អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំប្រកាស​បើកយុទ្ធនាការ​ឃោសនា​ឆ្នោត នៅរដ្ឋ​ដែលមានករណីឆ្លងកូវីដច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រកាស​ថ្ងៃ ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជាបន្តបន្ទាប់ ដោយ​មិនខ្វល់​ពី​ជំងឺ​កូវីដ ដែល​បាន​ឆ្លងរាតត្បាត​ទៅមនុស្ស​ជាង ២លាននាក់ និង​សម្លាប់​មនុស្ស​ជាង​១សែននាក់ នៅទឹកដី​អាមេរិក។ លោកដូណាល់ ត្រាំ ប្រកាស​បើកយុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅចំពេល​ដែល​ការស្ទង់មតិ​ក្នុង​ស្រុក​បង្ហាញ​ថា កូដប្រជាប្រិយភាព​របស់​លោក​បាន​ធ្លាក់ចុះ​ខ្លាំង បើប្រៀបធៀប​នឹង​លោក​ចូ បាយដិន ដែលជា​គូប្រជែង មកពីគណបក្ស​ប្រជាធិបតេយ្យ។

លោកដូណាល់ត្រាំ នៅក្នុង​មិទ្ទិញ ជាមួយអ្នកគាំទ្រ​នៅ​រដ្ឋ​North Caroline នៅថ្ងៃទី ២​មីនា ២០២០
លោកដូណាល់ត្រាំ នៅក្នុង​មិទ្ទិញ ជាមួយអ្នកគាំទ្រ​នៅ​រដ្ឋ​North Caroline នៅថ្ងៃទី ២​មីនា ២០២០ REUTERS - Lucas Jackson
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ​បាន​ប្រកាស​បើកយុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​សប្តាហ៍​ក្រោយ ដោយ​មិនខ្វល់​ពី​បញ្ហា​ឆ្លងជំងឺកូវីដ ដែល​ពេលនេះ បាន​សម្លាប់​មនុស្ស​ជាង ១សែន ១ម៉ឺននាក់ នៅអាមេរិក។ នៅថ្ងៃ​សៅរ៍​នេះ​ទៀត លោកដូណាល់ ត្រាំ ត្រូវ​ទៅចូលរួម​ក្នុង​ពិធី ប្រគល់​សញ្ញាប័ត្រ​ដល់​សិស្ស​ទាហាន​អាមេរិកាំង នៅ​សាលាយោធា​ដ៏ល្បីឈ្មោះ Westpoint។

ករណីឆ្លងជំងឺ​កូវីដ នៅអាមេរិក នៅតែ​មាន​សន្ទុះខ្លាំង មិនចុះថមថយ​សោះ ជាពិសេស នៅ​Texas នៅ​រដ្ឋ​Florida ជាទី​ដែល​លោកដូណាល់ ត្រាំ និង​គណបក្ស​សាធារណរដ្ឋ ប្រកាស​បើក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ការប្រមូលផ្តុំ​មនុស្ស​ឲ្យជួបជុំគ្នា នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត គឺ​ជា​ការបើកឱកាស​ឲ្យ​មាន​ការចម្លង​យ៉ាងរហ័ស​ជំងឺ​កូវីដ។ អ្នកជំនាញ​សុខភាព អាមេរិកាំង​បានវាយតម្លៃថា បាតុកម្ម ដើម្បី ប្រឆាំង​នឹង​ការរើសអើង ប្រកាន់ពូជសាសន៍ ​នៅ​ប៉ុន្មានថ្ងៃ​កន្លងមក គឺជា​បច្ច័យមួយ ធ្វើ​ឲ្យ​ចំនួនអ្នកឆ្លង​ជំងឺ​កូវីដ កើនឡើង និងធ្វើ​ឲ្យ​អាមេរិកនាំមុខគេ ខាងមានអ្នកឆ្លង និង​ស្លាប់ច្រើនជាងគេ ក្នុង​ពិភពលោក។

ទោះបីជា​មាន​ការព្រមាន ពីអ្នកជំនាញ​សុខភាព ដែល​ណែនាំ​មិន​ឲ្យ​មានការជួបជុំគ្នា ដើម្បី ជៀសវាង​ការចម្លង​ជំងឺ​កូវីដក្តី លោកដូណាល់ ត្រាំ មិនខ្វល់​នោះទេ។ នៅពេល​ការបោះឆ្នោត​ប្រធានាធិបតី កាន់តែ​ខិតចូលមកដល់ គឺ​នៅសល់តែ ៥ខែ​ទៀត​ប៉ុណ្ណោះ(ថ្ងៃទី៣វិច្ឆិកា) លោក​ដូណាល់ ត្រាំ ដែល​ចង់​បន្ត​កាន់តំណែង​ប្រធានាធិបតី​១អាណត្តិទៀត គិត​តែ​ចង់​ឈ្នះឆ្នោត ដោយ​បាន​ប្រកាស​បើកយុទ្ធនាការ​ឃោសនាបោះឆ្នោត នៅក្នុង​រដ្ឋសំខាន់​ចំនួន ៤ ដូចជា Florida Arizona North Caroline Oklahoma ចាប់ពី​ថ្ងៃទី ២០​មិថុនា។

នៅក្នុង​វិបសៃតិ៍​របស់​ក្រុមយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ គេ​មិនបាន​បញ្ជាក់​ពី​វិធានការ បង្កា​កុំ​ឲ្យ​ឆ្លងជំងឺកូវីដ ដូចជា​ការពាក់ម៉ាស ឬ​ត្រូវ​ឈរ​ឃ្លាតគ្នា ១ម៉ែត្រ អ្វី​នោះទេ។ ផ្ទុយទៅវិញ  គេបាន​ទាមទារ​ឲ្យ​អ្នកដែល​ចុះឈ្មោះ ចូលរួម ស្តាប់​លោកដូណាល់ ត្រាំ ថា ត្រូវ​តែ​សន្យា មិន​ប្តឹង លោកដូណាល់ ត្រាំ ឬ​ក្រុមឃោសនា​របស់​លោក នៅក្នុង​ករណី​អ្នកចូលរួម អាច​ឆ្លងជំងឺ​កូវីដ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ។ ការទាមទារយ៉ាងដូច្នេះ​របស់​ក្រុមឃោសនា​របស់​លោកដូណាល់ ត្រាំ បាន​បង្ហាញ​សាជាថ្មី​ថា លោកដូណាល់ ត្រាំ មិនសូវ​យកចិត្តទុកដាក់ លើ​បញ្ហា​សុខភាព​របស់​ប្រជាជន ប៉ុន្តែ ផ្ទុយទៅវិញ គឺ​ផ្តោតសំខាន់​តែ​ទៅលើ​ប្រយោជន៍​បោះឆ្នោត​របស់​លោកតែប៉ុណ្ណោះ។ គឺ​ការមិនយកចិត្តទុកដាក់ គ្រប់គ្រង វិបត្តិកូវីដ មិនបានល្អ ដែល​ធ្វើ​ឲ្យ​កូដប្រជាប្រិយភាព​របស់​លោកដូណាល់ ត្រាំ ធ្លាក់ចុះ ជាបន្តបន្ទាប់។ ការស្ទង់មតិ​របស់​ក្រុមហ៊ុន​អាមេរិកាំង​មួយ បាន​បង្ហាញថា កូដប្រជាប្រិយភាព​របស់​លោកដូណាល់ ត្រាំ ក្នុង​ចំណោម​ប្រជាជន​អាមេរិកាំង បានធ្លាក់ចុះ ពី ៤៤% មកនៅត្រឹម​៤១%។ គេ​វាយតម្លៃថា បើសិន កូដប្រជាប្រិយភាព​របស់​លោក​ធ្លាក់​មកនៅ​រង្វង់ ៤០% នោះ​លោកដូណាល់ ត្រាំ ពិបាក​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់ ដើម្បី​អាច​ជាប់ឆ្នោត​សម្រាប់អាណត្តិទី២។

លោកចន បុលតុន អតីត​ទីប្រឹក្សា​សន្តិសុខជាតិ រិះគន់​លោក​ដូណាល់ ត្រាំ ថា ធ្វើ​នយោបាយ​ការបរទេស សម្រាប់​តែ​បានសំឡេងឆ្នោត ….

យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោកដូណាល់ ត្រាំ លើកនេះ នឹង​មិនរលូន​ស្រួល​ដូច​លើកមុន​នោះទេ។ បន្ទាប់​ពី​រងការរិះគន់ ថា គ្រប់គ្រង​មិនបាន​ល្អ វិបត្តិ កូវីដ លោកដូណាល់ ត្រាំ ត្រូវ​រង​រិះគន់​ជុំទិស មួយជាន់​បន្ថែម នៅក្នុង​រឿងបាតុកម្ម ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍ ដែលផ្ទុះពេញទឹកដី​អាមេរិក នៅក្រោយ ជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ ស្លាប់ នៅក្នុង​អន្តរាគមន៍​ចាប់ខ្លួន​របស់​ប៉ូលិស។ នៅក្នុង​លិខិតចំហរ មួយ កាលពី​ពេលថ្មីៗនេះ អតីត​រដ្ឋមន្រ្តី ការពារជាតិ របស់​លោកដូណាល់ ត្រាំ បានចេញមុខ រិះគន់ លោកដូណាល់ត្រាំ ថា ជាប្រធានាធិបតី ដែល​បំបែកបំបាក់​ប្រជាជន​អាមេរិកាំង។ រដ្ឋមន្រ្តីការពារ​ជាតិ​បច្ចុប្បន្ន និង​មេបញ្ជាការកងទ័ព​អាមេរិក​ផង បាន​បង្ហាញ​ជំហរ ផ្ទុយ​ពីលោកដូណាល់ ត្រាំ ដែល​ធ្លាប់​បាន​ ព្រមាន​ប្រើកងទ័ព ដើម្បី​បង្រ្កាប​អំពើបាតុកម្ម​ហិង្សា។

ឥលូវនេះ ដល់​វេន អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ ដែល​ត្រូវ​ចេញមក​បកអាកា្រតមុខមាត់​របស់​លោកដូណាល់ ត្រាំ។ លោកចន បុលតុន ដែល​ធ្លាប់​ជា​ទីប្រឹក្សា​របស់លោកដូណាល់ ត្រាំ និង​មានជំហរ​ដាច់ណាត់ ក្នុង​រឿង​ចោទប្រកាន់​រុស្ស៊ី និង​កូរ៉េខាងជើង បាន​ចុះចេញពីតំណែង នៅខែ​កញ្ញា​ឆ្នាំមុន។ នៅក្រោយ​ចាកចេញពី​សេតវិមាន អតីត​ទីប្រឹក្សា សន្តិសុខជាតិ​របស់លោកដូណាល់ ត្រាំ ត្រៀម​នឹង​ចេញ សៀវភៅ មួយ​ក្បាល ដែលនៅក្នុង​សៀវភៅ​នោះ លោកបុលតុន ចោទប្រកាន់​លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី ដែល ធ្វើ​នយោបាយការបរទេស សម្រាប់​តែ​បម្រើ​ប្រយោជន៍ នយោបាយ​បោះឆ្នោត របស់​លោក​តែប៉ុណ្ណោះ។ សៀវភៅ​របស់​លោកបុលតុន និយាយ​ផ្តោតច្រើន​ទៅលើ​កិច្ចសន្ទនា​ទូរស័ព្ទ រវាង​លោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ធ្លាប់​ជំរុញ​ឲ្យ​ដំណើរការ នៅ​សភា ដើម្បី​បោះឆ្នោត ទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែង នៅ​ចុងឆ្នាំមុន។

នៅដើមឆ្នាំនេះ លោកដូណាល់ ត្រាំ ធ្លាប់​បាន​ព្រមាន​កុំ​ឲ្យ​លោកចន បុលតុន  ចេញសៀវភៅ នៅពេល​លោក​កំពុង​កាន់តំណែង​ប្រធានាធិបតី ក្នុង​ហេតុផល​ថា សៀវភៅ​របស់​អតីតទីប្រឹក្សា​សន្តិសុខជាតិ មាន​និយាយ​ពីចំណុច​ខ្លះ ដែលជា​កិច្ចការសម្ងាត់​របស់​ជាតិ។ ប៉ុន្តែ ម្ចាស់រោងពុម្ព​បាន​បញ្ជាក់កាលពី​ថ្ងៃ​ម្សិលមិញ​ហើយថា សៀវភៅ​របស់លោកចន បុលតុន ដែល​មាន​ឈ្មោះថា បន្ទប់​ដែលមាន​រឿងកើតឡើង និងការចងចាំ​របស់​សេតវិមាន នឹង​ចេញផ្សាយ នៅ​ថ្ងៃទី ២៣​មិថុនា​ខាងមុខ ទោះបី​ជា​លោកដូណាល់ ត្រាំ មិន​ចង់​ឲ្យគេ​ឃើញ បានអាន យ៉ាងណា​ក៏ដោយ។

នៅក្នុង​សៀវភៅ លោកចន បុលតុល​និយាយ​ពី​កំហុស​របស់​ប្រធានាធិបតី ធ្ងន់ធ្ងរ ប៉ុន្តែ លោកចន បុលតុន ធ្លាប់បាន​បដិសេធ​មិន​ផ្តល់​សក្ខីកម្ម​ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត ទម្លាក់លោក​ដូណាល់ ត្រាំ ចេញពីមុខ​តំណែង​នោះទេ។ អតីត​ប្រធាន​ក្រមវិជ្ជាជីវៈ អាមេរិក លោក Walter Shaub ដែល​ធ្លាប់​ឈ្លោះ​ជាមួយ​លោកដូណាល់ ត្រាំ បាន​អំពាវនាវ​កុំ​ឲ្យ​គេទិញ សៀវភៅ​របស់​អ្នកបដិសេធ​មិន​គោរព​តួនាទី ឬ​អ្នកដែល​ផ្តោតសំខាន់​លើ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន គឺ ការលក់សៀវភៅ ជាជាង​ប្រយោជន៍ជាតិ(ការផ្តល់សក្ខីកម្ម​ដើម្បី​ដាក់បន្ទុក​លោកដូណាល់ ត្រាំ)។ សម្រាប់​ប្រធាន​ក្រុមគណបក្សប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា សក្ខីកម្ម​របស់​លោក​ចន បុលតុន អាច​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ផ្លាស់ប្តូរជំហរ​ទៅលើ​បេក្ខភាព​របស់​លោកដូណាល់ ត្រាំ។

លោកដូណាល់ ត្រាំ សង្ឃឹមផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ដើម្បី​ស្តារមុខមាត់ឡើងវិញ

ប្រាកដណាស់​ថា លោកដូណាល់ ត្រាំ​នឹង​មានការលំបាក​ច្រើនជាងមុន នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតីលើកនេះ ដោយសារ​តែ​បញ្ហា​វិបត្តិកូវីដ វិបត្តិសង្គម និង​វិបត្តិសេដ្ឋកិច្ច ដែល​កើតឡើង​ដោយសារ​តែ​វិធានការ​បិទទីក្រុង នៅក្នុង​កាលៈទេសៈ កើតមាន​ជំងឺរាតត្បាត​កូវីដ។ នៅអាមេរិក ចំនួន​អ្នកបាត់បង់​ការងារ​ធ្វើ​បានកើនឡើង ដល់ ៤៤លាននាក់ គិតចាប់តាំង​ពីអាមេរិក​ផ្អាកសកម្មភាព​សេដ្ឋកិច្ច បិទទីក្រុង​ដោយសារវិបត្តិកូវីដ។

ប៉ុន្តែ លោកដូណាល់ ត្រាំ មិន​អស់សង្ឃឹមនោះទេ។ មហាសេដ្ឋី អចលនទ្រព្យ​នឹង​យក​បញ្ហា​សេដ្ឋកិច្ច ជា​គ្រឹះចំបង​សម្រាប់​ការឃោសនា​បោះឆ្នោត​របស់​លោក។ ការសិក្សា​របស់​វិទ្យាស្ថាន​បារាំង​ផ្នែក​ស្ទង់មតិ មួយ​បង្ហាញថា សេដ្ឋកិច្ច​ជា​សំណុំរឿង​សំខាន់ របស់​ប្រជាជន អាមេរិកាំង គឺ​សំខាន់​ជាង​បញ្ហា​សុខភាព និង​បញ្ហា​ការងារ​ធ្វើ​ទៅទៀត។ នៅពេល​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​គូប្រជែង​របស់​លោកដូណាល់ ត្រាំ ផ្តោតសំខាន់តែ​ទៅលើបញ្ហា​សុខភាព ជំងឺកូវីដ ១៩

លោកដូណាល់ ត្រាំ ផ្តោតសំខាន់ ទៅលើបញ្ហាសេដ្ឋកិច្ច ដោយបានទាមទារ​ឲ្យ​អភិបាល បើកទីក្រុង​ឡើងវិញ ដើម្បី ជំរុញសេដ្ឋកិច្ច។

ការស្ទង់មតិ​បង្ហាញថា មានប្រជាជនអាមេរិកាំង ដល់​ទៅ ៥០%​ដែល​គាំទ្រជំហរ​របស់​លោក ក្នុង​រឿង​ជំរុញ​សេដ្ឋកិច្ច។ ស្ថិតនៅក្នុង​ស្ថានភាព​បែបនេះ លោកដូណាល់ ត្រាំ សង្ឃឹម​ថា ការងើបឡើង​វិញ សេដ្ឋកិច្ច នឹង​អាច​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង​បំភ្លេច​ចោលអស់​វិបត្តិកូវីដ ឬ​បាតុកម្ម ប្រឆាំង​នឹង​ការរើសអើងពូជសាសន៍ នៅក្នុង​រយៈពេល​ប៉ុន្មានខែមកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ