អានតួអត្ថបទ

ទីភ្នាក់ងារស៊ើបការណ៍ជាតិ​អាមេរិក​ថា អ៊ីរ៉ង់ និងរុស្ស៊ី មាន​ទិន្នន័យ​របស់​អ្នកបោះឆ្នោត​អាមេរិកាំង

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​អះអាង​ថា មានទិន្នន័យ​របស់​អ្នកបោះឆ្នោត​អាមេរិកាំង​មួយចំនួន បាន​ធ្លាក់​ក្នុង​ដៃ​របស់​រុស្ស៊ី និង​អ៊ីរ៉ង់។ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ប្រធាន​ចារកិច្ច​អាមេរិក លោក John Ratcliffe បាន​ចោទប្រកាន់ ប្រទេស​ទាំងពីរថា ប៉ុនប៉ង ​ប្រើទិន្នន័យ​របស់​អ្នកបោះឆ្នោត​អាមេរិក ដើម្បី​លូកដៃ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែល​ត្រូវ​ប្រព្រឹត្តទៅ នៅថ្ងៃទី​៣ វិច្ឆិកា ខាងមុខ។ ការប្រកាស​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​ស្តែង​កាន់តែ​ច្បាស់​ក្តីបារម្ភ​របស់​សមាជិក​សភា នៅចំពោះមុខ​ការគំរាមកំហែង​របស់​បរទេស ទៅលើ​ប្រព័ន្ធ​បោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​នៅអាមេរិក។ តើ​ការបោះឆ្នោតប្រធានាធិបតី​អាមេរិក​លើកនេះ ត្រូវ​រងគ្រោះ ប្រឈម​នឹង​ការលូកដៃ ចូលពីបរទេស ដូច​កាលបោះឆ្នោត​ប្រធានាធិបតី កាលពី​ឆ្នាំ ២០១៦​ដែរឬយ៉ាងណា? 

ប្រជាជន​អាមេរិក​ចាប់ទៅបោះឆ្នោត​បណ្តើរៗ ដូច​នៅ​រដ្ឋWisconsin នៅថ្ងៃទី ២០​តុលា ២០២០។ ការបោះឆ្នោត​ផ្លូវការ​នឹង​ធ្វើនៅថ្ងៃទី ៣វិច្ឆិកា​២០២០
ប្រជាជន​អាមេរិក​ចាប់ទៅបោះឆ្នោត​បណ្តើរៗ ដូច​នៅ​រដ្ឋWisconsin នៅថ្ងៃទី ២០​តុលា ២០២០។ ការបោះឆ្នោត​ផ្លូវការ​នឹង​ធ្វើនៅថ្ងៃទី ៣វិច្ឆិកា​២០២០ REUTERS - BING GUAN
ផ្សាយពាណិជ្ជកម្ម

នៅសល់​តែ​១៣ថ្ងៃ​ទៀតប៉ុណ្ណោះ អាមេរិក​នឹង​រៀបចំ​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី ដែល​មាន​លោក​លោកដូណាល់ ត្រាំ ប្រធានាធិបតី​ផុតអាណត្តិ​ត្រូវ​ប្រកួតប្រជែង​នឹង​លោក​ចូ បៃដិន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ប៉ុន្តែ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក បាន​រៀបចំ​សន្និសីទ​កាសែត​មួយ ដែល​នៅក្នុង​នោះ លោក​បាន​អះអាងថា រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ប៉ុនប៉ង លូកដៃ​ចូល​ក្នុង​កិច្ចការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

នៅក្នុង​សន្និសីទ​កាសែត ដែលគេ​មិន​បាន​គ្រោងទុកមុន ប្រធានទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិអាមេរិក លោក John Ratcliffe បានអះអាងថា ក្រុមចារកិច្ច​អាមេរិក​​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់​ថា ទិន្នន័យ ព័ត៌មាន​របស់​អ្នកបោះឆ្នោត​អាមេរិកាំង​មួយចំនួន​បាន​ធ្លាក់​ក្នុង​ដៃ​របស់​អ៊ីរ៉ង់ និង​រុស្ស៊ី។

តាម ​ប្រធានក្រុមចារកម្ម​អាមេរិក រុស្ស៊ី និងអ៊ីរ៉ង់​អាច​ប្រើ​ទិន្នន័យ​របស់​អ្នកចុះឈ្មោះ​បោះឆ្នោត​អាមេរិកាំង ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ដែល​នឹង​បង្ក​ឲ្យ​មាន​ការភ័នច្រលំ កើតចលាចល ហើយនិង​ជាពិសេស ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​អាមេរិក​លែង​មាន​ជំនឿទុកចិត្ត​លើ​ការបោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​អាមេរិក​តទៅទៀត។

ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​មិន​បាន​បញ្ជាក់ទេថា តើ​អ៊ីរ៉ង់ និង​រុស្ស៊ី អាច​ទទួល​បាន​ទិន្នន័យ​របស់​អ្នកបោះឆ្នោត​អាមេរិក​ដោយ​វិធីណានោះទេ។ នៅអាមេរិក នៅតាម​រដ្ឋខ្លះ គេ​អាច​ចូល​សុំ​ទិន្នន័យ របស់​អ្នកបោះឆ្នោត បាន​ដោយ​សេរី ចំណែកនៅរដ្ឋខ្លះ ទិន្នន័យ​របស់​អ្នកបោះឆ្នោត ត្រូវ​គេ​ផ្តល់​ឲ្យតែ​ក្រុមអ្នកនយោបាយ​តែប៉ុណ្ណោះ។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​នៅមិនទាន់​ដឹងទេថា តើ​រុស្ស៊ី ​ប្រើ​ទិន្នន័យ ក្នុង​គោលបំណង​អ្វី​នៅឡើយទេ ប៉ុន្តែ នៅចំណែក​អ៊ីរ៉ង់ អាមេរិក​បានរកឃើញ​ហើយថា  អ៊ីរ៉ង់ បាន​ប្រើ ទិន្នន័យ​របស់​ប្រជាជន​អាមេរិកាំង ដើម្បី​បន្លំ​ផ្ញើមែល ទៅ​បំភិតបំភ័យ អ្នកបោះឆ្នោត ញុះញង់ ឲ្យ​កើតចលាចល​សង្គម ហើយ​និង​បំផ្លាញ មុខមាត់​របស់​លោកដូណាល់ ត្រាំ។

តាម​ប្រភព​រដ្ឋាភិបាលអាមេរិក ប្រធានទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ចង់​សំដៅ ដល់​សារអេឡិចត្រូនិក Email ដែល​ផ្ញើ​ទៅ​អ្នកបោះឆ្នោត ដែល​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ នៅ​រដ្ឋ​Florida កាលពី​ថ្ងៃ​ពុធ។ នៅក្នុង​រដ្ឋ​Florida ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការសម្រេច​ជ័យជំនះ​របស់​បេក្ខជន​ប្រធានាធិបតី អ្នកបោះឆ្នោត គាំទ្រ​បក្ស​ប្រជាធិបតេយ្យ ​បាន​រាយការណ៍​ទៅប៉ូលិស​ថា ពួកគេ​បាន​ទទួល​សារ​គំរាម មួយ ដែលថា ឲ្យ​គេត្រូវ​តែ​បោះឆ្នោត​ឲ្យ​លោកដូណាល់ ត្រាំ បើសិន​មិន​ចង់​មាន​បញ្ហា។ តាម​អ្នកបោះឆ្នោត​ខាងលើ អ្នកដែល​ផ្ញើសារអេឡិចត្រូនិក គំរាមពួកគេ មាន​ឈ្មោះ ក្រុមProud Boys ក្រុមស្តាំនិយមជ្រុល ដែល​គាំទ្រ​លោកដូណាល់ ត្រាំ។

នៅពេលនេះ អាជ្ញាធរ​អាមេរិក​កំពុង​បើកការស៊ើបអង្កេត និង​មិនទាន់​ដឹងច្បាស់​ពី​ប្រភព ម្ចាស់ដើម​របស់​​អ្នកផ្ញើសារ ទៅកាន់​អ្នកបោះឆ្នោត​នៅឡើយ​ទេ។ ប៉ុន្តែ  អ្នកជំនាញ​កិច្ចការបរទេស​របស់​រដ្ឋាភិបាល​អាមេរិក​វាយតម្លៃ​ថា អ៊ីរ៉ង់​អាច​បន្លំយក​ឈ្មោះ របស់​ក្រុមស្តាំនិយមជ្រុល ទៅ​បំភិតបំភ័យ អ្នកបោះឆ្នោត មកពីគណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​គេ​ស្អប់​លោកដូណាល់ ត្រាំ ព្រោះ​គេ​ដឹង​ថា លោកដូណាល់ ត្រាំ បាន​ទទួល​ការគាំទ្រ​ពីក្រុម​ស្តាំ​និយមជ្រុល ក្រុមគាំទ្រ​សាសន៍​ស្បែក​ស នៅអាមេរិក ដែល​ពេលខ្លះ ហិង្សា ប៉ុន្តែ ដែល​លោកដូណាល់ត្រាំ បដិសេធ​មិន​ប្រកាស​ថ្កោលទោស​រហូត​មក។

តើ​ការបោះឆ្នោត ប្រធានាធិបតី​លើកនេះ នឹង​អាចប្រឈម​នឹង​ការលូកដៃ​ជ្រៀតជ្រែក ពីបរទេស ដូច​កាល​ពី​ឆ្នាំ ២០១៦?

នៅ​៤ឆ្នាំ​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី អាមេរិក ដែលនៅក្នុង​នោះ រុស្ស៊ី ធ្លាប់​រង​ការចោទ​ប្រកាន់​ថា បាន​លូកដៃចូល​ក្នុង​កិច្ចការបោះឆ្នោត ដើម្បី​ជួយ​លោកដូណាល់ ត្រាំ ឲ្យទទួល​ជ័យជំនះ គឺលោកស្រី ហេឡារី គ្លីនតុន ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​នៅតែ​ប្រឈម​គ្រប់ពេលវេលា​នឹង​ការលូកដៃ​ជ្រៀតជ្រែក​ពីបរទេស។ លើកនេះ មិនមែន​មានតែ​រុស្ស៊ី ទេ គឺ​មាន​ផងដែរ ចិន និង​អ៊ីរ៉ង់។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ កាលពី​ខែ វិច្ឆិកា ឆ្នាំ មុន ក្រសួងយុត្តិធម៌ រួម ទាំង ប្រធាន​ចារកម្ម និង​ប៉ូលិស​សហព័ន្ធ FBI បាន​អះអាងថា រុស្ស៊ី ចិន អ៊ីរ៉ង់ ហើយ​និង​ប្រទេស​មាន​គំនិត​អាក្រក់​មួយចំនួនទៀត នឹង​ប៉ុនប៉ង លូកដៃ​ចូល​ក្នុងកិច្ចការបោះឆ្នោត​ប្រធានាធិបតី ឬ សាបព្រួស​ឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត​អាមេរិកាំង។ ក្រុមចារកិច្ច​អាមេរិក​ធ្លាប់​បាន​ព្រមានហើយថា អ៊ីរ៉ង់​នឹង​អាច​លូកដៃ​ក្នុង​កិច្ចការបោះឆ្នោត ដើម្បី​បំផ្លាញ​ផលប្រយោជន៍​របស់​លោកដូណាល់ ត្រាំ ដែល​បាន​ដើរចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ និង​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី​លើអ៊ីរ៉ង់។ ចំណែក​រុស្ស៊ី​វិញ អាច​ត្រលប់​មក​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សាជាថ្មី ដើម្បី ជួយ លោកដូណាល់ ត្រាំ ឲ្យ​ឈ្នះលើ​គូប្រជែង​មកពីគណបក្ស ប្រជាធិបតេយ្យ ដែល​ជា​សំរាមក្នុង​កែវភ្នែក​របស់ ប្រធានាធិបតី រុស្ស៊ី លោកពូទីន។

តាម​អាជ្ញាធរ​អាមេរិក ដើម្បី​សម្រេច​គោលដៅ ក្រុមប្រទេស​សត្រូវ​របស់​អាមេរិក​នឹង​បើក​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត វាយប្រហារ​អ៊ីនធ័រនែត និង បើកយុទ្ធនាការ​ឃោសនា ព័ត៌មាន​បោកប្រាស់ បោកបន្លំ នៅតាម​បណ្តាញ​សង្គម ដើម្បី ធ្វើយ៉ាងណា បំបាក់ទឹកចិត្ត​របស់​ប្រជាជន មិនឲ្យ​ទៅបោះឆ្នោត ឬ​ជំរុញ ឲ្យ​គេ​បោះឆ្នោត​សម្រាប់​បេក្ខជន​ដែល​ខ្លួនគាំទ្រ។ នៅ​ប៉ុន្មាន​សប្តាហ៍មុន ប្រធាន​ប៉ូលិស FBI បានវាយតម្លៃថា រុស្ស៊ី ដែល​ធ្លាប់​លូកដៃជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០១៦ ដែល​ធ្វើ​ឲ្យ​បេក្ខជន បក្ស​ប្រជាធិបតេយ្យ​បរាជ័យ​ម្តងហើយនោះ កំពុង​ចាប់សកម្ម​ឡើងវិញ នៅក្នុង​ការបោះឆ្នោត លើកនេះ ដើម្បី ធ្វើ​យ៉ាងណា​ឲ្យ លោក​ចូ បៃដិន មកពីគណបក្ស​ប្រជាធិបតេយ្យ ជួបបរាជ័យ មិនអាច​ឈ្នះ លោកដូណាល់ ត្រាំ ដូចមុន។

ប្រធានFBI៖ ប្រព័ន្ធបោះឆ្នោតអាមេរិក​រឹងមាំ

នៅក្នុង​សន្និសីទ​កាសែត​ជាមួយ ប្រធានទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ជាតិ​អាមេរិក កាលពី​ថ្ងៃ​ពុធ ម្សិលមិញ ប្រធាន​ប៉ូលិស​FBI បាននិយាយ​ធានាបញ្ជាក់ថា ប្រព័ន្ធ​បោះឆ្នោត​អាមេរិក រឹងមាំ មិនអាច​ឲ្យ​គេ​ចូល​ទៅ កែប្រែ បន្លំ​លទ្ធផល​បាន​នោះទេ។ តាម​ប្រធាន​FBI​អាមេរិក​បាន​ធ្វើការ​ជាច្រើនឆ្នាំ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ មួយ ដែល​អាច​ធន់ ទប់ទល់​នឹង​ការវាយប្រហារ​ពីខាងក្រៅ។ “យើង​នឹង​មិនអនុគ្រោះ ដល់​ក្រុម​បរទេស​លូកដៃ​ចូល​ក្នុង​ការបោះឆ្នោត ឬ​ក្រុមឧក្រិដ្ឋជន​ដែល​គំរាមកំហែង សិទ្ធិបោះឆ្នោត របស់​ប្រជាជនអាមេរិកាំង ឬ​គំរាមកំហែង ទៅលើ​ជំនឿទុកចិត្តរបស់​ប្រជាជន ​លើ​លទ្ធផល​ឆ្នោតនោះទេ” នេះជា​ការធានាអះអាង​របស់​លោក Christophe Wray។

ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​អាច​រឹងមាំ រហូត​គេ​មិនអាច​លួច ជ្រៀតចូល​ទៅ​កែប្រែ​លទ្ធផល ទិន្នន័យ​អ្វីបាន។ ប៉ុន្តែ ក្រុមបរទេស​នៅតែ​អាច​ប្រើបណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយណា​ដែល​ជះឥទ្ធិពល​ទៅលើ​ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត​អាមេរិក។ នៅត្រង់ចំណុចនេះ ក្រុមហ៊ុន​បណ្តាញ​សង្គម ដូចជា Facebook Twitter Youtube Google ជាដើម បាន​ប្រុងប្រយ័ត្ន មិន​ចង់​ធ្វើកំហុស​ដូច​កាលពី​៤ឆ្នាំមុន។ លើកនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំងបាន​សហការ​ជាប់ជានិច្ច​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក និង​បាន​ពង្រឹង យន្តការ តាមលុប​គណនី និងការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទាំងឡាយ ណា ដែល​គេ​ជឿថា ធ្វើឡើង ដើម្បី រំខាន​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង។

ដោយសារ​តែ ក្រុមហ៊ុន​អ៊ីនធ័នែត ចាត់វិធានការ​តឹងតែង សម្រាប់​ទប់ស្កាត់ ការលូកដៃ របស់​បរទេស​ក្នុងការបោះឆ្នោត អ្វីដែល​គេ​បារម្ភ​ខ្លាំង លើកនេះ គឺ​មិនមែន ការលូកដៃ ជ្រៀតជ្រែក​ពីបរទេស​នោះទេ ប៉ុន្តែ គឺ​វិបត្តិថ្មី ដែល​អាច​កើតចេញ ពីក្នុង​ទឹកដី​អាមេរិក​ខ្លួនឯង។ ដោយសារ​តែ​វិបត្តិកូវីដ ការបោះឆ្នោត តាម​សំបុត្រ នឹង​អាច​ផ្តល់​លទ្ធផល​យឺត នៅ​ក្រោយ​ថ្ងៃ​ទី ៣​វិច្ឆិកា។ គេបារម្ភ​ខ្លាចថាដោយសារ​តែ​គ្មានលទ្ធផល​ឆ្នោត នោះ ការផ្សព្វផ្សាយ ព័ត៌មាន​មិនពិត ទាក់ទង​នឹង​លទ្ធផល​ឆ្នោត នឹង​អាច​ផ្ទុះពាសពេញ បណ្តាញ​សង្គម។ បញ្ហា​ស្មុគស្មាញ​មួយទៀត គឺ នៅពេល លទ្ធផល​ឆ្នោត​អាច​ប្រកៀកប្រកិតគ្នា បេក្ខជន អាច​មិនព្រម ទទួល​យក​លទ្ធផល ក្នុង​ហេតុផលថា មានការលួចបន្លំ។ គេវាយតម្លៃថា សេណារីយ៉ូ​មួយ​នេះ នឹង​អាចកើតឡើង ជាពិសេស នៅខាង​លោកដូណាល់ ត្រាំ ដែល​ប្រឆាំង នឹង​ការបោះឆ្នោត​តាមសំបុត្រ។ លោកដូណាល់​ត្រាំ ដែល​ធ្លាប់​ទាមទារ​ឲ្យ​មានការលើកថ្ងៃ​បោះឆ្នោត ​ធ្លាប់​បដិសេធ ផងដែឬ មិន​សន្យា ផ្ទេរអំណាច​ដោយ​សន្តិវិធី ក្នុងករណី​លោក​ចាញ់ឆ្នោត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ