អានតួអត្ថបទ

NGO៖ប្រទេសកំពុងមានជម្លោះនៅមជ្ឈិមបូព៌ាកំពុងខ្វះថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ឧសភា អង្គការ​មនុស្សធម៌​ពីរ គឺ​កាកបាទក្រហមអន្តរជាតិ និង​កាកបាទក្រហម​ន័រវែស​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​នៅ​តំបន់​មជ្ឈិមបូព៌ា។ នៅ​ក្នុង​របាយការណ៍ អង្គការ​មនុស្សធម៌​បាន​បញ្ជាក់​ក្នុង​ន័យ​ទាញ​សញ្ញាអាសន្ន​ថា បណ្តា​ប្រទេស​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​នឹង​ការ​ឡើង​កម្តៅ​លើ​ភពផែនដី​ជា​ក្រុម​ប្រទេស​ដែល​បាន​ធ្លាក់​ចុះ​ខ្សោយ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ។ តាម​របាយការណ៍​ដដែល ប្រទេស​ទាំង​នេះ​ទទួល​បាន​លុយ​តិចតួច ឬ​មិន​ទទួល​បាន​សោះ​សម្រាប់​ចំណាយ​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ។

NGO ថា ប្រទេសកំពុងមានជម្លោះនៅមជ្ឈិមបូព៌ាកំពុងខ្វះថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
NGO ថា ប្រទេសកំពុងមានជម្លោះនៅមជ្ឈិមបូព៌ាកំពុងខ្វះថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ AP - Dusan Vranic
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​កាកបាទក្រហមអន្តរជាតិ និង​កាកបាទក្រហម​ន័រវែស​បាន​លើក​ឡើង​ប្រទេស​ចំនួន ៣ នៅ​មជ្ឈិមបូព៌ា គឺ​យេម៉ែន ស៊ីរី និង​ប្រទេស​អ៊ីរ៉ាក់។ តាម​របាយការណ៍ ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​វិនាសហិនហោច​បរិស្ថាន​នៅ​ក្នុង​ប្រទេស​ទាំង ៣ នេះ​កំពុង​រួម​បញ្ចូល​ជាមួយ​នឹង​ការ​ខ្ទេចខ្ទីរ បំផ្លិចបំផ្លាញ​ដោយ​ជម្លោះ​ប្រដាប់អាវុធ។ ខណៈ​ដែល​លទ្ធភាព​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​កាន់​តែ​លំបាក និង​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ត្រូវ​បាន​រំខាន ថវិកា​ដែល​បាន​បម្រុង​ទុក​ដើម្បី​ជួយ​ប្រទេស​ទាំង​នេះ​ឲ្យ​យក​ឈ្នះ​លើ​បញ្ហា​អាកាសធាតុ​នៅ​តែមាន​តិចតួច​ស្តួចស្តើង។

តាម​អង្គការ Climate Funds Update ដែល​ជា​អ្នកប្រមូល​ទិន្នន័យ​ពី​ម្ចាស់ជំនួយអន្តរជាតិ​ចំនួន ២៧ប្រទេស និង​អង្គការ ថវិកា​ចំណាយ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី និង​យេម៉ែន​រហូត​ដល់​ខែ​មករា ឆ្នាំ ២០២២ មាន​តែ ២០លាន ៦សែន​ដុល្លារ​ប៉ុណ្ណោះ ពោល​តិច​ជាង ០,៥% នៃ​ការ​ចំណាយ​សរុប​នៅ​ក្នុង​លោក។ បញ្ហា​មួយ​នេះ​ត្រូវ​បាន​អគ្គលេខាធិការ​កាកបាទក្រហម​ន័រវែស​លោកស្រី Anne Bergh បញ្ចេញ​ប្រតិកម្ម​សោកស្តាយ​ថា ទីកន្លែង​ដែល​ផុយស្រួយ​ជាង​គេ និង​អស្ថិរភាព​ជាង​គេ​បែរ​ជា​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ការ​មាន​ចំណែក​ហិរញ្ញវត្ថុ​សម្រាប់​បញ្ហា​អាកាសធាតុ​ទៅ​វិញ។

 

តាម​លោកស្រី Anne Bergh វា​ច្បាស់ណាស់​ដែល​គេ​មិន​អាច​បន្ត​ធ្វើ​របៀប​នេះ​បាន​ទៀត​ឡើយ។ របាយការណ៍​របស់​កាកបាទក្រហមអន្តរជាតិ និង​កាកបាទក្រហម​ន័រវែស​បាន​ធ្លាក់​មក ៦ខែ​មុន​សន្និសីទអន្តរស្តីពី​អាកាសធាតុ COP២៨ ដែល​គ្រោង​រៀបចំ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​នៅ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ​ខាង​មុខ។ នា​ឱកាស​នោះ ហិរញ្ញប្បទាន​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ​ត្រូវ​តែ​ជា​ប្រធានបទ​មួយ​មិន​អាច​ខ្វះ​បាន។ ទន្ទឹម​គ្នា​នេះ COP២៨ ក៏​ជា​ឱកាស​មួយ​ដើម្បី​លើក​យក​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កំពុង​មាន​ជម្លោះ​ទៅ​និយាយ​ជាមួយ​ម្ចាស់ជំនួយ ដូច​យ៉ាង​ធនាគារអភិវឌ្ឃ រួម​ទាំង​តួអង្គ​មនុស្សធម៌​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ