អានតួអត្ថបទ

អាមេរិក៖ហេតុអ្វីបានជាអ្នកចាក់វ៉ាក់សាំងដូសទី១ ហើយបែរជាមិនចង់ ឬមិនចាក់ដូសទី២?

នៅ​សហរដ្ឋអាមេរិក មាន​ពលរដ្ឋ​ចំនួន ២៤៣លាននាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ក្នុង​នោះ មាន​ជាង ៣០% បាន​ចាក់​ទាំង ២ដូស និង​មាន ៥៥% ទើប​បាន​ចាក់​ដូស​ទី១។ តែ​រដ្ឋអំណាច​កំពុង​បារម្ភ​ពី​អ្នក​ដែល​មិន​ព្រម​ទៅ​ចាក់​ដូសទី២ តាម​ការ​ណាត់ជួប។ មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​បាន​ឲ្យ​ដឹង​ថា មាន ៨% នៃ​ចំនួន​អ្នក​ចាក់​ដូសទី១ រួច​ហើយ​មិន​បាន​ទៅ​ចង់​ដូសទី២ តាម​ការ​កំណត់​ទេ ពោល​មាន​ជាង ៥លាននាក់។ ហេតុអ្វី​បាន​ជា​អ្នក​ចាក់​វ៉ាក់សាំង​ដូស​ទី១ ហើយ​បែរ​ជា​មិន​ចង់​ចាក់​ដូស​ទី២?។

នៅអាមេរិក អ្នកចាក់វ៉ាក់សាំងដូសទី១ ហើយបែរជាមិនចង់ ឬមិនចាក់ដូសទី២។
នៅអាមេរិក អ្នកចាក់វ៉ាក់សាំងដូសទី១ ហើយបែរជាមិនចង់ ឬមិនចាក់ដូសទី២។ AP - Jung Yeon-je
ផ្សាយពាណិជ្ជកម្ម

តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង មាន​ហេតុផល​សំខាន់​ចំនួន ៣ ដែល​បញ្ជាក់​ពី​ការ​មិន​ចង់​ទៅ​ចាក់​ចាក់​វ៉ាក់សាំង​ដូស​ទី២ របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចាក់​ដូសទី១ រួច​ហើយ។ ហេតុផល​ទី១ ពលរដ្ឋ​អាមេរិក​ខ្លះ​បាន​និយាយ​ត្រង់ៗ​ពី​ការ​ខ្លាច​ផលរំខាន​សម្រាប់​ដូសទី២ ជាង​ដូសទី១ ដូច​យ៉ាង​ក្តៅខ្លួន ឈឺ​សាច់ដុំ ឬ​មួយ​ក៏​ឈឺក្បាល​ជា​ដើម។ ហេតុផល​ទី២ ពលរដ្ឋ​អាមេរិក​ខ្លះ​ទៀត​មាន​អារម្មណ៍​ទទួល​បាន​ការពារ​គ្រប់គ្រាន់​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ ជាមួយ​នឹង​ដូសទី១ និង​គិត​ថា វា​មិន​ចាំ​បាច់​នឹង​ចាក់​ដូសទី២ ទៀត​ទេ។ ចំណែក​ហេតុផល​ទី៣ ចុង​ក្រោយ​ត្រូវ​បាន​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​មើល​ឃើញ​ថា គឺ​ការ​គ្មាន​ប្រភេទ​វ៉ាក់សាំង​ដូច​គ្នា​នឹង​ការ​ចាក់​ដូសទី១។

ឧទាហរណ៍​ជាក់ស្តែង អ្នក​ដែល​បាន​ចាក់​ដូសទី១ ជា​វ៉ាក់សាំង Pfizer ពិបាក​នឹង​រក​កន្លែង​ចាក់​ដូសទី២ ជា​ប្រភេទ​វ៉ាក់សាំង Pfizer ដូច​គ្នា។ ជា​លទ្ធផល ចំនួន​ចាក់​វ៉ាក់សាំង​ប្រចាំ​ថ្ងៃ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ខណៈ​ដែល​រដ្ឋអំណាច​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ធំ​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ។ ក្រៅ​ពី​បារម្ភ​នឹង​កំណើន​ចំនួន​អ្នក​ដែល​មិន​ព្រម​ទៅ​ចាក់​វ៉ាក់សាំង​ដូសទី២ តាម​ពេល​វេលា​កំណត់ រដ្ឋអំណាច​កំពុង​ប្រឈម​នឹង​ភាព​រារែក អល់អែក​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​បន្ត​មិន​ព្រម​ចាក់​វ៉ាក់សាំង​តែ​ម្តង។ ហេតុផល​ទាំង​ពីរ​នេះ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កម្មវត្ថុ​នៃ​ភាព​ស៊ាំ​រួម ខណៈ​ដែល​មាន​ប្រទេស​មួយ​ចំនួន​កំពុង​បន្ត​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​កូវីដ១៩។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី២ ឧសភា កូវីដ១៩ បាន​សម្លាប់​មនុស្ស​ជាង ៣លាននាក់ និង​មាន​អ្នក​ឆ្លង​ជាង ១៥២លាននាក់​នៅ​ទូទាំង​ពិភពលោក។ អាមេរិក​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ និង​បន្ត​ពី​ក្រោយ​​ដោយ​ប្រេស៊ីល ម៉ិចស៊ិក ឥណ្ឌា និង​ប្រទេស​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ