អានតួអត្ថបទ
អ៊ុយក្រែន​

វិបត្តិ​អ៊ុយក្រែន​ ៖ ការ​ចរចា​គ្មាន​លទ្ធផល អំពើ​ហិង្សា​មាន​កាន់​តែ​ខ្លាំង

ក្តី​សង្ឃឹម​ដ៏​ស្តួច​ស្តើង​ដំបូង ថា​នឹង​បាន​ឃើញ​អ៊ុយក្រែន​រក​ច្រក​ចេញ​ពី​វិបត្តិ​បន្ទាប់​ពី​ប្រធានាធិបតី​ថ្មី​អ៊ុយក្រែននិង​រុស្ស៊ី​និយាយ​ចូល​គ្នា អាច​ត្រូវ​រលត់​ទៅ​វិញ​ ... កាលពី​ថ្ងៃ​សៅរ៍យន្តហោះ​​យោធា​អ៊ុយក្រែន​ត្រូវ​បាញ់​ទម្លាក់ដោយ​ពួក​ប្រដាប់​អាវុធ​ស្និទ្ធិ​នឹង​រុស្ស៊ី។ នៅ​ថ្ងៃ​អាទិត្យ​ថ្ងៃ​កាន់​ទុក្ខ​ជាតិ បាតុករ​អ៊ុយក្រែន​ជា​ច្រើន​នាក់​នាំ​គ្នា​ធ្វើ​បាតុកម្ម​សង​សឹក​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​គៀវ។ ឯ​ចំណែក​​ការ​ចរចា​​ផ្នែក​ថាមពល​ឧស្ម័ន​ នៅ​តែ​មិនទាន់​លទ្ធផល​ ខណៈ​ដែល​ឱសានវាទ​កំណត់​ដោយ​ក្រុមហ៊ុន​ហ្គាស្ត្រុម​រុស្ស៊ី បាន​ដល់​ទី បញ្ចប់​នៅ​ម៉ោង​៦​ ម៉ោង​សកល​ថ្ងៃ​ចន្ទ​ទី ១៦​មិថុនា​នេះ។

«ឃាតករ​រុស្ស៊ី !» នេះ​ជា​អ្វី​ដែល​មាន​សរសេរ​លើ​បដា​របស់​បាតុករ​អ៊ុយក្រែន​នៅ​ក្រុង​គៀវ ថ្ងៃ​ទី ១៤ មិថុនា .
«ឃាតករ​រុស្ស៊ី !» នេះ​ជា​អ្វី​ដែល​មាន​សរសេរ​លើ​បដា​របស់​បាតុករ​អ៊ុយក្រែន​នៅ​ក្រុង​គៀវ ថ្ងៃ​ទី ១៤ មិថុនា . REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​រវាងអ៊ុយក្រែន និង​រុស្ស៊ី កំពុង​រត់​ប្រណាំង​នឹងពេលវេលា ព្រោះ​បើ​គ្មាន​ការសង​ប្រាក់​ជំពាក់​ជិត​២​ពាន់​លាន​ដុល្លារ​ទេ ក្រុមហ៊ុន​ហ្គាស​រុស្ស៊ី នឹង​កាច់​បិទ​បំពង់​ឧស្ម័ន​​ មិន​ឱ្យ​ហូរ​ចូល​អ៊ុយក្រែន នៅ​ថ្ងៃ​ចន្ទ​ទី ១៦​មិថុនា វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​សកល​តែ​ម្តង ! ពេល​វេលា​កាន់តែ​ខោច លទ្ធផល​ចរចា​នៅ​តែ​គ្មាន ភាគី​ទាំងពីរ​បាន​ត្រឹម​ព្រៀម​ព្រៀង​បន្ត​កិច្ច​ចរចា​ទៀត នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ១៥​មិថុនា ពោល​គឺ​ប៉ុន្មាន​មុន​ឱសានវាទ​ប៉ុណ្ណោះ។

 
ការ​ផ្តាច់​ឧស្ម័ន​ពី​សំណាក់​រុស្ស៊ី ជា​អ្វី​ដែល​អឺរ៉ុប​ទាំង​មូល​ក្រែង​រអាបំផុត​ ! ហេតុដូច្នេះ​ហើយ​បាន​ជា​អឺរ៉ុប​មាន​ចំណែក​ចូល​រួម​ចរចា​​ជាមួយ​អ៊ុយក្រែន និង​រុស្ស៊ី តាំង​ពី​ល្ងាច​ថ្ងៃ​សៅរ៍​មក។ ម្យ៉ាង​ទៀត ទន្ទឹម​នឹង​វិបត្តិ​ឧស្ម័ន ដោះស្រាយមិន​ចេញ ​អ៊ុយក្រែន​បាន​ធ្លាក់​ក្នុង​អន្ទាក់​ហិង្សា​មួយ​ទៀត គឺ​ការ​បាញ់​ទម្លាក់​យន្តហោះ​យោធា​ ស្លាប់​មនុស្ស​៤៩​នាក់។ ប្រធានាធិបតី​បារាំង ​​និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ទាក់ទង​គ្នា​យ៉ាង​ឆ្វាត់​ឆ្វែង​តាម​ទូរស័ព្ទ​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​ពួក​បះបោរ​ប្រដាប់​អាវុធ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ដើម្បី​បិទ​បញ្ចប់​ការ​ដំឡើង​សាច់​ដុំ​ដាក់​គ្នា។

ពេញ​មួយថ្ងៃ​អាទិត្យ​ ទង់ជាតិ​អ៊ុយក្រែន​បាន​ទម្លាក់​មក​ត្រឹម​ពាក់​កណ្តាល​ទង់ជា​ការ​កាន់​ទុក្ខ​ជាតិ។ បាតុករអ៊ុយក្រែន​​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​គៀវ។ ការ​ប្រមូល​ផ្តុំ​ដែល​តែង​តែ​រាល​ដាល​ជ្រុល។ រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន បាន​ជ្រុល​ជ្រួស​ប្រើ​ពាក្យ​ជេរ​ប្រទេច ប្រធានាធិបតី​រុស្ស៊ី ពូទីន ក្រោម​ក្រសែ​ភ្នែក​តវា និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​រុស្ស៊ី។ បើ​ម្ខាង​ថ្កោល​ទោល​ម្ខាង​ ចាក់​ដោត​គ្នា​ឥត​ឈប់​យ៉ាង​នេះ តើ​ការ​ចរចាម្តេច​​​នឹង​អាច​ចេញ​ជា​លទ្ធផល​អ្វី​ទៅកើត ?!​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ