អានតួអត្ថបទ
ប៉ាគីស្ថាន-វិបត្តិនយោបាយ

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​អ៊ីមរ៉ាន់​ខាន់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ទម្លាយ​ឯកសារ​សម្ងាត់

លោក អ៊ីមរ៉ាន់​ខាន់ អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ដែល​ជាប់​ក្នុង​ពន្ធនាគារ​តាំងពី​ខែ​សីហា​មកពី​បទ​ពុក​រលួយ​ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការថ្មី​មួយ​ទៀត​ នៅ​ថ្ងៃចន្ទទី ២៣​តុលា​២០២៣​នេះ ពី​បទ​ទម្លាយ​ឯកសារ​សម្ងាត់។ សំណុំ​រឿង​​ចោទ​ប្រកាន់​ថ្មី​នេះ​អាច​នឹង​នាំ​លោកអ៊ីមរ៉ាន់​ខាន់​ឱ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​​ច្រើនឆ្នាំណាស់។

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ខាន់ រងការ​ចោទប្រកាន់​ជាផ្លូវការ​ពីបទ​ទម្លាយ​ឯកសារ​សម្ងាត់
អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ខាន់ រងការ​ចោទប្រកាន់​ជាផ្លូវការ​ពីបទ​ទម្លាយ​ឯកសារ​សម្ងាត់ AP - K.M. Chaudary
ផ្សាយពាណិជ្ជកម្ម

​​បទ​ចោទ​ប្រកាន់ជា​ផ្លូវការ​លើ​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​អ៊ីមរ៉ាន់ខាន់​​ ពីបទ​ទម្លាយ​ឯកសារ​សម្ងាត់រដ្ឋ​ ត្រូវ​បានរដ្ឋអាជ្ញាShan khawar ​អាន​ប្រកាសដោយ​ក្តែងៗ​ ​នៅ​មុខ​ពន្ធនាគារ​Adiala ដែល​ឃុំ​ជនជាប់​ចោទ​តាំងពី​ខែសីហា​មកតែម្តង។ អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដែល​ជា​មនុស្ស​សំខាន់​ទីពីរ​របស់​បក្សP​akistan Tehreek-e-Insaf (PTI) បង្កើត​ឡើង​ដោយ​លោក​អ៊ីមរ៉ាន់​ខាន់​ផ្ទាល់​ ក៏​រង​ការ​ចោទ​ប្រកាន់​​ជា​ផ្លូវការ​ក្នុង​សំណុំ​រឿង​តែមួយ​នេះ​ដូច​គ្នា។

សំណុំ​រឿង​ចោទ​ប្រកាន់​នេះ​មាន​ពាក់​ព័ន្ធ​នឹង​បណ្តាញទូត​របស់​ឯកអគ្គរដ្ឋ​ទូត​ប៉ាគីស្ថាន​ប្រចាំ​សហរដ្ឋអាមេរិកដែល​ លោក​អ៊ីមរ៉ាន់​ខាន់​ ចាត់ទុក​​ជា​ភស្តុតាង​នៃ​ការ​រៀប​ចំ​ផែនការ​ក្បត់ជាមួយ​ក្រុមយោធា​ប៉ាគីស្ថាន​ ដើម្បី​​ប្រឆាំង​នឹង​រូប​លោក​។ សហរដ្ឋ​អាមេរិក​និង​យោធា​ប៉ាគីស្ថាន​​បាន​ច្រាន​ចោល​អំណះ​អំណាង​នេះ។

ជាមួយ​បទ​ចោទប្រកាន់​ស្តីពី​ការ​ទម្លាយ​ឯកសារ​សម្ងាត់​ផ្លូវការ​ លោក​អ៊ីមរ៉ាន់​ខាន់​អាច​នឹង​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​​១៤​ឆ្នាំ ហើយ​អាច​មាន​ទោស​ធ្ងន់ធ្ងរបំផុត​​រហូត​ដល់​ប្រហារ​ជីវិត​ផង។​ នេះ​បើ​តាម​មេធាវី​ផ្ទាល់​របស់​លោក​អ៊ីមរ៉ាន់​ខាន់។ អ្នក​នាំពាក្យ​គណបក្ស​PTI បាន​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​នេះ ដោយ​យល់​ថា​តុលាការ​ប្រើ​ច្បាប់​ស្តី​ពី​កិច្ចការ​សម្ងាត់​ផ្លូវការ​ ដ៏ចាស់​គំរិល​សល់​តាំងពី​សម័យ​អាណនិគម ហើយ​ដំណើរបែប​បទ​បាន​​ប្រព្រឹត្ត​ទៅនៅ​តុលាការ​មូលដ្ឋាន​ដោយ​បិទ​ទ្វារ គ្មាន​សាធារណជន​និង​គ្មាន​អ្នក​សារព័ត៌មាន​ដឹង​ឮ​សោះ។

អតីត​ជើងឯក​កីឡា​Cricket ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៨ លោក​អ៊ីមរ៉ាន់​ខាន់មាន​ប្រជាប្រិយភាព​យ៉ាង​​ធំធេងក្នុង​ចំណោម​​ប្រជាពលរដ្ឋ​ ប៉ុន្តែ​តាំងពី​ខ្ទាត​ចេញ​​ពី​តំណែង​ដោយ​ញាត្តចាប់​ថ្នាក់នៅ​ខែ​មេសា​២០២២​មក លោក​ត្រូវ​ជាប់ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ប្រមាណ​២០០​ករណី។ សម្រាប់​​អ្នក​វិភាគក៏ដូច​ជា​សាមី​ជន​ផ្ទាល់ សំណុំ​រឿង​ចោទប្រកាន់​ទាំងអស់​នោះ​មាន​លក្ខណៈ​នយោបាយ​ រារាំង​មិន​ឱ្យ​លោកអ៊ីមរ៉ាន់​ខាន់អាច​មាន​លទ្ធភាព​​ដោះ​ខ្លួនទៅ​ចូល​រួម​បោះឆ្នោត​បាន​។ កាលពីចុង​​ខែ​​សីហា​ តុលាការ​អ៊ីស្លាម៉ាបាដ​ បានព្យួរ​​ទោស​​​ជាប់​ពន្ធនាគារ​បី​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ប៉ុន្តែ​លោក​អ៊ីមរ៉ាន់​ខាន់​ត្រូវ​បន្ត​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​ក្នុង​សំណុំ​រឿង​ជាប់សង្ស័យ​ទម្លាយ​ឯកសារ​សម្ងាត់​រដ្ឋ។

ក្រោយ​ពី​លើក​ពេល​ម្តង​ជា​ពីរ​ដង ការ​បោះឆ្នោត​សភានឹង​​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​​ខែមករា​២០២៤​ខាង​មុខ។ ​បច្ចុប្បន្ន​ប៉ាគីស្ថាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន ដែល​បណ្តុំ​ឡើង​ដោយ​ក្រុម​យោធា។ ជោគ​វាសនា​របស់ប្រមុខ​ដឹកនាំ​ប៉ាគីស្ថាន​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ទំនាក់​ទំនង​ជាមួយ​ក្រុម​យោធា​​ និង​តុលាការ។ ជាក់ស្តែង​អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក ណាវ៉ា ស្ហារីហ្វ​ គូប្រជែង​ដ៏​ចម្បង​របស់​លោក​អ៊ីនរ៉ាន់ខាន់ ទើប​ត្រលប់​ចូល​ស្រុក​វិញ​កាលពី​ថ្ងៃ​សៅរ៍​ទី ២១​តុលា​២០២៣ បន្ទាប់​ពី​និរទេស​ខ្លួន​អស់​៤​ឆ្នាំ​ និង​ក្រោយ​ពី​តុលាការ​សម្រេច​​ផ្តល់​សេរីភាព​ដោយ​មាន​លក្ខខណ្ឌ​ពី​ទោស​ជាប់ឃុំ​៧​ឆ្នាំ​ដោយ​អំពើ​ពុក​រលួយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ