អានតួអត្ថបទ
ឈីលី-ព្រៃឆេះព្រៃ

ភ្លើងឆេះព្រៃនៅ​អាមេរិកខាងត្បូងកំពុងបំផ្លិចបំផ្លាញព្រៃដែលជាសួតរបស់ផែនដី

នៅប្រទេស​ឈីលី ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅបានរាលដាល​ចូលដល់​តំបន់ក្រុង​នៅភាគកណ្តាល​ ដោយ​បានសម្លាប់មនុស្សយ៉ាងតិច ៥១នាក់។ អាជ្ញាធរ​ឈីលីបារម្ភខ្លាចថា តួលេខ​ជនរងគ្រោះ​ស្លាប់​នៅក្នុងអគ្គិភ័យអាច​ច្រើនជាងនេះ ព្រោះថា ភ្លើងឆេះព្រៃ​កំពុងបោះពួយចូល​ដល់​តំបន់​Valparaiso ដែលមានប្រជាជនរស់នៅជិត​១លាននាក់។ នៅថ្ងៃអាទិត្យ ក្រុមជួយសង្រ្គោះឈីលីនៅ​សស្រាក់សស្រាំ​ពន្លត់ភ្លើងឆេះព្រៃដែលគំរាមកំហែង​ទាំងជីវិតមនុស្ស និង​ផ្ទះសម្បែងក្នុងក្រុង។ 

ប្រជាជននៅក្រុង​ Valparaiso ព្យាយាម​រុញរថយន្ត​ចេញពី​កន្លែងរស់នៅ​ដែលកំពុង​ត្រូវ​ភ្លើងឆេះព្រៃ​លេបត្របាក់​នៅ ប្រទេស​ឈីលី នៅថ្ងៃទី​២​មករា ២០២៤
ប្រជាជននៅក្រុង​ Valparaiso ព្យាយាម​រុញរថយន្ត​ចេញពី​កន្លែងរស់នៅ​ដែលកំពុង​ត្រូវ​ភ្លើងឆេះព្រៃ​លេបត្របាក់​នៅ ប្រទេស​ឈីលី នៅថ្ងៃទី​២​មករា ២០២៤ AP - Andres Pina
ផ្សាយពាណិជ្ជកម្ម

នៅឈីលី ភ្លើងឆេះព្រៃកាន់តែសន្ធោសន្ធៅ ឆេះរាលដាល​នៅទូទាំងប្រទេស។ នៅថ្ងៃអាទិត្យ​ ភ្លើងឆេះព្រៃ​នៅភាគកណ្តាលប្រទេស​បានឆេះរាលដាល​ចូលដល់​តំបន់​ក្រុង​ និង​សម្លាប់មនុស្ស​យ៉ាងតិច​៥១នាក់។ អាជ្ញាធរឈីលី​ព្រមានថាចំនួនជនរងគ្រោះ​ស្លាប់​ដោយសារភ្លើងឆេះព្រៃ​អាច​ច្រើនជាង​នេះ ព្រោះថា នៅមាន​កន្លែងឆេះជាច្រើនកន្លែងទៀត ដែល​ភ្នាក់ងារមិនទាន់អាច​ពន្លត់បានទាំងស្រុង។

ប្រឈម​នឹង​គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដោយសារ​អាកាសធាតុស្ងួត ក្តៅខ្លាំងរហូត​ដល់​៤០​អង្សារ ប្រធានាធិបតី​ឈីលី លោក​ ហ្កាប្រីយ៉ែល បូរីក​បានចេញក្រឹត្យ​ប្រកាស​អាសន្ន​នៅភាគកណ្តាល​ និង​ខាងត្បូង​ប្រទេស​ឈីលី។ នៅយប់ថ្ងៃ​សៅរ៍ រដ្ឋាភិបាលឈីលី​​ប្រកាសជម្លៀសប្រជាជន​ និង​ដាក់​បម្រាមគោចរ​ដើម្បីសម្រួល​ការដឹកជញ្ជូន​ជំនួយបន្ទាន់ ជាពិសេស ប្រេង​ទៅកាន់កន្លែង​ដែលរងប៉ះពាល់ដោយ​គ្រោះមហន្តរាយ។

គិត​រហូតមកដល់​ព្រឹកថ្ងៃសៅរ៍ ក្រសួងមហាផ្ទៃឈីលី​រាប់ឃើញ​មានភ្លើងឆេះព្រៃ​ប្រមាណ ៩២​កន្លែងនៅទូទាំងប្រទេស ដែលបាន​ដុតបំផ្លាញ​ព្រៃជាង​៤៣០០០​ហិចតា។ នៅក្នុង​ចំណោម​ភ្លើងឆេះព្រៃ​៩២កន្លែង ភ្នាក់ងារពន្លត់អគ្គិភ័យ​គ្រប់គ្រងបាន​៤០កន្លែង និង​កំពុង​ជាប់ដៃពន្លត់ភ្លើង​នៅ​២៩កន្លែងផ្សេងទៀត។

អ្វីដែលធ្វើ​ឲ្យអាជ្ញាធរ​ឈីលីព្រួយបារម្ភជាងគេ គឺ​ភ្លើងឆេះព្រៃ​មួយចំនួន​ដែល​ឆេះរាលដាលសំដៅ​តំបន់​ក្រុង គំរាមកំហែង​ជីវិតមនុស្ស ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ។

ភ្លើងឆេះព្រៃ​រមែងកើតមាននៅ​ឈីលី ជាពិសេស​នៅ​រដូវក្តៅ។ បើប្រៀបធៀប​ភ្លើងឆេះព្រៃ​នៅ ឆ្នាំមុន នៅពេល​ឈីលីជួប​រលកកំដៅ​ខ្លាំង​រហូត​សម្លាប់មនុស្ស​២៧នាក់ និង​ដុតបំផ្លាញព្រៃ​ជាង ៤សែនហិចតា ដីព្រៃដុតបំផ្លាញ​នៅក្នុង​ភ្លើងឆេះព្រៃ​លើកនេះ នៅមាន​​ទំហំតិចតួចនៅឡើយ។ ប៉ុន្តែ អាជ្ញាធរ​ឈីលី ​បារម្ភខ្លាចថា ជាមួយ​​អាកាសធាតុ​ក្តៅស្ងួតខ្លាំង និង​រលកកំដៅជាបន្តបន្ទាប់ ភ្លើងឆេះព្រៃអាចរាលដាលបោះពួយក្នុងល្បឿនមួយលឿន និងឆេះងំខ្លាំងមិនងាយរលត់។ អ្នកវិទ្យាសាស្រ្ត​ធ្លាប់ព្រមានថា គ្រោះមហន្តរាយភ្លើងឆេះនឹង​បន្តអូសបន្លាយយូរ ព្រោះថា ភាគខាងត្បូង​អាមេរិកកំពុងជួប​​បាតុភូតអែលនីញ៉ូ​ដែលនឹង​ញ៉ាំងឲ្យ​​​តំបន់ងាយនឹង​ជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ ដូចជា​រលកកំដៅ និង​ភ្លើងឆេះព្រៃ។ នៅ​តំបន់​ខាងត្បូងអាមេរិក មិនមែនមានតែ​ឈីលីមួយដែល​កំពុង​រងគ្រោះដោយសារ​ភ្លើងឆេះព្រៃ កូឡុំប៊ី​ធ្លាប់​បាន​ទទូចសុំ​ជំនួយ​អន្តរជាតិ​បន្ទាប់ពី​ប្រទេស​មួយតស៊ូពន្លត់ភ្លើងឆេះព្រៃ ដូច​ប៉ារ៉ាហ្កាយ និង​ប្រេស៊ីល។​ នៅ​អាហ្សង់ទីនឯណោះវិញ តាំង​ពី​ថ្ងៃទី​២៥​មករា ភ្នាក់ងារពន្លត់អគ្គិភ័យ​បន្ត​​​ព្យាយាម​ពន្លត់ភ្លើងដែល​ឆេះបំផ្លាញដីព្រៃជាង​៣០០០ហិចតា នៅក្នុង​ឧទ្យានជាតិ Los Alerces ដែល​ល្បីល្បាញខាងសម្រស់ធម្មជាតិ និង​ជីវចម្រុះ៕​​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ