អានតួអត្ថបទ
អាមេរិក-អាកាសចរណ៍

យន្តហោះBoeing 737 Max 9 ៖ ក្រុមស៊ើបអង្កេតរកឃើញមាន “ខ្ចៅរលុង” នៅលើទ្វារយន្តហោះ

បន្ទាប់ពី​មានករណី​យន្តហោះ​ Boeing 737 Max 9 មួយគ្រឿង បានរបើកទ្វារ ​ពេលកំពុងហោះលើមេឃ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ អាជ្ញាធរអាកាសចរណ៍​ស៊ីវីល​សហរដ្ឋអាមេរិក បានតម្រូវឲ្យ​​ក្រុមហ៊ុនអាកាសចរណ៍​ទាំងអស់ ត្រូវ​​ស៊ើបអង្កេត ពិនិត្យសុវត្ថិភាព​​​យន្តហោះប្រភេទនេះទាំងអស់​។ ឆ្លងកាត់ការពិនិត្យប៉ុន្មានថ្ងៃមកនេះ ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines និង​ United Airlines បាន​អះអាងថា គេបានរកឃើញ “ខ្ចៅរលុង”​ នៅត្រង់ចំណុចទ្វារ ដូចគ្នាទៅនឹង​ទ្វារយន្តហោះ​ដែលបានរបើកដាច់ កាលពីថ្ងៃសុក្រ​។

រូបថត​ផ្សាយដោយ National Transportation Safety Board (NTSB) បង្ហាញឲ្យឃើញប្រហោងត្រង់ចំណុច​​ទ្វារយន្តហោះ 737 Max​ ដែល​បានរបើកប៉ើងដាច់ជ្រុះដី របស់​ក្រុមហ៊ុន​ Alaska Airlines ។ ព្រលានយន្តហោះ Portland ថ្ងៃទី​៧មករា ២០២៤
រូបថត​ផ្សាយដោយ National Transportation Safety Board (NTSB) បង្ហាញឲ្យឃើញប្រហោងត្រង់ចំណុច​​ទ្វារយន្តហោះ 737 Max​ ដែល​បានរបើកប៉ើងដាច់ជ្រុះដី របស់​ក្រុមហ៊ុន​ Alaska Airlines ។ ព្រលានយន្តហោះ Portland ថ្ងៃទី​៧មករា ២០២៤ AP
ផ្សាយពាណិជ្ជកម្ម

នៅសហរដ្ឋអាមេរិក យន្តហោះ Boeing ប្រភេទ 737 Max 9 ចំនួន១៧១គ្រឿង ត្រូវចតនៅដី មិនអាចហោះដំណើរការបានទេក្នុងពេលនេះ ដោយត្រូវ​រងចាំការត្រួតពិនិត្យ ពីក្រុមជំនាញសុវត្ថិភាព​​។ ក្រុមហ៊ុន United Airlines ដែល​ប្រើប្រាស់​យន្តហោះ​ប្រភេទនេះ ចំនួន៧៩គ្រឿង​ បានឲ្យដឹងថា គេបានរកឃើញ “ខ្ចៅរលុង” នៅត្រង់ចំណុចទ្វារយន្តហោះ ដូចគ្នាទៅនឹងទ្វារយន្តហោះរបស់ ក្រុមហ៊ុន​ Alaska Airlines ដែលបានរបើកដាច់ជ្រុះទៅដី ក្នុងពេល​កំពុងហោះ កាលពីថ្ងៃសុក្រ​។ ដូចគ្នាដែរ ក្រុមហ៊ុន Alaska Airlines បាន​ប្រកាសដំណឹងថា ខ្លួន​ក៏បាន​រកឃើញ​ បញ្ហា “ខ្ចៅរលុង” នៅលើយន្តហោះប្រភេទនេះខ្លះទៀត ​របស់ខ្លួន​ដែរ បន្ទាប់ពីបានត្រួតពិនិត្យ ​ក្រោយ​កើតឧបទ្ទវហេតុ។

ចំណែកទីភ្នាក់ងារសន្តិសុខ​ដឹកជញ្ជូនអាមេរិក (NTSB) វិញ បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទទី​៨មករា គឺគេមិនទាន់រកឃើញ គ្រាប់ខ្ចៅយន្តហោះ ក្នុងចំណោម​បំណែកដែល​បាន​របើកប៉ើង ដាច់ពីយន្តហោះរបស់ Alaska Airlines ឡើយ​។ លោកស្រី Jennifer Hemendy អគ្គនាយកទីភ្នាក់ងារសន្តិសុខ​ដឹកជញ្ជូនអាមេរិក មិន​បានប្រតិកម្មអ្វី ទៅនឹងដំណឹង​ប្រកាស​របស់​ Alaska Airlines និង​ United Airlines ទេ។ លោកស្រីបានត្រឹមអះអាងថា សម្រាប់ពេល​នេះ ការស៊ើបអង្កេតកំពុងផ្តោតលើករណី​ឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីថ្ងៃសុក្រ ហើយ​បើត្រូវ​​មានវិធាន​ការ​បន្ទាន់ផ្នែកសុវត្ថិភាពត្រូវសម្រេច គឺអាជ្ញាធរលោកស្រី​​នឹងសម្រេចភ្លាម​ៗ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃសុក្រទី​៥មករា យន្តហោះ​Boeing ប្រភេទ 737 Max 9 របស់​ក្រុមហ៊ុន​ Alaska Airlines ដែលហោះចេញពីទីក្រុង Portland បាន​របើក​ប៉ើងដាច់ទ្វារមួយ នៅខាងឆ្វេងយន្តហោះ ក្នុងពេល​ដែលយន្តហោះនេះ ហោះបានកំពស់​៤គីឡូម៉ែត្រ។ ជាសំណាងល្អ យន្តហោះបានហោះចុះវិញជាបន្ទាន់​ មិនបណ្តាល​ឲ្យមានគ្រោះថា្នក់ដល់ជីវិត​មនុស្សទេ។ ចំណែកទ្វារយន្តហោះដែលបានរបើក ត្រូវបាន​គេប្រទះឃើញជ្រុះនៅក្នុង​សួនច្បារ ផ្ទះប្រជាជនម្នាក់នៅក្រុងPortland។

ក្រុមហ៊ុនBoeing បានអះអាងថា ខ្លួនកំពុងតែទាក់ទងជាប់ជាប្រចាំ ជាមួយអាជ្ញាធរ ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ នៅក្នុង​ការ​ត្រួតពិនិត្យតាមដានសុវត្ថិភាពនៃយន្តហោះ ​ Boeing 737 Max 9​។ Boeing អះអាងថា ខ្លួនសន្យាគោរព និងធានា ចំពោះលក្ខខណ្ឌសុវត្ថិភាពដ៏​ខ្ពស់បំផុត​។

គួរកត់សំគាល់ថា ក្រោយ​ហេតុការណ៍របើកទ្វារយន្តហោះនេះ គឺយ៉ាងហោចជើងហោះហើរ ដែលប្រើយន្តហោះ Boeing 737 Max 9​ ចំនួន​១០០០ជើង ត្រូវបាន​លុបចោល  បើគិតចាប់ពីថ្ងៃសៅរ៍មក។ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ថ្លៃចំនួន ៨,០៣%នៅ Wall Street។ លោក Richard Aboulafia នាយក AeroDynamic Advisory បានលើកឡើងថា​ ថ្នាក់ដឹកនាំក្រុមហ៊ុន Boeing គួរតែដល់ពេល​បើកភ្នែក ធ្វើការផ្លាស់ប្តូរឲ្យ​បាន​​​រួសរាន់ឡើង ទាក់ទិននឹងសុវត្ថិភាពគួរ​ឲ្យទុកចិត្ត របស់យន្តហោះខ្លួន​។

សូមបញ្ជាក់ថា គិតត្រឹម​ចុងខែធ្នូ Boeing បានទទួលការបញ្ជាទិញយន្តហោះ Boeing 737 Max ចំនួន​៤០០០គ្រឿង ដែលក្នុងនោះ មាន​​ ១៣៧០គ្រឿង ដែលត្រូវបាន​ប្រគល់​ទៅឲ្យ​អតិថិជនរួចរាល់។ ហើយ​ផ្អែកតាម​ទីភ្នាក់ងារអាកាសចរណ៍ស៊ីវីលអាមេរិក គឺគេធ្លាប់បាន​ប្រទះឃើញ ករណី “ខ្ចៅមួលមិនតឹងណែនល្អ” នៅលើយន្តហោះប្រភេទនេះ ដែល​ Boeing មិនទាន់​ប្រគល់ទៅឲ្យអតិថិជន។

​គួរ​រំលឹក​ដែរថា​​ នេះមិនមែនជាលើកទី១ទេ ដែលយន្តហោះ​របស់ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាពបែបនេះ។​ កាលពីខែ​ធ្នូ Boeing បានប្រាប់ទៅអតិថិជនខ្លួន ឲ្យ​ពិនិត្យ​មើល​ឡើងវិញ នូវ​ប្រព័ន្ធគ្រប់គ្រង​ចង្កូតយន្តហោះ Boeing 737 Max 9។ ហើយ​គឺយន្តហោះប្រភេទនេះឯង ដែលបានធ្លាក់​២ដងផ្ទួនៗគ្នា មួយនៅខែ​តុលា ឆ្នាំ​២០១៨ នៅឥណ្ឌូណេស៊ី មួយទៀតនៅ​ខែ​មីនាឆ្នាំ​២០១៩ នៅ​អេត្យូពី បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​សរុបចំនួន ៣៤៦នាក់​។ គ្រោះថ្នាក់ធ្លាក់ទាំង​២លើកនេះ បាន​ធ្វើឲ្យ​ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ សម្រេចផ្អាកការហោះហើរយន្តហោះ Boeing 737 Max អស់រយៈពេល​២០ខែ ទំរាំមានការ​កែលម្អ​​ប្រព័ន្ធសុវត្ថិភាពហោះហើរឡើងវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ