អានតួអត្ថបទ
ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថានរបស់តាលីបង់គំរាមសងសឹកប៉ាគីស្ថាន

ស្ថានការណ៍​នៅ​ព្រំដែន​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ឡើង​តានតឹងខ្លាំង នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី ពួកតាលីបង់​អាហ្វហ្កានីស្ថាន​គំរាម​ថា នឹង​សងសឹក​ប៉ាគីស្ថាន​ដែល​បាន​បញ្ជូន​ដ្រូន និង​យន្តហោះចម្បាំង​មក​វាយប្រហារ​ក្នុងទឹកដី​អាហ្វហ្កានីស្ថាន។ តាមអ្នកនាំពាក្យ​របស់​រដ្ឋាភិបាលតាលីបង់ មនុស្ស​៨នាក់ ដែលសុទ្ធសឹងជាស្រ្តី និងកុមារ​ស្លាប់​នៅក្នុងការវាយប្រហារ​ផ្លូវអាកាស​របស់​ប៉ាគីស្ថាន កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ទាហានប៉ាគីស្ថាន​នៅព្រំដែនជាប់អាហ្វហ្កានីស្ថាន
ទាហានប៉ាគីស្ថាន​នៅព្រំដែនជាប់អាហ្វហ្កានីស្ថាន AP - Anjum Naveed
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលតាលីបង់ដំឡើង​សំឡេង​ថ្កោលទោស​ដាច់ណាត់ ការវាយប្រហារ​ផ្លូវអាកាស​របស់​ប៉ាគីស្ថាន​ទៅលើ​ខេត្តPaktika របស់​អាហ្វហ្កានីស្ថាន កាលពី​យប់​ថ្ងៃ​អាទិត្យ​ទី ១៧ មីនា។ សម្រាប់​អ្នកនាំពាក្យ​រដ្ឋាភិបាលតាលីបង់ ដោយវាយប្រហារ​ចូលក្នុងទឹកដី​អាហ្វហ្កានីស្ថាន និង​សម្លាប់​ប្រជាជន​ស៊ីវិល៨នាក់ ប៉ាគីស្ថាន​កំពុង​រំលោភ​យ៉ាងច្បាស់​ក្រឡែត ដែនអធិបតេយ្យភាព​របស់​អាហ្វហ្កានីស្ថាន។

អ្នកនាំពាក្យរបស់​តាលីបង់​បាន​ព្រមាន​ប៉ាគីស្ថាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ ដែល​ប៉ាគីស្ថាន​មិន​អាច​គ្រប់គ្រងទប់ទល់បាន ប៉ុន្តែ​មិនបាន​លម្អិតថា ​តើ​តាលីបង់​នឹង​ចាត់វិធានការ​សងសឹកប៉ាគីស្ថាន​ក្នុងទម្រង់ណានោះទេ។ អ្នកនាំពាក្យ​ខាងលើគ្រាន់​តែ​អំពាវនាវ​ឲ្យ​ប្រជាជន និង​រដ្ឋាភិបាលស៊ីវិល​ទើបជាប់ឆ្នោត​ថ្មី​របស់​ប៉ាគីស្ថាន​ប្រុងប្រយ័ត្ន កុំ​ប្រគល់អំណាច​ឲ្យ​ក្រុមយោធា​ប៉ាគីស្ថាន​ធ្វើអ្វីផ្តេសផ្តាស បំផ្លាញ​ទំនាក់ទំនង​ប្រទេស​ជិតខាង ដែលកាន់សាសនា​អ៊ីស្លាមដូចគ្នា។

ប៉ាគីស្ថាន​និង​អាហ្វហ្កានីស្ថាន​តានតឹងដាក់គ្នា​នៅព្រំដែនមិនមែនជារឿងថ្មី ប៉ុន្តែ វា​កាន់តែ​កើនឡើងញឹកញាប់ គិតចាប់តាំង​ពីក្រុមតាលីបង់​ឈ្នះសង្រ្គាម វិលត្រលប់​មកកាន់អំណាច​សាជាថ្មី​នៅអាហ្វហ្កានីស្ថាន។ ប៉ាគីស្ថាន​រមែង​ចោទ​តាលីបង់​ថា បានលួចលាក់​ផ្តល់ជំរក​ដល់​ក្រុមប្រដាប់អាវុធ ដូចជា ក្រុមតាលីបង់​ប៉ាគីស្ថាន​TTP ជាដើម ដែលរៀបចំផែនការវាយប្រហារ​ប៉ាគីស្ថាន តាំង​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។

ម្យ៉ាង ការវាយប្រហារ​ផ្លូវអាកាស​របស់​ប៉ាគីស្ថាន ទៅលើ​ទឹកដី​អាហ្វហ្កានីស្ថាន​ធ្វើឡើង នៅ​តែ​២ថ្ងៃ​ក្រោយ​ដែល​ក្រុមខ្មាន់កាំភ្លើង​ចូល​ទៅ​បាញ់​សម្លាប់​ទាហាន​ប៉ាគីស្ថាន ៧​នាក់ នៅ​ប៉ុស្តិ​យាម​ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន។ នាយករដ្ឋមន្រ្តី​ថ្មី​របស់ប៉ាគីស្ថាន លោក​Asif Ali Zardari ថ្កោលទោសសកម្មភាពភេរវនិយម និងសន្យាចាត់វិធានការក្តៅ​សងសឹកវិញ មិនថា ក្រុមនេះ​រត់​ជ្រកលាក់ខ្លួន ទៅ​ដល់កន្លៀត​ណា។

រដ្ឋាភិបាល​តាលីបង់​តែងបដិសេធ​រហូតមក​ថា ខ្លួនគ្មានជាប់ពាក់ព័ន្ធ ផ្តល់​ជំរកដល់​ក្រុមប្រដាប់អាវុធបរទេស ដើម្បីប្រើទឹកដី​អាហ្វហ្កានីស្ថាន​វាយប្រហារ​ប្រទេស​ជិតខាងរបស់​អាហ្វហ្កានីស្ថាន​ដាច់ខាត។

ការអះអាង​របស់​ពួកតាលីបង់​មានតែ​នៅមាត់ ព្រោះថា នៅស្ថានភាពជាក់ស្តែង ក្រុមតាលីបង់​ប៉ាគីស្ថាន TTP បាន​បុកគ្រឹះឈរជើងនៅក្នុងទឹកដី​អាហ្វហ្កានីស្ថាន តាមបណ្តោយជាប់ព្រំដែនប៉ាគីស្ថាន។ ក្រុមនេះ​បាន​ពង្រឹង បង្កើនកម្លាំង​របស់ខ្លួន ចាប់តាំងពី​ពួកតាលីបង់​ត្រលប់​មក​កាន់អំណាច​នៅអាហ្វហ្កានីស្ថាន។ នៅ​ថ្ងៃ​ចន្ទ ក្រុម​តាលីបង់​ប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្តហោះចម្បាំង​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ចន្ទ គ្មានទិសដៅ​វាយប្រហារ​ក្រុមតាលីបង់​ប៉ាគីស្ថាន ប៉ុន្តែ ផ្ទះអ្នកភូមិ។

នៅ​ឆ្នាំ ២០២២ ក្រុមតាលីបង់​ធ្លាប់​ចោទ​ប៉ាគីស្ថាន​ម្តងហើយ នៅពេល ការវាយប្រហារ​របស់​ឧទ្ធម្ភាគចក្រ​ប៉ាគីស្ថាន​នៅក្នុងទឹកដី​អាហ្វហ្កានីស្ថាន សម្លាប់​ប្រជាជន​អាហ្វហ្កានីស្ថាន ៤៧នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ