អានតួអត្ថបទ
កាណាដា-បច្ចេកវិទ្យា

កាណាដានឹងបញ្ឈប់រាល់ការផ្តល់ថវិកា លើការសិក្សាស្រាវជ្រាវណា ដែលប៉ះពាល់មកលើសន្តិសុខជាតិ

រដ្ឋាភិបាលកាណាដា បានប្រកាសព័ត៌មានថា ចាប់ពីពេលនេះទៅ គេនឹងកាត់បន្ថយ ឬ​បញ្ឈប់ទាំងស្រុង នូវការ​ផ្ដល់​ជំនួយថវិកា ដល់ផ្នែកសិក្សា​ស្រាវជ្រាវណា ដែល​មាន​លក្ខណៈរសើបខ្លាំង ហើយ​ដែលអាចប៉ះពាល់ មកដល់​សន្តិសុខជាតិរបស់កាណាដា។ ជាការសិក្សាស្រាវជ្រាវ​នៅតាមសកលវិទ្យាល័យ ដែលសហការជាមួយ​ស្ថាប័ន​បរទេសមួយចំនួន ជាក់ស្តែង ដូ​ចជា​នៅចិន រុស្ស៊ី ឬនៅ​អ៊ីរ៉ង់ជាដើម​។

និស្សិតម្នាក់​ដើរកាត់ខាងមុខ​ សកលវិទ្យាតូរ៉ុនតូ St. George campus ថ្ងៃទី​២៦ កញ្ញា ២០២៣
និស្សិតម្នាក់​ដើរកាត់ខាងមុខ​ សកលវិទ្យាតូរ៉ុនតូ St. George campus ថ្ងៃទី​២៦ កញ្ញា ២០២៣ REUTERS - WA LONE
ផ្សាយពាណិជ្ជកម្ម

កាណាដាបានចេញលិខិតប្រកាសព័ត៌មាន នៅថ្ងៃ​ទី១៧មករា​ ដោយ​បានរាយមុខជំនាញសិក្សាស្រាវជ្រាវ ​ចំនួន​១១មុខ ដែលមានសារៈសំខាន់ខ្ពស់ដល់សន្តិសុខជាតិកាណាដា។ ក្នុងនោះមានដូចជា ការស្រាវជ្រាវផ្នែកបច្ចេកវិទ្យា​សន្តិសុខព័ត៌មានវិទ្យា ផ្នែក​រក្សាស្តុកទុក​ទិន្នន័យ ផ្នែកអាវុធ​ទំនើប​ ផ្នែក​គ្រឿងយន្តទំនើប ផ្នែកវិទ្យាសាស្ត្ររូបវិទ្យា​ ផ្នែកបច្ចេកវិទ្យាសរីរាង្គ និងជំនាញផលិត​ធាតុ​ផ្សំ​សំខាន់ៗ ដូចជា​លីចូមជាដើម​។

នៅក្នុងលិខិតប្រកាស លោក François Philippe Champagne រដ្ឋមន្ត្រី​ក្រសួង​ស្រាវជ្រាវវិទ្យាសាស្ត្រ​និង​ឧស្សាហកម្ម​​កាណាដា បានលើកឡើងថា វិស័យ​សិក្សាស្រាវជ្រាវរបស់កាណាដា បានចូលរួម​យ៉ាងសកម្ម​និងឈានមុខគេ ក្នុងរបកគំហើញថ្មីៗជាច្រើន​ ក្នុងពិភពលោក​។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ វិស័យសិក្សាស្រាវជ្រាវកាណាដា ក៏បានក្លាយជាផ្ទាំងស៊ីប​នៃ​ការប្រើប្រាស់ឥទ្ធិពលពីបរទេសផងដែរ​។ ដូច្នេះប្រសិនបើវិស័យនេះ ទទួលបាននូវការអនុ​ញ្ញាតដោយ​ធូររលុងឬដោយ​ខុសច្បាប់ គឺវានឹងបង្កើតហានិភ័យដល់សន្តិសុខជាតិ​។

រដ្ឋាភិបាលកាណាដា បាន​បង្ហាញ​បញ្ជីរាយឈ្មោះ​ស្ថាប័ន​​ ចំនួន​១០៣ ក្នុងនោះមាន​សកលវិទ្យាល័យបរទេស  ដែល​ភាគច្រើននៅចិន ជាង១០នៅអ៊ីរ៉ង់ និងមួយចំនួន​ទៀតនៅ​រុស្ស៊ី។ ចាប់ពីត្រីមាសទី​២ឆ្នាំ​២០២៤ កាណាដា និង​បដិសេធមិន​ផ្តល់កញ្ចប់ថវិកា ឬអាហារូបករណ៍ទៅឲ្យ​អ្នកស្រាវជ្រាវកាណាដាណាទៀតហើយ ប្រសិន​បើការស្រាវជ្រាវមានជាប់ពាក់ព័ន្ធជាមួយស្ថាប័ន​ដែលទាំង​១០៣ក្នុងបញ្ជី។

គួរកត់សំគាល់ថា គោលនយោបាយថ្មី​របស់កាណាដានេះ អាចនឹងប៉ះពាល់ទៅលើ ការសុំ​ថវិកាស្រាវជ្រាវអ្នកស្រាវជ្រាវរាប់ពាន់នាក់ នៅតាមសកលវិទ្យាល័យ និង​ស្ថាប័ន​ស្រាវជ្រាវនានា​នៅកាណាដា ជាក់ស្តែងដូចជានៅ​ វិទ្យាស្ថានស្រាវជ្រាវសុខភាពកាណាដា ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ និង​ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គម​ជាដើម។​

នៅថ្ងៃពុធទី​១៧មករា ស្ថានទូតចិន​ប្រចាំនៅ​ក្រុងអូតាវ៉ា បាន​ប្រតិកម្មភ្លាមៗដោយបានអះអាងថា រដ្ឋាភិបាល​ចិន​​សូម​ប្រឆាំងដាច់ខាត​ ចំពោះវិធានការរឹតបន្តឹងនេះ។ ចិនបានអះអាងថា ភាគីកាណាដា បានលើកឡើងពីហានិភ័យដល់សន្តិសុខជាតិដែលមិនសមហេតុសមផល ដែលវា​គ្រាន់​តែជាលេស ដើម្បីធ្វើឲ្យ​​ចំណងសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យាដ៏សាមញ្ញ ​ក្លាយទៅជារឿងនយោបាយ តែប៉ុណ្ណោះ។

លិខិតរបស់ស្ថានទូតចិនបន្តថា ចិនសូមអំពាវនាវឲ្យ​កាណាដា ឈប់ប្រើប្រាស់វិធីបែបនេះ មកត្រួតត្រា តាមដាន ឬរឹតត្បិត​មកលើបណ្តាសកលវិទ្យាល័យរបស់ចិន ព្រោះថាធ្វើបែបនេះ គឺវាធ្វើបែបតែ​កាណាដាខ្លួនឯងទៅវិញទេ។ កាណាដាគួរណាតែ ងាកមក​បង្កើតឲ្យ​មានបរិយាកាស​ល្អ ក្នុងវិស័យសហប្រតិបត្តិការវិទ្យាសាស្ត្រ អន្តរជាតិ ប្រកបដោយភាពសេរី និង​បើកចំហ។

គួររំលឹកថា កាលពីដើមឆ្នាំ​២០២៣ បណ្តាញព័ត៌មានកាណាដា បានចុះផ្សាយព័ត៌មាន ស្តីអំពី ការសហការ​រវាង​ ​អ្នកស្រាវជ្រាវ​ នៅតាមសកលវិទ្យាល័យ​ចំនួន​៥០របស់កាណាដា ដែលទំនងជាបានបោះពុម្ពផ្សាយ​ នូវ​លទ្ធផល​ស្រាវជ្រាវ​របស់ខ្លួន ជាមួយ​នឹង​អ្នកវិទ្យាសាស្ត្រចិន ដែល​​ពាក់ព័ន្ធជាមួយ​កងទ័ពចិន​ រវាងពីឆ្នាំ​២០០៥ដល់​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ