អានតួអត្ថបទ

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​រកឃើញការវាយប្រហារ​របស់​ចោរព័ត៌មានវិទ្យា​មានប្រភព​ពី​ចិន និង​រុស្ស៊ី

នៅ ជាង​២ខែ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកធំៗ​ដូចជា Microsoft Google Facebook Twitter បាន​បង្កើនការតាមដាន និង​ពង្រឹង​យុទ្ធសាស្រ្ត ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត ឬ​ការលូកដៃ​ពីបរទេស ទៅក្នុង​ការបោះឆ្នោត​អាមេរិក ២០២០។ នៅក្នុង​របាយការណ៍​ចេញផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​Microsoft បានលើកឡើង​ពី​ការវាយប្រហារ​របស់​ចោរ​អ៊ីនធ័រនែត ទៅ​លើ​ក្រុមឃោសនា របស់​គណបក្ស ឬ ស្ថាប័នដែល​ធ្វើការ​ទាក់ទង​ការបោះឆ្នោត នៅ​អាមេរិក។ តាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ការវាយប្រហារ​តាមអ៊ីនធ័រនែត​ភាគច្រើន​មាន​ប្រភពចេញ ពី​រុស្ស៊ី ​ចិន និង​អ៊ីរ៉ង់។

ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក​បង្ហាញ​ពី​វិធីសាស្រ្ត​ដែល​ចោរព័ត៌មានវិទ្យារុស្ស៊ី​ប្រើលូកដៃ សាបព្រួស​ឥទ្ធិពល​លើ​អ្នកបោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ ២០១៦
ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក​បង្ហាញ​ពី​វិធីសាស្រ្ត​ដែល​ចោរព័ត៌មានវិទ្យារុស្ស៊ី​ប្រើលូកដៃ សាបព្រួស​ឥទ្ធិពល​លើ​អ្នកបោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ ២០១៦ AP - Jenny Kane
ផ្សាយពាណិជ្ជកម្ម

នៅប៉ុន្មាន​ខែ​មកនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Facebook Google Microsoft Twitter​បាន​ប្រកាស ជាបន្តបន្ទាប់ ពី​ការទប់ស្កាត់​បាន​ទាន់ពេលវេលា ការវាយប្រហារ​របស់​ចោរព័ត៌មានវិទ្យា ឬការលូកដៃ​ពីបរទេស ជាពិសេស រុស្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត សំដៅ បំពុល​មតិបោះឆ្នោត​នៅអាមេរិក។

ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាន់តែ​កៀកខិតចូលមកដល់ ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត ក៏​មានកាន់តែ​ច្រើន ដែល​មួយ​ចំនួនធំ សំដៅ វាយប្រហារ ក្រុមឃោសនា​បោះឆ្នោត របស់​គណបក្ស​នយោបាយ នៅ​អាមេរិក។ ជាក់ស្តែង ​របាយការណ៍ របស់​ក្រុមហ៊ុន​Microsoft កាល​ពី​ថ្ងៃ ព្រហស្បតិ៍ បាន​បង្ហាញថា ក្រុម​ចោរអ៊ីនធ័រនែត​រុស្ស៊ី មួយក្រុម ដែល​គេ​ស្គាល់​ឈ្មោះ ថា Strontium​បាន​វាយប្រហារ​ទៅលើ​ស្ថាប័ន​ជាង ២០០​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ជាពិសេស ក្រុមឃោសនា​បោះឆ្នោត របស់​លោកចូ បៃដិន ដែល​ជា​គូប្រជែង របស់ប្រធានាធិបតី​លោកដូណាល់ ត្រាំ។ Microsoft បាន​រកឃើញ​ផងដែរ ការវាយប្រហារ​ព័ត៌មានវិទ្យា ដែលមាន​ប្រភព​ចេញ​មកពី​ប្រទេស​ចិន និង​អ៊ីរ៉ង់ ប៉ុន្តែ ក្រុម​ចោរអ៊ីនធ័រនែត​ចិន និង​អ៊ីរ៉ង់​សំដៅ​វាយប្រហារ​ផលប្រយោជន៍ របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ពោល​គឺ​ទាំង​លោកចូ បៃដិន និង​លោកដូណាល់ ត្រាំ។

សម្រាប់​ក្រសួងមហាផ្ទៃអាមេរិក របាយការណ៍​របស់​ក្រុមហ៊ុន​Microsoft បាន​បញ្ជាក់ថា ចិន អ៊ីរ៉ង់ រុស្ស៊ី បាន​ព្យាយាម រុកគួន បំផ្លាញ លទ្ធិប្រជាធិបតេយ្យ និងសាបព្រួស​ឥទ្ធិពល​លើ​ការបោះឆ្នោតអាមេរិក។

ទាក់ទង​នឹង​ការលូកដៃ​របស់​បរទេស ទៅក្នុង​ការបោះឆ្នោត ក្រសួង​សេដ្ឋកិច្ច​អាមេរិក កាលពី​ថ្ងៃ ម្សិលមិញ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​សមាជិក​សភាអ៊ុយក្រែន ម្នាក់ ដែល​អាមេរិក​ចោទប្រកាន់​ថា ជា​ភ្នាក់ងារ ស៊ើបការណ៍​សម្ងាត់របស់​រុស្ស៊ី ដែល​មាន​បេសកកម្ម​វាយប្រហារ​ផលប្រយោជន៍​របស់​បេក្ខជន​អាមេរិក លោកចូ បៃដិន។ ជនជាតិ​រុស្ស៊ី​បីនាក់ ដែល​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធ័រនែត IRA ក៏ត្រូវ​ជាប់ទណ្ឌកម្មរបស់​អាមេរិក ដែរ ក្នុង​បទចោទប្រកាន់ ធ្វើការ​ឲ្យ​ស្ថាប័ន ដែល​ស្និទ្ធ​នឹង​វិមានក្រេមឡាំង និង​ដែល​កាលពី​៤ឆ្នាំមុន បានលូកដៃ​ចូល​ក្នុង​កិច្ចការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

ក្រៅតែ​ពី​ពង្រឹង​យុទ្ធសាស្រ្ត ដើម្បី ទប់ស្កាត់ ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត​ពីបរទេស ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ត្រូវ​រឹតបន្តឹង លុបចោល​ផងដែរ ការផ្សព្វផ្សាយ ព័ត៌មាន​មិនពិត ព័ត៌មាន​កុហក​បោកប្រាស់ទាក់ទង​នឹង​ការបោះឆ្នោត ដែល​ធ្វើឡើង​ដោយអ្នកក្នុង​ស្រុក និង​មាន​កាន់តែ​ច្រើន នៅលើ​បណ្តាញសង្គម។ ហ្វេសប៊ុក​ដែល​បាន​ប្រកាស​បិទ​មិន​ទទួល ការផ្សាយពាណិជ្ជកម្ម របស់​គណបក្សនយោបាយ នៅ១សប្តាហ៍មុន​ការបោះឆ្នោត​ទើប​បាន​អះអាងថា ក្រុមហ៊ុន​បាន​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ ដើម្បី​ជួយ​អ្នកប្រើប្រាស់​ឲ្យ​អាច​ទទួល​បាន​ព័ត៌មាន​ពិតប្រាកដ ទាក់ទង​នឹង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃ​ទី​៣​វិច្ឆិកាខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ