អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-កូវីដ

ក្រោយឃើញ​របាយការណ៍​សម្ងាត់ លោកបៃដិន ចោទ​ចិន​ថា​លាក់​ ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩

​របាយការណ៍​ស៊ើប​អង្កេត​រក​ប្រភព​នៃ​ជំងឺ​កូវីដ​១៩របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក ទើប​ត្រូវ​​បាន​ទម្លាយ​ឱ្យ​ដឹង​ជា​សាធារណៈនៅ​ថ្ងៃ​សុក្រទី ២៧​សីហា​២០២១។ របាយការណ៍​មិន​អាច​កំណត់​បាន​ដោយ​ប្រាកដ​​ពី​ប្រភព​​កូវីដ​ទេ គឺ​បាន​ត្រឹម​​បាន​ច្រាន​ចោល​សម្មតិកម្ម​ដែល​ថា​មេរោគ​កូវីដ​ ជា​មេរោគ​សិប្បនិម្មិត​ទេ។ គ្រាន់​តែ​បាន​ឃើញ​របាយការណ៍​នេះ​ភ្លាម លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ចោទ​ចិន​​ថា បាន​លាក់បាំង​ព័ត៌មាន​សំខាន់ៗ​ទាក់ទងនឹង​​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩។

លោកបៃដិន ចោទ​ចិន​ថា​លាក់​ ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩
លោកបៃដិន ចោទ​ចិន​ថា​លាក់​ ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩ Nicholas Kamm AFP
ផ្សាយពាណិជ្ជកម្ម

ជា​របាយការណ៍​ដ៏​សម្ងាត់បំផុត​មួយ ដែល​ជា​លទ្ធផល​នៃ​ការសិក្សា​​អង្កេត​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​បួន​ក្រុម បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវវិភាគ​ទិន្នន័យ​​អស់​រយៈ​ពេល​​៩០​ថ្ងៃ តាម​សំណើ​របស់​លោកប្រធានាធិបតី​​អាមេរិក​ ចូបៃដិន។

​មិន​អាច​បំភ្លឺ​បាន​គ្រប់​ចម្ងល់​​ទេ ប៉ុន្តែ​បើ​តាម​របាយការណ៍​សង្ខេប​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃសុក្រ​ទី​២៧​សីហា បានជម្រះ​មន្ទិល​និ​ងអាច​​ច្រាន​ចោល​​សេណារីយ៉ូ​ខ្លះ​តែម្តង។ បើ​តាមសេចក្តីសន្និដ្ឋាន​ចុងក្រោយ​របស់​​ក្រុម​ចារកិច្ច​អាមេរិក វីរុស​ Sars-CoV-2 ឈ្មោះ​បច្ចេកទេស​របស់​មេរោគ​បង្ក​ជំងឺ​កូវីដ​១៩ មិនមែន​ជា​កើត​ចេញ​ពី​ការ​ផលិត​កែសម្រួលហ្សែន​ទេ និង​ក៏​មិនមែន​ជា​មេរោគសិប្បនិម្មិតបង្កើត​ឡើង​សម្រាប់​យក​ប្រើ​ជា​អាវុធ​ជីវសាស្ត្រ​ដែរ។

ប៉ុន្តែ​ក្រុម​អ្នក​អង្កេត​ នៅ​តែ​មិន​អាចផ្តល់​ចម្លើយ​ដ៏ពិត​ប្រាកដ​មួយ​ ស្តី​ពី​​ប្រភព​នៃ​ជំងឺកូវីដ​១៩​ថា​តើ​ វា​បណ្តាល​មក​ពី​ឆ្លង​មេរោគ​ពី​សត្វ​ឈឺមកមនុស្ស ឬ​មក​ពីមាន​គ្រោះ​ថ្នាក់​នៅក្នុង​មន្ទីរពិសោធន៍។ ​ជា​សម្មតិកម្មពីរ​ដែល​ទំនង​ពិត​ជាង​គេ។ នេះ​បើតាម​របាយការណ៍​ដដែល​ដែល​បាន​គូស​បញ្ជាក់​បន្ថែម​ទៀតថា រដ្ឋាភិបា​ល​ចិន​ទំនង​ជាមិន​បាន​ដឹង​/ស្គាល់​វីរុស​នេះទេ មុន​ផ្ទុះ​ក្លាយ​ជា​ជំងឺ​រាតត្បាត​។

នៅ​ក្នុង​ចំណោមក្រុម​ចារកិច្ច​ទាំងបួន​ក្រុម បី​មិន​អារ​កាត់​សម្មតិកម្មទាំងពីរ​នេះ​ទេ មានតែ​​មួយ​ក្រុមប៉ុណ្ណោះ​ដែល​ផ្តល់ការ​វិភាគ​សន្និដ្ឋាន “ក្នុង​កំរិត​ជំនឿ​មធ្យម” ថា មេរោគ​ទំនង​ជា​ធ្លាយ​ពីក្នុង​មន្ទី​រពិសោធន៍វីរុស​វ៉ូហាន​ ​ពេល​សិក្សាស្រាវជ្រាវ​លើ​សត្វ​ប្រចៀវ​។ ការ​សិក្សា​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិកន្លង​មក បាន​សន្និដ្ឋាន​​ថា​មេរោគ​បាន​ប្រចៀវ​បាន​ឆ្ល​ងមក​មនុស្ស​តាម​រយៈ​សត្វ​មួយ​ផ្សេង​ទៀត​ តែ​រហូត​មកទល់​នឹង​ពេល​នេះ គេ​នៅ​តែរកមិន​ឃើញ​ថា​តើ​ជា​សត្វ​អ្វី។

របាយការណ៍​មិន​អាច​ផ្តល់​ចម្លើយ​ពិត​ប្រាកដ​បាន។ តែ​​បើ​តាម​លោក​ចូបៃដិន ព័ត៌មាន​សំខាន់ៗ​ស្តី​ពី​ប្រភព​នៃ​ជំងឺកូវីដ មាន​នៅ​ក្នុង​ដៃ​ចិន តែ​អ្នក​ទទួល​ខុស​ត្រូវ​ចិន​ បិទ​បាំង​​មិន​ឱ្យ​អ្នកអង្កេត​អន្តរជាតិ​និង​ភ្នាក់ងារ​សុខភាព​ពិភពលោក​ឃើញ។ ជាមួយ​នឹង​ពាក្យ​ចោទ​ប្រកាន់ លោក​ចូបៃដិន បាន​អំពាវនាវ​ឱ្យ​ចិន​ព្រម​អនុញ្ញាតឱ្យ​អ្នកជំនាញ​អន្តរជាតិ​ដឹកនាំ​អង្កេត​រក​ប្រភព​កូវីដ​ជា​ថ្មី ព្រោះ​អាមេរិក​មិន​បញ្ឈប់​សកម្មភាព​ស្វែង​រក​ការ​ពិត​ឡើយ។ តែ​ដោយ​គ្មានបង្អង់ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តប ថាក្រុម​ចារកិច្ច​អាមេរិកត្រូវនយោបាយ​​ដឹកច្រមុះ លុង​ក្នុង​គំនិត​ចង់​តែ​ទម្លាក់​កំហុស​ដាក់​​លើ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ