អានតួអត្ថបទ
ស៊ុយអែត-អាមេរិក

លោកចូ បៃដិនជួប​នាយក​រដ្ឋមន្ត្រីស៊ុយអែត និងអះអាងថាអាមេរិក​គាំទ្រ​​ឲ្យ​ស៊ុយអែត ក្លាយជាសមាជិកអូតង់

កាលពីថ្ងៃពុធទី៥កក្កដា​ លោកនាយករដ្ឋមន្ត្រីស៊ុយអែត បានទៅជួប​លោក​ប្រធានាធិបតីចូ បៃដិន នៅឯសេតវិមាន។ នៅក្នុងជំនួបនោះ លោក​ចូ បៃដិន បានអះអាងថាសហរដ្ឋអាមេរិក ពិតជាចង់ឃើញស៊ុយអែត ក្លាយជា​សមាជិកពេញសិទ្ធិរបស់អូតង់។ ការចូលជាសមាជិក ដែលមេដឹកនាំទាំង២ សង្ឃឹមថានឹងត្រូវសម្រេច​នាឱកាសជំនួបកំពូលអូតង់ នៅទីក្រុងវីលនូស នាសប្តាហ៍​ក្រោយនេះ​។

លោកJoe Biden និងលោកនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson សំណេះសំណាលគ្នាយ៉ាងក្អាកក្អាយ នៅសេតវិមាន ថ្ងៃទី៥ កក្កដា ២០២៣
លោកJoe Biden និងលោកនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson សំណេះសំណាលគ្នាយ៉ាងក្អាកក្អាយ នៅសេតវិមាន ថ្ងៃទី៥ កក្កដា ២០២៣ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសរបស់សេតវិមាន លោក Ulf Kristersson នាយករដ្ឋមន្ត្រីស៊ុយអែត និង​លោកចូ បៃដិន បាន​លើកឡើងអំពីការសហការជួយទំនុកបម្រុងអ៊ុយក្រែន ក្នុងការធ្វើសង្គ្រាម​ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី​។ មេដឹកនាំទាំង២ ក៏បាននិយាយគ្នាផងដែរ អំពីការសហការរួមគ្នា ទប់ទល់ជាមួយ​នឹង​ការគម្រាមរបស់ចិន ព្រមទាំងការពួតកម្លាំងគ្នាផ្នែកសន្តិសុខការពារជាតិ​។

លោកចូ បៃដិន បានធានាប្រាប់​លោកនាយករដ្ឋមន្ត្រីស៊ុយអែតថា រដ្ឋាភិបាលអាមេរិក គាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពចូលជាសមាជិកអង្គការសម្ព័ន្ធមិត្តអូតង់ របស់ស៊ុយអែត។​ ថ្នាកដឹកនាំទាំង២ បានប្រកាសដូចគ្នា ថារំពឹងរងចាំ​ជំនួបកំពូលអូតង់នៅសប្តាហ៍​ក្រោយ នៅទីក្រុងវីកនូស យ៉ាងអន្ទះសាបំផុត។

សូមបញ្ជាក់ថា អូតង់នឹងបើកជំនួបកំពូលរបស់ខ្លួន ចាប់ពីថ្ងៃទី​១១ ដល់ថ្ងៃទី​១២កក្កដា នៅរដ្ឋធានីប្រទេសលីទុយអានី។ តាមការរំពឹងទុក គេសង្ឃឹមថាបេក្ខភាពរបស់ស៊ុយអ៊ែត នឹងត្រូវប្រទេសសមាជិក​អូតង់ទាំង​៣១ប្រទេស អនុម័ត​យល់ព្រមនាពេលនោះ ព្រោះពេលវេលានេះសមស្របបំផុត ខណៈដែល​អឺរ៉ុបកំពុងតែរងការគំរាមសន្តិសុខពីសណាក់រុស្ស៊ី​។

តែយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ គឺមានប្រទេស២ដែល​នៅតែមិនទាន់​ យល់ព្រមទទួលយកបេក្ខភាពរបស់ស៊ុយអែតទេ នោះគឺតួកគី និងហុងគ្រី​។ តួកគីបានបង្ហាញជំហររឹងរូសជាងគេ ដោយបានស្តីបន្ទោសរដ្ឋាភិបាលស៊ុយអែត ថាមានគោលនយោបាយ​គាំទ្របើកដៃ ឲ្យ​ចលនានយោបាយប្រឆាំងនៅតួកគីមួយ ឈ្មោះថា បក្ស​ពលករគួកឌីស្ថាន PKK អាចមានវត្តមានធ្វើសកម្មភាព​នៅអ៊ុយអែត។ ចលនានយោបាយនេះ ត្រូវបាន​រដ្ឋាភិបាលលោកអ៊ែរដូហ្កាន់ ចាត់បញ្ចូលក្នុងបញ្ជីរខ្មៅជាក្រុមភេរវកម្ម​។​

គួរបញ្ជាក់ដែរថា ក្នុងសំណុំរឿងនេះ គេនឹងមានការប្រជុំមួយ​ដើម្បីសម្រុះសម្រួល ចរចាគ្នានៅក្រុងព្រុចស៊ែល រវាង​តំណាងរដ្ឋាភិបាលស៊ុយអែត និងតួកគី នៅថ្ងៃព្រហស្បតិ៍ទី​៦កក្កដា។​ កាលពីថ្ងៃពុធទីម្សិលមិញ​​ លោកអង់តូនីប្លីងកិន បាន​ថ្លែងក្នុងន័យដាស់តឿនទៅកាន់ភាគីតួកគីថា “ក្នុងអំឡុងពេលនេះ តួកគីត្រូវតែគិត​គូរ ដល់សារៈសំខាននៃ​ឯកភាពរបស់អង្គការសម្ព័ន្ធមិត្តអូតង់”។ ក្នុងន័យនេះ លោកបានអំពាវនាវថា តួកគីត្រូវតែ​ឈប់បដិសេធរារាំង មិន​ឲ្យ​ស៊ុយអែតចូលជាសមាជិកពេញសិទ្ធិរបស់អូតង់ តទៅទៀតទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ