អានតួអត្ថបទ

ហៃទី៖ផ្ទុះបាតុកម្មហិង្សា និងការលួចប្លន់ ក្រោយរដ្ឋាភិបាលប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈ

នៅ​ក្នុង​ប្រទេស​ហៃទី មាន​ផ្ទុះ​បាតុកម្ម​យ៉ាង​ហិង្សា​ដោយ​មាន​ការ​ដុតបំផ្លាញ និង​ការ​ចូល​លួចប្លន់​ទំនិញ​នៅ​តាម​ហាង​លក់​ទំនិញ ពិសេស​នៅ​ក្នុង​ឃ្លាំស្តុក​ឥវ៉ាន់​របស់​អង្គការ​កម្មវិធី​ស្បៀងពិភពលោក។ ក្បួនបាតុកម្ម​បាន​ផ្ទុះ​ឡើង ក្រោយ​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ។ លោក​ហ្សង់ ម៉ាតាំង បូអេ នាយក​កម្មវិធី​ស្បៀងពិភពលោក​ប្រចាំ​ហៃទី​បាន​ថ្លែង​ថា ឥវ៉ាន់​ដែល​កម្មវិធី​ស្បៀងពិភពលោក​បាន​ស្តុក​ក្នុង​ឃ្លាំ​នៅ​ក្រុង​ហ្គោណៃអ៊ីវ​ជា​ចំណីអាហារ​ដែល​អាច​ចិញ្ចឹម​កូនសិស្ស​សាលា​បាន​ចំនួន ១០០ ០០០នាក់។ តាម​លោក​ហ្សង់ ម៉ាតាំង បូអេ អំពើហិង្សា និង​បាតុកម្ម​ពេល​នេះ​បាន​កើន​ឡើង​មួយ​កម្រិត​ទៀត ខណៈ​ដែល​ហៃទី​បាន និង​កំពុង​បន្ត​ជួប​វិបត្តិ​ខ្វះ​ស្បៀង។ តែ​នាយក​កម្មវិធី​ស្បៀងពិភពលោក​ប្រចាំ​ហៃទី​រូប​នេះ​មិន​ភ្លេច​បញ្ជាក់​ថា អង្គការ​កម្មវិធី​ស្បៀងពិភពលោក​នឹង​បន្ត​ជួយ​ហៃទី​ដោយ​មិន​បោះបង់​ចោល​ទេ។

នៅហៃទី មានផ្ទុះបាតុកម្មហិង្សា និងការលួចប្លន់ ក្រោយរដ្ឋាភិបាលប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈ។
នៅហៃទី មានផ្ទុះបាតុកម្មហិង្សា និងការលួចប្លន់ ក្រោយរដ្ឋាភិបាលប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈ។ AP - Odelyn Joseph
ផ្សាយពាណិជ្ជកម្ម

« មនុស្ស​មួយ​ក្រុម​មាន​គ្នា​ច្រើន​គួរ​សម​បាន​មក​ដល់​មុខ​ការិយាល័យ​របស់​កម្មវិធី​ស្បៀងពិភពលោក​ក្នុង​ក្រុង​ហ្គោណៃអ៊ីវ។ ពួក​គេ​បាន​ចាប់​ផ្តើម​សម្រុក​ចូល​យក​ចំណីអាហារ​ដែល​យើង​បាន​ស្តុក​ទុក​ក្នុង​ឃ្លាំ​នៅ​ទី​នោះ។ បន្ទាប់​មក ពួក​គេ​ក៏​បាន​ដុត​ឃ្លាំ​ស្តុក​ឥវ៉ាន់​របស់​យើង។ តែ​សំណាង​ល្អ គ្មាន​បុគ្គលិក​របស់​យើង​ណា​ម្នាក់​បាន​រងរបួស​ទេ។ ការ​បាត់បង់​របស់​យើង​ច្រើន​ជា​សម្ភារៈ ពិសេស​មាន​ការ​លួច​យក​ចំណីអាហារ​ប្រមាណ​ជា ១ ៤០០តោន។

ខ្ញុំ​មាន​ការ​សោកស្តាយ ព្រោះ​ចំណីអាហារ​ទាំង​នេះ​ទុក​សម្រាប់​បម្រើ​ឲ្យ​កម្មវិធី​ចំណី​អាហារ​របស់​សិស្សសាលា​នៅ​ហៃទី។ បរិមាណ​ចំណីអាហារ​ដែល​ក្រុម​បាតុករ​បាន​លួច​យក​ទៅ គឺ​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​កូនសិស្សសាលា​ចំនួន ១០០ ០០០នាក់​សម្រាប់​រយៈពេល ៣ខែ។ ព្រឹត្តិការណ៍​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​ថ្ងៃ​ចូលរៀន​ត្រូវ​ចាប់​ផ្តើម​នៅ ២សប្តាហ៍​ខាង​មុខ ពោល​នៅ​ដើម​ខែ​តុលា។

ដូច្នេះ​អ្នក​ដែល​បាន​ប្រឈម​នឹង​ព្រឹត្តិការណ៍​លួច ប្លន់​ពេល​នេះ គឺ​កូនសិស្ស​សាលា​ប្រុស ស្រី។ សព្វថ្ងៃ​នេះ ហៃទី​កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ស្បៀង។ នៅ​ទូទាំង​ប្រទេស មាន​ពលរដ្ឋ​ហៃទី​ជាង ៤លាននាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អសន្តិសុខ​ស្បៀង។ ហៃទី​ជា​ប្រទេស​មួយ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌។ យើង​នឹង​បន្ត​កម្មវិធី​របស់​យើង​ដើម្បី​ជួយ​ទំនុកបម្រុង​ដល់​តម្រូវការ​របស់​ប្រជាជន​ហៃទី។

តែ​ខ្ញុំ​អាច​និយាយ​ថា ដោយសារ​តែ​ហេតុផល​អសន្តិសុខ​សព្វថ្ងៃ យើង​បាន​ផ្អាក​សកម្មភាព​របស់​យើង​តាំង​ពី ៤ថ្ងៃ​មក​ហើយ ព្រោះ​ក្រុម​ការងារ​របស់​យើង​មិន​អាច​ធ្វើ​ការ​បម្លាស់ទី​នៅ​ក្នុង​ប្រទេស​បាន​ទេ។ ដូច្នេះ គេ​ត្រូវ​តែ​ចាប់​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​កម្មវិធី​ផ្តល់​ជំនួយ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ប្រជាជន​ដែល​កំពុង​ជួប​ការ​លំបាក​ច្រើន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ