អានតួអត្ថបទ
បោះឆ្នោតអាមេរិក​២០២០

លោកដូណាល់ ត្រាំ ស្នើ​លើកថ្ងៃបោះឆ្នោត នៅ​ក្រោយ ដំណឹង​ថា សេដ្ឋកិច្ច​អាមេរិក ដើរ​ថយក្រោយ

សេដ្ឋកិច្ច​អាមេរិកបាន​ដើរថយ​ក្រោយ ជាផ្លូវការ នៅបន្ទាប់ពី ផលិតផល​ក្នុងស្រុក​សរុប GDP បាន​ធ្លាក់ថយចុះ នៅ​ពីរត្រីមាសជាប់គ្នា ដោយសារ វិបត្តិកូវីដ ១៩។ នៅប៉ុន្មាន​នាទីក្រោយ ការប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម អាមេរិក ស្តីពី​ការធ្លាក់ថយចុះ​ជា​ប្រវត្តិសាស្រ្ត​នៃ ផលិតផលក្នុង​ស្រុកសរុប លោកប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ បាន​សរសេរ​សារ​Twitter ស្នើ​ជាលើក​ទី​១ ឲ្យ​គេ​លើក ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ៣​វិច្ឆិកា​ចុងឆ្នាំនេះ។

ប្រជាជន​អាមេរិកាំង​ត្រៀម​ខ្លួន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែ​លត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី ៣​វិច្ឆិកា ២០២០
ប្រជាជន​អាមេរិកាំង​ត្រៀម​ខ្លួន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែ​លត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី ៣​វិច្ឆិកា ២០២០ REUTERS - Tom Brenner
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បានពន្លយពាក្យ ​ជា​លើក​ទី១ ស្នើ​ឲ្យ​គេលើក​ពេល​បោះឆ្នោត ឆ្នាំ ២០២០ ក្នុង​មូលហេតុថា ការបោះឆ្នោត​នៅក្នុង​កាលៈទេសៈ​កើត​មាន​វិបត្តិកូវីដ នឹង​ត្រូវ​ប្រឈម​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត។

នៅក្នុង​បរិបទ​ដែល​អាមេរិក​កំពុង​ញាំញី​ដោយ​ជំងឺ​កូវីដ ដែល​ឆ្លង​ទៅមនុស្ស ជាង​៤លាន​កន្លះ និង​សម្លាប់​មនុស្ស ជាង ១សែន ៤ម៉ឺននាក់ នៅអាមេរិក រដ្ឋជាច្រើន​បាន​ស្នើ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ពីចម្ងាយ ដើម្បី​ជៀសវាង​ការចម្លង​មេរោគ​កូរ៉ូណា នៅ​ក្នុង​ការប្រមូលផ្តុំ​នៅ​តាម​មណ្ឌល​បោះឆ្នោត។ រដ្ឋ​មួយចំនួន​បាន​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត ពីចម្ងាយ ដែល​ដំណើរការ​ជាច្រើន​ឆ្នាំ​មកហើយ និង​មិនដែល​ជួបបញ្ហា ធំដុំ​ដូចជា​ការលួចបន្លំសន្លឹកឆ្នោត​នោះទេ។

ប៉ុន្តែ សម្រាប់​ប្រធានាធិបតី​អាមេរិក ជាមួយ​នឹង​គំនិតផ្តួចផ្តើម ឲ្យ​មានការបោះឆ្នោត ពីចម្ងាយ តាមរយៈ​សំបុត្រ អ៊ីម៉ែល ការបោះឆ្នោត​នៅឆ្នាំ ២០២០​នឹងក្លាយជា​ការបោះឆ្នោត ដែល​មិន​ជាក់លាក់ និង​ការបន្លំសន្លឹកឆ្នោត ដ៏សំខាន់មួយ នៅក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។

“នេះជារឿង​ដ៏អាម៉ាស់​សម្រាប់​អាមេរិក។ តើគេ​គួរលើក​ថ្ងៃ​បោះឆ្នោត រហូត​ដល់​ពេលវេលា​មួយ ដែល​ប្រជាជន​អាច​បោះឆ្នោត ធម្មតា និង​ដោយ​សុវត្ថិភាព?” នេះជា​ការចោទសួរ​របស់​លោកដូណាល់ ត្រាំ នៅក្នុង​សារ ដែល​លោក​បាន​សរសេរ​បង្ហោះផ្សាយ​នៅតែ​ប៉ុន្មាន​នាទីក្រោយ ដែល​ក្រសួង​ពាណិជ្ជកម្ម ផ្សព្វផ្សាយ តួលេខ​មិន​ល្អ​ស្តីពី​សេដ្ឋកិច្ចរបស់​អាមេរិក។

តាម​សេចក្តីប្រកាស​របស់ ​ក្រសួងពាណិជ្ជកម្ម​អាមេរិក ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក GDP នៅ​ត្រីមាស ទី​២​បាន​ធ្លាក់ថយចុះ អស់ ៣២,៩% នៅបន្ទាប់ពី​ធ្លាក់ថយម្តងហើយ នៅ​ត្រីមាស​ទី១ ដោយសារ តែវិបត្តិ​កូវីដ ១៩។ ផលិតផល​ក្នុង​ស្រុក​ធ្លាក់​ថយចុះ ពីរ​ត្រីមាស​ជាប់គ្នា ឆ្លុះបង្ហាញ​ឲ្យ​ឃើញថា សេដ្ឋកិច្ច​អាមេរិក​ដើរថយក្រោយ​ជាផ្លូវការ។

ដោយ​លើកនិយាយ​ពី​លទ្ធភាព លើកថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី តើ​លោកដូណាល់ ត្រាំ កំពុង​តែ​លេបសំដី​ខ្លួន​ឯង​ឬយ៉ាងណា? នៅ​ចុង​ខែ​មេសា លោក​ចូ បៃដិន គូប្រជែង​របស់​លោក ធ្លាប់​បាន​និយាយ​ទាយទុកជាមុន​ថា លោកដូណាល់ ត្រាំ នឹង​រកលេស រកហេតុផល​គ្រប់យ៉ាង ដើម្បី​ពន្យារថ្ងៃ​បោះឆ្នោត។ កាលណោះ លោកដូណាល់ ត្រាំ បាន​និយាយ​បក​វិញថា លោក​គ្មាន​គំនិត​ចង់​លើកថ្ងៃ​នោះទេ។ លោកដូណាល់ ត្រាំ​នៅបាន​ចោទ​ប្រកាន់​ថា លោកចូ បៃដិន​កំពុង​និយាយ​ឃោសនា​ដើម្បី ប្រយោជន៍​នយោបាយ។

លោក​ដូណាល់ ត្រាំ ដែល​កំពុង​មាន​កូដប្រជាប្រិយភាព​ធ្លាក់​ចុះ ដោយសារ​តែ​វិបត្តិកូវីដ ​និង​សេដ្ឋកិច្ច​ធ្លាក់ថយចុះ​ក្នុង​ស្រុក បាន​ស្នើ​ឲ្យ​លើក​ពេល​បោះឆ្នោតប្រធានាធិបតី។ ប៉ុន្តែ លើកពេល ឬ​មិនលើកពេល គឺ​មានតែ​សភាអាមេរិក​ទេ ដែល​ជាអ្នកសម្រេចបាន ដោយ​យោងទៅតាមច្បាប់​រដ្ឋធម្មនុញ្ញ​អាមេរិក ដែល​បានកំណត់ ថ្ងៃទី​៣​វិច្ឆិកា​ជាថ្ងៃ​បោះឆ្នោត ប្រធានាធិបតី​អាមេរិក។ គេ​វាយតម្លៃថា សភាអ្នកតំណាងរាស្រ្ត អាមេរិក ដែលគ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គូប្រឆាំង​របស់​លោកដូណាល់ ត្រាំ ទំនង​ជា​នឹង​មិន​ យល់ព្រម​លើកថ្ងៃ​បោះឆ្នោត ទៅតាម​ការចង់​បាន​របស់​លោក​ដូណាល់ ត្រាំ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ