អានតួអត្ថបទ
Starship

Starship ត្រូវផ្ទុះ នៅ​ក្នុងការ​ហោះសាកល្បង​លើកទីមួយ

Starship ដែល​ជា​រ៉ុកកែតអវកាស​ដ៏ខ្លាំង​បំផុត​មិន​ធ្លាប់មាន ក្នុង​ប្រវត្តិសាស្រ្ត ត្រូវ​ផ្ទុះ នៅ​ក្រោយ​ពេល​ហោះចេញ​ផុតពីដី នៅ​ក្នុង​ការ​បាញ់បង្ហោះ​សាកល្បង​ជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ ២០មេសានេះ។ 

Starship នៅពេល​ហោះ​ចេញ​ពី​ទីតាំង​បាញ់បង្ហោះ មុននឹង​ត្រូវផ្ទុះ​នៅ​ប៉ុន្មាន​នាទីក្រោយ​មកទៀត ក្នុងការ​បាញ់សាកល្បង ថ្ងៃព្រហស្បតិ៍ ២០មេសា ២០២៣
Starship នៅពេល​ហោះ​ចេញ​ពី​ទីតាំង​បាញ់បង្ហោះ មុននឹង​ត្រូវផ្ទុះ​នៅ​ប៉ុន្មាន​នាទីក្រោយ​មកទៀត ក្នុងការ​បាញ់សាកល្បង ថ្ងៃព្រហស្បតិ៍ ២០មេសា ២០២៣ via REUTERS - SPACEX
ផ្សាយពាណិជ្ជកម្ម

រ៉ុកកែត Starship ជាមួយ​នឹង​ម៉ូទ័រ Raptor ទាំង ៣៣គ្រឿង នៅលើ​ប៊ូស្ទ័រ Super Heavy ត្រូវ​បាន​បង្ហោះ​ចេញ​ផុត​ពី​ដី ក៏ប៉ុន្តែ បាន​ត្រឹមតែ​ប៉ុន្មាននាទី រ៉ុកកែត​ក៏​ត្រូវ​ផ្ទុះ នៅមុនពេល​ដែល Super Heavy ត្រូវ​ផ្តាច់ខ្លួនចេញ​ពី​តួយាន​ Starship។

ទោះជាយ៉ាងនេះក៏ដោយ លោក​ Elon Musk បាន​អបអរ​សាទរ ចំពោះ​ក្រុមការងារ​របស់ SpaceX ដោយ​បាន​លើកឡើង​ថា អ្វីដែល​កើតឡើង​នៅថ្ងៃនេះ​នឹង​ជា​បទពិសោធន៍ សម្រាប់​ត្រៀម​រៀបចំ​ការ​បាញ់បង្ហោះ​សាកល្បង​សាជាថ្មី នៅ​ក្នុងរយៈពេល​ប៉ុន្មានខែ​ខាងមុខ។

គួររំឮកឡើងវិញ​ថា ការបាញ់បង្ហោះ​សាកល្បង Starship នេះ ត្រូវបានគេ​ប៉ុនប៉ង​ធ្វើ​ម្តងរួចមកហើយ កាលពីថ្ងៃ​ចន្ទ​កន្លងទៅ ក៏ប៉ុន្តែ​ត្រូវ​បាន​គេ​លើកពេល​ ដោយសារ​តែ​មាន​បញ្ហា​បច្ចេកទេស ទាក់ទង​នឹង​ស៊ូប៉ាប់ ក្នុងប្រព័ន្ធ​ដំឡើងសម្ពាធ​ក្នុង​ប៊ូស្ទ័រ Super Heavy។ យាន​ Starship មួយផ្នែក​ខាងលើ ធ្លាប់​ត្រូវ​បាន​គេ​បាញ៉បង្ហោះ​សាកល្បង​ជាច្រើន​លើករួចមកហើយ ក៏ប៉ុន្តែ នេះ​ជាលើកទីមួយ ដែល​គេ​សាកល្បង​ Starship ទាំងមូល គឺ​ទាំង​យាន​ និង​ទាំងប៊ូស្ទ័រ Super Heavy។

Starship ទាំងមូល​នេះ គឺ​ជា​រ៉ុកកែតអវកាស​ដ៏ខ្លាំងជាងគេ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត ពោលគឺ មាន​កម្លាំង​ខ្លាំងជាងរ៉ុកកែត SLS ក្នុងគម្រោង​អារតេមីស​របស់​ណាសា​បច្ចុប្បន្ន និង​ខ្លាំងជាង​រ៉ុកកែត​ធុន Saturn V ក្នុងគម្រោង​អាប៉ូឡូ កាល​ពីអំឡុងទសវត្សរ៍​ឆ្នាំ៦០ និង​៧០​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ