អានតួអត្ថបទ
ហៃទី-ឃាតកម្ម

ហៃទី សុំជំនួយ​ទ័ព​ពី​អាមេរិក​និង​អង្គការ​សហប្រជាជាតិ តែ​វ៉ាស៊ីនតោន​បដិសេធ

បី​ថ្ងៃក្រោយ​ឃាតកម្ម​សម្លាប់ប្រធានាធិបតី​ អាជ្ញាធរ​ហៃទី​បាន​ស្នើ​សុំ​ទៅ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហប្រជាជាតិ ឱ្យ​បញ្ជូន​ទ័ព​មក​ជួយ​ការ​ពារ​សន្តិសុខ​ប្រទេសហៃទី ដើម្បី​​អាច​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​បាន​តាម​គម្រោង។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​បដិសេធ ដោយ​ព្រម​ផ្តល់​ត្រឹម​ជំនួយ​​សហការ​ស៊ើប​អង្កេត​តែ​ប៉ុណ្ណោះ។ ចំណែក​អង្គការ​សហប្រជាជាតិ កំពុង​​ពិចារណា។

​ហៃទី សុំជំនួយ​ទ័ព​ពី​អាមេរិក​និង​អង្គការ​សហប្រជាជាតិ ដើម្បី​ការពារ​សន្តិសុខ
​ហៃទី សុំជំនួយ​ទ័ព​ពី​អាមេរិក​និង​អង្គការ​សហប្រជាជាតិ ដើម្បី​ការពារ​សន្តិសុខ © RICARDO ARDUENGO/REUTERS
ផ្សាយពាណិជ្ជកម្ម

ខ្លាច​រចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ ដូច​ជា​អាកាសយានដ្ឋាន កំពង់ផែ កន្លែង​ស្តុក​ប្រេង​ឆៅ ឬ​ការ​ដឹកជញ្ជូន​ប្រេង​ ដែល​​ជា​អាយុជីវិត​របស់​ប្រទេស​រង​ការ​វាយប្រហារ ជា​យថាហេតុណាមួយ រដ្ឋាភិបាល​​ហៃទី បាន​ដាក់​សំណើ​សុំ​ជំនួយ​កងទ័ព​ពី​សហរដ្ឋ​អាមេរិក និង​ពីអង្គការ​សហប្រជាជាតិ ឱ្យ​មក​ជួយ​ការ​ពារ​សន្តិសុខ​ទីតាំង​ទាំង​អស់​នេះ។ ម្យ៉ាង​វិញ ហៃទី​ត្រូវ​ការ​មាន​ជំនួយ​យោធា​អាមេរិក​និង​អង្គការ​សហប្រជាជាតិ​ ដើម្បី​ធានា​សុវត្ថិភាព​និង​សន្តិសុខ នៅ​ពេល​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី​និង​សភា ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៦ កញ្ញា​២០២១​នេះ។

អ្នក​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​អះអាង​ថា រដ្ឋាភិបាល​ហៃទី​ពិត​ជា​​បាន​ធ្វើ​​សំណើនេះ​មែន​ ហើយ​សហរដ្ឋ​អាមេរិក​កំពុង​ទាក់ទង​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ហៃទី ជាប់​រហូត​មក​ដើម្បី​រកដំណោះស្រាយ។ ប៉ុន្តែ​ក្នុង​ដំណាក់កាលនេះ អាមេរិក​​មិន​អាច និង​គ្មាន​ផែនការ​​បញ្ជូន​ជំនួយ​យោធា​ទៅ​ហៃទី​ តាម​សំណើ​បាន​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋបាល​អាមេរិក។ ផ្ទុយ​ទៅ​វិញ​ អាមេរិក​នឹង​បញ្ជូន​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេតអាមេរិក ​FBI និង​អ្នក​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ​អាមេរិក ទៅ​កាន់​ក្រុង​ព័រអូប្រាំង ក្នុង​ពេល​ឆាប់ៗបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ផ្តល់​ប្រឹក្សា​និង​​ជំនួយ​ខាង​ផ្នែក​ស៊ើប​អង្កេត។

មេប៉ូលិស​ទទួល​បន្ទុក​រក្សា​សន្តិសុខ​ប្រធានាធិបតីផ្ទាល់​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សួរ​ចម្លើយ​។ ​ការ​សួរ​ចម្លើយ​ នាយ​ប៉ូលិស​ជា​ច្រើន​ទៀត ដែល​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​ប្រធានាធិបតី បាន​មក​ច្របល់​ហេតុការណ៍​ឱ្យ​កាន់​តែ​វិល​វល់​។

បើ​តាម​ប្រភព​ការទូត​របស់​អង្គការ​សហប្រជាជាតិ​វិញ​ ការិយាល័យ​កិច្ចការ​នយោបាយ​និង​សន្តិភាព កំពុង​ចាប់​ផ្តើម​​សិក្សា​សំណើសុំ​​ជំនួយ​ទ័ព​​របស់​ហៃទីហើយ​ដែរ។ ​សំណើ​សុំ​ទ័ព​ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ ក៏​ត្រូវ​​​សម្រេច​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ តាម​រយៈ​ការ​ចេញ​និង​អនុម័ត​ជា​សេចក្តី​សម្រេច​ចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ