អានតួអត្ថបទ
ប៉ាគីស្ថាន

ល្បី​ខាង​ពុក​រលួយ​ Asif Ali Zardari ក្លាយ​ជា​ប្រធានាធិបតីប៉ាគីស្ថាន​ជា​លើក​ទីពីរ

មួយ​ខែ​ក្រោយ​ការ​បោះឆ្នោត​សភាដ៏​ចម្រូង​ចម្រាស​ ដែល​ជាប់​សង្ស័យ​ដោយ​ការ​លួច​បន្លំ ប៉ាគីស្ថាន​មាន​ប្រមុខ​រដ្ឋាភិបាល​ថ្មី​និងប្រធានាធិបតី​ថ្មី។ លោក អាស៊ីហ្វ អាលី ហ្សារដារី ស្វាមី​អតីត​នាយករដ្ឋមន្ត្រី​ភេទ​ស្រ្តី​ដំបូង​របស់​ប៉ាគីស្ថាន បាន​ត្រូវ​សភា​បោះឆ្នោត​ជ្រើស​តាំង​នៅថ្ងៃ​សៅរ៍ទី ៩​មីនា​នេះ ជា​ប្រធានាធិបតី​ប៉ាគីស្ថាន ជា​លើក​ទីពីរ។

ល្បី​ខាង​ពុក​រលួយ​ Asif Ali Zardari ក្លាយ​ជា​ប្រធានាធិបតីប៉ាគីស្ថាន​ជា​លើក​ទីពីរ
ល្បី​ខាង​ពុក​រលួយ​ Asif Ali Zardari ក្លាយ​ជា​ប្រធានាធិបតីប៉ាគីស្ថាន​ជា​លើក​ទីពីរ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ក្រសែ​ភ្នែក​សាធារណជន​ ​និង​សារព័ត៌មានប៉ាគីស្ថាន​ លោក​អាស៊ីហ្វ អាលី ហ្សារដារី ជាប្រមុខ​ដឹកនាំ​ដ៏​ពុក​រលួយធ្លាប់​ជាប់ពន្ធនាគារ​ដល់ទៅ​១១​ឆ្នាំ ​រហូត​មាន​រហ័សនាម​ថា​ “លោក​១០%” ព្រោះ​តែធ្លាប់​​ជាប់​ចោទ​​ស៊ី​​កុំមីស្យុង​ពីទីផ្សារ​រដ្ឋ​ កាល​នៅ​ជា​រដ្ឋមន្ត្រី​វិនិយោគនៃ​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកស្រី ប៊ូតូ ជា​ភរិយា​ ក្នុងទសវត្សរ៍​​ឆ្នាំ​១៩៩០។ តែសម្រាប់​មតិសាធារណៈ​មួយ​ក្រុម​ទៀត លោក ហ្សារដារី ​ជា​អ្នក​នយោបាយដ៏ប៉ិនប្រសព្វ​ដែល​ទទួល​ស្គាល់​ដោយ​គូប្រជែង​ផង គឺ​​សមត្ថភាពសម្រុះ​សម្រួល ចងសម្ព័ន្ធ និង​សមត្ថភាព​​អាចស្ទុះ​​ហក់​​ឡើង​វិញ​ក្នុង​ឆាក​នយោបាយ​។

លោក​ហ្សារដារី ធ្លាប់ជា​​​ប្រមុខ​រដ្ឋ​ប៉ាគីស្ថានស៊ីវិល​ទីមួយ​​ ពី​ឆ្នាំ​២០០៨ដល់​២០១៣។ ក្នុង​អាណត្តិទី​មួយ​​របស់លោក​ ប៉ាគីស្ថាន​បាន​រង​ភេរវកម្ម​មរណៈ​ជា​ច្រើន​របស់​ពួក​តាលីបង់ និងការ​កម្ចាត់​មេតាលីបង់ អ៊ូសាម៉ាបិនឡាដិន ព្រមទាំង​​​វិបត្តិ​ថាមពល​ដែល​បាន​ពន្យឺត​កំណើន​សេដ្ឋកិច្ច តែ​លោក​អាច​សម្រេច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផ្ទេរ​អំណាច​ប្រធានាធិបតីខ្លះទៅ​ឱ្យ​ប្រធាន​សភា​និង​ពង្រឹង​អំណាច​នាយករដ្ឋមន្ត្រី។

ថ្វីបើ​ជា​តួនាទី​ជា​កិត្តិយស​មែន​តែ​លោកប្រធានាធិបតី​ ​អាស៊ីហ្វ អាលី ហ្សារដារី នៅ​តែ​បន្ត​ទាញ​ខ្សែញាក់​ខាង​ក្រោយ​ឆាក និង​​រហូត​ទាល់​តែ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន​របស់​លោក​ណាវ៉ា ស្ហារីហ្វ បាន​ជោគជ័យ។

ថ្ងៃ​នេះ ក្នុង​វ័យ​៦៨​ឆ្នាំ លោក អាស៊ីហ្វ អាលី ហ្សារដារី បានក្លាយ​ជា​ប្រធានាធិបតី​ប៉ាគីស្ថាន ជា​លើកទីពីរ ដោយ​សារ​តែ​ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​និង​កូន​ប្រុស​ Bilawal Bhutto Zardari ជាមួយ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន​ជាគូប្រជែង ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​​នៅ​ប៉ាគីស្ថាន។ ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន បន្ទាប់​ពី​មាន​ការ​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​សភា​យ៉ាង​ចម្រូង​ចម្រាស​មក សភា​ប៉ាគីស្ថាន បាន​​បោះឆ្នោត​តែង​តាំង​លោក ស្ហេបា ស្ហារីហ្វ អាយុ​៧២​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី​។ ជាប្អូន​អតីត​នាយករដ្ឋមន្ត្រី​លោកណាវ៉ា ស្ហារីហ្វ  លោក ស្ហេបា ស្ហារីហ្វ ក៏​ធ្លាប់​ដឹកនាំរដ្ឋាភិបាល​ម្តង​កាលពី​ខែមេសា​២០២២ដល់​ខែ​សីហា​២០២៣។ ចំណែក​លោក អ៊ីរ៉ាន់​ខាន់ ដែល​មិន​អាច​ឈរ​ឈ្មោះ​បោះឆ្នោត បេក្ខជន​ឯករាជ្យ​របស់​បក្សជា​ច្រើន​បាន​ចូល​កាន់​អាសនៈនៅ​ក្នុង​​សភា​។ ប៉ុន្តែទោះ​គ្មាន​សង្ឃឹម​ឈ្នះ​ក៏​ដោយ ក៏​​គណបក្ស​នៅតែ​​បន្ត​ប្តឹងតវ៉ា​ទៅតុលាការ​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដ៏​សន្ធឹក​សន្ធាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ