អានតួអត្ថបទ
អ៊ីរ៉ាក់-អាកាសធាតុ

នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ប្រកាស​បើក​យុទ្ធនាការ​ដាំដើមឈើ ដើម្បីការពារពី​ខ្យល់ព្យុះខ្សាច់

នៅអ៊ីរ៉ាក់ នាយករដ្ឋមន្រ្តីថ្មី​ប្រកាសបើក​យុទ្ធនាការ​ដាំដើមឈើ ជាពិសេស​ដើមត្នោត ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​អ៊ីរ៉ាក់​ប្រែក្លាយខ្លួន ទៅ​ជា​វាលខ្សាច់។ ចូលរួម​នៅក្នុងសន្និសីទ​ស្តីពីអាកាសធាតុ ដែលចាប់ផ្តើម នៅថ្ងៃអាទិត្យ រហូត​ដល់ថ្ងៃចន្ទនេះ នៅទីក្រុងឆ្នេរសមុទ្រ Basra ប្រមុខរដ្ឋាភិបាលអ៊ីរ៉ាក់នៅបាន​ប្រកាស​ផែនការ​ដើម្បីជំរុញ ថាមពលស្អាតស្អំ និងទឹកស្អាត​នៅក្នុងប្រទេសដែលមានទឹកដី​មួយភាគធំ​គ្របដណ្តប់​វាលខ្សាច់។

អ្នកនេសាទអ៊ីរ៉ាក់​ឈរនៅ​លើដីទន្លេChibaish marshesនៅភាគខាងត្បូងប្រទេស ដែលរីងស្ងួត​នៅ​ខែ មិថុនា ឆ្នាំ ២០២២
អ្នកនេសាទអ៊ីរ៉ាក់​ឈរនៅ​លើដីទន្លេChibaish marshesនៅភាគខាងត្បូងប្រទេស ដែលរីងស្ងួត​នៅ​ខែ មិថុនា ឆ្នាំ ២០២២ AP - Nabil al-Jurani
ផ្សាយពាណិជ្ជកម្ម

ជា​ប្រទេស​សំបូរ​ប្រេង អ៊ីរ៉ាក់​ក្រខ្សត់ទឹកខ្លាំង កំពុង​រងគ្រោះ​នឹង​អាកាសធាតុក្តៅខ្លាំង ភាពរាំងស្ងួតផ្ទួនៗ ព្យុះខ្សាច់ និងការវាតទី​របស់​វាលខ្សាច់ រហោឋាន។ នៅ​ក្នុង​សន្និសីទអាកាសធាតុ ដែល​មាន​ការចូលរួម​ពី​មន្រ្តីអង្គការសហប្រជាជាតិ និង​អ្នកតំណាងទូតបរទេស នាយករដ្ឋមន្រ្តី​ថ្មី​របស់​អ៊ីរ៉ាក់ លោក Mahamed Chia Al Soudani សង្ខេបខ្លីពី​ស្ថានភាព​ប្រជាជន​អ៊ីរ៉ាក់ នៅចំពោះមុខ ការធ្លាក់ថយចុះ​បរិមាណ​ទឹកភ្លៀង និង​ការឡើង​កំដៅនៅក្នុងតំបន់​ដែលពួកគេរស់នៅ។

តាម​នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ប្រជាជនអ៊ីរ៉ាក់​ជាង ៧លាននាក់​រងប៉ះពាល់​ដោយសារ​ការប្រែប្រួលអាកាសធាតុ។ ប្រជាជន​ជាច្រើនសែននាក់​ត្រូវ​បង្ខំចិត្ត ផ្លាស់ទី កន្លែង​រស់នៅ បន្ទាប់ពី គ្រោះរាំងស្ងួត​កាត់បន្ថយ​ផល​កសិកម្ម និង​នេសាទ ដែលជា​ទីពឹង​អាស្រ័យ​របស់ពួកគេ។

ខ្វះទឹកភ្លៀង ព្យុះខ្សាច់ និងការធ្លាក់ចុះគម្របព្រៃបៃតង កំពុងគំរាមកំហែង​ប្រភព​ស្បៀង សុខភាព បរិស្ថាន និង​សន្តិសុខសហគមន៍។

ជាក់ស្តែង នៅ​ឆ្នាំមុន អ៊ីរ៉ាក់​រង​បោកបក់​ដោយ​ព្យុះដីខ្សាច់​ជាង​១០ ដែល​ជាហេតុធ្វើ​ឲ្យ​ក្រុងបាដដាត និងតំបន់​ជុំវិញ ត្រូវគ្របដណ្តប់ ដោយ​ស្បៃខ្សាច់ និងការបិទសាលារៀន ព្រលានយន្តហោះ ជាបន្ទាន់ ចំណែក​ប្រជាជន​ជួបបញ្ហា​សុខភាពផ្លូវដង្ហើម​ធ្ងន់ធ្ងរ។

ដើម្បីដោះស្រាយ​បញ្ហាចំពោះមុខ នាយករដ្ឋមន្រ្តីថ្មី​របស់អ៊ីរ៉ាក់​ដែលទើបចូលកាន់តំណែង កាលពីខែ​តុលា​កន្លងទៅ បាន​ប្រកាស​គម្រោងការបៃតង តាមរយៈ​យុទ្ធនាការ​ដាំដើមឈើ ៥លានដើម ជាពិសេស​ដើមត្នោត ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​ក្រុង ដីភូមិ ដី​កសិកម្ម​របស់​ប្រជាជន ស្ងួតហួតហែង​ក្លាយទៅ​ជាវាលខ្សាច់ ទីរហោឋាន។

ធ្លាប់ល្បីឈ្មោះ​ថា ជាប្រទេសសំបូរ​ដើមត្នោត​៣០លាន ដែនដីបៃតង​របស់​អ៊ីរ៉ាក់ត្រូវ​ច្រិបបាត់មុខ​បន្តិចម្តងៗ ដោយ​ជំនួសមកវិញ ដោយ​បេតុង សំណង់អគារ នៅក្នុង​ផែនការ​អភិវឌ្ឍ ពង្រីកក្រុង នៅប៉ុន្មាន​ទសវត្សរ៍ចុងក្រោយនេះ។

ក្រៅពី​ដាំដើមឈើ ប្រមុខរដ្ឋាភិបាល​អ៊ីរ៉ាក់​សន្យា​ជំរុញ វិស័យ​ផលិត​ថាមពលស្អាតស្អំ និង​ប្រព័ន្ធ​ធារាសាស្រ្ត​ថ្មីៗ។ តាម​នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ អ៊ីរ៉ាក់​កំពុង​ចរចា​ផងដែរ ដើម្បី​រក្សា​សិទ្ធិ​ប្រើប្រាស់​ទឹកទន្លេTigris និង​Euphrates ដែល​អ៊ីរ៉ាក់​កំពុងជាប់ឈ្លោះដណ្តើមគ្នា​ជាមួយ តួកគី​និង​អ៊ីរ៉ង់។ នៅត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តី អ៊ីរ៉ាក់​និយាយ​ចោទប្រកាន់​ប្រទេស​ជិតខាងទាំងពីរ​ថា បាន​សាងសង់​ទំនប់វារីអគ្គិសនី ដែលជាដើមហេតុនៃការធ្លាក់ថយចុះ កម្រិត​ទឹកទន្លេ ក្នុង​ដែនដី​អ៊ីរ៉ាក់។

មួយវិញទៀត លោក​នាយករដ្ឋមន្រ្តី Soudani ​រដ្ឋាភិបាល​របស់លោក​កំពុង​ត្រៀម​ចុះ​កិច្ចសន្យា​សាងសង់​រោងចក្រអគ្គិសនី​ដើរ​ដោយថាមពល​កកើតឡើង​វិញ សម្រាប់​ផ្គត់ផ្គង់ ១ភាគ៣​នៃតម្រូវការ​អគ្គិសនី​ក្នុងប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ