អានតួអត្ថបទ
អាមេរិក-ថវិកាការពារជាតិ

កាន់​តែ​កៀក​ដល់​ថ្ងៃ​ចុះ​ចេញ​ពី​អំណាច​ លោក​ដូណាល់​ ត្រាំ​ កាន់​តែ​ឯកោ

បន្ទាប់ពី​យល់ព្រម​ចុះហត្ថលេខា​លើ​គម្រោង​កញ្ចប់​ថវិកា​ជួយ​សេដ្ឋកិច្ច ដោយសារ​តែ​រង​សម្ពាធ​ លោក​​ដូណាល់ ត្រាំ​ កំពុង​ប្រឈម​ទៅនឹង​ភាព​អាម៉ាស់​មួយទៀត​ ដែល​កើត​មាន​ឡើងក្នុង​សប្តាហ៍​នេះ​។ រឿង​អាម៉ាស់​នោះ​ គឺការបដិសេធ​​របស់​សភា​អាមេរិក​ទៅនឹង​​សិទ្ធិ​វ៉េតូ​របស់​លោកត្រាំ​ ចំពោះ​ច្បាប់​ថវិកា​ការពារ​ជាតិ​។

លោកដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក។
លោកដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក។ Doug Mills-Pool/Getty Images/AFP
ផ្សាយពាណិជ្ជកម្ម

ដើម្បីអាច​ប្រឆាំងជំទាស់​ទៅនឹង​ការវ៉េតូ​របស់​លោក​ដូណាល់​ ត្រាំ​បាន​ គេត្រូវ​ការ​សំឡេង​ឆ្នោត​ភាគ​ច្រើន​ចំនួនពីរ​ភាគ​បី​នៅ​ក្នុង​សភា​អាមេរិក​ ដែល​មាន​សមាជិក ៤៣៥​ នាក់​ និង​តំណាង​ព្រឹទ្ធសភា​ដែលមានចំនួន​ ១០០ អាសនៈ​។

ច្បាប់​ថវិកា​ការពារ​ជាតិ​ ៧៤០​ ពាន់​លាន​ដុល្លារ​​កន្លះ​ត្រូវ​បាន​សភា​និង​ព្រឹទ្ធសភា​អាមេរិក​​បោះឆ្នោត​អនុម័ត​ ក្នុង​សំឡេង​ភាគ​ច្រើន​លើ​ស​លុប​កាលពី​សប្តាហ៍​ទី​២​ នៃ​ខែ​ធ្នូនេះ​។

ក៏ប៉ុន្តែ​ កាលពី​ថ្ងៃពុធ​ទី ២៣​ ធ្នូ លោក​ប្រធានាធិបតី​ទី៤៥​ របស់​សហរដ្ឋអាមេរិក​បាន​ជំទាស់​ទៅ​នឹង​ច្បាប់​ថវិកា​ការពារ​ជាតិ​​ក្រោយហេតុផល​ម្យ៉ាង​ថា​ច្បាប់​នេះ មិន​បាន​លុប​ចោល​មាត្រាទី​២៣០​ ដែល​ចែងអំពី​ការ​ ការពារ​ភាព​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​អ៊ីនធ័នែត​។ មួយវិញទៀត​ លោកត្រាំ​ ថា​ច្បាប់​នេះ​ មានខ្លឹមសារ​ប៉ុនប៉ង​ដក​ចេញនូវ​ឈ្មោះ​មូលដ្ឋាន​កងទ័ព​មួយចំនួន​ដែលមានជាប់​ឈ្មោះ​ក្រុម​ឧត្តមសេនីយ៍​ដែលជាអ្នក​បាន​ប្រយុទ្ធ​ការពារ​ទាសភាព​ក្នុង​សម័យសង្គ្រាម​ស៊ីវិល​អាមេរិក​ពី​ឆ្នាំ​ ១៨៦១​ ដល់១៨៦៥​។

សភា​អាមេរិក​ បាន​បោះឆ្នោតដោយសំឡេងភាគច្រើន​ ​ប្រឆាំងនឹង​ការវ៉េតូ​របស់​លោក​ត្រាំ​ កាលពីថ្ងៃចន្ទ​ម្សិលមិញ​​។ ក្រុម​អ្នក​ប្រជាធិបតេយ្យ​មាន​សុទិដ្ឋិនិយម​ថាពួកគេ​នឹង​ទទួល​បានការ​គាំទ្រ​គ្រប់គ្រាន់​ពី​ក្រុម​អ្នកសាធារណរដ្ឋ​ដើម្បី​ធ្វើ​ដូច្នោះ​បាន​។ ចំណែកឯ​ព្រឹទ្ធ​សភា​អា​មេរិក​វិញ​នឹង​លើក​យកបញ្ហានេះ​ទៅ​ជជែកពិភាក្សា​នៅថ្ងៃ​​អង្គារ​នេះ​។

ប្រសិនណា​បើ​ទាំងសភា​ទាំងពីរ​ បោះឆ្នោត​ដោយ​សំឡេង​គាំទ្រ​ភាគច្រើន​បដិសេធ​ទៅនឹង​សិទ្ធិ​វ៉េតូ​របស់​លោកដូណាល់ ត្រាំ​ដែល​ប្រឆាំង​ចំពោះ​ច្បាប់​ថវិកាការពារជាតិ​ នោះ​ មាន​ន័យថា​ វាជា​លើកទីមួយ​ហើយ​ដែល​សភា​ទាំងពីរ​រួមគ្នា​ពង្វាង​សិទ្ធិវ៉េតូ​របស់​លោក​ប្រធានាធិបតី​អាមេរិកទី​៤៥ រូបនេះ​។

ក្នុងករណីនេះ​ លោក​ដូណាល់ ត្រាំ​ ទំនងជា​ជៀស​មិន​ផុតទៀត​ឡើយ​ពីត្រូវ​បង្ខំចិត្ត​បែរ​មក​យល់​ព្រម​ ចុះ​ហត្ថលេខា​លើ​ច្បាប់​ថវិកា​ការពារ​ជាតិ​ដូច​អ្វី​ដែល​លោក​បាន​ធ្វើ​មុននេះបន្តិច​រួច​ទៅ​ហើយ​ពាក់ព័ន្ធ​គម្រោង​កញ្ចប់ថវិកាជួយសង្គ្រោះ​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ