អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំប្តូរចិត្ត ព្រមចុះហត្ថលេខាលើគម្រោងកញ្ចប់ថវិកា ជួយ​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីបាន​រឹងទទឹង អូសបន្លាយ​ពេល​អស់ជិតមួយ​សប្តាហ៍ ទីបំផុតទៅ លោកដូណាល់ ត្រាំ បាន​ប្តូរចិត្តយល់ព្រម​ ចុះហត្ថលេខា លើគម្រោងកញ្ចប់ថវិកា ដែលមាន​តម្លៃប្រមាណ​៩០០ពាន់លានដុល្លារ ​ដែល​សភាខុនហ្ក្រេស បានសម្រេច ដើម្បី​ជួយ​សេដ្ឋកិច្ច និងជីវភាព​ប្រជាជន។ ប៉ុន្មានថ្ងៃមកនេះ លោកដូណាល់ ត្រាំ បានបដិសេធមិនចុះហត្ថលេខា ដោយ​លោកលើកឡើងថា គម្រោងកញ្ចប់ថវិកានេះ កំណត់ជួយ​ប្រជាជនក្រីក្រ ម្នាក់តែ​៦០០ដុល្លារ ដែលលោកយល់ថាតិចពេក ព្រោះលោកចង់បាន​ឲ្យ​ដល់​២០០០ដុល្លារ។

លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក រហូតដល់ថ្ងៃទី​២០មករា២០២១
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក រហូតដល់ថ្ងៃទី​២០មករា២០២១ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

មួយ​ប្រទេសទន្ទឹងរងចាំប្រាក់ជំនួយ ខណៈលោក​​ត្រាំទៅវាយកូនហ្គោល មិនព្រមចុះហត្ថលេខា​

គម្រោងថវិកាជួយ​សេដ្ឋកិច្ច ដែលមានតម្លៃ​ប្រមាណ​៩០០ពាន់​លានដុល្លារនេះ ត្រូវបាន​សមាជិកសភាទាំង២របស់អាេមរិក អនុម័ត តាំងតែពីថ្ងៃចន្ទ ទី២១ធ្នូម្លេះ។ តែគម្រោង​ច្បាប់នេះ ត្រូវតែ​ទទួលការយល់ព្រម​មួយដំណាក់ទៀត ពីសំណាក់ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ តែលោក ដូណាល់ ត្រាំ បាន​អូសបន្លាយ​ពេល មិនព្រមចុះហត្ថលេខាយល់ព្រមទេ។ បើថា​បដិសេធ​​ប្រើ​សិទ្ធិ​វ៉េតូ​តែម្តង​ ក៏​លោកត្រាំ មិន​ធ្វើដែរ គឺគាត់​ទុកឲ្យ​គ្រប់គ្នាអន្ទះអន្ទែង ព្រោះថាគម្រោងថវិកានេះ មានសារៈ​សំខាន់​​​បន្ទាន់​ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចអាមេរិក ដែលកំពុងតែដុនដាបខ្លាំងណាស់ ដោយ​សារតែវិបត្តិកូវីដ​១៩។

ពេលដែលគម្រោង​កញ្ចប់ថវិកានេះ ត្រូវបាន​អនុម័ត​នៅសភាខុសហ្ក្រេសភ្លាម លោកដូណាល់ ត្រាំ បានធ្វើគ្រប់គ្នាភ្ញាក់​ផ្អើល ដោយ​លោក​បាន​រិះគន់ថា គម្រោងកញ្ចប់ថវិកានេះ គឺជាគម្រោងដ៏​អាម៉ាស។ លោកថា កញ្ចប់ថវិកានេះ បានកំណត់ជួយ​ជាប្រាក់ដោយផ្ទាល់​ ដល់​ប្រជាជន​អាមេរិក​ក្រីក្រ តែម្នាក់៦០០ដុល្លារប៉ុណ្ណោះ។ លោកថា ប្រាក់នេះតិចពេក លោកចង់​ឲ្យ​បាន​២០០០​ដុល្លារ។ តែដោយ​សារតែលោក​មិនចុះហត្ថលេខា ប្រជាជនក្រីក្រ អត់បានទទួលប្រាក់ចំនួន កុំថាឡើយ​២០០០ តែ​៦០០ក៏អត់ដែរ។

ស្របពេលដែលគ្រប់គ្នា ទន្ទឹងរងចាំ​ការបញ្ចេញថវិកា ទៅជួយ​ប្រជាជនក្រីក្រ លោកដូណាល់ ត្រាំ ឯណោះ​បានទៅសម្រាកលំហែរ វាយកូនហ្គោលនៅ​ផ្ទះរបស់លោក នៅឯរដ្ឋហ្វ្ល័ររីដា យ៉ាងរំភើយ។ តែទីបំផុតទៅ កាលពីយប់ថ្ងៃអាទិត្យ​ម្សិលមិញនេះ គាត់បានសរសេរលើទំព័រ Twitter ថាលោកមានដំណឹងល្អមួយ​ សម្រាប់សហរដ្ឋអាមេរិក។ ដំណឹងល្អនោះ គឺលោក​នឹងចុះហត្ថលេខាលើគម្រោងថវិកាចំនួន​៩០០ពាន់លានដុល្លារ។ ជាមួយ​គ្នានេះដែរ លោកក៏បានចុះហត្ថលេខាលើច្បាប់ថវិកាជួយ​ដល់ ស្ថាប័នរដ្ឋបាលសហព័ន្ធ ដើម្បីបញ្ចៀសកុំឲ្យ​បិទទ្វារលែងដំណើរការ ដោយសារតែគ្មានប្រាក់។

« ចង់ឲ្យ​គេចងចាំថាខ្លួន​ ចង់ជួយ​អ្នកក្រ »

នៅក្នុងលិខិតប្រកាស លោកដូណាល់ ត្រាំ សរសេរថា លោកចុះហត្ថលេខា លើច្បាប់បញ្ចេញថវិកា ​នេះ គឺដើម្បី​បន្តជួយ​ផ្តល់ប្រាក់​ជំនួ​យ សម្រាប់អ្នកអត់ការងារធ្វើ ជួយ​ទប់​កុំឲ្យ​ប្រជាជន​ត្រូវ​គេបណ្តេញ​ចេញ ពីផ្ទះជួល ព្រមទាំងជួយសហគ្រាសធទាំងអស់​ ដែលបាត់បង់ប្រាក់ចំណូល ហើយ​ប្រឈម​នឹង​ការក្ស័យធន បណ្តេញបុគ្គលិកចេញ។ លោកចុះហត្ថលេខាលើច្បាប់នេះ ក៏ដើម្បី​ បញ្ចេញ​ថវិកា​ចាំបាច់ ដើម្បី​ជួយ​ដល់ការចំណាយ​ ដល់ការចែកចាយ​ និងចាក់ថ្នាំវ៉ាក់សាំងកូវីដ​១៩ដែរ។

តែតាមពិតទៅ ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកដូណាល់ ត្រាំ បានទទួលសំពាធ និងការរិះគន់ច្រើន​ណាស់ ដោយ​សារតែគាត់រឹងទទឹងមិនព្រមចុះហត្ថលេខានេះ។ ការពិត មូលហេតុដែលគាត់រៀប​រាប់​អំបាលម៉ាន ក្នុងលិខិតប្រកាសនេះ គឺជាមូលហេតុចំបង ដែល​សមាជិសភាគណបក្សធំៗទាំង២ បានអនុម័តកញ្ចប់ថវិកានេះ គឺដើម្បីជួយសេដ្ឋកិច្ចហ្នឹងឯង។​ លោកដូណាល់ ត្រាំ ខ្លួនឯងទេ ដែលយក​ជើងរាទឹក​ប្រមាណ​១សប្តាហ៍មកនេះ ដោយ​លើកហេតុផលថា ប្រជាជនក្រីក្រ បានប្រាក់តែ​៦០០​ដុល្លារ​ គាត់ចង់ឲ្យ​បាន​២០០០ដុល្លារ។ ធាតុពិតទៅ​ វិធាន​ការលំអិត ការកំណត់ចំនួនទឹក​ប្រាក់ទាំងនេះ គឺរដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់​លោកដូណាល់ ត្រាំខ្លួនឯង បានយល់ព្រមរួចរាល់ទៅហើយ។ បើតាមការវិភាគ គឺលោកដូណាល់ ត្រាំ ចង់យកមុខ ចង់ឲ្យ​គេសរសេរ ថាគាត់ចិត្តល្អ ចង់​ជួយ​អ្នកក្រ។

កាលពីចុងសប្តាហ៍មុន​ ទាំងលោក​ចូ បៃដិន ទាំងលោកមីត រុមណី ប្រធានក្រុមសមាជិក​ព្រឹទ្ធសភា​​​បក្សសាធារណរដ្ឋ បាន​រន្ធាន់ ឲ្យ​លោកដូណាល់ ត្រាំ ត្រូវតែចុះហត្ថលេខាជាបន្ទាន់ បើ​សិន​ជា​លោក​​ដូណាល់ ត្រាំ ស្រលាញ់អាមេរិក និងចង់ជួយជីវភាព​ប្រជាជនក្រីក្រពិតប្រាកដ។ នៅតាមកញ្ចក់​ទូរទស្សន៍ Fox News លោក Pat Toomey សមាជិកព្រឹទ្ធសភា បក្សសាធារណរដ្ឋម្នាក់ដែរ បាននិយាយថា លោក ដូណាល់ ត្រាំ បានធ្វើជាបដិសេធ មិនចុះហត្ថលេខាលើ​ច្បាប់បញ្ចេញថវិកានេះ ព្រោះគាត់ចង់ឲ្យ​គេឃើញ និងចងចាំថាលោកគឺជាមនុស្សចិត្តល្អ ចង់ជួយ​អ្នកក្រខ្លាំងណាស់។ តែសម្រេចសម្រួលទៅ ការដែលលោកត្រាំ មិនព្រមចុះហត្ថលេខានេះ គឺវាបានធ្វើឲ្យ​គ្រប់គ្នាឃើញថា លោកដូណាស់ ត្រាំ ជាមនុស្សគ្មានការទទួលខុសត្រូវ បង្កចលាចល បង្កការលំបាកដល់​សេដ្ឋកិច្ច និង​ជីវភាពរបស់​ប្រជាជនអាមេរិកទៅវិញទេ។

សូម្បីតែសមាជិកក្នុងរដ្ឋាភិបាលលោកត្រាំ ក៏បានព្យាយាម​ និយាយឲ្យ​លោកដូណាល់ ត្រាំ ចុះហត្ថលេខាដែរ។ ទីបំផុត ច្បាប់ដែលមានកម្រាស់ ជាង​៥ពាន់ទំព័រនេះ ត្រូវបាន​គេ​ដឹកពីវ៉ាស៊ីនតោន ទៅ​វិមាន Mar-a-Lago នៅហ្វ្ល័ររីដា កាលពីថ្ងៃអាទិត្យ ដើម្បីឲ្យ​លោកត្រាំ ចុះ​ហត្ថលេខា។

ប្រជាជនអាមេរិកច្រើនលាននាក់ ប្រឈមធ្លាក់ក្នុងភាពក្រីក្រ

កញ្ចប់ថវិកានេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះសេដ្ឋកិច្ចអាមេរិក កំពុងតែ​ធ្លាក់ចុះខ្លាំង។ ច្បាប់ចំនួយថវិកាថ្មីនេះ នឹងមានសុពលភាពអនុវត្ត រហូតដល់ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២១។ ក្រៅពី​ផ្តល់ប្រាក់ដោយ​ផ្ទាល់ ទៅឲ្យ​ប្រជាជនក្រីក្រ ម្នាក់​៦០០ដុល្លារ ច្បាប់នេះ នឹងបន្តអនុវត្ត ការផ្តល់ប្រាក់សម្រាប់អ្នកដែល​បាត់បង់ការងារ ម្នាក់៣០០ដុល្លារ ក្នុងមួយ​សប្តាហ៍។ បើតាមតួលេខាង អ្នកអត់ការងារធ្វើនៅអាេមរិក គឺមានចំនួន​ប្រមាណ​១២លាននាក់។

ច្បាប់នេះ ក៏បានកំណត់ប្រាក់ដើម្បីផ្តល់ទៅឲ្យ​សហគ្រាសធនតូច ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ជាដើម ដើម្បីទប់​កុំឲ្យបិទទ្វារ ឬបញ្ឈប់​បុគ្គលិក។ ច្បាប់នេះ ក៏​នឹង​ពន្យា​ នូវការហាមឃាត់ រាល់ការ​បណ្តេញ​មនុស្សចេញ​ពីផ្ទះជួល ហើយទន្ទឹមនឹងនេះ រដ្ឋនឹងចំណាយ​ប្រាក់​ជួយ​ដល់​ម្ចាស់ផ្ទះជួល ដែលបាត់បង់​ប្រាក់ចំណូល។ ការរឹមអូសផ្ទះសម្បែង គឺមិនអាចធ្វើបានទេ ពីនេះរហូតដល់ពាក់​កណ្តាល​ខែមីនា។ យោងតាម កាសែត The Wall Street Journal ប្រជាជនអាមេរិក ចន្លោះពី​ ២លានកន្លះ ទៅ​៥លាននាក់ ដែលប្រឈមនឹងការបណ្តេញចេញពីផ្ទះ ក្នុងពេល​បច្ចុប្បន្ននេះ។

លោក Andrew Stettner អ្នកជំនាញនៅ The Century Foundation បានលើកឡើងថា ជំនួយថវិកាទាំងអស់នេះ គឺប្រៀបបានដូចជាអាវពោង សង្គ្រោះ​ប្រជាជនអាមេរិក រាប់លាននាក់ កុំឲ្យ​ពួក​គេ ធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាក។ សំរាប់អ្នកដែលបាត់បង់ការងារ បើមិនជួយពួកគេទេ គឺ​ពួក​គេ​គ្មាន​ប្រាក់បង់ថ្លៃឈ្នួលផ្ទះ គ្មានប្រាប់បង់ការប្រាក់ធនាគារ គ្មានប្រាក់ទិញម្ហូប ទិញថ្នាំសង្កូវទេ។ ក្នុងចំណោម​អ្នកស្ថិតក្នុងស្ថានភាពលំបាកជាងគេ គឺប្រជាជនអាេមរិកស្បែកខ្មៅ និងអ្នកដើម​កំណើត​អាមេរិកខាងត្បូង។ តាមការគ្រោងទុក នៅថ្ងៃចន្ទទី ២៨ធ្នូ សភាខុសហ្ក្រេស ត្រូវ​បើកសម័យប្រជុំ​មួយទៀត តែតាមការស្មាន គឺនឹងគ្មានអ្វីប្រែប្រួលទេ ទាក់ទិននឹងផែនការ​កញ្ចប់ថវិកា​៩០០ពាន់​លាន​ដុល្លារនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ