អានតួអត្ថបទ
អាល្លឺម៉ង់-អាមេរិក

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ទៅ​អាមេរិក ដើម្បីជំរុញការបង្កើន​ជំនួយ​យោធា​ដល់​​​អ៊ុយក្រែន

លោក អូឡាហ្វ ស្ហុលស៍ បាន​អញ្ជើញ​ទៅដល់សហរដ្ឋ​អាមេរិក​ ​ជា​លើក​ទី​បី​នៅ​ គិត​ចាប់​តាំងពី​លោក​បានក្លាយ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់មក។ លោក​ ស្ហុលស៍​ ត្រូវ​មាន​ជំនួប​ជាមួយ​លោកប្រធានាធិបតី​អាមេរិក​ចូ បៃ​ដិន នៅថ្ងៃសុក្រ​ទី​៩​កុម្ភៈ​នេះ ដើម្បីបញ្ជាក់​​អំពី​ភាព​បន្ទាន់​នៃ​ការ​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។ ក្នុង​ខណៈ​នេះ សភា​ខុនហ្កេសអាមេរិក​​​កំពុងជាប់គាំងយ៉ាង​ខ្លាំង​ជុំ​វិញ​ការ​អនុម័ត​កញ្ចប់​ថវិកា​ថ្មី​សម្រាប់​អ៊ុយក្រែន។

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ទៅ​អាមេរិក ដើម្បីបញ្ជាក់​អំពីភាព​បន្ទាន់នៃការបង្កើន​ជំនួយ​យោធា​ដល់​​​អ៊ុយក្រែន​
ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ទៅ​អាមេរិក ដើម្បីបញ្ជាក់​អំពីភាព​បន្ទាន់នៃការបង្កើន​ជំនួយ​យោធា​ដល់​​​អ៊ុយក្រែន​ AP - Michael Kappeler
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​​ផ្តើម​ទស្សនកិច្ច​ ដោយ​ជួប​ជជែក​ជាមួយ​សមាជិក​សភា​អាមេរិកទាំង​ឡាយ​រាប់​ទាំង​តំណាង​សភា​នៃ​បក្ស​សាធារណរដ្ឋ​ផង​ ក្នុង​ឱកាស​ទទួល​ទានអាហារ​ពេល​ល្ងាច​នៅ​វ៉ាស៊ីនតោន។ ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​វិល​ជុំ​វិញ​តែ​សំណុំ​រឿង​អ៊ុយក្រែន និង​កិច្ចខិតខំប្រឹង​ប្រែង​របស់​ក្រុមបស្ចិម​លោក​ចំពោះ​អ៊ុយក្រែន។ បន្ទាប់​មក លោក​អូឡាហ្វ ស្ហុលស៍ នឹង​ចូល​ជួប​លោក​ចូ បៃដិន នៅថ្ងៃសុក្រ​វេលា១៤​និង​៤៥​នាទី ម៉ោង​នៅវ៉ាស៊ីនតោន។

តាំងពី​មុន​ចេញ​ដំណើរ លោកអូឡាហ្វ ស្ហុលស៍​ បាន​បញ្ជាក់​ជំហរ​​​និង​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​និងសហរដ្ឋ​អាមេរិក​ ប្រឹង​ប្រែង​បន្ថែម​ទៀតក្នុង​ការ​ផ្តល់​ជំនួយ​យោធា​ដល់​​អ៊ុយក្រែន​ ព្រោះ​ទង្វើ​និង​ជំនួយ​​កន្លង​មក មិន​គ្រប់​គ្រាន់​ទេ។ អឺរ៉ុប​និង​អាមេរិក​ត្រូវ​ប្រឹង​ឱ្យ​អស់​ពីលទ្ធភាព​ក្នុង​រារាំង​រុស្ស៊ី​កុំ​ឱ្យ​ឈ្នះ​សង្គ្រាម​លើ​អ៊ុយក្រែន បើ​ពុំ​នោះ​ទេ​ពិភពលោក​អាច​នឹង​ជួប​អស្ថិរភាព​ រងការ​គំរាមកំហែង និង​ពិបាក​ស្មាន​កាន់​តែ​ខ្លាំង ជាង​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ទៅទៀត។ នេះ​ជា​ប្រសាសន៍​របស់​លោក អូឡាហ្វ​ ស្ហុលស៍ដដែល។

នេះ​ជា​ជំនួប​ទ្វេភាគី ស្ហុលស៍-បៃដិន ​លើក​ទីបី ដែល​​​ប្រព្រឹត្ត​ទៅក្នុង​ខណៈ​ដែល​លោក​ចូបៃដិន កំពុង​ធ្វើ​យុទ្ធនាការ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​អាណត្តិទីពីរផង និង​កំពុង​ចរចាតាំងពី​ជា​ច្រើន​ខែ​​ជាមួយ​​បក្ស​ប្រឆាំង​សាធារណរដ្ឋ​​លើ​គម្រោង​ថវិកា​ដែល​មានកញ្ចប់​​ជំនួយ​យោធា​ប្រមាណ​៦០ពាន់​លាន​ដុល្លារ​សម្រាប់អ៊ុយក្រែន​ផង។ គម្រោង​ថវិកា​ត្រូវ​ជាប់​គាំង​អស់​ជា​ច្រើន​ខែ​ ដោយ​ព្រឹទ្ធសភា​អាមេរិកទើប​​ព្រម​សិក្សា​​សំណើ​របស់​រដ្ឋាភិបាល​ ប៉ុន្តែមិន​ប្រាកដ​​ព្រម​អនុម័ត​​ទេ។ ម្យ៉ាង​ទៀត គេ​មិន​អាច​ច្រាន​ចោល​សេណារីយ៉ូ​​លោក​ដូណាល់​ត្រាំ​ ឈ្នះ​ឆ្នោត​នៅ​ថ្ងៃទី​៥​វិច្ឆិកា​២០២៤​ ​​ត្រលប់​មក​កាន់អំណាច​វិញបាន​ទេ។ នៅ​ក្រៅ​​អាណត្តិ​ផង លោក​អតីត​ប្រធានាធិបតី​អាមេរិក អាច​ពង្វក់​បង្វិល​ក្រុម​សភា​ខុនហ្កេស​ឱ្យ​រារាំង​កញ្ចប់​ថវិកា​សម្រាប់​ជួយ​អ៊ុយក្រែនបាន។

ក្នុង​នាម​ជា​​ជើង​ឯក​ផ្នែក​ជួយ​អ៊ុយក្រែន ដោយ​បាន​បង្កើនកញ្ចប់​ថវិកា​ជំនួយ​យោធា​ទ្វេដង​ ពោលគឺឡើង​ដល់​ជាង​៧ពាន់​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំនេះ តែ​អាល្លឺម៉ង់​ម្នាក់ឯង​ទ្រទ្រង់មិន​​រួច​ទេ។ ហេតុ​ដូច្នេះ​ហើយ​ទើបប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បន្ត​ជំរុញ​ឥត​ឈប់​ឱ្យ​ដៃគូ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ ​បង្កើន​ការ​គាំទ្រ​ដល់​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ