណាល់ ត្រាំ​ មិន​បាន​ប្រកាស​សុំទោស​ទៅ​ដល់​លោក​អូបាម៉ា ​ព្រមទាំង​ក្រុម​គ្រួសារ​ទេ ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​កន្លង​មក​របស់​ខ្លួន។

សូម​បញ្ជាក់​ថា ​ការ​ផ្លាស់ប្តូរ​សម្តី ​និង​គោល​ជំហរ ​របស់​ដូណាល់ត្រាំ ​នា​ពេល​នេះ ​ ​គឺ​ជា​យុទ្ធសាស្ត្រ​សុទ្ធសាធ​ ដើម្បី​ទាក់ទាញ​សម្លេងឆ្នោត​ពី​សំណាក់​ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ។ កន្លង​មក​ គេ​បាន​ឃើញ​យ៉ាង​ច្បាស់ ​អំពី​ល្បិចកល​នយោបាយ ​សំដី​ញុះញ៉ង់ ​បំប៉ោង​បញ្ហា ​និង​បង្ក​ជា​ការ​ស្អប់​គុំគួន​ប្រកាន់​ពូជសាសន៍ ​របស់​ដូណាល់ត្រាំ ​ដើម្បី​តែ​ម្យ៉ាង​គត់​ គឺ​ធ្វើ​យ៉ាងណា ​ឲ្យខ្លួន​ឈ្នះឆ្នោត ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។

ថាវា​ជា​និស្ស័យ​ពី​ធម្មជាតិ​របស់​លោក​ដូណាល់ត្រាំ​ក៏​ថា​បាន ​ព្រោះ​មិន​ទាន់​ទាំង​លាង​ជំរះ​ចំណុច​អាក្រក់​របស់​ខ្លួន​មួយ​បាន​ស្អាត​ផង​ ស្រាប់តែ​បេក្ខជន​រូបនេះ ​បង្ក​រឿង​អាស្រូវ​ថែម​មួយ​ទៀត ​ដោយ​បាន​ប្រកាស​ ក្នុង​សន្និសីទ​កាសែត​ថា ​“បើ​ហ៊ីឡារី គ្លីនតុន ​មិន​គាំទ្រ​ការ​ប្រើប្រាស់​អាវុធ ​អញ្ចឹង​ត្រូវ​ឈប់​ឲ្យ​អង្គរក្ស​ខ្លួន​កាន់​អាវុធ​ទៅ។  តែ​បើ​ធ្វើ​មែន ​ហ៊ីឡារី គ្លីនតុន ​ត្រូវ​ប្រយ័ត្ន​គ្រោះថ្នាក់ !”​ ។ សម្តី​នេះ ​គឺ​មាន​ន័យ​ជា​ការ​គំរាម​ ​និង​ញុះញង់ ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​អាវុធ​ ទៅលើ​រូប​លោក​ស្រី​ហ៊ីឡារី គ្លីនតុន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ