អានតួអត្ថបទ
ចិន-អាមេរិក-អាកាសធាតុ

ចិន​និង​អាមេរិកប្រកាស​​បង្កើត​ក្រុមការងាររួម​ ដើម្បីអាកាសធាតុ

ចិន​និង​សហរដ្ឋអាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃពុធ​ទី១៥​វិច្ឆិកា​២០២៣ បង្កើត​ក្រុមការងារ​រួម​ថ្មី​មួយ​ស្តី​ពី​អាកាសធាតុ។ ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការផ្នែក​អាកាសធាតុ​​រវាង​ប្រទេស​ទាំងពីរ​ដែល​ជា​លទ្ធផល​នៃ​ការ​ជួបប្រជុំ​ថ្នាក់​បេសិត​ពិសេស​ទទួល​បន្ទុក​អាកាសធាតុ លោក​ចន​ឃែរី និង​លោក ស៊ី សេនហួរ ប្រកាស​ឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ចូបៃដិន និង​សមភាគី​ចិន​លោក​ស៊ីជីនពីង នៅ​សាន់ហ្វ្រាន់ស៊ីស្កូ​តែ​ប៉ុណ្ណោះ។

ប្រេសិតអាមេរិក​​ទទួល​បន្ទុក​អាកាសធាតុ​ លោក ចន ឃែរី និង​សមភាគី​ចិន លោក Xie Zhenhua ប្រកាស​បង្កើត​ក្រុមការងារ​រួម​ដើម្បី​អាកាសធាតុ
ប្រេសិតអាមេរិក​​ទទួល​បន្ទុក​អាកាសធាតុ​ លោក ចន ឃែរី និង​សមភាគី​ចិន លោក Xie Zhenhua ប្រកាស​បង្កើត​ក្រុមការងារ​រួម​ដើម្បី​អាកាសធាតុ REUTERS - VALERIE VOLCOVICI
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​និង​ចិន មហាអំណាច​ពិភពលោកបញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ជាង​គេ​​ទាំងពីរធ្លាប់​​សហការនិងមាន​ភាព​សម្រុង​គ្នា​​ក្នុង​វិស័យ​អាកាសធាតុ​តាំង​ពី​ជា​យូរ​ឆ្នាំមក​ហើយ​។ នៅ​ថ្ងៃ​ពុធ​នេះ មហាអំណាច​ទាំងពីរ​ បាន​សម្រេច​បង្កើត​ក្រុមការងារ​រួម​ថ្មី​ទៀត ដើម្បី​ផ្តុំ​គិត​គូរ​អំពី​​អន្តរកាល​ថាមពល​ មេតាន អំពី​គំរូ​សេដ្ឋកិច្ចបែប​និរន្តភាព​ និង​ប្រសិទ្ធភាពនៃ​ធនធានធម្មជាតិ ព្រមទាំង​ការ​កាប់ព្រៃឈើ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋ​ចិន​និង​អាមេរិក​។ បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល សមាជិក​ក្រុមការងារ​រួម​ត្រូវ​ដឹកនាំ​ជជែក​ពិភាក្សា​និង​​សម្រប​សម្រួល​គ្នា ដើម្បី​ពន្លឿន​សកម្មភាព​ជាក់ស្តែងក្នុង​ផ្នែក​​អាកាសធាតុ​ ដោយ​ធ្វើ​ការ​រួម​គ្នា​ផង ធ្វើការ​ជាមួយភាគី​ផ្សេង​ផង សម្រាប់​ជា​ប្រយោជន៍​មនុស្សជាតិ​សម័យ​នេះ​និង​ ​ជំនាន់ក្រោយ​។

ក្រុមការងារ​ក៏​មាន​ភារៈ​ផ្តល់​សន្ទុះ​ដល់​កិច្ចចរចា​ទ្វេភាគី​ស្តី​ពី​នយោបាយ និង​យុទ្ធសាស្ត្រ​ថាមពល​ ព្រមទាំង​ការ​ផ្តោះប្តូរ​នយោបាយ​ជុំ​វិញ​ដំណោះស្រាយ​សេដ្ឋកិច្ច​ថាមពលរ​និង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូន​ឱ្យ​កាន់​​តែស៊ីជម្រៅ។ ជាង​នេះ​ទៅ​ទៀត​ សហរដ្ឋ​អាមេរិក​និង​ចិនបាន​ប្តេជ្ញា​ផង​ដែរ ថា​នឹង​ចាប់​បើក​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ស្តី​ពី​ការកាត់​បន្ថយ​ឧស្ម័នមេតាន​​ភ្លាម​។ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា​កម្មវត្ថុ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែងពុល​មេតាន​នឹង​មាន​ចែង​ក្នុង ​ផែនការជាតិ​​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ​២០៣៥។ ចិន​ដែល​ជា​ប្រទេស​បញ្ចេញ​មេតាន​ខ្លាំង​ជាង​គេ​នៅលើ​ពិភពលោក​ បាន​បង្ហើប​បង្ហាញផែនការ​គ្រប់គ្រង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កាលពី​សប្តាហ៍​មុន តែ​មិន​បាន​កំណត់​កម្មវត្ថុ​ជាក់​ច្បាស់​ទេ។​

ជា​ចុងក្រោយ​ ចិន​និង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់ជា​ថ្មី​រួម​គ្នា​នូវ​​ឆន្ទៈ​គោរព​កម្មវត្ថុ​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥ ដែល​ចង់ទប់​ការ​ឡើង​កម្តៅ​នៃ​​ភព​ផែនដីក្រោម​២​អង្សា​ឬ​បើ​អាច​ត្រឹម​១,៥​អង្សា​។

​សេចក្តីប្រកាស​បង្កើត​ក្រុមការងារ​​រួមស្តីពី​អាកាសធាតុរវាង​អាមេរិក​និង​ចិន ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​រវាង​លោកប្រធានាធិបតី​អាមេរិក​ចូបៃដិន និង​លោក​ប្រធានាធិបតី​ចិន​ស៊ីជិនពីង នៅក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ និងត្រូវ​បាន​គេ​ចាត់​ទុក​ជា​​​កម្លាំង​ចលករ​ដ៏​គន្លឹះសម្រាប់​ផ្តល់​សន្ទុះ​ដល់​កិច្ចចរចា​អាកាសធាតុ​។ ​ជោគជ័យ​នៃសន្និសីទអង្គការ​សហប្រជាជាតិ​ស្តីពី​​អាកាសធាតុ​COP២៨​នៅ​ទី​ក្រុង​ឌូបៃ​ប្រទេស​អារ៉ាប៊ីសាអូឌីតពី​ថ្ងៃ​ទី​៣០វិច្ឆិកា​ដល់​ថ្ងៃទី​១២​ធ្នូ​២០២៣​ រំពឹង​មួយភាគ​ធំ​លើ​កិច្ចសហប្រតិបត្តិការ​ចិន​អាមេរិក​នេះ​ឯង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ