អានតួអត្ថបទ
អាមេរិក

សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ក្ស័យធន​នៅក្នុង​រយៈពេល​៣សប្តាហ៍​ទៀត?

ការចរចា​រវាង​លោក​អូបាម៉ា និង​មេដឹកនាំ​សភា​អាមេរិក​ត្រូវ​បរាជ័យ​ជាថ្មី​ម្តងទៀត កាល​ពីថ្ងៃ​អាទិត្យ ១០ កក្កដា ២០១១ ជុំវិញ​បំណុល​សាធារណៈ​អាមេរិក។ យោងតាម​មន្រ្តរដ្ឋាភិបាល​របស់​លោក​អូបាម៉ា ប្រសិន​បើ​សភា​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​បំណុល​បន្ថែម​ នៅមុន​ថ្ងៃ​ទី២ សីហា ២០១១​ខាងមុខនេះ​ទេ អាមេរិក​នឹង​ត្រូវ​ក្ស័យធន។ តើ​រដ្ឋ​មួយ​អាច​នឹង​ក្ស័យធន​បាន​ដោយ​របៀបណា?

លោក​អូបាម៉ា​ពេលជួបចរចា​ជាមួយ​មេដឹកនាំ​សភា​អាមេរិក ថ្ងៃ​អាទិត្យ ១០ កក្កដា ២០១១
លោក​អូបាម៉ា​ពេលជួបចរចា​ជាមួយ​មេដឹកនាំ​សភា​អាមេរិក ថ្ងៃ​អាទិត្យ ១០ កក្កដា ២០១១ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅសហរដ្ឋ​អាមេរិក សភា​គឺ​ជា​អ្នក​កំណត់​​កម្រិត​អតិបរមា នៃ​បំណុល​សាធារណៈ (Debt limit/Debt ceiling)។ ប្រសិន​បើ​បំណុល​សាធារណៈ នៅ​ទាប​ជាង​ដែន​​កំណត់​នេះ រដ្ឋាភិបាល​អាច​ខ្ចីបំណុល​គេ​បាន ដោយ​មិន​ចាំបាច់​សុំការអនុញ្ញាត​​ពី​សភា​នោះទេ។ ក៏ប៉ុន្តែ សព្វថ្ងៃ​ បំណុល​​សាធារណៈ​របស់​អាមេរិក​បាន​កើនឡើង​​ដល់​កម្រិត​អតិបរមា​នេះ​ហើយ។ ដូច្នេះ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​​​មិន​អាច​ខ្ចីបំណុល​គេ​បន្ថែម​ទៀត​បានទេ លើកលែង​តែ​សភា​អនុម័ត​ច្បាប់​ថ្មី ដើម្បី​ដំឡើង​កម្រិត​​បរិមាណ​បំណុល​អតិបរមា​នេះ។

អស់រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងទៅហើយ ដែល​លោក​អូបាម៉ា​ និង​មេដឹកនាំ​សភា​អាមេរិក​ចរចា​គ្នា​ជុំវិញ​បញ្ហា​បំណុល​នេះ។ គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​ប្រឆាំង ហើយ​ដែល​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា (House of Representatives) បាន​ដាក់លក្ខខណ្ឌ​ថា គេ​នឹង​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​លោក​អូបាម៉ា​ខ្ចីបំណុល​គេ​បន្ថែម​ទៀត លុះត្រាតែ​​​រដ្ឋាភិបាល​រៀបផែនការ​កាត់បន្ថយ​បំណុល​សាធារណៈ។

លោក​អូបាម៉ា​បាន​ទទួល​យក​លក្ខខណ្ឌ​នេះ ក៏ប៉ុន្តែ ភាពចម្រូងចម្រាស​គ្នា​បាន​កើតឡើង ជុំវិញ​ការអនុគ្រោះពន្ធ។ តាមសំណើ​របស់​លោក​អូបាម៉ា និង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​កាត់បន្ថយ​បំណុល​សាធារណៈ គេចាំបាច់​ត្រូវ​តែ​កាត់បន្ថយ​ចំណាយ​សាធារណៈផង និង ក្នុងពេល​ជាមួយ​គ្នា ​លុបចោល​ការអនុគ្រោះ​ពន្ធ​លើ​ពួក​អ្នកមាន និង​​លើ​ក្រុមហ៊ុន​ ដែល​អនុម័ត​កាល​ពី​ពេល​លោក​ប៊ូស​ធ្វើ​ជា​ប្រធានាធិបតី។ ក៏ប៉ុន្តែ គណបក្ស​សាធារណរដ្ឋ​បាន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​នឹង​ការ​លុបចោល​ការអនុគ្រោះពន្ធ​នេះ។

បើយោងតាម​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក ប្រសិន​បើ​អាមេរិក​មិន​អាច​ខ្ចីបំណុល​គេ​បន្ថែមទៀត នៅមុន​ថ្ងៃ​ទី២ សីហា ២០១១ (ប្រមាណ ៣​សប្តាហ៍​ទៀត​) អាមេរិក​នឹង​ត្រូវ​ធ្លាក់​ក្នុង​ស្ថានភាព​ក្ស័យធន។

រដ្ឋ​ក៏​មិនខុស​ពី​ក្រុមហ៊ុន​​ប៉ុន្មាន​ដែរ ប្រសិន​បើ​ដល់​ពេល​សងបំណុលគេ ហើយមិនមាន​លុយ​សង រដ្ឋ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ស្ថានភាព​ក្ស័យធន។​ ករណី​នេះ​គេ​ធ្លាប់​បាន​ឃើញ​ជាច្រើន​ដង​រួចមក​ហើយ កាល​ពី​អតីតកាល ដូចជា ម៉ិចស៊ិក (១៩៨២) និង​អាហ្សង់ទីន (២០១១)។ ក៏ប៉ុន្តែ ចំណុច​ដែល​ខុស​ពី​​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន គឺ​គេ​មិនអាច​រំលាយ​រដ្ឋ​ចោល ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ​រដ្ឋ​​មក​លក់ឡាយឡុង ដើម្បី​យក​លុយ​មក​សង​ម្ចាស់​បំណុល​​នោះទេ។ រហូតមកទល់ពេលបច្ចុប្បន្ន​នេះ គេ​មិនដែល​ឃើញ​មាន​រដ្ឋណាមួយ​ត្រូវ​រលាយ​ខ្លួន​បាត់ពី​ផែនទី​ពិភពលោក​ដោយសារ​តែ​ការក្ស័យធន​នោះទេ។ ជាទូទៅ នៅពេល​ក្ស័យធន រដ្ឋ​តែងតែ​ចរចាជាមួយ​ម្ចាស់​បំណុល ដើម្បី​កាត់បន្ថយ​បំណុល​មួយផ្នែក ឬ​ពន្យារ​ពេល​សងបំណុល។ ដោយសារ​តែ​គ្មាន​អ្នកណា​មាន​អំណាច​លើ​រដ្ឋ ម្ចាស់​បំណុល​មិនមាន​ជម្រើស​អ្វី ក្រៅតែ​ពីចរចា​នេះទេ។

ក៏ប៉ុន្តែ រដ្ឋ​ដែល​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ក្ស័យធន​បែបនេះ ពិបាក​នឹង​ស្តារ​ទំនុកចិត្ត​ពី​អ្នកវិនិយោគ​ឡើងវិញ​ខ្លាំងណាស់។ រដ្ឋ​ក៏​មិនខុស​ពី​បុគ្គល​ឯកជន​ដែរ នៅពេល​ដែល​ខ្ចីលុយ​គេ​ហើយ​មិនសង ថ្ងៃក្រោយ គ្មាន​​អ្នកណា​ចង់​ឲ្យ​ខ្ចីលុយ​ទៀតទេ។ តើ​សហរដ្ឋ​អាមេរិក ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​​ពិភពលោក​ ពិត​ជា​បណ្តោយ​​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ក្ស័យធន​នេះ​មែន​ឬ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ