អានតួអត្ថបទ
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

លោក ចូកូ វីដូដូ អំពាវនាវឲ្យលោក ចូ បៃដិន ត្រូវប្រឹងប្រែងជួយបញ្ឈប់សង្គ្រាមនៅហ្កាហ្សា

លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅសេតវិមានទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី១៣វិច្ឆិកា។ នៅក្នុងជំនួបនេះ លោកវីដូដូ បានថ្លែងទទូច ឲ្យលោកចូ បៃដិន ត្រូវតែប្រឹងប្រែងជួយឲ្យបានច្រើនជាងនេះ ដើម្បីបញ្ឈប់សង្គ្រាម ដែលកំពុងតែធ្វើបាបប្រជាជនស៊ីវីលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

លោក ចូកូ វីដូដូ អំពាវនាវឲ្យលោក ចូ បៃដិនត្រូវប្រឹងប្រែងជួយបញ្ឈប់សង្គ្រាមនៅហ្កាហ្សា
លោក ចូកូ វីដូដូ អំពាវនាវឲ្យលោក ចូ បៃដិនត្រូវប្រឹងប្រែងជួយបញ្ឈប់សង្គ្រាមនៅហ្កាហ្សា AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី សូមអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ត្រូវតែប្រឹងប្រែងឲ្យបានច្រើនលើសនេះ ដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា។ ការឈប់បាញ់នៅពេលនេះ គឺជារឿងមួយសំខាន់ខ្លាំង សម្រាប់មនុស្សជាតិយើង។ នេះគឺជាពាក្យថ្លែងអំពាវនាវ របស់លោក ប្រធានាធិបតី ចូកូ វីដូដូ។ លោកវីដូដូ បានបន្ថែមទៀត លោកបាននាំសារដោយផ្ទាល់មាត់ ដែលលោកម៉ាសមូដ អាបាស ប្រមុខដឹកនាំប៉ាឡេស្ទីន បានផ្ញើមកប្រាប់លោក ចូបៃដិន។

លោកចូ​ បៃដិន ទទួលជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅសេតវិមាន នាថ្ងៃចន្ទទី ១៣ វិច្ឆិកា ២០២៣។
លោកចូ​ បៃដិន ទទួលជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅសេតវិមាន នាថ្ងៃចន្ទទី ១៣ វិច្ឆិកា ២០២៣។ AP - Andrew Harnik

គួរបញ្ជាក់ថា ជំនួបរវាងលោកប្រធានាធិបតីឥណ្ឌូណេស៊ី និងលោកចូ បៃដិន នៅសេតវិមាននេះ ត្រូវបានរៀបចំឡើង ក្នុងកម្មវត្ថុដើមដំបូង គឺពង្រឹងសម្ព័ន្ធភាពរវាងអាមេរិកនិងឥណ្ឌូណេស៊ី មុនពេលដែលលោក ចូ បៃដិន ត្រូវជួបលោកស៊ី ជីនពីង នៅជំនួបកំពូល APEC ។ ក៏ប៉ុន្តែ បរិបទសង្គ្រាមនៅតំបន់ហ្កាហ្សា បានធ្វើឲ្យជំនួបរវាងលោក ចូកូ វីដូដូ និងលោក ចូ បៃដិន ត្រូវផ្លាស់ប្តូរខ្លឹមសារ។ បើទោះបីជាអំពាវនាវឲ្យមានការឈប់បាញ់ តែរដ្ឋបាលលោកចូ បៃដិន បានប្រកាសគោលជំហរយ៉ាងច្បាស់ថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ ផ្ទុយទៅវិញ លោក ចូកូ វីដូដូ គឺជាប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមដ៏ធំជាងគេក្នុងពិភពលោក។ 

កាលពីថ្ងៃអាទិត្យ មន្ត្រីសេតវិមានម្នាក់បានប្រាប់អ្នកកាសែតថា វាជារឿងសំខាន់ដែលសហរដ្ឋអាមេរិកត្រូវតែស្តាប់ យោបល់ និងការយល់ឃើញរបស់ឥណ្ឌូណេស៊ី។ មន្ត្រីម្នាក់នេះលើកឡើងថា លោកប្រធានាធិបតីចូ បៃដិន នឹងព្យាយាមរកមធ្យោបាយ ឲ្យឥណ្ឌូណេស៊ីដើរតួនាទីសំខាន់ នៅក្នុងការឈានទៅដោះស្រាយវិបត្តិដែលកំពុងតែកើតឡើង។

គួររំលឹកដែរថា កាលពីសប្តាហ៍កន្លងទៅ លោក ចូកូ វីដូដូ បានទៅចូលរួមជំនួបកំពូលពិសេស នៅទីក្រុងរីយ៉ាត ជាមួយបណ្តាប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្លាមផ្សេងទៀត ដើម្បីជជែកគ្នាអំពីបញ្ហាសង្គ្រាមនៅហ្កាហ្សា។ នៅក្នុងជំនួបកំពូលនោះដែរ លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាមន្ទីរមួយកន្លែងក្នុងតំបន់ហ្កាហ្សា សាងសង់ឡើងដោយជំនួយថវិកាឥណ្ឌូណេស៊ីនោះ គឺជាកន្លែងលាក់ខ្លួនរបស់ពួកហាម៉ាស។

ថ្ងៃចន្ទទី ១៤ វិច្ឆិកា ២០២៣។ ផ្សែងខ្មួលខ្មាញ់ អណ្តែតឡើងទ្រលោម ចេញពីចំណុចមួយនៃតំបន់ហ្កាហ្សា ក្រោយការវាយប្រហារពីសំណាក់កងទ័ព អ៊ីស្រាអែល។
ថ្ងៃចន្ទទី ១៤ វិច្ឆិកា ២០២៣។ ផ្សែងខ្មួលខ្មាញ់ អណ្តែតឡើងទ្រលោម ចេញពីចំណុចមួយនៃតំបន់ហ្កាហ្សា ក្រោយការវាយប្រហារពីសំណាក់កងទ័ព អ៊ីស្រាអែល។ AP - Victor R. Caivano

តែយ៉ាងណាក៏ដោយ នៅក្នុងពេលជួបជាមួយលោកវីដូដូ  នៅសេតវិមាន គេសង្កេតឃើញថា លោកចូ បៃដិន បានព្យាយាមផ្តោតការជជែកគ្នា តែទៅលើការពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្ររួម ជាមួយឥណ្ឌូណេស៊ី។ ជាការសហការ ដែលលោកចូ បៃដិន បានផ្តល់អាទិភាពដើម្បីប្រជែងជាមួយឥទ្ធិពលចិន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រដ្ឋបាលលោកចូ បៃដិន កំពុងព្យាយាមអូសទាញ ប្រទេសធំៗនៅអាស៊ីអាគ្នេយ៍ ដែលមានជាអាទិ៍ ឥណ្ឌូណេស៊ី និងវៀតណាម ឲ្យចូលរួមក្នុងចំណងសហប្រតិបត្តិការយុទ្ធសាស្ត្ររួមនេះ។ ធនធានរ៉ែនីកែល ដ៏ច្រើនមហាសាលរបស់ឥណ្ឌូណេស៊ី កំពុងតែទាក់ទាញសហរដ្ឋអាមេរិកជាខ្លាំង ខណៈចិនកំពុងតែធ្វើអាជីវកម្មនៅទីនោះរួចទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ