អានតួអត្ថបទ

ទីភ្នាក់ងារ​ឱសថ​អាមេរិក​បើកភ្លើងខៀវ​ឲ្យ​ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer

ទីភ្នាក់ងារ​ឱសថ​អាមេរិក​បាន​សម្រេច​កាលពី ថ្ងៃ​សុក្រ ទី ១១​ធ្នូ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង បង្ការជំងឺ​កូវីដ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អាមេរិកាំង Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech។ នៅក្រោយ​ការប្រកាស​របស់​អាជ្ញាធរ​ឱសថ លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ថ្លែងក្នុង​សារវីដេអូ ថា យុទ្ធនាការ​ចាក់វ៉ាក់សាំង​ត្រូវ​ចាប់ផ្តើមភ្លាមៗ ក្នុង​រយៈពេល ២៤ម៉ោង ក្រោយ​ការសម្រេច​របស់​ទីភ្នាក់ងារ​ឱសថ។ 

ទីភ្នាក់ងារ​ឱសថ​អាមេរិក បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​ចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ផលិត​ដោយ​ក្រុមហ៊ុន​pfizer និង​BioNTech កាលពីថ្ងៃ​សុក្រ​ទី ១១​ធ្នូ ២០២០
ទីភ្នាក់ងារ​ឱសថ​អាមេរិក បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​ចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ផលិត​ដោយ​ក្រុមហ៊ុន​pfizer និង​BioNTech កាលពីថ្ងៃ​សុក្រ​ទី ១១​ធ្នូ ២០២០ JOEL SAGET / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​ក្រុមហ៊ុន​Pfizer កាលពី ថ្ងៃ​សុក្រ ប្រធាន​ផ្នែក​វិទ្យាសាស្រ្ត​របស់​ទីភ្នាក់ងារ​ឱសថ និង​ចំណីអាមេរិក FDA លោកស្រី Denise Hinton បាន​បញ្ជាក់ថា លោកស្រី បាន​អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់ បន្ទាន់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ របស់​ក្រុមហ៊ុន​Pfizer និង BioNTech។

អាមេរិក​ជា​ប្រទេស​ទី​៦ ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ផលិត​ដោយ​ក្រុមហ៊ុន Pfizer និង​BioNTech នៅបន្ទាប់​ពី​អង់គ្លេស កាណាដា បារ៉ែន អារ៉ាប៊ី សាអូឌីត និង​ម៉ិចស៊ិក។

នៅក្រោយ​ការប្រកាស​របស់​ទីភ្នាក់ងារ​ឱសថ លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ថ្លែងសារភ្លាមៗ នៅក្នុង​វីដេអូ តាម​បណ្តាញ​Twitter ថា វ៉ាក់សាំង​លើកទី១ នឹង​ត្រូវ​ចាក់​ជាបន្ទាន់ ក្នុង​រយៈពេល​តិចជាង ២៤ម៉ោង។ បើតាម​ប្រធានាធិបតី អាមេរិក ដំណើរការ​ដឹកជញ្ជូន ចែកចាយ​វ៉ាក់សាំង​បាន​ចាប់ផ្តើម​រួចហើយ ទៅគ្រប់​រដ្ឋ ជាទី​ដែលអាជ្ញាធរ​សម្រេចថា តើ​អ្នកណា​ដែល​គួរ​ទទួល​បាន​វ៉ាក់សាំង​មុនគេ។ សម្រាប់​លោកដូណាល់ ត្រាំ ពលរដ្ឋអាមេរិក​នឹង​ទទួលបាន​វ៉ាក់សាំង​ដោយឥតគិតថ្លៃ។

នៅក្នុង​ដំណាក់កាល​ដំបូង មនុស្ស​ចាស់ បុគ្គលិកពេទ្យ និង​អ្នកធ្វើការ​នៅ មណ្ឌល​ចាស់ជរា ជិត ៣លាននាក់ នឹង​ទទួល​បាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Pfizer។ ជារួម រោងចក្រ​ផលិត​ឱសថ នៅ រដ្ឋ​Michigan នឹង​បញ្ជូន​វ៉ាក់សាំង​ប្រមាណ ៣លាន​ដូស ទៅកាន់​មន្ទីរពេទ្យ ឱសថស្ថាន និង​ទីកន្លែង​ដែល​អភិបាល​រដ្ឋ បានជ្រើសរើស​សម្រាប់​ដំណើរការ​ចាក់វ៉ាក់សាំង ដូសទី១។ ចំណែក​៣លានដូស​ផ្សេងទៀត នឹង​ត្រូវ​ផ្ញើ នៅ ៣សប្តាហ៍ខាងមុខ សម្រាប់​ការចាក់​វ៉ាក់សាំង ដូស​ទី២។

នេះជាលើកទី១ ក្នុង​ប្រវត្តិ​ការងារ​របស់​ទីភ្នាក់ងារ​ឱសថ​អាមេរិក​ដែល​រហ័ស ផ្តល់​ភ្លើងខៀវ​ដល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ដែលទើប​ដាក់ពាក្យ​សុំ​ការអនុញ្ញាត បាន​តែ​៣សប្តាហ៍ប៉ុណ្ណោះ។ ការសម្រេច​ឲ្យ​ប្រើប្រាស់​បន្ទាន់ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer ធ្វើឡើង នៅក្នុង​កាលៈទេសៈ ដែល ជំងឺកូវីដ​១៩ កំពុង​ឆ្លង​ក្នុង​ល្បឿន​មួយ​ដ៏លឿន នៅ អាមេរិក ពោល គឺ​ជាង ២សែន​ករណី ក្នុងរយៈពេល តែ​មួយថ្ងៃ​សុក្រ​ទី ១១​ធ្នូ ២០២០ (ឆ្លងសរុប​ ជាង​១៥លាននាក់) ហើយ​និង​សម្លាប់​មនុស្ស សរុប​ជិត ៣សែននាក់ នៅ​អាមេរិក។

ដោយ​ដាក់ក្តីសង្ឃឹម​លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Moderna មួយទៀត ដែល​ប្រើបច្ចេកវិទ្យា​ផលិត​ដូចគ្នា នឹង Pfizer ហើយ​ដែល​ទីភ្នាក់ងារ​ឱសថ​អាមេរិក​ត្រូវ​សម្រេច​អារកាត់​នៅ សប្តាហ៍ក្រោយ រដ្ឋាភិបាល សង្ឃឹម​ចាក់​វ៉ាក់សាំង បង្ការ​កូវីដ ដល់​មនុស្ស​២០លាននាក់ នៅ​ខែ​ធ្នូ​ចុងឆ្នាំនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ