អានតួអត្ថបទ
សហរដ្ឋអាមេរិក កូវីដ-១៩

សហរដ្ឋអាមេរិក៖គណបក្សប្រជាធិបតេយ្យវាយបកលើលោកដូណាល់ ត្រាំក្នុងសំណុំរឿងកូវីដ១៩

នៅ​សហរដ្ឋអាមេរិក ប្រសាសន៍​របស់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ក្នុង​រឿង​កូវីដ១៩ កំពុង​បន្ត​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំងក្លា។ ក្នុង​ថ្ងៃ​ពុធ ទី១៦ កញ្ញា លោក​ត្រាំ​បាន​ថ្លែង​ជំទាស់​ជា​សាធារណៈ​នឹង​ការ​លើក​ឡើង​របស់​នាយកមជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​ស្តីពី​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ លោក​ត្រាំ​បាន​អះអាង​ពី​ការ​មាន​វ៉ាក់សាំង​នៅ​មុន​ដំណាច់​ឆ្នាំ ២០២០ តែ​នាយកមជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​បាន​បញ្ជាក់​ថា គេ​ត្រូវ​រង់ចាំ​នៅ​ឆ្នាំ ២០២១។ បន្ទាប់​ពី​បាន​វាយបក​លើ​នាយកមជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ លោក​ត្រាំ​បាន​យល់​ឃើញ​ថា បើ​គេ​មិន​រាប់​បញ្ចូល​អ្នក​ស្លាប់​នៅ​តាម​បណ្តា​រដ្ឋ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ទេ នោះ​ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ​នៅ​អាមេរិក​ក៏​មាន​មិន​សូវ​ច្រើន​ដែរ។ ការ​ថ្លែង​របស់​លោកត្រាំ​នេះ​ត្រូវ​បាន​លោក Chuck Shumer ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៃ​គណបក្សប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​វាយបក​វិញ​យ៉ាង​ចាស់ដៃ។

លោក Chuck Shumer ប្រធានក្រុមសំឡេងភាគតិចនៃគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាមេរិក
លោក Chuck Shumer ប្រធានក្រុមសំឡេងភាគតិចនៃគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាមេរិក AP - Jacquelyn Martin
ផ្សាយពាណិជ្ជកម្ម

« បាទ លោក​ប្រធានាធិបតី ប្រសិន​បើ​លោក​មិន​រាប់​ចំនួន​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ដែល​បាន​ស្លាប់​ទេ ប្រហែល​ជា​លោក​គិត​ថា​វា​មិន​អាក្រក់​ណាស់​ណា​ទេ។ បើ​លោក​បិទ​ភ្នែក ហើយ​គិត​ថា ទឹកដី​អាមេរិក​មាន​តែ​ពាក់កណ្តាល​នោះ ប្រហែល​ជា​មាន​មនុស្ស​មួយ​ចំនួន​អាច​គិត​ថា លោក​បាន​បំពេញ​ការងារ​គ្រាន់​បើ មិន​ជា​អន់​ពេក​ទេ។ តើ​មនុស្ស​ប្រភេទ​ណា​ដែល​សម្លឹង​ឃើញ​ចំនួន​ពលរដ្ឋ​ស្លាប់​នៅ​ក្នុង​ប្រទេស​ដែល​គាត់​ត្រូវ​ដឹកនាំ និង​នៅ​ក្នុង​ការ​ព្យាយាម​លើកដំកើង​ខ្លួន​ឯង​ដោយ​បាន​ទាត់ចោល​ពលរដ្ឋ​អាមេរិក​ដែល​បាន​ស្លាប់​នៅ​ក្នុង​បណ្តា​រដ្ឋ​ដែល​មិន​បាន​បោះឆ្នោត​ឲ្យ​គាត់។

គួរ​ឲ្យ​ខ្មាសអៀន​ណាស់ គឺ​វា​ចំឡែកអស្ចារ្យ។ ខ្ញុំ​ស្នើ​ឱ្យ​ប្រធានាធិបតី​ត្រាំ​ចំណាយ​ពេល​ខ្លះ​ដើម្បី​អាន​ប្រវត្តិ​របស់​បុរស និង​ស្ត្រី​នៅ​ទូទាំង​ប្រទេស​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​នេះ។ គឺ​មូលហេតុ​នេះ​ហើយ​ដែល​ចំណាប់អារម្មណ៍​របស់​ប្រធានាធិបតី​ពិត​ជា​គួរ​ឱ្យ​រន្ធត់​ខ្លាំង​ណាស់។ តើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​មួយ​ត្រូវ​កំណត់​ដូចម្តេច បើ​ជីវិត​ពលរដ្ឋ​អាមេរិក​ទាំង​នេះ​មិន​ត្រូវ​បាន​រាប់បញ្ចូល?។ តើ​មិន​គួរ​ឱ្យ​ខ្លាច​ទេ​ឬ?។ តើ​មនុស្ស​វិកលចរិក​បែប​ណា​ដែល​អាច​និយាយ​ថា ជីវិត​របស់​ពលរដ្ឋ​អាមេរិក​ទាំង​នេះ​មិន​សំខាន់​ទេ​នោះ? »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ