អានតួអត្ថបទ

តុលាការកំពូល​​ទាត់ចោល​ការសម្រេច​របស់​លោកដូណាល់ ត្រាំដែលចង់លុប​កម្មវិធី​ជួយ​យុវជន​អន្តោប្រវេសន៍

តុលាការ​កំពូលអាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បែរខ្នង​សាជាថ្មី ដាក់​លោកដូណាល់ ត្រាំ ដោយ​បាន​សម្រេច​ឲ្យ​គេ​បន្តរក្សា​កម្មវិធី​DACA ដែល​រដ្ឋបាល​លោកអូបាម៉ា បានបង្កើតឡើង​ដើម្បី ការពារ​យុវជនអន្តោប្រវេសន៍ នៅទឹកដី​អាមេរិក ប៉ុន្តែ លោកដូណាល់ ត្រាំ ចង់ ​លុបចោល តាំងពី​៣ឆ្នាំមុន។

ជនអន្តោប្រវេសន៍​ដែល​ចូល​ទៅទឹកដី​អាមេរិក តាំង​ពីកុមារ ប៉ុន្តែ ដែលកំពុង​ស្នាក់នៅ ដើម្បី​រៀន និងធ្វើការ​នៅអាមេរិក ធ្វើបាតុកម្ម​នៅមុខ​តុលាការកំពូល​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩
ជនអន្តោប្រវេសន៍​ដែល​ចូល​ទៅទឹកដី​អាមេរិក តាំង​ពីកុមារ ប៉ុន្តែ ដែលកំពុង​ស្នាក់នៅ ដើម្បី​រៀន និងធ្វើការ​នៅអាមេរិក ធ្វើបាតុកម្ម​នៅមុខ​តុលាការកំពូល​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩ AP - Jacquelyn Martin
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល លោកប្រធានាធិបតី​អាមេរិក​បាន​សរសេរ​ចោទជា​សំណួរថា តើគេ​កំពុង​មានអារម្មណ៍​ថា តុលាការកំពូល​មិន​ចូលចិត្ត​លោក​ដែរឬទេ? លោកបារ៉ាក់ អូបាម៉ា នៅថ្ងៃ​ព្រហស្បតិ៍​ស្វាគម​សេចក្តីសម្រេច​របស់​តុលាការ​កំពូល និង​អំពាវនាវ​ឲ្យ​គេ​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី ធានា​ថា កម្មវិធី​ជួយ​យុវជន​អន្តោប្រវេសន៍ Dreamers នៅ​មាន​ជាប់ជានិច្ច​នៅសហរដ្ឋអាមេរិក។

នៅក្នុង​សេចក្តីសម្រេច កាលពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​កំពូល​អាមេរិក បាន​ចាត់ទុក​ការប៉ុនប៉ង​របស់​លោកដូណាល់ ត្រាំ ក្នុងការលុបចោល​កម្មវិធី​ជួយ​យុវជនអន្តោប្រវេសន៍ ថា ជា​ការបំពាន ច្បាប់ និង​ធ្វើឡើង​តាម​ទំនើងចិត្ត។

កម្មវិធី​ជួយ​យុវជន​អន្តោប្រវេសន៍ Dreamers ដែល​មាន​ឈ្មោះ​ថា DACA ត្រូវ​បាន​ បង្កើត​ឡើងនៅ​ឆ្នាំ ២០១២ ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់អូបាម៉ា ដើម្បី អនុញ្ញាត​ឲ្យ​យុវជន​អន្តោប្រវេសន៍ ដែល​បាន​ចូលទៅ​ទឹកដី​អាមេរិក ដោយខុសច្បាប់ តាំង​ពីនៅ​វ័យក្មេង អាច​រៀន និង​ធ្វើការ​ស្របច្បាប់ នៅអាមេរិក។ កម្មវិធី​DACA បានជួយ​យុវជន​អន្តោប្រវេសន៍ Dreamers ជាង ៧សែននាក់ ឲ្យ​បាន​រៀន ធ្វើការ និង​បង់ពន្ធ​ជូនរដ្ឋ​ដូច​ពលរដ្ឋអាមេរិកាំង។ ប៉ុន្តែ លោកដូណាល់ ត្រាំ ដែល​មានជំហរ​តឹង​ខាងនយោបាយ​អន្តោប្រវេសន៍​បាន​ប្រកាស​លុបចោល​កម្មវិធី នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧ ក្នុងហេតុផលថា កម្មវិធី​របស់​លោកអូបាម៉ា ធ្វើឡើង​ដោយ​ខុសច្បាប់។

នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន ចៅក្រមរបស់​តុលាការ​កំពូល​បាន​ពន្យល់ថា តុលាការ​មិន​បាន​ពិចារណា តើ​ថា កម្មវិធី​ជួយ​យុវជន​អន្តោប្រវេសន៍ Dreamers ត្រឹមត្រូវ ដែរ​ឬ​យ៉ាងណានោះទេ។ ប៉ុន្តែ វិធីសាស្រ្ត​ដែល​រដ្ឋបាល​លោកដូណាល់ ត្រាំ ប្រើ ដើម្បី បិទបញ្ចប់​កម្មវិធីនេះ ភ្លាមៗ គឺ​ខុសច្បាប់ ពោល​គឺ “រដ្ឋាភិបាល​មិនបាន​អនុវត្ត​តាម​នីតិវិធី និង​គ្មានហេតុផល​ត្រឹមត្រូវ​ដើម្បី​បិទបញ្ចប់​កម្មវិធី​DACA”។

នៅក្រោយ​ការសម្រេច​របស់​តុលាការ​កំពូល ប្រធានាធិបតី​អាមេរិក​បាន​សរសេរ​ភ្លាម សារ Twitter រិះគន់​ការសម្រេច​របស់​ចៅក្រម ថា​អាក្រក់ និង​មាននិន្នាការ​នយោបាយ។

សេចក្តីសម្រេច​របស់តុលាការ​កំពូល (ដែល​មានសំឡេង​គាំទ្រ​របស់​ ចៅក្រម៥​រូប ក្នុង​ចំណោម​៩រូប) នឹង​បិទផ្លូវ​តវ៉ា​របស់លោកដូណាល់ ត្រាំ ដែល​បាន​សន្យា កាត់បន្ថយ ជនអន្តោប្រវេសន៍ នៅទឹកដី​អាមេរិក តាមរយៈ​ការបញ្ជូន​ចេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ឲ្យ​បាន​ច្រើនបំផុត នៅក្នុង​អាណត្តិរបស់លោក។ គេប៉ាន់ស្មានថា មាន​ជនអន្តោប្រវេសន៍​១០លាន​នាក់ កំពុង​រស់នៅ​ទឹកដី​អាមេរិក អស់ជាច្រើន​ទសវត្សរ៍ មកហើយ ដោយ​គ្មាន​កាន់​លិខិតស្នាម​ស្របច្បាប់​អ្វីទេ។ នៅ​ឆ្នាំ ២០១២ លោក​អូបាម៉ា​បាន​ចេញក្រឹត្យ​បង្កើត​កម្មវិធី DACA  ដើម្បី​ផ្តល់​បណ្ណស្នាក់នៅ ស្របច្បាប់ (មាន​សុពលភាព ២ឆ្នាំ) ដែល​ការពារ​យុវជន​អន្តោប្រវេសន៍​Dreamers ពី​ការចាប់បណ្តេញចេញ ពីទឹកដី​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ