អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្នុង​ភាព​តានតឹង​ក្រោយ​មរណភាព​អ្នកកាសែត​រុស្ស៊ី​ បទ​ឈប់បាញ់​ភាគ​ខាងកើត​អ៊ុយក្រែន​អាច​​​សម្រេច​ចេញ​​ក្នុង​ពេល​ឆាប់ៗ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាពតានតឹង​បាន​​ផ្ទុះ​សារជាថ្មី នៅ​អ៊ុយក្រែន ​ក្រោយពេល​​​​​​ អ្នកសារព័ត៌មាន​រុស្ស៊ី​២រូប បាន​ស្លាប់​ក្នុង​ការ​​​វាយ​ប្រហារ​របស់​កងទ័ព​អ៊ុយក្រែន ​ ​​ប្រឆាំង​សកម្មជន​គាំទ្រ​រុស្ស៊ី នៅ​ថ្ងៃអង្គារ​ម្សិលមិញ នៅជិត​ក្រុង​លូហ្កង់​ភាគ​ខាងកើត។ អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​ការស្លាប់​របស់​អ្នក​សារព័ត៌​មាន​រុស្ស៊ី។ ថ្ងៃ​ពុធ​នេះ រុស្ស៊ីបានសម្រេច​​ប្តឹង​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន​ពី​បទ​បង្ក​ឃាតកម្ម​​​អចេតនា ​​ប្រឆាំង​ជន​ស៊ីវិល។ ​​

សកម្មជន​គាំទ្រ​រុស្ស៊ី​នៅ​ស្លាវីយ៉ង់ ភាគខាងកើត​
សកម្មជន​គាំទ្រ​រុស្ស៊ី​នៅ​ស្លាវីយ៉ង់ ភាគខាងកើត​ REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

ស្របតាម​ផែនការ​សន្តិភាព​សម្រាប់​អាណត្តិ​ដឹកនាំ​​​នៅអ៊ុយក្រែន ​ប្រធានាធិបតី​អ៊ុយក្រែន​ ពេត្រូ ប៉ូរ៉ូឆិនកូ បាន​ប្រកាស​​ថា លោក​នឹង​បញ្ជា​អោយ​​​មាន​បទ​ឈប់បាញ់​​មួយ នៅ​ភាគខាងកើត​អ៊ុយក្រែន​ ​ក្នុង​ពេល​ឆាប់ៗ​នេះ ​ដើម្បី​បិទបញ្ចប់​អំពើ​បះបោរ​​របស់​សកម្មជន​ផ្តាច់ទឹកដី​និយម​។ ការ​ប្រកាស​នេះ​ ធ្វើឡើង​ក្រោយ​​ពេល​លោក​ប៉ូរ៉ូឆិនកូ​ បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ ពី​បទ ឈប់បាញ់​​នៅ​អ៊ុយក្រែន ​ជាមួយ​​ប្រធានាធិបតី​​រុស្ស៊ី ​នៅ​ល្ងាច​​ថ្ងៃ​អង្គារ​​ម្សិលមិញ។​​

ភាពតានតឹង​នៅ​​អ៊ុយក្រែន​ផ្ទុះ​ជាថ្មីឡើងវិញ ទោះ​បី​មាន​ជំនួប​តាម​ទូរសព្ទ​រវាង​​ប្រធានាធិបតី​​​​​ពូទីន និងលោក​​​​ប៉ូរ៉ូឆិនកូ

​ជំនួប​តាម​ទូរសព្ទ​ល្ងាច​ម្សិលមិញ ​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​អ៊ុយក្រែន ​ធ្វើឡើង​ក្រោយ​ការស្លាប់​របស់​អ្នកសារព័ត៌មាន​រុស្ស៊ី​ទាំង​២រូប​ ក៏ពិត​មែន តែ​មិន​មែន​មានន័យ​ថា រុស្ស៊ី​​អាច​បិទភ្នែក​នៅចំពោះ​មុខ​​ការស្លាប់​របស់​ប្រជាជន​ខ្លួន​ក្នុង​ទឹកដី​អ៊ុយក្រែន​នោះទេ។ ពិសេស​អ្នកកាសែតរុស្ស៊ី​ទាំង២រូប​ដែល​ស្លាប់​ម្សិលមិញ​នេះ គឺ​ស្លាប់​ក្នុង​ពេល​កំពុង​​​បំពេញការងារ​​​ទៀតផង។ ពួកគេ​ទាំង២​បានស្លាប់​​ ដោយ​ការ​បាញ់ប្រហារ​របស់​កងទ័ព​អ៊ុយក្រែន ​ក្នុងពេល​កងទ័ព​ធ្វើ​សកម្មភាព​​ប្រឆាំង​សកម្មជន​ផ្តាច់ទឹកដី​និយម នៅ​ភាគ​ខាងកើត ជិត​ក្រុង​​លូហ្កង់។ ការ​ស្លាប់​របស់​អ្នកកាសែត​ ម្សិលមិញ ​ធ្វើអោយ​មាន​ការ​រំជើប​រំជួល​​ក្នុង​ទឹកដី​រុស្ស៊ី។ គ្រប់ទូរទស្សន៍​រុស្ស៊ី​​​ផ្សាយ​​ផ្តោត​ខ្លឹមសារ​សំខាន់ ​​តែ​លើ​អ្នក​កាសែត​​ទាំង២​​រូបនេះ​ ហើយ​​សហភាព​អ្នក​សារព័ត៌មាន​​រុស្ស៊ីបាន​ទាមទារ​អោយ​បិទបញ្ចប់​​​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន​​។

រុស្ស៊ីតែង​​​បង្ហាញ​ការ​​ខឹង​សម្បារ​ និង​បរិហារ​​​​​រដ្ឋអំណាច​អ៊ុយក្រែនជាញឹកញយ​​ថា​ធ្វើ​​​​ប្រតិបត្តិការ​​​​ប្រឆាំង​​ភេរវកម្ម សម្លាប់​ជនស៊ីវិល ​ក្នុង​តំបន់​ជម្លោះ​ភាគ​ខាងកើត។ ​​ មាន​មនុស្ស​ស្លាប់​​​​ជាង​៣០០នាក់​ហើយ​​ ​គិត​​​ពី​ថ្ងៃ​១៣មេសា ថ្ងៃដែល​​ទ័ព​អ៊ុយក្រែន​បើក​ប្រតិបត្តិការ​មក។ ឥឡូវនេះ ​ជនជាតិ​រុស្ស៊ី​​ជា​អ្នកសារព័ត៌មាន​​ ត្រូវ​ស្លាប់​ក្នុង​ពេល​កំពុង​បំពេញភារកិច្ច​​ខ្លួន​ទៀត។

កន្លងមក​ ក៏​មាន​​​​អ្នកសារព័ត៌មានបរទេសជនជាតិ​​​​អ៊ីតាលី និង​អ្នកជំនួយការ​​​ជាជនជាតិ​រុស្ស៊ី ​​​ ​ស្លាប់ ក្នុង​តំបន់​​​​​​ជម្លោះ​ភាគ​ខាងកើត​​អ៊ុយក្រែន​ដែរ។ ហើយ​អ្នកសារព័ត៌មាន​អ៊ុយក្រែន និង​អ្នកកាសែត​​បរទេស​ច្រើនរូប ​​ក៏ធ្លាប់​​ត្រូវបាន​អាជ្ញាធរ​អ៊ុយក្រែន ចាប់ខ្លួន​ធ្វើបាប​ផងដែរ។
ដោយសារ​តែ​បញ្ហា​អស់​នេះ​ ទើប​ថ្ងៃពុធ​នេះ រុស្ស៊ី​សម្រច​ប្តឹង​​រដ្ឋមន្ត្រីមហាផ្ទៃ​អ៊ុយក្រែន និង​អ្នកទទួលខុសត្រូវអ៊ុយក្រែន​ច្រើន​រូប​​ ​ពី​បទ​បង្ក​ឃាតកម្ម​ដោយ​អចេតនា លើ​ជនស៊ីវិល នៅ​ភាគខាងកើត។ ​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​អោយ​មាន​ការស៊ើបអង្កេត​លើ​ការស្លាប់​របស់​អ្នកកាសែត​ជនជាតិ​រុស្ស៊ី។ ​ប្រធានាធិបតី​​​​អ៊ុយក្រែន​​បាន​សន្យា​ថា នឹង​ស៊ើបអង្កេត​​លើ​រឿងរ៉ាវ​នេះ។ 

​ប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឆិនកូ បង្ហាញបំណង​ល្អ​​ចំពោះរុស្ស៊ី ​ដោយ​​បាន​ប្រកាស​​​នឹង​ដាក់​​​អោយ​មាន​​បទឈប់បាញ់​នៅ​ភាគខាងកើត​អ៊ុយក្រែនក្នុង​ពេល​ឆាប់ៗ​

បទឈប់បាញ់​នេះ ជាបទឈប់បាញ់​ឯកតោភាគី​ ចែងក្នុង​ផែនការ​សន្តិភាព​របស់​លោក​ប៉ូរ៉ូឆិនកូ​ សម្រាប់​អាណត្តិ​ដឹកនាំ​របស់​លោក។ ​​​បទឈប់បាញ់​នេះ ត្រូវបាន​លើកឡើង​​ពេល​លោកប៉ូរ៉ូ​ឆិនកូ និយាយ​តាម​ទូរសព្ទជាមួយ​លោក​ពូទីន ម្សិលមិញ​នេះ។ ​ប្រធានាធិបតី​អ៊ុយក្រែន​​បាន​សន្យា​​ដែរ​ថា នឹង​លើកលែង​ទោស​សកម្មជន​ផ្តាច់ទឹកដី​និយម​ដែល​​ព្រម​ដាក់​អាវុធ​ចុះ និង​អ្នកដែល​មិន​បង្ក​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ។ ​ប្រាកដណាស់ ​នៅចំពោះ​មុខ​ហិង្សា​នៅ​ភាគ​ខាងកើត សម្លាប់​មនុស្ស​រាប់រយ​នាក់​កន្លងមក​នេះ ​បទ​ឈប់បាញ់​នេះ ​​​អាច​ជា​យុទ្ធសាស្ត្រ​របស់អ៊ុយក្រែន ដើម្បី​​បន្ថយ​កំហឹង​របស់​រុស្ស៊ី​​ផងដែរ។ ពិសេស​អ៊ុយក្រែន​​ទើបតែ​ត្រូវរុស្ស៊ី​កាត់ផ្តាច់​ឧស្ម័ន កាលពី​ថ្ងៃ​ចន្ទ​ផងនោះ ចង់​មិនចង់​ រដ្ឋាភិបាល​​​​លោក​ប៉ូរ៉ូឆិនកូ ដែល​ទើប​ជាប់ឆ្នោត​​ថ្មីៗ​នេះ ​​ត្រូវតែបង្ហាញ​អ្វី​ដែល​ជាក់ស្តែង​ដល់​​លោក​ពូទីន ក្រែង​លោក​ពូទីនអាច​ប្តូរជំហរ​​រឿង​ឧស្ម័ន​​ឡើងវិញ។​​​​

​គួរ​រំលឹក​ថា ដោយសារ​​​​មិនអាច​សង​បំណុល​ឧស្ម័នរុស្ស៊ី​ រុស្ស៊ី​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​​ឧស្ម័ន​អោយ​អ៊ុយក្រែន ហើយ​ថែមទាំង​បាន​ដាក់​ពាក្យប្តឹង​​អ៊ុយក្រែន ទៅតុលាការ​អន្តរជាតិ​​ទៀតផង។ ​ តែ​អ៊ុយក្រែន​វិញ បាន​ដាក់ពាក្យ​ប្តឹង​រុស្ស៊ី​ដូចគ្នា។ ដូច្នេះ ​ភាពតានតឹង​មិនងាយ​បញ្ចប់​ទេ ព្រោះថា អ៊ុយក្រែន​ជា​កូន​បំណុលសោះ​​​ អ៊ុយក្រែន​​ជំពាក់​រុស្ស៊ី​រាប់ពាន់​លាន​ដុល្លារ ​​ឯណោះ​ បែរ​ជា​​​ហ៊ាន​ប្តឹង​ម្ចាស់​បំណុល​ទៅវិញ។ លើសពី​នេះ​ទៀត ម្សិលមិញ រដ្ឋមន្ត្រី​មហាផ្ទៃ​​អ៊ុយក្រែន​បាន​​ពន្យុះ​​ភាពតានតឹង​ជា​ថ្មីទៀត​ ដោយ​ចោទថា ការ​ផ្ទុះ​លើ​​​បំពង់ឧស្ម័ន​អន្តរជាតិ ​នៅ​​តំបន់​ប៉ុលតាវ៉ា ​ភាគ​ខាងជើង​​អ៊ុយក្រែន​ គឺ​ជា​ស្នាដៃ​រុស្ស៊ី។ ​ផ្ទុយ​ទៅវិញ​​​​ ការផ្ទុះ​នេះ​មិនបាន​ប៉ះពាល់​ដំណើរ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​​អោយ​អឺរ៉ុប​ទេ។​

​រុស្ស៊ី​កាត់ផ្តាច់​ការ​ផ្គត់ផ្គង់​​ឧស្ម័ន​​​​អោយអ៊ុយក្រែន ​តែ​​​សហភាពអឺរ៉ុបមិនដាក់​ទណ្ឌកម្ម​​បន្ថែម​លើ​រុស្ស៊ី 
 
​អឺរ៉ុប​និង​រុស្ស៊ី​ប្រទាញ​ប្រទង់គ្នា ទាញ​យក​អ៊ុយក្រែនអោយចូល​​មក​​ខាងខ្លួន​ ​​រៀងៗ​ខ្លួន​​យូរ​ហើយ។ ​ប៉ុន្តែ ​ក្នុង​ដំណោះស្រាយ​ជម្លោះ​ឧស្ម័ន​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ​សហភាព​អឺរ៉ុបធ្វើជា​អាជ្ញា​កណ្តាល ​​មិនហ៊ាន​លំអៀង​កាន់ជើង​​អ៊ុយក្រែន​ទេ ព្រោះថា អឺរ៉ុបក៏​ពឹង​ផ្អែក​លើ​ឧស្ម័ន​រុស្ស៊ីដែរ។ ​ក្នុង​ដំណោះស្រាយ​​វិបត្តិ​​អ៊ុយក្រែន ​​អឺរ៉ុប​​សង្ឃឹម​ថា ភាពតានតឹង​នឹងកាត់បន្ថយ​​​ ​ក្រោយពេលសហភាព​​អឺរ៉ុប​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​សហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​ជាមួយ​អ៊ុយក្រែន នៅ​ចុងខែ​មិថុនា​ខាងមុខ។ ​អឺរ៉ុប​ចង់​យក​កិច្ច​ព្រមព្រៀង​​​​ជាមួយ​អ៊ុយក្រែន​​នៅពេល​ខាងមុខ​នេះ មក​ធ្វើ​ជា​សម្ពាធ​គាប​រុស្ស៊ី ជំរុញ​អោយ​រុស្ស៊ី​​បន្ទន់​ជំហរ​ចំពោះ​បញ្ហា​ឧស្ម័ន​ឡើងវិញ។ ​​​

ប៉ុន្តែ​ ក្រុង​ម៉ូស្គូ​​មិនបាន​ញញើត​នឹង​​​​​​កិច្ចព្រមព្រៀង​រវាង​អឺរ៉ុបនិង​អ៊ុយក្រែន​នៅពេល​ខាងមុខ​នេះទេ។​ ​រុស្ស៊ី​នៅតែ​មាន​ប្រៀប​ជាង​អឺរ៉ុប ព្រោះថា រុស្ស៊ី​មាន​ឧស្ម័ន​ក្នុងដៃ។ ​ពិសេស ​ពេលនេះ រដ្ឋាភិបាល​ក្រុងម៉ូស្គូ​​ក៏​មា​នអតិថិជនឧស្ម័ន​​ថ្មីរបស់​ខ្លួន​ទៀតដែរ នោះ​គឺ​មហា​អំណាច​​ចិន​ដ៏​មាន​ឥទ្ធិពល​នៅអាស៊ី​នោះឯង។ ​ស្របតាម​កិច្ចព្រមព្រៀង​ឧស្ម័ន​​ជាមួយ​រុស្ស៊ី តម្លៃ​​៤០០ពាន់លាន​ដុល្លារ ចុះហត្ថលេខា ​កាលពី​ខែ​ឧសភា​កន្លងទៅ ​ក្នុង​​នាម​ជា​អតិថិជន​របស់​រុស្ស៊ី ​​​ចិន​បា​នខំ​បង្ហាញ​បំណង​ល្អ​ចំពោះ​រុស្ស៊ី ដោយ​​​​​បង់​ថ្លៃ​ឧស្ម័នទុកមុន​​​​ដល់ទៅ​២៥ពាន់លាន​ដុល្លារ ​​ខុស​ពី​អ៊ុយក្រែន ​​ដែល​​មិនចង់​សងបំណុល​​​រុស្ស៊ី។ ទឹកប្រាក់ចិន​​​នេះក៏​សម្រាប់​ជួយ​​សាងសង់​បំពង់​ឧស្ម័ន​ផងដែរ។ ពេលនេះ ​​រុស្ស៊ី​កំពុង​សម្លឹង​​ទីផ្សារ​​​អាស៊ី។ ក្រុង​ម៉ូស្គូ​ថែមទាំង​​អួត​ថា ទើបតែ​បានចុះ​ហត្ថលេខា​​​លក់​ឧស្ម័ន​ធម្មជាតិ​​អោយ​ទៅ​ឥណ្ឌា​​​ទៀតផង។ ដូច្នេះ រុស្ស៊ី​​​នៅ​តែ​​មានប្រៀប​​​​​​លើ​​អឺរ៉ុប ​​ក្នុង​សំណុំរឿង​​អ៊ុយក្រែន៕​ ​     ​ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ