អានតួអត្ថបទ
យន្តហោះប៊ូអីង

យន្តហោះប៊ូអ៊ីងរបស់​Alaska airline​ត្រូវចុះចត​បន្ទាន់ ក្រោយពី​ដាច់បាត់បង្អួចក្បែរកៅអី​អ្នកដំណើរ

ក្រុមហ៊ុន​ហោះហើរ​របស់អាមេរិក Alaska airline​បាន​ប្រកាស​បញ្ឈរជើង​យន្តហោះប៊ូអ៊ីង​របស់ខ្លួន​ទាំងអស់​៦៥គ្រឿង​មិន​ឲ្យហោះហើរ ចាប់ពីថ្ងៃ​សៅរ៍ទី​៦​មករា​២០២៤ បន្ទាប់ពី យន្តហោះ​របស់​ក្រុមហ៊ុន ​ប្រភេទប៊ូអ៊ីង៧៣៧-៩​មួយគ្រឿង ត្រូវ​បង្ខំចិត្ត បត់ក្បាល​ត្រលប់​ទៅ​ចុះចត បន្ទាន់ នៅព្រលាន​យន្តហោះ​ក្នុង​រដ្ឋ​Oregon កាលពីសុក្រ ដោយសារតែ​យន្តហោះ​ដាច់បាត់​បង្អួច ក្បែរកៅអីអ្នកដំណើរ។ តាម​ក្រុមហ៊ុន​អាកាសចរណ៍ Alaska យន្តហោះ​បាន​ចុះចតដោយសុវត្ថិភាព គ្មានគ្រោះថ្នាក់​ដល់​អ្នកដំណើរ និងបុគ្គលិកធ្វើការ​នៅលើយន្តហោះម្នាក់ណាឡើយ។

យន្តហោះប៊ូអ៊ីងរបស់​Alaska airline​ត្រូវចុះចត​បន្ទាន់ ក្រោយពី​ដាច់បាត់បង្អួចក្បែរកៅអី​អ្នកដំណើរនៅថ្ងៃសុក្រទី​៥​មករា ២០២៤
យន្តហោះប៊ូអ៊ីងរបស់​Alaska airline​ត្រូវចុះចត​បន្ទាន់ ក្រោយពី​ដាច់បាត់បង្អួចក្បែរកៅអី​អ្នកដំណើរនៅថ្ងៃសុក្រទី​៥​មករា ២០២៤ © Instagram/@strawberrvy via REUTERS
ផ្សាយពាណិជ្ជកម្ម

យន្តហោះប៊ូអ៊ីង៧៣៧ របស់​ក្រុមហ៊ុនហោះហើរ Alaska airline​ដែល​ដឹកអ្នកដំណើរ​១៧៧នាក់ និង​បុគ្គលិកលើយន្តហោះ​៦នាក់ បាន​ចាកចេញ​ពី​ព្រលានយន្តហោះ​ក្នុង​ទីក្រុង Portland របស់​រដ្ឋ​Oregon នៅ​វេលា​ម៉ោង ៤ និង៥៧នាទីល្ងាច​ថ្ងៃសុក្រ សំដៅ​ទៅ​រដ្ឋ​កាលីហ្វ័នីញ៉ា។ ប៉ុន្តែ យន្តហោះប៊ូអ៊ីង​ជើងហោះហើរ លេខ​១២៨២​បាន​បត់​ត្រលប់​ចុះចត​ជាបន្ទាន់ នៅព្រលានយន្តហោះ នៅ ៣៥នាទី​ក្រោយ បន្ទាប់ពី​បុគ្គលិក​នៅ​លើ​យន្តហោះ​ទាញសញ្ញាអាសន្ន​ពីការដាច់បាត់បង្អួច ក្បែរកៅអី​អ្នកដំណើរ។

តាម​ទិន្នន័យ​របស់​វិបសៃតិ៍​តាមដាន​ជើង​ហោះហើរ ក្នុងពិភពលោក យន្តហោះប៊ូអ៊ីង​៧៣៧​របស់​ក្រុមហ៊ុន​ Alaska airline​ស្ថិតនៅ​កំពស់ជាង ៤៨០០ម៉ែត្រ នៅពេល​យន្តហោះ​ជួបស្ថានភាព​អាសន្ន។

វីដេអូ​នៅ​លើ​បណ្តាញ​សង្គម បង្ហាញ​ខ្សែ​អុកស៊ីសែន​ទម្លាក់​សម្រាប់​អ្នកដំណើរ ចំណែក ជញ្ជាំង​យន្តហោះ​មាន​ប្រហោង​ធំ ដោយសារ​ដាច់បាត់បង្អួច។ សាក្សីជាអ្នកដំណើរ​នៅ​លើយន្តហោះ បាន​និយាយ​ប្រាប់​ទូរទស្សន៍​អាមេរិក CNN ថា គ្រាន់តែ​ហោះ​ឡើង​ដល់​កម្ពស់​មួយដ៏ខ្ពស់ បង្អួច​មួយ​របស់​យន្តហោះ​ស្រាប់​ដាច់រហែក ហោះ​ទៅ​បាត់។

តាមក្រុមហ៊ុន​ Alaska airline អ្នកដំណើរទាំង​១៧៧នាក់ និង​បុគ្គលិក​នៅលើយន្តហោះ​៦នាក់​គ្មានជួបគ្រោះថ្នាក់ បន្ទាប់ពី​យន្តហោះ​វិលត្រលប់ចុះចត​ដោយសុវត្ថិភាព នៅព្រលាន​យន្តហោះ​Portland។

ឧប្បត្តិហេតុ នៅថ្ងៃ​សុក្រ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ Alaska airline​ប្រកាស​ផ្អាក ឬ​បញ្ឈរជើង​យន្តហោះប៊ូអ៊ីង​៧៣៧ របស់ខ្លួន​ទាំងអស់ ៦៥គ្រឿង មិនឲ្យ​ហោះហើរ នៅក្នុង​ពេល​រង់ចាំ​ការស៊ើបអង្កេត និង​ការតាមដាន​ត្រួតពិនិត្យ​ផ្នែក​សុវត្ថិភាព​របស់​យន្តហោះ។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពីថ្ងៃ​សៅរ៍ នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Alaska airline​និយាយថា យន្តហោះ​ប៊ូអ៊ីង ៧៣៧ -៩​នឹង​អាច​ដាក់​ឲ្យដំណើរការ​សាជាថ្មី នៅបន្ទាប់ពី​មានការជួសជុល ការត្រួតពិនិត្យ​បញ្ហាសុវត្ថិភាព​របស់យន្តហោះ។

អាជ្ញាធរ​អាកាសចរណ៍​សហព័ន្ធ អាជ្ញាធរជាតិ​សុវត្ថិភាពដឹកជញ្ជូន និង​ក្រុមហ៊ុន​ Alaska airline​ផ្ទាល់​បាន​ប្រកាស​បើកការស៊ើបអង្កេត​ឧប្បត្តិហេតុ​លើកនេះ។ ក្រុមហ៊ុន​ airworthyទើប​ទិញទទួលបាន​យន្តហោះ  ៧៣៧-៩ កាលពីពេលថ្មីៗនេះ បន្ទាប់ពី​យន្តហោះ​ប្រភេទនេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ហោះហើរ កាលពី​ខែតុលា​កន្លងទៅ។ នេះបើតាមវិបសៃតិ៍​របស់អាជ្ញាធរអាកាសចរណ៍សហព័ន្ធ FAA។

ក្រុមហ៊ុន​ប៊ូអ៊ីងវិញ​បាន​សរសេរ​នៅលើបណ្តាញសង្គម​X ថា ក្រុមហ៊ុន​នឹងផ្តល់គ្រប់ព័ត៌មាន និង​ក្រុមបច្ចេកទេស​សម្រាប់ការស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​កាលពីថ្ងៃសុក្រ។ នៅប៉ុន្មាន​ឆ្នាំមកនេះ ក្រុមហ៊ុន​ប៊ូអ៊ីង ដែល​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏ធំជាងគេ​នៅក្នុងពិភពលោក​ជួបការលំបាកច្រើន ដោយសារ​បញ្ហា​បច្ចេកទេស និង​ការត្រួតពិនិត្យ​ ជាពិសេសសុវត្ថិភាព​របស់​យន្តហោះប៊ូអ៊ីង ៧៣៧ផ្ទាល់តែម្តង។ រាល់​យន្តហោះប៊ូអីង ៧៣៧​Max ត្រូវផ្អាក មិនឲ្យ​ហោះហើរនៅទូទាំងពិភពលោក បន្ទាប់ពី​យន្តហោះប៊ូអ៊ីងប្រភេទនេះ ពីគ្រឿង​ធ្លាក់​បន្តបន្ទាប់គ្នា នៅ​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩ ដោយ​សម្លាប់មនុស្ស​សរុប ៣៤៦​នាក់។ អាជ្ញាធរ​អាកាសចរណ៍​សហព័ន្ធ​ទើប​អនុញ្ញាត​ឲ្យ​យន្តហោះប៊ូអ៊ីង​អាច​ហោះហើរ​ឡើងវិញ បន្ទាប់ពី​ក្រុមហ៊ុន​ផ្លាស់ប្តូរ​ប្រព័ន្ធគ្រប់គ្រងការហើរហោះរបស់យន្តហោះ។

ប៉ុន្តែ នៅ​ខែ ធ្នូ​កន្លងទៅ អាជ្ញាធរ​អាមេរិកដដែល​ធ្លាប់​បានជូនដំណឹង​ទៅរាល់​ក្រុមហ៊ុន​ហោះហើរ​ទាំងអស់​ឲ្យ​ឆែក ត្រួតពិនិត្យគ្រឿងខ្ចៅខ្ចងរបស់ ​យន្តហោះ នៅមុន​ដាក់​ឲ្យ​ហោះហើរ ព្រោះថា​ក្រុមអធិការកិច្ច​ធ្លាប់​រកឃើញ​ថា យន្តហោះ​មានខ្វះ​គ្រឿងខ្ចៅ នៅ​ក្នុង​ពេល​គេ​កំពុងជួសជុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ