អានតួអត្ថបទ
អាមេរិក កូវីដ១៩

នាយក​ភ្នាក់ងារ​​ឱសថ​អាមេរិក ថា​អាច​​ផ្តល់​​អាជ្ញាបណ្ណ​​ដល់​វ៉ា​ក់សាំង​កូវីដ១៩ ទោះ​​ការ​​សាកល្ប​ង​​​​មិន​​​ទាន់​​ចប់​

សហរដ្ឋអាមេរិក អាចនឹងផ្តល់អាជ្ញាបណ្ណឲ្យដល់ថ្នាំវ៉ាក់សាំង​ការពារជំងឺកូវីដ១៩ណាដែលមាន គេគិតថាមានប្រសិទ្ធិភាព បើទោះបីជាវាកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង កម្រិតទី៣ក្តី។ នេះគឺជាការអះអាង របស់​លោកនាយកទីភ្នាក់ងារឱសថអាមេរិក ​ដែលកាសែត The Financial Times បានចុះផ្សាយ​ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ភាពប្រញ៉េបប្រញ៉ាប់ របស់អាជ្ញាធរឱសថអាមេរិកនេះ គឺត្រូវបានមតិមួយចំនួន​រិះគន់ថា មកពីទទួល​សំពាធពី​លោកដូណាល់ ត្រាំ ដែលចង់បានថ្នាំវ៉ាក់សាំងការពារកូវីដ១៩ ឲ្យ​មានមុនពេល​បោះឆ្នោត​អាណត្តិថ្មី។

លោកដូណាល់ ត្រាំ ងាកទៅសួរ​លោក Stephen M. Hahn នាយក​ទីភ្នាកងារ​ឱសថសហរដ្ឋអាេមរិក ក្នុង​ពេល​ធ្វើសន្និសីទកាសែត នៅសេតវិមាន​ថ្ងៃទី ២៣ សីហា ២០២០
លោកដូណាល់ ត្រាំ ងាកទៅសួរ​លោក Stephen M. Hahn នាយក​ទីភ្នាកងារ​ឱសថសហរដ្ឋអាេមរិក ក្នុង​ពេល​ធ្វើសន្និសីទកាសែត នៅសេតវិមាន​ថ្ងៃទី ២៣ សីហា ២០២០ REUTERS - ERIN SCOTT
ផ្សាយពាណិជ្ជកម្ម

លោក Stephen Hahn នាយកទីភ្នាក់ងារឱសថសហរដ្ឋអាមេរិក បានលើកឡើងថា វាអាចទៅរួចដែលស្ថាប័ន​របស់​លោក នឹងសម្រេចផ្តល់អាជ្ញាបណ្ណ ដល់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ណាមួយ បើទោះបីជា ​ដំណាក់កាលសាកល្បងទី៣ដើម្បី​ពិនិត្យ​ពីប្រសិទ្ធិភាព នៅមិនទាប់ចប់សព្វគ្រប់ក្តី។

តែយ៉ាងណា លោកនាយកទីភ្នាក់ងារឱសថអាមេរិករូបនេះ​ បានអះអាងថា វាគឺជានីតិវិធីបន្ទាន់ និងពិសេស ដែល​ស្ថាប័នលោក ត្រូវតែ​ពិនិត្យ ​វិភាគ​ឲ្យ​បានល្អិតល្អន់ មុននឹងផ្តល់អាជ្ញាបណ្ណ។ មួយទៀតនោះ គឺថា វ៉ាក់សាំងដែលអាចត្រូវបាន​ផ្តល់អាជ្ញាបណ្ណដោយបន្ទាន់នេះ គឺអាចយកទៅ​ប្រើ តែទៅលើ​ក្រុមមនុស្ស មួយចំនួន​ដែលងាយប្រឈម ឬដែលត្រូវការវ៉ាក់សាំងមុនគេ។

លោក Stephen Hahn ក៏បានបំភ្លឺផងដែរ ទាក់ទិននឹងការិះគន់ ដែលថា​លោក បានទទួលសំពាធពី​លោកដូណាល់ ត្រាំ ដែលចង់​បានថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យ​បានមុនពេលបោះឆ្នោតនៅខែ​វិច្ឆិកាខាងមុខ​ ដើម្បីយកទៅអួតរកសម្លេងឆ្នោត​។ លោកនាយកទីភ្នាក់ងារឱសថអាមេរិក បានអះអាងថា ក្នុងករណីផ្តល់អាជ្ញាបណ្ណបន្ទាន់ ដល់វ៉ាក់សាំងណាមួយ គឺស្ថាប័នលោក សម្រេច​ដោយឈរលើគោលការណ៍វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ មិនមែនជារឿងនយោបាយ​ទេ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានថ្នាំវ៉ាក់សាំងចំនួន​៣ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងទី៣ ហើយ​ដែលបានចុះឈ្មោះ សុំអាជ្ញាបណ្ណនៅសហរដ្ឋអាមេរិក។ ក្នុងនោះ មានវ៉ាក់សាំងស្រាវជ្រាវ​ដោយមន្ទីរពិសោធន៍ AstraZeneca សហការជាមួយ​សកលវិទ្យាល័យ​ Oxford វ៉ាក់សាំងរបស់​មន្ទីរពិសោធន៍ Moderna សហការជាមួយវិទ្យាស្ថានសុខភាពអាមេរិក និងទី៣ វ៉ាក់សាំងរបស់​មន្ទីរពិសោធន៍ Pfizer និងមន្ទីរពិសោធន៍ BioNtech។ ក៏ប៉ុន្តែ លទ្ធផលសាកល្បងទ្រង់ទ្រាយធំ ទៅលើមនុស្សជាច្រើនពាន់នាក់ ក្នុងដំណាក់កាលទី​៣នេះ នៅមិនទាន់មាននៅឡើយទេ ដោយ​ត្រូវចាំច្រើនខែទៀត។

គួររំលឹកផងដែរថា នាយក​ទីភ្នាក់ងារឱសថសហរដ្ឋអាមេរិកនេះ ត្រូវបានគេរិះគន់ច្រើនដងមកហើយ ទាក់ទិនកិច្ចការមិនច្បាស់លាស់ ទន់ទោរទៅតាមការដាក់សំពាធពីសេតវិមាន។ កាលពីចុងខែ​មីនា ក្រោយពេល​លោកដូណាល់ ត្រាំអួតសរសើរពីថ្នាំ អុីដ្រូស៊ីក្លូរ៉ូគីន ក៏ស្រាប់តែទីភ្នាក់ងារឱសថ​បានសម្រេច​អនុញ្ញាតឲ្យ​ប្រើថ្នាំនេះទៅលើអ្នកជំងឺកូវីដ។ ក្រោយមក ក៏បានហាមវិញ នៅខែ​មិថុនា ក្រោយពិនិត្យឃើញថាគ្មានប្រសិទ្ធិភាព និង​មានផលវិបាកខ្លាំងដល់អ្នកជម្ងឺ។ ករណីមួយទៀតនោះ គឺលោកនាយកទីភ្នាក់ងារឱសថអាមេរិក បាននិយាយបំផ្លើសនៅក្នុងសន្និសីទកាសែត មួយដែលមានលោកដូណាល់ ត្រាំឈរពីក្រោយ អំពីប្រសិទ្ធិភាព​នៃសារធាតុប្លាសម៉ា ដែលល្បីថាអាចជួយព្យាបាលកូវីដ១៩បាន។ ក្រោយមកលោកបានទទួលស្គាល់ថា វាគឺជាការភ័ន្តច្រឡំ។

 

លោក Eric Topol អគ្គនាយក Scripps Research Translational Institute បានសរសេរ​លើ Twitter ថា ការផ្តល់អាជ្ញាបណ្ណ​ដល់វ៉ាក់សាំង ដោយតក់ក្រហល់ គឺជារឿងគ្រោះថ្នាក់ និង​មិនសមហេតុផល​ទាល់តែសោះ ទោះបីចង់ថាលោក Stephen Hahn ធ្វើតាម ឬមិនធ្វើតាមការបញ្ជា​របស់​លោកដូណាល់ ត្រាំក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ